នគរ​បាលរារាំង​អ្នកហែ​ក្បួន​ស្នើ​​សុំ​ឱ្យ​​ដាក់​បញ្ចូល​ថ្ងៃ​បាត់បង់​ទឹកដី​​​ខ្មែរ​​ក្រោម​ជា​ថ្ងៃ​បុណ្យ​ជាតិ

នគរបាលបង្ក្រាបកុបកម្មត្រូវបានដាក់ពង្រាយនៅចំណុចជិតវត្តចាស់ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីរារាំងមនុស្សប្រមាណ៣០នាក់ពីការហែក្បួនឆ្ពោះទៅកាន់រដ្ឋសភា ដើម្បីដាក់ញត្តិស្នើសុំឱ្យដាក់បញ្ចូលថ្ងៃដែលបារាំង បានប្រគល់អតីតខេត្តកម្ពុជាក្រោមឱ្យទៅវៀតណាមជាផ្លូវការ ជាថ្ងៃបុណ្យជាតិ។

ថ្ងៃ៤ មិថុនា គឺជាខួបលើកទី៦៨នៃថ្ងៃដែលបារាំង បានកាត់អាណានិគមឥណ្ឌូចិនរបស់ខ្លួនឱ្យទៅវៀតណាម ជាព្រឹត្តិការណ៍មួយដែលនៅតែធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនចងកំហឹងនៅឡើយ ជាពិសេសខ្មែរក្រោមដែលយល់ថា វាគួរតែជាផ្នែកមួយរបស់ប្រទេសកម្ពុជា។

នគរបាលបង្ក្រាបកុបកម្មដើរក្បែរវត្តចាស់ក្នុងការបិទផ្លូវរារាំងអ្នកតវ៉ាដែលព្យាយាមហែក្បួនទៅកាន់រដ្ឋសភា ដើម្បីដាក់ញត្តិក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
នគរបាលបង្ក្រាបកុបកម្មដើរក្បែរវត្តចាស់ក្នុងការបិទផ្លូវរារាំងអ្នកតវ៉ាដែលព្យាយាមហែក្បួនទៅកាន់រដ្ឋសភា ដើម្បីដាក់ញត្តិក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ជារឿយៗ ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយសហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីរំឭកថ្ងៃនេះតែងតែប្រឈមការប្រឆាំងជំទាស់ពីសំណាក់អាជ្ញាធរ ហើយព្រឹត្តិការណ៍នៅឆ្នាំនេះត្រូវបានលើកពេលដោយសារវាស្របនឹងថ្ងៃបោះឆ្នោតឃុំ សង្កាត់។

ពេលទៅដល់វត្តចាស់ ក្នុងខណ្ឌជ្រោយចង្វារនៅម៉ោងប្រហែល៨ព្រឹក ក្រុមនេះបានព្យាយាមហែក្បួនឆ្ពោះទៅរដ្ឋសភានៅប្រហែល៤៥នាទីក្រោយ ប៉ុន្តែត្រូវបានមន្ត្រីនគរបាលប្រមាណ១០០នាក់ដែលប្រដាប់ដោយដំបង និងខែលបិទផ្លូវអមដោយរថយន្តយោធាធុនធំពីរគ្រឿង។

បន្ទាប់ពីប្រឈមមុខដាក់គ្នាមួយសន្ទុះ នគរបាលបានអនុញ្ញាតឱ្យប៉ុន្មាននាក់នៃអ្នកដាក់ញត្តិទាំងនេះជិះរថយន្តឆ្ពោះទៅកាន់រដ្ឋសភា ខណៈនគរបាលប្រដាប់អាវុធបានបិទផ្លូវមាត់ទន្លេរយៈពេល២ម៉ោងបន្ថែមទៀត។

លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមបានមានប្រសាសន៍ថា គេជូនដំណឹងលោករួចហើយថា លោកមិនអាចហែក្បួនដែលលោកសង្ឃឹមថានឹងទាក់ទាញអ្នកចូលរួមប្រហែល២០០នាក់នេះបានទេ។

នគរបាលបង្ក្រាបកុបកម្មបិទផ្លូវរារាំងអ្នកតវ៉ាដែលព្យាយាមហែក្បួនពីវត្តចាស់ ក្នុងរាជធានីភ្នំពេញ ទៅកាន់រដ្ឋសភា ដើម្បីដាក់ញត្តិកាលពីម្សិលមិញ។ រូបថតៈ Satoshi Takahashi

លោកថ្លែងថា “ពួកយើងបានសរសេរញត្តិស្នើសុំឱ្យពិចារណាដាក់បញ្ចូលថ្ងៃ៤មិថុនា ជាថ្ងៃបុណ្យជាតិ ពីព្រោះយើងចង់ឱ្យប្រជាពលរដ្ឋខ្មែរចងចាំថ្ងៃប្រវត្តិសាស្ត្រនេះ”។

លោក ងឹម ញេង និងលោក ជា ប៉ូច ដែលជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាអ្នកទទួលញត្តិនេះ ហើយប្រាប់ថា ពួកលោកនឹងប្រគល់ញត្តិនេះជូនលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ មុនពេលប្រគល់ជូនលោក ហេង សំរិន ប្រធានរដ្ឋសភា។

ទោះបីជាមានតែមនុស្សប៉ុន្មាននាក់ត្រូវបានអនុញ្ញាតឱ្យដាក់ញត្តិនេះក្ដី ក៏អ្នកផ្សេងទៀតបានវាងរបាំងបិទផ្លូវ ហើយបានធ្វើដំណើរតាមពីក្រោយរថយន្តក្រុមរបស់ខ្លួន។

ទាំងលោក ថាច់ សេដ្ឋា និងព្រះតេជគុណ លួន សុវ៉ាត ដែលជាសកម្មជនព្រះសង្ឃបានលើកឡើងថា លោក ម៉េង ឃាង អាយុ៣៧ឆ្នាំដែលជាខ្មែរកម្ពុជាក្រោមត្រូវបាននគរបាលឃាត់ខ្លួននៅតាមផ្លូវឆ្ពោះដំណើរទៅកាន់រដ្ឋសភា។

លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា “នគរបាលពីរនាក់បានបើកម៉ូតូតាមពីក្រោយលោក ម៉េង ឃាង ហើយបានចាប់ខ្លួនគាត់ពេលគាត់កំពុងថតចម្លងឯកសារនៅកន្លែង Photocopy មួយនៅរាជធានីភ្នំពេញ”។ លោកបានបន្ថែមថា គាត់ត្រូវបានដោះលែងវិញមិនយូរប៉ុន្មានក្រោយមក។

សកម្មជនខ្មែរកម្ពុជាក្រោមម្នាក់ឈរនៅមុខនគរបាលបង្ក្រាបកុបកម្មបិទផ្លូវរារាំងអ្នកតវ៉ាដែលព្យាយាមហែក្បួនពីវត្តចាស់ ក្នុងរាជធានីភ្នំពេញ ទៅកាន់រដ្ឋសភា ដើម្បីដាក់ញត្តិកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា លោកមិនដឹងទេទាក់ទិនការឃាត់ខ្លួននេះ ប៉ុន្តែការហែក្បួននេះត្រូវបានហាមឃាត់ដើម្បីការពារ “សណ្ដាប់ធ្នាប់សាធារណៈ”។

លោកថ្លែងថា “យើងបានពង្រាយកម្លាំងនគរបាលមួយចំនួននៅទីនោះ និងបិទផ្លូវ ព្រោះការហែក្បួននេះនឹងធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ហើយវាក៏នឹងបង្កការកកស្ទះចរាចរណ៍ដែរ”។

លោកលើកឡើងបន្ថែមទៀតថា “លោក សេដ្ឋា បានព្រមព្រៀងជាមួយអាជ្ញាធររាជធានីរបស់យើងថា គាត់នឹងប្រើរថយន្តជំនួសការហែក្បួនដើម្បីដាក់ញត្តិជូនរដ្ឋសភា ប៉ុន្តែគាត់មិនបានគោរពតាមសន្យាទេ”។

លោក ឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារបានបដិសេធថា មន្ត្រីរបស់លោកមិនជាប់ពាក់ព័ន្ធការឃាត់ខ្លួនលោក ម៉េង ឃាង នោះទេ។ លោកបញ្ជាក់ថា “ព័ត៌មានសម្រាប់ការចាប់ខ្លួននេះគឺមិនពិតទេ”។

លោក ស៊ឹម វុទ្ធី ស្នងការរងរាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលខណ្ឌបានលើកឡើងថា ពួកលោកមិនដឹងពីការឃាត់ខ្លួននេះទេ។ ចំណែកឯលោក ម៉េង ឃាង មិនអាចទាក់ទងសុំការបំភ្លឺបានឡើយជុំវិញបញ្ហានេះ៕ សុខុម (រាយការណ៍បន្ថែមដោយ George Wright)

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.