នគរ​បាល​ចាប់​ខ្លួន​​ជនជាតិ​ហុលឡង់​​​រួម​ភេទ​ជាមួយ​កុមារ​​

នគរ​បាល​បាន​និយាយ​ថា ការ​ស្វែង​រក​ចាប់​​លោក ភីធឺ ខូឡិន(Pieter Ceulen) ជន​រួមភេទ​ជាមួយ​​កុមារ​​ដែល​រត់​គេច​ខ្លួន​​បាន​បញ្ចប់​​កាលពី​ថ្ងៃ​សុក្រ ក្នុង​ក្រុង​ភ្នំពេញ​ ជា​​កន្លែង​ដែល​បុរស​ហុលឡង់​​​ដែល​មើល​ទៅ​ស្គមស្គាំង​​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់ពី​រត់គេច​ខ្លួន​​អស់​រយៈ​ពេល​ជិត​២ខែ​។

លោក​ ប៉ុល ភិធេយ្យ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​​ បាន​មាន​ប្រសាសន៍​ថា “​នគរ​បាល​របស់​យើង​​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​នៅ​ជិត​វិមាន​ឯករាជ្យ​ បន្ទាប់​មក​បាន​បញ្ជូន​ខ្លួន​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ដើម្បី​សាកសួរ”។

លោក​បាន​បន្ថែម​ថា ជន​រួមភេទ​ជាមួយ​កុមារ​រូប​េនះ​​ចាប់​ខ្លួន​បាន​នៅ​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​ថ្ងៃ​ ខណៈ​ដែល​គាត់​​ជិះក្នុង​រថយន្ត​​។

ភីធឺ ខូឡិន ជនរួមភេទ ជាមួយកុមារ កាលពីថ្ងៃ សុក្រ បន្ទាប់ពីត្រូវចាប់ខ្លួន ក្នុងក្រុងភ្នំពេញ។ រូបថត ដោយ CPU
ភីធឺ ខូឡិន ជនរួមភេទជាមួយកុមារ កាលពីថ្ងៃ សុក្រ បន្ទាប់ពីត្រូវចាប់ខ្លួន ក្នុងក្រុងភ្នំពេញ។ រូបថត ដោយ CPU

កាលពី​ថ្ងៃទី​២១ ខែ​មករា លោក ​ខូឡិន ​ត្រូវ​បាន​​កាត់​​ទោស​កំបាំង​មុខ​នៅ​តុលាការ​ក្នុង​ខេត្ត​ Antwerp និង​ផ្ដន្ទាទោស​​ដាក់​ពន្ធនាគារ​១៩​ឆ្នាំ​ពីបទ​បៀតបៀន​ផ្លូវ​ភេទ​កុមារ​ ព្រមទាំង​ការ​បង្កើត​ និង​​ចែកចាយ​រូប​អាសអាភាស​កុមារ​​​មាន​​រូប​ភាព និង​​វីដេអូសរុប​​៤០០.០០០​។

ក្នុង​ចំណោមជន​រងគ្រោះ​​មាន​ក្មេងស្រី​បី​នាក់​​ដែល​គាត់​បាន​យក​មក​ចិញ្ចឹម​ក្នុង​ខេត្ត​សៀមរាប ជា​កន្លែង​ដែល​គាត់​មាន​ផ្ទះ​ និង​រស់​នៅ​មិន​ទៀង​ទាត់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​។

គឺ​នៅ​ក្រុង​សៀមរាប​នេះ​ហើយ​ដែល​អ្នក​កាសែត​ប៊ែលហ្សិក​ អង្គការ​ការ​ពារ​កុមារ​ក្នុង​ស្រុក និង​ប៊ែលហ្សិក​ និង​អ្នក​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នេះជឿ​ថា លោក ខូឡិន បាន​ភៀស​ខ្លួន​ចេញ​ភ្លាម​មុន​ពេល​​ការ​កាត់​ឲ្យ​គាត់​ជាប់​ទោស​។

ការ​ចាប់​ខ្លួន​គាត់​​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​មាន​ការ​ប្រកាស​ថា កម្លាំង​ការ​ងារ​ពិសេស​មួយ​​ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ថ្ងៃទី២ ខែ​មីនា ដើម្បី​ស្វែង​រក​​ចាប់​​លោក​ ខូឡិន។

ឈ្មោះ​ថា ‘Echo’ ក្រុម​ការ​ងារ​នេះ​មាន​សមាសភាព​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្ត​សៀមរាប នគរ​បាល​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ថ្នាក់​ជាតិ នគរ​បាល​យុត្តិធម៌​ក្រសួង​មហាផ្ទៃ និង​ក្រុម​អ្នក​ស៊ើបអង្កេត​មកពី​អង្គការ​គាំពារ​កុមារ​ (CPU) ជា​សាខា​មួយ​របស់​មូលនិធិ​កុមារ​កម្ពុជា​។

ទោះ​ជា​មាន​ការ​​ឆែកឆេរ​ជាច្រើន​ក្នុង​ខេត្ត​សៀមរាប​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​​​ផ្ទះ​របស់​លោក​ ខូឡិន ក៏ដោយ ក៏​លោក​​ Jame McCabe ប្រធាន​ប្រតិបត្តិការ​នៅ​ CPU បាន​និយាយ​ថា ក្រុម​នេះ​មាន​ព័ត៌មាន​​ដែល​កំណត់​ថា ឧក្រិដ្ឋជន​ស្ថិត​ក្នុង​រាជធានី​។

លោក​បាន​និយាយ​ថា “យើង​មាន​ព័ត៌មាន​សម្ងាត់​​ដែល​សន្និដ្ឋាន​ថា គាត់​ស្ថិត​នៅ​ក្នុង​ក្រុង​ភ្នំេពញ​រយៈ​ពេល​ប្រហែល​៤៨ម៉ោង​ តែ​មិន​និយាយ​ថា គាត់​នៅ​ទីណា​មុន​នោះ​ទេ​”។

“គាត់​ធ្វើ​ដំណើរ​ជា​ញឹកញាប់​ទៅ​ខេត្ត​មួយ​ចំនួន​”។

លោក​បាន​បន្ថែម​ថា ការ​ពិភាក្សា​កំពុង​ធ្វើ​ជាមួយ​​ក្រុម​មេធាវី​របស់​លោក ខូឡិន រយៈ​ពេល​២៤​ម៉ោង​ ដើម្បី​ “ចរចា​អំពី​ការ​ប្រគល់​ខ្លួន​លោក​” ហើយ​ថា បុរស​​រាង​ស្ដើង និង​​មើល​ទៅ​ស្រមក​រូប​នេះ​​ព្រម​ទទួល​យក​នូវ​អ្វី​ដែល​កើត​ឡើង​។

លោក​បាន​និយាយ​ថា “​នៅ​ពេល​អ្នក​ធ្លាប់​ទៅ​នឹង​របៀប​រស់នៅ​​ណាមួយ​ វា​ពិបាក​​រត់​គេច​ខ្លួន​ណាស់​”។ លោក​បាន​បន្ថែម​ថា លោក​មិន​ជឿ​​ថា លោក ខូឡិន ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ណាមួយ​លើ​កុមារ​អំឡុង​ពេល​ថ្មីៗ​​ក្នុង​ប្រទេស​កម្ពុជា​​ទេ​។

លោក Dirk Grootjans មេធាវី​របស់​លោក ខូឡិន ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​​ប៊ែលហ្សិក​​ឈ្មោះ De Stanadard កាលពី​ម្សិលមិញ​ថា កូន​ក្ដី​របស់​លោក​បាន​ធ្វើ​ការ​​ទាក់​ទង​តាំង​ពី​​ដើម​ខែ​កុម្ភៈ​មក​ម្លេ៉ះ ហើយ​ថា គាត់​នឹង​ត្រឡប់​ទៅ​ប៊ែលហ្ស៊ិក​វិញ​នៅ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ​អាទិត្យ​។ គាត់​បាន​និយាយ​តាម​របៀប​ពន្យល់​ថា “​បន្ទាប់ពី​មាន​ [ទោស​] ធ្ងន់​ជាប់​ពន្ធនាគារ​​ គាត់​ត្រូវ​ការ​ពេល​ខ្លះ​ដើម្បី​ដោះស្រាយ​​អ្វី​គ្រប់យ៉ាង”។ លោក​បាន​បន្ថែម​ថា ការ​ប្ដឹង​ឧទ្ធរណ៍​នឹង​ចាប់​ផ្ដើម​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃទី១២ ខែ​ឧសភា ក្នុង​ខេត្ត​ Antwerp។

លោក​ Dirk Depover ប្រធាន​​ផ្នែក​ស៊ើបអង្កេត​សម្រាប់​អង្គការ​ Child Focus ប៊ែលហ្សិក ដែល​បាន​ចូល​រួម​ក្នុង​ករណី​នេះ​ បាន​និយាយ​ថា មិន​ទំនង​ថា នឹង​មាន​ការ​បន្ធូរបន្ថយ​ទោស​ទេ។

លោក​បាន​និយាយ​ថា “​លទ្ធផល​ចេញ​មក​នឹង​នៅ​តែ​ដដែល​…។ មិនមាន​វិធី​បដិសេធ​ធាតុ​ណាមួយ​នៃ​ការ​កាត់​ឲ្យ​គាត់​ជាប់​ទោស​ទេ”។ លោក​បាន​បន្ថែម​ថា ការ​ចាប់​ខ្លួន​រូប​គាត់​​ត្រូវ​ការ​ពេល​យូរ​ ពីព្រោះ​ក្រុម​មន្ត្រី​​ចង់​ឲ្យ​ហ្មត់ចត់​។

លោក​បាន​​និយាយ​ទៀត​ថា “​យើង​អាច​មិន​​ពេញ​ចិត្ត​​ដែល​វា​យឺត​ជាង​អ្វី​ដែល​យើង​រំពឹង​ទុក​…[ប៉ុន្តែ​] យើង​មិន​អាច​ឲ្យ​មាន​កំហុស​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​សំណុំរឿង​នេះ​ទេ”។

សមត្ថកិច្ច​​មាន​មូលហេតុ​ច្រើន​​ពិបាក​ដោះស្រាយ​។ បន្ទាប់ពី​​​រូប​អាសអាភាស​ដ៏​ច្រើន​ត្រូវ​បាន​រក​ឃើញ​ក្នុង​កុំព្យូទ័រ​របស់​គាត់​នៅ​​ឆ្នាំ​២០១២ លោក ខូឡិន នៅ​តែ​ទទួល​បាន​ការ​អនុញ្ញាត​តាម​ច្បាប់​ប៊ែលហ្សិក​​ធ្វើ​ដំណើរ​​មក​​ប្រទេស​កម្ពុជា​ និង​ប្រទេស​ហ្វីលីពីន​ ជា​កន្លែង​ដែល​លោក​បាន​បៀតបៀន​កុមារ​ជាច្រើននាក់​។

​ឯកសារ​ទូរទស្សន៍​​ចង​ក្រង​ដោយ​កម្មវិធី Belgian Panorama ដែល​ផ្សាយ​នៅ​ខែ​មករា បាន​ឲ្យ​ដឹង​ថា លោក​ Ceulen ជា​អ្នក​គ្រប់គ្រង​មាន​ទ្រព្យ​សម្បត្តិច្រើន​ ដែល​បាន​ធ្វើ​​អំណោយ​ដល់​មូលហេតុ​សង្គ្រោះ​​ជាច្រើន​ ក្នុង​នោះ​មាន​ទាំង​ការ​បើក​បន្ទប់​​សម្ភាស​វីដេអូ​មួយ​សម្រាប់​កុមារ​រងគ្រោះ​ដោយ​សារ​ការ​បៀតបៀន​ផ្លូវ​ភេទ​ សម្រាប់​នគរ​បាល​ខេត្ត Antwerp កាលពី​ឆ្នាំ​២០១១៕ និត​​​​​​​​​​​​

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.