នគរ​បាល​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​មាន​

ប៉ូលិស​​​មក​​​ពី​​​មន្ទីរ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​​​​ក្រសួង​​​មហា​​​ផ្ទៃ រៀប​​​កញ្ចប់​​​តេមំ​​​ហ្វេតាមីន​​​​​​នៅ​​​លើ​​​តុ មុន​​​នឹង​​ធ្វើ​​​សន្និសីទ​​​កាសែត​​​​​​នៅ​​​ឯ​​​អគ្គ​​​ស្នង​​​ការដ្ឋាន​​​​​​នគរ​​​បាល​​​​​​ជាតិ​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។​​​ រូប​​​ថតៈ ​​​Masayori Ishikawa

មន្ត្រី​មួយ​រូប​​បាន​ឲ្យ​ដឹង​កាលពី​​ថ្ងៃ​សៅរ៍​ថា នគរ​បាល​រាជធានី​ភ្នំពេញ​រឹបអូស​បាន​ថ្នាំ​ញៀន​​មេតំហ្វេមីន​ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​មាន​នៅ​កម្ពុជា​​កាលពី​ចុង​សប្ដាហ៍​មុន បន្ទាប់ពី​ការ​ចាប់​ខ្លួន​សមាជិក​បី​នាក់​នៅ​ក្នុង​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ ដែល​ត្រូវ​បាន​រក​ឃើញ​​ថ្នាំ​ញៀន​ជិត​៥៥​គីឡូក្រាម​មាន​តម្លៃ​ប្រហែល​៣លាន​ដុល្លារ​នៅ​ជាប់​​​ជាមួយ​​។

នៅ​ក្នុង​​សន្និសីទ​កាសែត​​​នៅ​ឯ​​​អគ្គស្នងការដ្ឋាន​​នគរ​បាល​ជាតិ​ លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរ​បាល​ជាតិ​បាន​​ឲ្យ​ដឹង​ថា មន្ត្រី​នគរ​បាល​បាន​​ធ្វើ​ការ​ចាប់​ខ្លួន​បន្ទាប់ពី​មាន​ការ​ជូន​ដំណឹង​ពី​អ្នក​យក​ការណ៍​​ដែល​ធ្វើ​ការ​ស៊ើបអង្កេត​អស់​រយៈ​ពេល​៣ខែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ស្ទឹង​ត្រែង។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​។ យើង​បាន​ចាប់​ខ្លួន​មនុស្ស​បី​នាក់​នៅ​គោលដៅ​ចំនួន​ប្រាំ​ ហើយ​យើង​រឹបអូស​បាន​ថ្នាំញៀន​ និង​ឧបករណ៍​ផ្សេងៗ”។

ឧត្ដម​សេនីយ៍ឯក ម៉ក់​ ជីតូ បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ នគរ​បាល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ ផល រ៉ានី អាយុ​២២​ឆ្នាំ និង​​បុរស​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់ ដែល​មាន​ម្នាក់​ឈ្មោះ Deng Yuan Ping អាយុ​៥៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Ly Yong អាយុ​៤២​ឆ្នាំ។

លោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា លោក​បាន​ចោទ​ប្រកាន់​អ្នក​ទាំ​ងបី​នាក់​នេះ​ជា​បណ្ដោះ​អាសន្ន​ ហើយ​បាន​បញ្ជូន​សំណុំ​រឿ​ង​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ​។

លោក​បាន​​មាន​ប្រសាសន៍​ថា “​បុរស​ជនជាតិ​​ចិនពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ផលិត និង​ចែក​ចាយ​គ្រឿង​ញៀន​ខុស​ច្បាប់ រីឯ​ស្ត្រី​ម្នាក់​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ចូល​រួម​នៅ​ក្នុង​សកម្មភាព​​ជួញដូរ​គ្រឿង​ញៀន​នេះ​”។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហោះនៅ​លើ​គេហទំព័រ​របស់​នគរ​បាល​ជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹង​ថា​ ផល រ៉ានី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខណ្ឌឫស្សីកែវ។ លោក Ly Yong អ្នក​ជំនាញ​ខាង​ផលិត​គ្រឿង​ញៀន​ និង​លោក Deng Yuan Ping អ្នក​ជំនាញ​​​​ខាង​​ផ្នែក​ពិសោធន៍​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​ចំការមន។

នៅ​ក្នុង​​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សៅរ៍ នគរ​បាល​បាន​ដាក់​បង្ហាញ​ថ្នាំញៀន​ដែល​ចាប់​បាន​ទាំង​អស់​នេះ ក្នុង​នោះ​មានម៉ាទឹកកក​៣៨​គីឡូក្រាម មេតំហ្វេតាមីនគ្រាប់​១៦​គីឡូក្រាម និង​ថ្នាំញៀន​ប្រភេទហេរ៉ូអុីន​​​៣៤០ក្រាម​។ ឧត្ដម​សេនីយ៍​ឯក ម៉ក់ ជីតូ បាន​លើក​ឡើង​ទៀត​ថា គ្រឿង​ញៀន​ទាំង​អស់​នេះ​បើ​គិត​ពី​តម្លៃ​ដែល​ចែក​ចាយ​នៅ​តាម​ផ្លូវ​មាន​តម្លៃ​​រហូត​ដល់​​ទៅ​៣លាន​ដុល្លារ​។

លោក​បាន​បន្ថែម​ថា គ្រឿង​ញៀន​ទាំង​អស់​នេះ​ត្រូវ​បាន​គេ​នាំ​យក​មកពី​តំបន់​ “ត្រីកោណ​មាស” មុនពេល​​ត្រូវបាន​នាំចេញ​ពី​ប្រទេស​ឡាវ​ចូល​ខេត្ត​ស្ទឹង​ត្រែង​។

ក្រោយ​ពី​នាំចូល​​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​រួច គ្រឿង​ញៀន​ទាំង​នេះ​ត្រូវ​បាន​គេ​នាំ​យក​មក​រាជធានី​ភ្នំពេញ​ ជា​ទីដែល​លោក Ly Yong និង​លោក Deng Yuan Ping មាន​ផែន​ការ​​លាយ​បន្ថែម​ជា​មួយ​សារធាតុ​គីមី​ផ្សេង​ទៀត​ដើម្បី​បង្កើន​ទម្ងន់​ និង​ទទួល​បាន​ផល​ចំណេញ​ច្រើន​។

ឧត្ដម​សេនីយ៍​ឯក ម៉ក់ ជីតូ បាន​មាន​ប្រសាសន៍​ថា “​យោង​តាម​ចម្លើយ​របស់​ជន​សង្ស័យ​​បាន​ឲ្យ​ដឹង​ថា ពួកគេ​ចង់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជាង​៥០​គីឡូក្រាម​នេះ​បង្កើត​ឲ្យ​បាន​គ្រឿង​ញៀន​​​ជាង​១០០​គីឡូក្រាម ហើយ​ពួកគេ​នឹង​ចែក​ចាយ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​​១ខែ​កន្លះ​ប៉ុណ្ណោះ”។

លោក​បាន​លើក​ឡើង​ទៀត​ថា មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​​បាន​ចែក​ចាយ​ថ្នាំញៀន​​យ៉ាង​តិច​ពីរ​លើក​រួច​មក​ហើយ​ ហើយ​មាន​ផែន​ការ​​លក់​ផ្នែក​​យ៉ាង​ច្រើន​ចុង​​ក្រោយ​នេះ​នៅ​ក្នុង​​ក្លឹប​រាត្រី​នៅ​កម្ពុជា​ ហើយ​​យក​ផ្នែក​ដែល​នៅ​សេសសល់​ទៅ​លក់​នៅ​កោះ​តៃវ៉ាន់។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​នឹង​បន្ត​ស៊ើបអង្កេត​ទាំង​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស​បន្ថែមទៀត​”។

ជន​សង្ស័យ​ទី៤​ឈ្មោះ Liv Seu អាយុ​៥០​ឆ្នាំ បាន​មក​ដល់​រាជធានី​ភ្នំពេញ​កាលពី​ម្សិល​មិញ បន្ទាប់ពី​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ខេត្ត​ស្ទឹង​ត្រែង ជា​ទីដែល​ជន​សង្ស័យ​រូប​េនះ​ត្រូវ​បាន​ឃុំខ្លួន​តាំងពី​ខែមេសា​មក​ពាក់​ព័ន្ធ​នឹង​ការចោទ​ប្រកាន់​ទាក់​ទិន​នឹង​បញ្ហា​អាវុធ​ ដែល​ជាករណី​មួយ​ដាច់​ដោយ​ឡែក​ពីករណី​គ្រឿង​ញៀន​ នេះ​បើ​យោង​តាម​លោក មាស វីរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​​ញៀន​។

ឧត្ដម​សេនីយ៍​ឯក មាស វីរិទ្ធ បាន​លើក​ឡើង​​ថា ស្ត្រី​ឈ្មោះ ផល រ៉ានី ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក Liv Seu គឺ​ជា​មេក្រុម​ជួញដូរ​គ្រឿង​ញៀន ប៉ុន្តែ​ថា គេ​មិន​ច្បាស់​ទេ​ថា តើ​លោក Liv Seu ​បាន​​ជួយ​អ្នក​ផ្សេង​ទៀត​ឲ្យ​រួច​ពី​ពន្ធនាគារ​ឬ​ក៏​អត់​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​មិន​អាច​ចាប់​ខ្លួន​ជន​សង្ស័យ​ទី៥​ដែល​ជា​បុរស​ជនជាតិ​ចិន​ម្នាក់​​ផ្សេងទៀត​​បាន​ឡើយ​។

ឧត្ដម​សេនីយ៍​ឯក​​ មាស វីរិទ្ធ បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​បញ្ជូន​មន្ត្រី​របស់​យើង​ទៅ​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​​កំណត់​​គោល​ដៅ​​ ប៉ុន្តែ​​ជន​សង្ស័យ​ទី៥​នេះ​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ”។

លោក​បាន​បន្ថែម​ថា ការ​រឹបអូស​បាន​កាលពី​សប្ដាហ៍​មុន គឺ​ជា​ការ​រឹបអូស​ថ្នាំ​ញៀន​មេតំ​ហ្វេតាមីន​ក្នុង​ចំនួន​យ៉ាង​ច្រើន​បំផុត​តែ​មួយ​គត់​នៅ​កម្ពុជា​ ហើយ​គឺ​ជា​ការ​រឹបអូស​ក្នុង​ចំនួន​ច្រើន​បំផុត​ទី៣​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​។

លោក​បាន​មាន​ប្រសាសន៍ថា “​ប្រសិន​បើ​យើង​និយាយ​អំពី​ថ្នាំមេតំហ្វេតាមីន​ដែល​យើង​រឹបអូស​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​គឺ​ជា​ការ​រឹបអូស​​ក្នុង​ចំនួន​ច្រើន​បំផុត​។ ប្រសិន​បើ​យើង​និយាយ​អំពី​ប្រភេទ​​ថ្នាំ​ញៀន​ទាំង​អស់​​ វា​គឺ​ជាការ​រឹបអូស​បាន​ក្នុង​ចំនួន​ច្រើន​បំផុត​ទី៣​”។

យោង​តាម​ឧត្ដម​សេនីយ៍​ឯក មាស វីរិទ្ធ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​រឹបអូស​ថ្នាំញៀន​ដ៏ច្រើន​បំផុត​​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៣ នៅពេល​នគរ​បាល​រក​ឃើញ​ថ្នាំញៀន​ទម្ងន់​៤០​គីឡូក្រាម​​​ភាគច្រើនជា​ប្រភេទ​ហេរ៉ូអុីន ដែល​គេ​លាក់​នៅ​ក្នុង​ផ្ទះ​មួយ​​ក្នុង​ខណ្ឌទូល​គោក រាជធានី​ភ្នំពេញ។

នៅ​ក្នុង​​របាយការណ៍​មួយ​ចេញ​កាលពី​ចុង​ខែ​មុន ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​ថ្នាំ​ញៀន​ និង​បទ​ល្មើស​បាន​លើកឡើង​ថា ទីផ្សារ​ថ្នាំ​មេតំហ្វេតាមីន​នៅ​កម្ពុជា​បាន​បន្ត​កើន​ឡើង​​​ចាប់​តាំង​ពី​ដំណាច់​ឆ្នាំ​២០១៣​មក ហើយ​​បាន​កំណត់​ថា ថ្នាំ​ញៀន​ប្រភេទ​នេះ​​គឺ​ជា​ “​ថ្នាំញៀន​ដែល​គួរ​ឲ្យ​​ព្រួយ​បារម្ភ​” នៅ​កម្ពុជា​៕ ស៊ុយឈាង

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.