នគរ​​​បាល​​​ចាប់បាន​​​អ្នក​​​ចែក​​​ចាយ​​​ពិត​​​ប្រាកដ​​​ តែ​​​រឹប​​​អូស​​​បាន​​​វត្ថុបុរាណ​​​ក្លែង​​​ក្លាយ​​​

ក្រុម​មន្ត្រី​បាន​និយាយ​ថា កាលពី​ថ្ងៃច័ន្ទ នគរ​បាល​ខេត្ត​កំពង់ធំ​បាន​ចាប់​ខ្លួន​បុរស​បី​នាក់​​ក្នុង​ប្រតិបត្តិការ​ដែលបាន​រៀបចំយ៉ាង​ប្រុង​ប្រយ័ត្ន​ដោយ​ផ្ដោត​​គោល​ដៅ​លើ​អ្នក​លក់​​​​វត្ថុ​​​បុរាណដែល​​​​លួច​បាន ​​​តែ​​​រក​​​​​​ឃើញ​​​ត្រឹម​​​តែ​​​ថា វត្ថុ​បុរាណ​​ចំនួន​ប្រាំពីរ​​​ដែល​រឹប​​​អូស​​​បាន​​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​នោះ​ តាម​ពិត​ទៅ​​​ជា​ពុទ្ធប្បដិមាចម្លង​​​ដែល​​​​គ្មាន​តម្លៃ​។

​​យោង​តាម​លោក សាយ ណូរ៉ា ​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​​​ប្រតិបត្តិការ​សម្ងាត់​រយៈ​ពេល​ជិត​ពីរ​សប្ដាហ៍​​ មន្ត្រី​មក​ពី​​ការិយាល័យ​នគរ​​បាល​​​បេតិក​ភណ្ឌ​​​​ខេត្ត​បាន​​​ជួប​អ្នក​ចែក​ចាយ​នៅ​ផ្ទះ​​របស់​ជន​សង្ស័យ​ម្នាក់​​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​នេះ​នៅ​ក្នុង​ស្រុក​សណ្ដាន់ ​ទី​ដែល​​​ពួកគេ​​បាន​ចាប់​ខ្លួន​ជន​ទាំង​បី​នាក់នេះ​​។

លោក សាយ ណូរ៉ា ថ្លែង​ថា ​”​ខ្ញុំ​បាន​ដឹក​​​នាំ​​​​ប្រតិបត្តិការ​​ចាប់​ខ្លួននេះ​។ ​លោក​ថ្លែង​បន្ត​​​ថា “​យើង​បាន​ចាប់​ខ្លួន​​​​ជន​សង្ស័យ​ទាំង​បី​នាក់​នេះ​ពេល​កំពុង​ធ្វើ​សកម្មភាព​ ហើយ​រឹប​អូស​បាន​​វត្ថុ​បុរាណ​ទាំង​​​ប្រាំពីរ​នៅ​ក្នុង​ឃុំខ្លែង ​​ស្រុក​​​សណ្ដាន់ បន្ទាប់ពី​​ពួកគេ​បានព្រម​ព្រៀង​​​​​​លក់​វត្ថុ​បុរាណ​ទាំង​នេះ​​​​ឲ្យ​កម្លាំង​របស់​យើង​ក្នុង​តម្លៃ​១០​.០០០​ដុល្លារ​”។ លោក​បាន​បន្ថែម​​​ថា វត្ថុ​​បុរាណ​ចម្លង​​ទាំង​នេះ​ធ្វើ​អំពី​សំណ​​និង​ស្ពាន់​​។

លោក រុំ សុវិជ្ជា ​​ប្រធាន​ការិយាល័យ​បេតិក​ភណ្ឌ​បាន​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ​ទាំង​នេះ​ថា ឈ្មោះ ​ម៉ៅ ណារិទ្ធ អាយុ​៣៦​ឆ្នាំ ញៀន ណេល អាយុ​៤៧​ឆ្នាំ និង​ ជ ហៀត អាយុ​៤៦​ឆ្នាំ នៅ​​ផ្ទះ​​​ដែល​ពួកគេ​ចែក​ចាយ​​។ លោក​បាន​ថ្លែង​ថា ពួកគេ​ទាំង​អស់​នេះ​ជា​អ្នក​ជួញដូរ​វត្ថុបុរាណ​នៅ​​ក្នុង​តំបន់​នេះ​។

យោង​តាម​ប្រធាន​ការិយាល័យ​រូបនេះ​បាន​ឱ្យ​ដឹង​ថា ​វត្ថុបុរាណ​ទាំង​ប្រាំពីរ​​ ដែល​​​ក្នុង​​​នីមួយ​ៗ​​​មាន​​​កម្ពស់​​មិន​ដល់​៣០​សង់ទីម៉ែត្រ​​ក្នុង​រូប​ថត​ដែល​បាន​បង្ហោះ​នៅ​ក្នុង​គេហទំព័រ​​នគរ​បាល​ជាតិ​នោះ​​​​ ត្រូវ​បាន​បញ្ជូនទៅ​ឲ្យ​អ្នក ​ជំនាញ​​នៅ​ក្រសួង​វប្បធម៌ធ្វើ​ការ​វិភាគ​ ហើយ​​ បាន​បង្ហាញ​ភ្លាមៗថា​ជា​របស់​ក្លែង​ក្លាយ​។

​លោក សុវិជ្ជា បាន​ថ្លែង​ថា ​”តាម​របាយ​ការណ៍​​​​​នៅ​ថ្ងៃនេះ​ដែលបាន​មកពី​​ការ​វិភាគ​វត្ថុ​បុរាណ​របស់​ក្រសួង​វប្បធម៌​នៅ​ក្នុង​រាជ​ធានី​​​ភ្នំពេញ ​ពួកគេ​បាន​រក​ឃើញ​ថា​វត្ថុបុរាណ​ទាំង​​​​នេះ​ជា​វត្ថុចម្លង​​ មិន​មែន​ជា​​វត្ថុបុរាណ​ពិត​ទេ​”។

លោក​បាន​បន្ថែម​ថា ”​​ប៉ុន្តែ​ដើម្បី​ជួយ​​យើង​​ក្នុងការ​​​ប្រយុទ្ធប្រឆាំង​​ការ​លួច​វត្ថុបុរាណ​​​​ យើង​បាន​រឹបអូស​​វត្ថុទាំង​នេះ​ទៅ​​ធ្វើ​ការ​សិក្សា​​​ថា​ តើ​ពួកគេ​បាន​ធ្វើ​វត្ថុបុរាណ​​ក្លែង​ក្លាយ​ទាំង​​​​នេះ​ដោយ​របៀប​ណា​​”។ លោក ជូ សំអាន ស្នងការ​នគរ​បាល​ខេត្ត​​​បាន​​​​អះ​អាង​​ពីការ​​ទទួលបាន​​របាយការណ៍​ពី​ក្រសួង​​​វប្បធម៌​ ហើយ​ថា លោក​បាន​បញ្ជូន​របាយ​​​ការណ៍​​​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ។ ​​លោក​​ថ្លែង​ថា ​អ្នក​ចែក​ចាយ​ទាំង​ បី​នាក់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ៕ សារុន

© 2015 – 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.