នាយរដ្ឋមន្ត្រីអ៊ីរ៉ាក់យល់ព្រមរុះរើគណៈរដ្ឋមន្ត្រី ខណៈហិង្សាប្រឆាំងរដ្ឋាភិបាលកាន់តែកើនឡើង មនុស្សស្លាប់កើនឡើង៤៤នាក់

នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ Adel Abdul Mahdiបានអំពាវនាវ អោយសមាជិកសភា គាំទ្រលោក ដើម្បីរុះរើ គណៈរដ្ឋមន្ត្រី ខណៈ បាតុកម្មដ៏ហិង្សាប្រឆាំងរដ្ឋាភិបាលកាន់តែកើនឡើងដែលបានបណ្ដាលអោយមនុស្ស៤៤ ស្លាប់។

ការប្រកាន់ជំហរ ទន់ភ្លន់របស់លោក Mahdi បានកើតឡើងចំពេលបាតុករ រាប់ម៉ឺននាក់កាន់តែផ្ទុះកំហឹងដោយសារតែប៉ូលិសវាយបង្រ្កាប បណ្ដាលអោយមនុស្ស៤៤នាក់ស្លាប់ និងរងរបួស ជាង១ពាន់ ៥រយនាក់ ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន អ៊ីរ៉ាក់ A.N.I News។

លោក Mahdi បានសន្យាថានឹង ពិនិត្យ ហើយរុះរើគណៈរដ្ឋមន្ត្រីឡើងវិញ តែលោកថាគ្មានដំណោះស្រាយណា ល្អជាងនេះទេ។

លោកMahdi បានថ្លែងដូចនេះ តាមកញ្ចក់ទូរទស្សន៍របស់រដ្ឋ ចំពេល បាតុករឈានដល់ការទាមទារអោយទម្លាក់រដ្ឋាភិបាល។ យ៉ាងណា ក៏ដោយលោក ទទួលស្គាល់ថាពិតជាមានអំពើពុករលួយជាលក្ខណៈប្រព័ន្ធ ក្នុងជួរដ្ឋាភិបាល ដែលលោកថាចាំបាច់ត្រូវវេះកាត់ជាបន្ទាន់។

បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់បានផ្ទុះឡើងតាំងតែពីថ្ងៃអង្គារមកម្ល៉េះ ហើយចូលដល់សុក្រទី៤តុលានេះ ស្ថានភាពកាន់តែធ្ងន់ធ្ងរ ខណៈអំពើហិង្សា កំពុងរីករាលដាលកាន់តែកាន់ខ្លាំងនៅក្នុងរដ្ឋធានី Bagdad  និងភាគខាងត្បូងប្រទេស។

ក្រុមបាតុករទាំងនេះបាននាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីសម្ដែងការខឹងសម្បារនឹងអំពើពុករលួយ, វិបត្តិគ្មានការងារធ្វើ និងសេវាសាធារណៈស្ពឹកស្រពន់។

លោក Adel Abdul Mahdi កាលពីថ្ងៃពុធបានចេញសេចក្ដីថ្លែងការណ៍មួយដោយនិយាយថា រដ្ឋាភិបាលរបស់លោក កំពុងរៀបចំជំនួបជាមួយអ្នកតំណាងបាតុករ ដើម្បីពិភាក្សា និងពិចារណាទទួលសំណើសមស្របរបស់បាតុករមកធ្វើការពិចារណា ហើយនឹងអាចឈានទៅដល់ការ រុះរើគណៈរដ្ឋមន្ត្រីមួយចំនួន។ ប៉ុន្តែនៅខណៈនេះមានសេចក្ដីរាយការណ៍មកថា អាជ្ញាធរបានចេញបំរាមគោចរណ៍ នៅតាមសង្កាត់មួយចំនួន នៅក្រុងបាដាដ ប៉ុន្តែ បាតុករមិនបានគោរពឡើយ ដែលនាំអោយអំពើហិង្សា ផ្ទុះឡើងរវាងប៉ូលិសបង្រ្កាបកុប្បកម្មនិងបាតុករ។

ប៉ុន្តែសំនួរសួរថាតើអំពើហិង្សា បណ្ដាលតែមកពីខាងបាតុករ ឬជនទី៣ចូលពាក់ព័ន្ធ។ តាមការអះអាងរបស់បាតុករឲ្យដឹងថា បាតុកម្មនៅពេលនេះ ឈានដល់ការ ស្រែកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ដែលគាំទ្រ ពួកសកម្មប្រយុទ្ធមកពីក្រុមនិកាយShia  និងក្រុមអ្នកនយោបាយដែលលំអៀងទៅរកប្រទេសអ៊ីរ៉ង់។ ពួកអ៊ីរ៉ង់ដែលមានឥទ្ធិពល នៅអ៊ីរ៉ាក់ គឺក្នុងនោះមានទាំងពួកយោធាផង បានចូលពាក់ព័ន្ធជាមួយនឹងប៉ូលិសបង្រ្កាបបាតុកម្ម ដោយបានបាញ់មកលើក្រុមបាតុករ។

មជ្ឈដ្ឋានខ្លះថា នាយករដ្ឋមន្រ្តី Mahdi គឺជាអតីតសមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សា ឥស្លាមអ៊ីរ៉ាក់ មាននិន្នាការ ជាមួយក្រុមឆ្មាំបដិវត្តន៏អ៊ីរ៉ង់ដែលមានឥទ្ធិពលខ្លាំងលើរដ្ឋាភិបាលអ៊ីរ៉ាក់សព្វថ្ងៃនេះ។

កាលពីសប្ដាហ៍មុន ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអ៊ីរ៉ាក់ បានព្រមានថា ឆ្មាំបដិវត្តន៏អ៊ីរ៉ង់នឹងមិនខ្លាចធ្វើការវាយប្រហារ ទៅលើមូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីអ៊ីរ៉ាក់ឡើយប្រសិនបើ អាមេរិក ឬសម្ព័ន្ធអាមេរិក វាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលនាំអោយរដ្ឋាភិបាលរបស់លោក Mahdi ងាយទាញទម្លាក់ក្នុងភ្លើងសង្រ្គាម នៅពេលណាសង្រ្គាមអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើង។

គិតមដល់ថ្ងៃសុក្រ ទី៤ ខែតុលានេះ គឺជាការតវ៉ា ថ្ងៃទី៤ ហើយ។ បាតុកម្មបន្តផ្ទុះកាន់តែខ្លាំង បន្ទាប់ពី លោក Mahdi សន្យារុះរើគណៈរដ្ឋមន្ត្រី ហើយសុំអោយបាតុករ រំសាយការប្រមូលផ្ដុំ ប៉ុន្តែក្រុមបាតុករអះអាងថា គ្រាន់តែជាការភូតកុហក់ប៉ុណ្ណោះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវ សុំអោយរដ្ឋាភិបាល និងបាតុករ ប្រកាន់យកនូវភាពអត់ធ្មត់ ហើយ ត្រូវរកដំណោះស្រាយដោយការចរចា។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ព្រមានថា បើស្ថានការណ៍កាន់តែអាក្រក់ អាចនឹងកើតមានរដ្ឋប្រហារ។

នៅមុនការផ្ទុះបាតុកម្មនេះ រដ្ឋាភិបាលរបស់ លោក Adel Abdul Mahdi បានប្រកាសប្រឆាំង អាមេរិកដែលចង់ដាក់ពង្រាយទ័ពបន្ថែមទៀតលើ ទឹកដីអ៊ីរ៉ាក់ ដែលរឿងនេះ គឺជាការវាយសំពងលើ គណបក្សប្រឆាំង ក្នុងប្រទេសអ៊ីរ៉ាក់ ដែលមាននិន្នាការគាំទ្រសហរដ្ឋអាមេរិក។ ជាងនេះទៅទៀត លោក Mahdi ក៏បានប្រកាសមិនគាំទ្រវត្តមានកងទ័ពអាមេរិកនៅលើឈូងសមុទ្រពែក្សផងដែរ។ 

តែយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ នេះជាលើកដំបូង ហើយដែលប្រជាជនអ៊ីរ៉ាក់ បានធ្វើបាតុកម្ម ប្រឆាំងអំពើពុករលួយ នៅក្នុងជួររដ្ឋាភិបាល ចាប់តាំងពី ការទម្លាក់របបផ្ដាច់ការសាដាមហូសេន នៅឆ្នាំ២០០៣ ដោយកងទ័ពពហុសាសន៍ដឹកនាំដោយសហរដ្ឋអាមេរិក ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.