នៅ​ពេល​តម្លៃ​ប្រេង​ធ្លាក់​ចុះ ការ​ឃុបឃិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្គត់ផ្គង់ គឺ​ជា​ក្តី​កង្វល់

រដ្ឋាភិបាល​បាន​ជំរុញ​ក្រុមហ៊ុន​ប្រេង​នានា​ឲ្យ​ចែក​រំលែក​ផលប្រយោជន៍​ពេញ​លេញ​ដែល​ទទួល​បាន​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​លើ​សាកល​លោក​ដល់​អ្នក​ប្រើប្រាស់ ហើយ​ចៀសវាង​ការ​កេង​បន្លំ​តម្លៃ ដោយសារតែ​តម្លៃ​ប្រេង​ជា​មធ្យម​ក្នុង​ប្រទេស​នេះ​ធ្លាក់​ចុះ​៦,៥​ភាគរយ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​កន្លង​មក​នេះ។cam-photo-gas

យោងតាម​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម តម្លៃ​ប្រេង​ធម្មតា ដែល​មាន​តម្លៃ​រវាង​៣.៣០០​រៀល​ទៅ​៤.១០០​រៀល​ក្នុង​មួយ​លីត្រ​កាលពី​ថ្ងៃ​ពុធ បាន​ធ្លាក់​ចុះ​រវាង​៣,៥​ទៅ​១៣,២​ភាគរយ​ចាប់តាំង​ពី​ថ្ងៃ​ទី​១១​ខែ​មករា​មក។ តម្លៃ​ប្រេង​ម៉ាហ៊្សូត​បាន​ធ្លាក់​ចុះ​ពី​២,៥​ទៅ​១៧,៧​ភាគរយ។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​បាន​ជួប​ចរចា​ជាមួយ​ក្រុមហ៊ុន​ប្រេង​កាលពី​ថ្ងៃ​អង្គារ ដែល​ជា​ជំនួប​លើក​ទី៣​ចាប់តាំងពី​ខែ​វិច្ឆិកា​មក ក្នុង​ផែនការ​ជំនួប​រៀងរាល់​១០​ថ្ងៃ​ម្តង​ដើម្បី​ធានា​ថា ការ​សន្សំ​ប្រាក់​ពី​ប្រេង​ចុះ​ថោក​កំពុង​បង្ហាញ​ឲ្យ​ឃើញ​នៅ​តាម​ស្ថានីយ​ប្រេង ​ហើយ​មិន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាត។

លោក ម៉ៅ ថូរ៉ា បាន​មាន​ប្រសាសន៍​ថា “បើទោះជា​យើង​មិន​អាច​មើល​ឃើញ​កម្រិត​ចំណេញ​របស់​ក្រុមហ៊ុន​ប្រេង ក៏​យើង​ជឿ​ថា [ពួកគេ]​នឹង​ទទួល​បាន​ចំណេញ​ច្រើន​ពី​តម្លៃ​ប្រេង​ធ្លាក់​ចុះ​នេះ ប្រសិនបើ​ពួកគេ​មិន​បញ្ចុះ​[តម្លៃ​ដល់​អ្នក​ប្រើប្រាស់]​ទេ​នោះ”។

តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​ពិភព​លោក​បាន​ធ្លាក់​ចុះប្រហែល​៥០​ភាគរយ​អំឡុង​ពេល​ឆ្នាំ​មុន ភាគច្រើន​ដោយសារ​តម្រូវ​ការ​តិច​ពី​ប្រទេស​នានា​ដែល​មាន​ការ​លំបាក​ខាង​សេដ្ឋកិច្ច និង​កំណើន​ផលិតកម្ម​ប្រេង​ឆៅ​នៅ​អាមេរិក។

ប្រេង​ឆៅ ជា​ខ្នាត​គំរូ​សម្រាប់​តម្លៃ​ប្រេង កំពុង​ត្រូវ​បាន​ជួញដូរ​ក្នុង​តម្លៃ​ក្រោម​៤៩​ដុល្លារ​មួយ​ធុង​កាលពី​ថ្ងៃ​ពុធ ពោលគឺ​បាន​ធ្លាក់​ចុះ​ពី​ជិត​៩០​ដុល្លារ​កាលពី​ចុង​ខែ​តុលា​ឆ្នាំ​មុន។

លោក ម៉ៅ ថូរ៉ា បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​តម្លៃ​ប្រេង​បន្តិច​ម្តងៗ​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​លទ្ធផល​នៃ​ការ​ចរចា​រវាង​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ឯកជន មិនមែន​តាម​ការ​គណនា​ផ្អែក​លើ​តម្លៃ​ប្រេង​ពិភព​លោក​ទេ។

លោក​បាន​បន្ថែម​ថា “យើង​មិន​មាន​រូបមន្ត​គណនា​ឲ្យ​ដឹង​ថា តើ​ក្រុមហ៊ុន​ប្រេង​ទាំង​នេះ​បញ្ចុះ​តម្លៃ​របស់​ខ្លួន​ប៉ុន្មាន​ទើប​ស្រប​តាម​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ពិភព​លោក​នោះ​ទេ ប៉ុន្តែ​យើង​បាន​រៀបចំ​ការ​ប្រជុំ​និង​ការ​ចរចា​ជាមួយ​ពួកគេ ហើយ​យើង​មិន​បណ្តោយ​ឲ្យ​ពួកគេ​មាន​ការ​ឃុបឃិត​គ្នា​នោះ​ទេ”។

ទាក់ទង​បាន​កាលពី​ថ្ងៃ​ពុធ ក្រុមហ៊ុន​ប្រេង​ជាច្រើន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​បាន​ផ្តល់​សេចក្តី​ពិស្តារ​តិចតួច​អំពី​ការ​ចរចា ប៉ុន្តែ​បាន​និយាយ​ថា តម្លៃ​របស់​ខ្លួន​តម្រូវ​តាម​កម្លាំង​ទីផ្សារ។

លោក ប៊ិន ម៉ានី មាលា នាយក​គ្រប់គ្រង​ផ្នែកទី​ផ្សារ​របស់​ក្រុមហ៊ុន PTT (Cambodia) Ltd. ជា​សាខា​ក្រុមហ៊ុន​រដ្ឋ PTT Public Company Limited របស់​ប្រទេស​ថៃ បាន​និយាយ​ថា “នេះ​ជា​ទីផ្សារ​សេរី រដ្ឋាភិបាល​មិន​ត្រូវ​គ្រប់គ្រង​តម្លៃ​ទេ”។

លោក​ស្រី ចាន់លេក ថាន អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​កាល់តិច​នៅ​កម្ពុជា ជា​សាខា​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុនប្រេង Chevron ដ៏​ធំ​មាន​មូលដ្ឋាន​នៅ​អាមេរិក បាន​និយាយ​ដែរ​ថា ក្រុមហ៊ុន​របស់​លោក​ស្រី​ដាក់​តម្លៃ​របស់​ខ្លួន​តាម​កត្តា​ទី​ផ្សារ។

លោក​ស្រី ថាន បាន​ឲ្យ​ដឹង​តាម​រយៈ​អីុម៉េល​ថា “តម្លៃ​លក់​ឲ្យ​សាធារណជន​អាស្រ័យ​លើ​កត្តា​គួបផ្សំ​ជាច្រើន ក្នុង​នោះ​មាន​អត្រាប្តូរ​ប្រាក់ តម្រូវការ​ទីផ្សារ និង​ស្ថានភាព​ប្រកួត​ប្រជែង​ជាដើម”។

ទោះបីជា​មិន​ចាំបាច់​មាន​ការ​លូកលាន់​ពី​សំណាក់​រដ្ឋាភិបាល​ក៏​ដោយ ក៏​អ្នក​ជំនាញ​និយាយ​ថា គឺ​ចាំបាច់​ត្រូវ​មាន​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ដោយសារតែ​មិន​ទាន់​មាន​ក្របខណ្ឌ​ច្បាប់​រឹងមាំ​នៅ​ឡើយ។

លោក កង ច័ន្ទ​តារា​រ័ត្ន សេដ្ឋវិទូ​និង​ជា​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​ការ​អភិវឌ្ឍ បាន​មាន​ប្រសាសន៍​ថា តួនាទី​របស់​រដ្ឋាភិបាល​គឺ​ចាំបាច់​ដើម្បី​ទប់​ស្កាត់​ក្រុមហ៊ុន​ប្រេង​មិន​ឲ្យ​កេង​ចំណេញ​អ្នក​ប្រើប្រាស់។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិនបើ​រដ្ឋាភិបាល​មិន​[អន្តរាគមន៍]​ ក្រុមហ៊ុន​មិន​បញ្ចុះ​តម្លៃ​ប្រេង​ច្រើន​ទេ ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​ពេល​កន្លង​មក​ហើយ ពេលដែល​តម្លៃ​ប្រេង​ពិភព​លោក​បាន​ធ្លាក់​ចុះ​នោះ”។

“[នេះ]​ជា​សញ្ញា​មួយ​ដែល​ក្រុមហ៊ុន​ប្រេង​នានា​ក្នុង​ប្រទេស​កម្ពុជា​បាន​ព្យាយាម​ឃុបឃិត​គ្នា ហើយ​ចំណុច​នេះ​ឆ្លុះ​បញ្ចាំង​ថា ទីផ្សារ​សេរី​ក្នុង​ប្រទេស​នេះ​មិន​ដំណើរការ​ល្អ​ទេ”។

លោក​ស្រី កឹម ណាតាឆា នាយក​ប្រតិបត្តិ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក សម័្ពន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន (CRRT) បាន​មាន​ប្រសាសន៍​ថា ទីផ្សារ​សេរី​របស់​ប្រទេស​នេះ​”មិន​ពេញលេញ” ហើយ​​ចាំបាច់​ត្រូវ​មាន​ច្បាប់​ការពារ​អ្នក​ប្រើប្រាស់។

លោក​ស្រី​ ណាតាឆា បាន​មាន​ប្រសាសន៍​ថា “ក្នុង​ករណី​មាន​ការ​ប្រែប្រួល​តម្លៃ ច្បាប់​បែប​នេះ​ក៏​អាច​ជួយ​ទប់​ស្កាត់​ការ​អនុវត្ត​ដែល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍ ដូចជា​ការស្តុក​ទុក តម្លៃ​ខ្ពស់​ជាង​ទីផ្សារ ឬការ​ឃុបឃិត​កំណត់​តម្លៃ​ជាដើម។ ទង្វើ​ទាំង​នោះ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​អ្នក​ប្រើប្រាស់ ដែល​ងាយ​រងគ្រោះ​បំផុត​ពី​ការ​ប្រែប្រួល​តម្លៃ​នៅ​ទី​ផ្សារ”។

“ទោះជា​យ៉ាងណា​ក៏ដោយ ក៏​ការ​ប្រកួត​ប្រជែង​មិន​យុត្តិធម៌ ដូចជា​ការ​លក់​ផ្តាច់​មុខ ការ​លក់​ដោយ​កំណត់ចំនួន​អ្នក​លក់​តិច និង​ការ​លក់​ដោយ​មាន​ការ​ឃុបឃិត​ក្នុង​ចំណោម​អ្នក​លក់ គួរ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់​ប្រកួត​ប្រជែង”។មានិត

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.