បក្សប្រឆាំងនៅ ហៃទី អំពាវនាវអោយបិទស្ថាប័នរដ្ឋដើម្បីផ្ដួលរំលំ រដ្ឋាភិបាលនៅដំណាក់កាលចុងក្រោយ

រឿងរ៉ាវពុករលួយ គឺជាដើមចមតែមួយគត់នៃការបះបោរនៅប្រទេសហៃទី។ បាតុកម្មទាមទារអោយរដ្ឋាភិបាល ដកហូតមន្ត្រីពុករលួយ បានក្លាយជាព្រឹត្តិការណ៍នៃការគាបសង្កត់អោយ លោកប្រធានាធិបតី Jovenel Moise  ចុះចេញពីអំណាច។ គិតមកដល់ថ្ងៃពុធទី៩ ខែតុលានេះ គឺមានរយៈ៤សប្ដាហ៍មកហើយ ដែលបាតុកម្មនៅតែបន្តផ្ទុះឡើង  កាន់តែអាក្រក់និងធ្ងន់ធ្ងរឡើង។ មនុស្សស្លាប់ ក្នុងបុព្វហេតុនេះ កើនឡើង១៧នាក់ ។

គណបក្សប្រឆាំង ដែលឈានមុខគេ ក្នុងការតវ៉ាប្រឆាំងអំពើពុករលួយ របស់ពួកមន្ត្រីរដ្ឋាភិបាល បានអំពាវនាវ អោយបិទស្ថាប័នរដ្ឋដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Jovenel Moise  ដែលបាតុកររិះគន់ថា ជាមេដឹកនាំអសមត្ថភាពក្នុងការបោសសំអាតអំពើពុករលួយ

សារព័ត៌មានគេហទំព័រ Mail Online ដោយស្រង់សម្ដី លោក Andre Michel អ្នកនាំពាក្យ បក្សប្រឆាំង ប្រទេសហៃទីមកចុះផ្សាយថា  រហូតមកទល់ពេលនេះ សាកលវិទ្យាល័យមួយចំនួនបានបិទទ្វារហើយ តែ សូមចុងក្រោយ គឺស្ថាប័នរដ្ឋ ត្រូវបិទទ្វារដើម្បីចូលរួមធ្វើបាតុកម្មទម្លាក់លោក ប្រធានាធិបតី Jovenel Moise ។ 

នៅពេលជាមួយគ្នានេះ ក្រុមបាតុករ បានដើរទៅប្រមូលគ្នានៅខាងមុខស្នាក់ការអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសហៃទី ដោយអំពាវនាវសុំអោយ អង្គការពិភពលោកនេះ ជួយសង្កេតការណ៍ អំពី ចលនារបស់ប្រជាជន ប្រឆាំងរបបមួយដែលពោរដោយអំពើពុករលួយ ។

ប៉ុន្តែនៅពេលជាមួយគ្នានេះ បាតុករ គណបក្សប្រឆាំង បានសុំអោយសហគមន៍អន្តរជាតិ កុំលូកដៃចូលរឿង របស់ពួកគេ ព្រោះថា នេះ ជាអំពើពុរលួយក្នុងប្រទេស។ ការណ៍នេះ ដោយសារតែ មន្ត្រីទូត អាមេរិក សហភាពអឺរ៉ុប បានជួបលោកប្រធានាធិបតី ដោយចេញមកវិញ បែរជាប្រធានាធិបតីនេះ មិនចុះចេញពីអំណាច ហើយបែរជាចង់ចរជាមួយបាតុករទៅវិញ។

បាតុករបានបន្តទាមទារថាមានតែការចាកចេញពីតំណែងរបស់ប្រធានាធិបតី Jovenel Moise  ទើបធ្វើអោយស្ថានការណ៍ស្ងប់ទៅវិញ ។ បាតុកម្មលើកនេះ ត្រូវបានកត់តត្រាថា ជាព្រឹត្តិការណ៍ដ៏ធំបំផុត ដែលមនុស្ស រាប់ម៉ឺន សែននាក់ចូលរួម ចាប់តាំងពី មានព្រឹត្តិការណ័ដូចគ្នានេះ កាលពីខែក្កដា ឆ្នាំ២០១៨។  សន្ទុះនៃបាតុកម្មដ៏ធំនេះ ក៏កើតឡើងចំពេល ប្រទេសក្រីក្រមួយនេះ ផ្ទុះអតិផរណា ទំនិញលើទីផ្សារ ជាពិសេស គឺតំលៃស្បៀង និងប្រេងសាំងជាសេចក្ដីត្រូវការចាំបាច់បំផុត។

ទោះជាយ៉ាងណា លោកប្រធានាធិបតី Jovenel Moise  មិនត្រឹមតែ មិនទទួលស្គាល់អំពីអសមត្ថភាពរបស់ខ្លួន បែរជាលោកដាក់កំហុស ថាវិបត្តសេដ្ឋកិច្ចនេះ គឺជាការបង្កវិច្ឆេទកម្មរបស់ ក្រុមប្រឆាំងជាហេតុនាំទៅរកទាញ ទម្លាក់សា្ថនការណ៍ធ្ងន់ធ្ងរបែបនេះ។

តាមប្រភព នៃគេហទំព័រ Mail Online  ស្ថានការណ៍បែរនេះ  បានបណ្ដាលអោយ មន្ទីរពេទ្យមួយចំនួនបានបិទទ្វារ ស្របពេលសាលារៀន របស់កុមារ ជាច្រើនក៏បានបិទដែរ។  នៅរយៈពេលបាតុកម្ម៤សប្ដាហ៍នេះ កម្លាំងសន្តិសុខជាតិ បានពន្យាយាម រក្សាសណ្ដាប់ធ្លាប់ និងបញ្ចៀស ការប៉ះទង្គិចជាមួយ បាតុករ តែ ជៀសមិនរួចដោយសារតែបាតុករ បានវាយបំផ្លាញនិង ចូលទៅគៀកប៉ូលិស ដែល ទីបំផុត បណ្ដាលអោយមនុស្សស្លាប់១៧ នាក់និងរបួស ២០០នាក់ អាគារ របស់រដ្ឋ ជាច្រើនរងការវាយប្រហារ។

ស្របនេះ សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក ដ៏មានឥទិ្ធពល លោក Marco Rubio បានជំរុញ អោយ លោក Jovenel Moise  ចុះចេញពីតំណែង ដើម្បីបញ្ចប់ហិង្សា ។ លោកថាសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត របស់ ហៃទី ទោះមិនជ្រៀតជ្រែកកិច្ចការរបស់ប្រទេសហៃទីពិតមែន តែ ក៏មិនត្រូវគាំទ្រមេដឹកនាំ ដែលប្រជាជន បណ្ដេញពីអំណាចនេះដែរ។ លោក Marco Rubio បានទទូចថា លោកJovenel Moise  គួរជ្រើសរើសការចុះចេញពីតំណែង គឺជាការប្រសើរ។

ស្របពេល ដែល មិនមានសញ្ញាណាមួយថា លោក Jovenel Moise  អាចនឹងចុះចេញពីតំណែងនោះ ក្រុមបាតុករកាន់តែបង្កើន កម្លាំង ទ្វេដង ។ ពីទីក្រុងញូវយ៉កឯនោះវិញ អ្នកនាំពាក្យ របស់អង្គការសហប្រជាជាតិ Stephane Dujarric បានអំពាវនាវ សុំអោយបាតុករ និងលោកប្រធានាធិបតី អត់ធ្មត់ ហើយ ត្រូវជួបសន្ទនាគ្នាអោយបានឆាប់បំផុត ដើម្បីបញ្ចប់ហិង្សា និងក៏ទទូចអោយ កម្លាំងប៉ូលិស បញ្ឈប់ការបាញ់ប្រហារទៅលើបាតុករផងដែរ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.