បក្សប្រឆាំង​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​ ទាម​ទារ​ស៊ើបអង្កេត

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​មាន​ប្រសាសន៍កាល​ពី​ម្សិលមិញ​ថា គណបក្ស​ប្រឆាំង​បាន​ច្រាន​ចោល​លទ្ធ​ផល​​នៃ​ការ​បោះ​ឆ្នោត​កាល​ពីថ្ងៃ​អាទិត្យ​ និង​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ីបអង្កេត​ដោយ​ឯក​រាជ្យ​លើការ​បោះឆ្នោតនេះ​​​ ដើម្បី​កំណត់​ថា តើ​តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ឬ​យ៉ាង​​ណា​​​។

លោក កឹម សុខា លោក សម រង្ស៊ី និង​លោក សុន ឆ័យ ធ្វើ​សន្និសីទ​កាសែត​​ក្នុង​រាជធានីភ្នំពេញ​ កាលពី​ម្សិល​មិញ ​ដើម្បី​​​ច្រាន​ចោល​លទ្ធផល​នៃការ​បោះឆ្នោត​ជាសាធារណៈ​ និង​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​ពី​ភាព​មិន​ប្រក្រតី​​។​ (ស៊ីវ ចាន់ណា)
លោក កឹម សុខា លោក សម រង្ស៊ី និង​លោក សុន ឆ័យ ធ្វើ​សន្និសីទ​កាសែត​​ក្នុង​រាជធានីភ្នំពេញ​ កាលពី​ម្សិល​មិញ ​ដើម្បី​​​ច្រាន​ចោល​លទ្ធផល​នៃការ​បោះឆ្នោត​ជាសាធារណៈ​ និង​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​ពី​ភាព​មិន​ប្រក្រតី​​។​ (ស៊ីវ ចាន់ណា)

លោក​ សម រង្ស៊ី បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញថា “ យើង​មិន​​ទទួល​យក​លទ្ធផល​នៃការ​បោះ​​​​ឆ្នោត​នេះ​ទេ។មាន​ភាព​មិន​ប្រក្រតីច្រើន​ណាស់​”។ លោក​ សម រង្ស៊ី​ បាន​មាន​ប្រសាសន៍ថា គួរតែ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ដែល​មាន​សមាជិក​មក​ពី​គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច​ ព្រម​ទាំង​អង្គ​ការ​សហប្រជាជាតិ​ និង​តំណាង​រដ្ឋាភិបាល​បរទេស​ ព្រមទាំងអង្គការ​ក្រៅ​រដ្ឋាភិបាល​។ លោក​បាន​មាន​ប្រសាសន៍ថា ផ្អែក​តាម​ការ​រក​ឃើញ​របស់​គណៈកម្មាធិការ​នេះ​ គណ​បក្ស​សង្គ្រោះ​ជាតិ​អាចស្នើ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ទាំង​ស្រុង​។

លោក​ សម រង្ស៊ី​ បាន​មាន​ប្រសាសន៍ថា “ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​” យើង​ស្នើ​ឲ្យ​បង្កើត គណៈកម្មាធិការ​នយោបាយ​មួយ​​ដែល​មាន​សមាសភាព​មក​ពី​​គណបក្ស​ទាំ​ងពីរ​ អង្គការ​ក្រៅ​រដ្ឋាភិ​បាល​​ ហើយ​យើង​ស្នើ​ឲ្យ​ប្រទេស​ជាមិត្ត​បញ្ជូន​អ្នក​ជំនាញ​មក​ចូល​រួម​នៅ​ក្នុ​ង​គណៈ​កម្មាធិការ​រួម​នេះ ដើម្បី​វាយ​តម្លៃ​ភាព​មិន​ប្រក្រតី​ទាំង​អស់​នៃ​លទ្ធផល​បោះ​ឆ្នោត​នេះ​”។ លោក​បាន​បន្ថែម​ថា “ យើង​ចាប់​អារម្មណ៍​ក្នុង​ការ​រក​យុត្តិធម៌​ឲ្យ​ប្រជាជន​ខ្មែរ​”។

លោក​ កឹម​ សុខា អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​បាន​លើក​ឡើង​សាជាថ្មី​ពីការ​បដិសេធ​របស់​លោក សម រង្ស៊ី ចំពោះ​លទ្ធ​ផល​នៃការ​បោះ​ឆ្នោត​នេះ​។ លោក​ កឹម​ សុខា​ បាន​មាន​ប្រសាសន៍ថា “យើង​កំពុង​ចាត់​វិធាន​ការណ៍​តឹងរ៉ឹង​នៅ​ពេល​នេះ​ពី​ព្រោះ​វា​បង្ហាញ​យ៉ាង​ច្បាស់​ដែល​មិន​ធ្លាប់​មាន​ថា ប្រជាជន​ចង់​ផ្លាស់​ប្តូរ​។ ដូច្នេះ​យើង​មិន​អាច​លេង​សើច​បាន​ទេ​ យើង​ត្រូវ​តែ​ស្វែង​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់​”។

លោក​បាន​បន្ថែម​ថា  គណបក្ស​ប្រឆាំង​មិន​ចង់​បាន​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​ដែល​បណ្តាល​មក​ពី​ការ​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​ជឿ​ជាក់​ថា គណបក្ស​​កាន់​​អំណាច​សព្វ​ថ្ងៃ​នេះ​ក៏​ចង់​បាន​ស្ថិរ​ភាព​ដែរ​​។ យើង​ទាំង​ពីរ​មិន​ចង់​​បាន​អស្ថិរភាព​ទេ​”។

កាល​ពីថ្ងៃ​អាទិត្យ គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​៥៥ នៅ​ក្នុង​រដ្ឋ​សភា​ ដែល​មាន​​អាសនៈ​១២៣​  គឺ​កើន​ឡើង​ខ្ពស់​ពី​២៩​អាសនៈ ​ដែល​គណបក្ស ​សម រង្ស៊ី  និង​គណ​បក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨​។​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​៦៨​អាសនៈ​កាល​ពីថ្ងៃអាទិត្យ​ គឺ​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ពី​៩០​អាសនៈ​ដែល​ខ្លួន​ទទួល​បាន​នៅ​​​ក្នុង​ឆ្នាំ​២០០៨​។

នៅ​ពេល​ដែល​ការ​ធ្វើ​សន្និសីទ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​ស្ងប់​ស្តាត់​ ប៉ុន្តែ​ រឹង​មាំ​នោះ​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​​និយាយ​កាល​ពីម្សិលមិញថា  ខ្លួន​គ្មាន​បំណង​ចូល​រួម​នៅ​ក្នុង​គណៈកម្មាធិការ​សើុបអង្កេត​ដែល​លោក  សម រង្ស៊ី​  បាន​ស្នើ​ឡើង​នេះ​ទេ​។ នៅ​ពេល​សួរ​អំពី​កា​របង្កើត​គណៈកម្មាធិ​ការ​ដើម្បី​ស៊ើបអង្កេត​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ​នេះ លោក​ ផៃ ស៊ើផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍ថា  “ ចំណុច​នេះ​មិន​អាច​ទៅ​រួច​នោះ​ទេ​”។

លោក ផៃ​ ស៊ីផាន​ បាន​មាន​ប្រសាសន៍ថា “ ខ្ញុំមិន​គិត​ថា ឆន្ទៈនយោបាយ​ក្នុង​ការ​បង្កើ​ត​គណៈកម្មា​ធិ​ការ​នេះ​អាច​ទៅ​រួច​ទេ​”។ លោក​បាន​បញ្ជាក់​ថា គណៈកម្មា​ធិ​ការ​​បែប​នេះ​ក៏​មិន​ចាំបាច់​ដែរ​​ ព្រោះ​​មធ្យោបាយ​ដោះ​ស្រាយ​លទ្ធផល​បោះ​ឆ្នោត​មាន​រួច​ហើយ​នៅ ក្នុង​គណៈកម្មា​ធិ​ការ​​ជាតិ​រៀបចំការ​បោះ​ឆ្នោត​​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។

លោក​ ផៃ ស៊ី​​​ផាន បាន​មាន​ប្រសាសន៍ បន្ត​​​ទៀត​​​ថា “ គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​​​​បោះ​​​ឆ្នោត​​​មាន​នីតិវិធី​ត្រឹម​ត្រូវ​ និង​មាន​តុលាការ​ស្រប​តាម​ធម្មនុញ្ញ​”​។ អ្នក​រិះគន់​បាន​ចោទ​គ.ជ.ប.​និ​ង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជាយូ​រ​មក​ហើយ​ថា ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​។

លោក​ ឈាង​ វុន សមាជិក​សភាជាន់​ខ្ពស់​​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​​ជំទាស់​នឹង​គណៈកម្មាធិការ​ស៊ើបអង្កេត​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ​ដែរ​។ លោក​ ឈាង​ វុន​ បាន​មាន​ប្រសាសន៍​អំពី​ការ​អំពាវ​នាវរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​លទ្ធផល​នេះ​ថា “ នេះ​មិន​មែន​ជា​វិធី​ស្រប​ច្បាប់  [ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទេ​​] នេះ​គ្រាន់​តែ​ជាលេស​ ដើម្បី​បាន​អាសនៈ​បន្ថែម​ទៀតនៅ​​​ក្នុង​​​សភា​​​​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​ធ្វើ​តាម​លោក​ សម រង្ស៊ី លើ​ចំណុច​នេះ​ យើង​មិន​ចាំបាច់​មាន​ច្បាប់​បោះ​ឆ្នោត​ទេ​”។ លោក​បាន​បន្ថែម​ថា “ ប្រសិន​បើ​យើង​  មិន​​ពេញ​ចិត្ត​[ចំពោះដំណើរការ​បោះ​ឆ្នោត  ​នេះ​ទេ​] សូម​ធ្វើ​ពាក្យ​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​។ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រើ​កម្លាំង​ខុស​ ពួក​គេ​ត្រូវ​ប្រឈម​នឹង​ច្បាប់”។

លោក​ ផៃ សីុ​ផាន​ និង​លោក​ ឈាន​ វុន ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​ទទួល​បាន​​ការ​គាំទ្រ​ច្រើន​របស់គណបក្ស​ប្រឆាំង​កាល​ពីថ្ងៃ​អាទិត្យ​ គឺជា​ការ​បង្ហាញ​ឲ្យឃើញ​ពី​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​រឹង​មាំ​។ ពេល​ស្នើ​សំុ​អត្ថាធិប្បាយ​អំពី​ការ​ច្រាន​ចោល​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ចំពោះ​សំណើ​​សំុ​បង្កើត​គណៈកម្មាធិការ​នេះ​ លោក យឹម​ សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍ថា វា​ជា​ការ​សម​ហេតុ​ផល​សម្រាប់​ឲ្យ​ ​គ.ជ.ប.​​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​ក្នុងការ​បោះ​ឆ្នោត​នេះ​។ លោក​បាន​មាន​ប្រសាសន៍ថា “ យើង​អាច​មើល​ឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​ គ្រប់​គ្រង​ស្ថាប័ន​រដ្ឋទាំង​អស់​ដូចជា គ.ជ.ប.​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ និ​ងតុលាការ”​។

លោក​ យឹម​ សុវណ្ណ បាន​បន្ថែម​​ដោយ​មិន​បញ្ជាក់​លម្អិត​​ថា “ ប្រសិន​បើ​ គ.ជ.ប.​​ មិន​ព្រម​កែ​ទម្រង់​ទេ​ ពួក​គេ​គឺ​ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​វិបាក​”។ លោក​ យឹម​ សុវណ្ណ​ ​បាន​​​ថ្លែង​​​ថា “​ ប្រជា​​​ជន​ខឹង​នឹង​ គ.ជ.ប.​ខ្លាំង​ណាស់។ ឥឡូវ​នេះ ​ខ្ញុំ​គឺជាអ្នក​ស្នើ​សុំ​ឲ្យ​ពួក​គាត់​ស្ងៀម​ស្ងាត់”៕​

ប្រែ​សម្រួលដោយ មូល គឹមហឿន

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.