បក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បញ្ជាក់​​​ជំហរ​​​រក្សា​​​ទុក​​​ពាក្យ​​​ស្លោក​​​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​​​​ដដែល​​​ ​​​ខណៈ​​​ប្រឈម​​​ការ​​​គំរាម​​​កំហែង​​​តាម​​​ផ្លូវ​​​ច្បាប់​​​

អនុប្រធានមួយរូបនៃគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជំហរថា គណបក្សនឹងមិនបោះបង់ពាក្យស្លោកដ៏មានឥទ្ធិពលរបស់ខ្លួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខឡើយ ថ្វីបើគណបក្សប្រជាជនកម្ពុជាគំរាមប្តឹងទាក់ទិនអ្វីដែលខ្លួនចាត់ទុកថាជាសារ “ញុះញង់” ដែល ស្មើនឹងការញុះញង់ក្តី។

នៅក្នុងពិធីប្រកាសតែងតាំងលោកជាប្រធានថ្មីនៃគណបក្សសង្គ្រោះជាតិកាលពីថ្ងៃព្រហស្បតិ៍ លោក កឹម សុខា បានប្រកាសអ្វីដែលលោកលើកឡើងថានឹងក្លាយជាប្រធានបទដ៏សំខាន់របស់គណបក្សនៅក្នុងយុទ្ធនាការឃោសនាឆ្ពោះទៅការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនា។លោកថ្លែងថា “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើចេញកាលពីយប់ថ្ងៃច័ន្ទ គណបក្សប្រជាជនកម្ពុជាចាត់ទុកសារនេះថា “មានចរិតញុះញង់ បង្កហេតុ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ” ចំពោះក្រុមប្រឹក្សាឃុំសង្កាត់ដែលកំពុងកាន់តំណែងនៅទូទាំងប្រទេស ហើយបានគំរាមប្តឹងគណបក្សសង្គ្រោះជាតិ “ក្នុងករណីដែលពុំមានការកែតម្រូវទេនោះ”។

ពេលទាក់ទងបានកាលពីម្សិលមិញ លោក ស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះ ជាតិបានមានប្រសាសន៍ថា គណបក្សគ្មានបំណងកែប្រែសារនេះឡើយ។លោកស្រី មូរ សុខហួរ ដែលមានមុខតំណែងមួយទៀតជាប្រធានកិច្ចការសាធារណៈនៃគណបក្សនេះបានលើកឡើងថា “ទេ យើងគ្មានគម្រោងកែប្រែទេ”។

លោកស្រីបានបង្វែរសំណួរបន្ថែមទៀតទៅលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមិនអាចទាក់ទងសុំការបំភ្លឺបាន។

WP-LastImage-48-800x533នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិក៏បានបង្ហាញឥរិយាបថរឹងត្អឹងដែរ។ លោកសរសេរថា “ចំពោះខ្ញុំយល់ឃើញថា ពាក្យស្លោកនេះជាការជំរុញ និងលើកទឹកចិត្តឲ្យមេឃុំដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅពេលបោះឆ្នោត ធ្វើការបម្រើប្រជាពលរដ្ឋ កុំឲ្យបម្រើបក្សតែប៉ុណ្ណោះ។ពាក្យស្លោកនេះគេអាចហាមមិនឲ្យគណបក្សសង្គ្រោះជាតិយកមកប្រើបាន តែគេក៏មិនអាចហាមប្រជាពលរដ្ឋមិនឲ្យយកមកប្រើបានដែរ ព្រោះពាក្យស្លោកនេះកើតចេញពីប្រជាពលរដ្ឋ”។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សប្រជាជនកម្ពុជាបានគំរាមប្តឹងគណបក្សប្រឆាំងដោយប្រើប្រាស់ “ច្បាប់ជាធរមាន”ប៉ុន្តែមិនបានបញ្ជាក់ថា ច្បាប់មួយណាទេ។

ពេលទាក់ទងបានកាលពីម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សរបស់លោកនឹងប្រើប្រាស់ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ដែលពន្យល់អំពីតួនាទីរបស់មន្ត្រីឃុំសង្កាត់។ ច្បាប់នេះមិនហាមឃាត់ការអត្ថាធិប្បាយទូទៅដែលលើកឡើងថា មន្ត្រីឃុំសង្កាត់មិនបំពេញភារកិច្ចទាំងនោះឡើយ។

លោកបញ្ជាក់ថា ពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ “មានខ្លឹមសារប្រឆាំងនឹងច្បាប់”។ លោកបានបន្តថា “វាមានការរើសអើង ដោយសារមេឃុំភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា។ អញ្ចឹងការវាយតម្លៃគឺប្រឆាំង នឹងច្បាប់ និងជាក់ស្តែង នេះជារឿងដែលមិនអាចទទួលយកបានទេ”។

អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថា តើគណបក្សរបស់លោកនឹងទុកពេលយូរប៉ុណ្ណាឲ្យគណបក្សសង្គ្រោះជាតិកែប្រែពាក្យស្លោករបស់ខ្លួននោះទេ។ លោកគ្រាន់តែមានប្រសាសន៍ថា “មិនយូរទេ”។

គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេង គាំទ្រយ៉ាងច្រើននៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ដោយទទួលបាន៨.២៩២អាសនៈក្នុងចំណោមអាសនៈក្រុមប្រឹក្សាចំនួន១១.៤៥៩ ហើយទទួលបាន១.៥៩២តំណែងក្នុងចំណោមតំណែងមេឃុំ-ចៅសង្កាត់ចំនួន១.៦៣៣។

គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលបានច្របាច់បញ្ចូលគ្នានៅចុងឆ្នាំនោះដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈក្រុមប្រឹក្សាសរុបចំនួន២.៩៥៥នៅក្នុងឆ្នាំ២០១២ និងតំណែងមេឃុំចៅសង្កាត់តែចំនួន៤០ប៉ុណ្ណោះ។

ទោះជាយ៉ាងណា ដោយមានជំនឿចិត្តកាន់តែខ្លាំងដោយសារទទួលបានលទ្ធផលល្អប្រសើរនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ដែលខ្លួនទទួលបានស្ទើរតែពាក់កណ្តាលនៃសំឡេងឆ្នោតទាំងអស់ គណបក្សសង្គ្រោះជាតិរំពឹងថា ខ្លួននឹងទទួលបានលទ្ធផលល្អប្រសើរជាងមុនច្រើននៅថ្ងៃទី៤ខែមិថុនាខាងមុខ។

លោក សុក សំអឿន មេធាវីការពារសិទ្ធិមនុស្សដ៏លេចធ្លោបានមានប្រសាសន៍កាលពីម្សិលមិញថា លោកគិតមិនឃើញពីមូលដ្ឋានផ្លូវច្បាប់អ្វីដែលត្រូវប្តឹងគណបក្សសង្គ្រោះជាតិដោយសារតែពាក្យស្លោករបស់ខ្លួនឡើយ។ លោកថ្លែងថា “ខ្ញុំរកមិនឃើញបទប្បញ្ញត្តិច្បាប់ណាមួយដែលចែងបែបនេះទេ”។

លោកគូសបញ្ជាក់ថា តាមច្បាប់ មន្ត្រីឃុំសង្កាត់ត្រូវតែជាសមាជិកគណបក្សនយោបាយ ហើយច្បាប់ស្តីពីរដ្ឋបាលឃុំសង្កាត់អាចយកមកអនុវត្តបានលុះត្រាតែគណបក្សសង្គ្រោះជាតិនិយាយថា មន្ត្រីមិនត្រូវជាសមាជិករបស់គណបក្ស។

លោកមានប្រសាសន៍ទៀតថា “បើពួកគាត់និយាយថា មន្ត្រីមិនខ្វាយខ្វល់នឹងប្រជាពលរដ្ឋ នោះវាខុសគ្នា” ហើយមិនមែនជាការបំពានច្បាប់ទេ។

ទោះជាយ៉ាងណា មជ្ឈដ្ឋានទូទៅជឿថា តុលាការនៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងចំណោមស្ថាប័នដែលពុករលួយបំផុត និងមាននិន្នាការនយោបាយបំផុត។ យោងតាមរបាយការណ៍ថ្មីមួយចេញដោយអង្គការតម្លាភាពអន្តរជាតិ ដែលផ្អែកលើការសម្ភាសមនុស្សតែជាង១.០០០នាក់ ជិត៦០ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិនិយាយថា ខ្លួនជឿថា “ភាគច្រើន ឬទាំងអស់” នៃអ្នកដែលធ្វើការនៅក្នុងប្រព័ន្ធយុត្តិធម៌គឺពុករលួយ។

សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានអ្នកទោសនយោបាយចំនួន ២៧នាក់ នេះយោងតាមការឲ្យដឹងពីអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូ។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំមុន លោក ថម ម៉ាលី ណូវស្គី (Tom Malinowski) ដែលកាលណោះ   ជាឧបការីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានមានប្រសាសន៍ថា សិទ្ធិរិះគន់អ្នកកាន់អំណាចមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យ។

លោកបានលើកឡើងនៅឯសន្និសីទកាសែតមួយថា “ពេលខ្លះការងារការពារសិទ្ធិមនុស្សគឺជាកិច្ចការស្មុគស្មាញ និងចម្រូងចម្រាស។ជាញឹកញាប់វាពាក់ព័ន្ធការរិះគន់អ្នកមានអំណាច ប៉ុន្តែវាពិតជាមានសារៈសំខាន់ណាស់ចំពោះសុខភាព និងស្ថិរភាពនៃលទ្ធិប្រជាធិបតេយ្យ”។

លោកបានបន្តថា រឿងក្តីតុលាការថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រព័ន្ធយុត្តិធម៌កំពុងត្រូវបានប្រើប្រាស់ដើម្បីចាត់ការគណបក្សប្រឆាំង។ លោកកត់សម្គាល់ថា “វាជាក់ស្ដែងណាស់ក្នុងរយៈពេលប៉ុន្មានខែ និងសប្តាហ៍ ចុងក្រោយេនះនៅកម្ពុជា ភាគច្រើននៃបណ្តឹងផ្លូវច្បាប់ទាំងនេះត្រូវបានចាត់ការទៅលើភាគីម្ខាង ពោលគឺអ្នកដែលគេចាត់ទុកថារិះគន់រដ្ឋាភិបាល។ ខ្ញុំយល់ឃើញថា បែបនោះនឹងធ្វើឲ្យមានសំណួរចោទសួរកាន់តែច្រើនអំពីការយកដំណើរការនីតិវិធីច្បាប់ធ្វើជារឿងនយោបាយ”៕ សុខុម         

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.