បន្ទាប់ពី​ការ​ចែក​ប្រាក់ ក្រុម​១៥៧​បដិសេធ​ការ​មាន​ទំនាក់​ទំនង​នឹង​គណបក្ស​ប្រជាជន

មុឹង​ ពន្លក និយាយ​ទៅ​កាន់​អ្នក​ភូមិ​អារ៉ែង ក្នុង​ខេត្ត​កោះកុង​កាលពី​ថ្ងៃ​អាទិត្យ​ ក្នុងរូបថត​មួយ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេប៊ុក​ ចលនាយុវជន​កម្ពុជា ក្រុម​១៥៧។
មុឹង​ ពន្លក និយាយ​ទៅ​កាន់​អ្នក​ភូមិ​អារ៉ែង ក្នុង​ខេត្ត​កោះកុង​កាលពី​ថ្ងៃ​អាទិត្យ​ ក្នុងរូបថត​មួយ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ចលនាយុវជន​កម្ពុជា ក្រុម​១៥៧។

តំណាង​នៃ​ក្រុម​មួយ​ដែល​គេ​ស្គាល់​ថា​ជា​ចលនា​យុវជន​កម្ពុជា ក១៥៧ ដែល​រាប់​បញ្ចូល​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ដែរ​នោះ កាលពី​ថ្ងៃ​អាទិត្យ​បាន​ចែក​ប្រាក់​ឲ្យ​គ្រួសារ​ជនជាតិ​ភាគ​តិច ដែល​រង​ការ​បណ្តេញ​ចេញ ក្នុង​តំបន់​អារ៉ែង ខេត្ត​កោះកុង ក្នុង​នាម​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ប្រធាន​ក្រុម “យុវជន” លោក ម៉ឹង ពន្លក ដែល​ជា​សមាជិក​ម្នាក់​នៃ​កង​កម្លាំង​ខេមរភូមិន្ទ​តាំងពី​ឆ្នាំ​១៩៩៦ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា អង្គការ​នេះ​បាន​និង​កំពុង​រៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​សហគមន៍​នានា នៅ​ស្រុក​ថ្ម​បាំង​ឆ្ងាយ​ដាច់​ស្រយាល ដែល​នៅ​ទី​នោះ​សកម្មជន​មូលដ្ឋាន​និង​សកម្មជន​បរិស្ថាន​បាន​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ដែល​នឹង​បង្ខំ​គ្រួសារ​ប្រជាជន​ជនជាតិ​ដើម​ភាគ​តិច​ជង​រាប់​រយ​គ្រួសារ​ចេញពី​ដី​កេរ​ដូន​តា​របស់​ពួកគាត់។

លោក ពន្លក បាន​និយាយ​ថា ចលនា​១៥៧​បាន​ចែក​កញ្ចប់​ជំនួយ​ឲ្យ​ប្រជាជន​ជាង​៤៥០​គ្រួសារ ដែល​ក្នុង​នោះ​មាន​ថ្នាំ​ពេទ្យ ខោអាវ និង​លុយ និង​មាន​គម្រោង​សង់​សាលា​បឋម​សិក្សា​ថ្មី​បួន​ខ្នង​ក្នុង​តំបន់​នេះ​ទៀត​ផង។

លោក​បាន​និយាយ​ថា “យើង​បាន​នាំ​មក​នូវ​អំណោយ​ដើម្បី​ចែក​ឲ្យ​ប្រជាជន​៤៦៣​គ្រួសារ អំណោយ​ទាំង​នោះ​រួម​មាន​សារុង​មួយ ក្រមា​មួយ ថ្នាំ​ពេទ្យ​មួយ​កញ្ចប់ និង​លុយ​២០.០០០​រៀល សម្រាប់​គ្រួសារ​នីមួយៗ”។

លោក​បាន​និយាយ​ថា លុយ​ចែក​ឲ្យ​ក្នុង​នាម​លោក ម៉ាណែត កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី និង​ជា​ឧត្តមសេនីយ៍ឯក​នៃ​កង​កម្លាំង​ខេមរភូមិន្ទ។

លោក ពន្លក បាន​និយាយ​ថា “អំណោយ​ប្រាក់​២០.០០០​រៀល​ជា​អំណោយ​ពី​ឯក​ឧត្តម ហ៊ុន ម៉ាណែត និង​លោក​ជំទាវ [ភរិយា​របស់​លោក ម៉ាណែត]” ក៏​ប៉ុន្តែ​លោក​បាន​បដិសេធ​ថា លោក ម៉ាណែត ឬ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច មិន​បាន​ជាប់​ទាក់ទង​នឹង​ចលនា​១៥៧ ដែល​សមាជិក​ជាច្រើន​របស់​ចលនា​នេះ​មាន​វ័យ​កណ្តាល និង​ស្លៀក​ពាក់​ឯកសណ្ឋាន​សុទ្ធ​តែ​ខ្មៅ​នោះ​ទេ។

ដោយ​មិន​ឆ្លើយ​សំណួរ​ទាក់ទិន​នឹង​ការងារ​របស់​លោក លោក​បាន​និយាយ​ថា “យើង​មិន​ពាក់​ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ទេ…។ យើង​ធ្វើ​កិច្ចការ​មនុស្ស​ធម៌”។

ឧត្តមសេនីយ៍​ឯក ទៀ សុខា មេបញ្ជាការ​សន្តិសុខ​លម្ហ​សមុទ្រ​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​នៅ​ក្រុង​ព្រះ​សីហនុ និង​ជា​កូន​ប្រុស​របស់​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក ទៀ វិញ ក៏​មាន​វត្តមាន​ក្នុង​ចំណោម​ប្រតិភូ​របស់​ក្រុម​នេះ​នៅ​តំបន់​អារ៉ែង​កាលពី​ចុង​សប្តាហ៍​នេះ​ដែរ។

ទាក់ទង​កាលពី​ថ្ងៃ​ច័ន្ទ ឧត្តមសេនីយ៍ សុខា បាន​និយាយ​ថា លោក​ជា​ប្រធាន​របស់​ក្រុម​នេះ​ក្នុង​ខេត្ត​ព្រះ​សីហនុ។ លោក​បាន​និយាយ​ថា លោក ពន្លក ជា​សហសេវិក​ម្នាក់​នៅ​ក្រសួង​ការពារ​ជាតិ ប៉ុន្តែ​មិន​អាច​ចាំ​បាន​ថា​គាត់​កាន់​តំណែង​អ្វី​នោះ​ទេ។

ឧត្តមសេនីយ៍​ឯក សុខា បាន​និយាយ​ថា ការ​មក​សួរ​សុខទុក្ខ​នេះ​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ។

លោក​បាន​និយាយ​ថា “ក្រុម​របស់​យើង គឺ​ចលនា​យុវជន​កម្ពុជា​១៥៧ បាន​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​ដើម្បី​ជួយ​អ្នក​ភូមិ​ផ្នែក​មនុស្ស​ធម៌ មិន​ពាក់ព័ន្ធ​នឹង​និន្នាការ​នយោបាយ​របស់​យើង​ឡើយ”។

លោក ម៉ូ គឹមរី តំណាង​ម្នាក់​នៃ​ក្រុម​បរិស្ថាន​មូលដ្ឋាន ឈ្មោះ​ថា មាតា​ធម្មជាតិ ដែល​សហ​ស្ថាបនិក​ជនជាតិ​អេស្ប៉ាញ​របស់​ក្រុម​នេះ គឺ​លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន(Alex Gonzalez-Davidson) ត្រូវ​បាន​និរទេស​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ខែ​កុម្ភៈ​នោះ បាន​និយាយ​ថា មាន​មន្ទិល​តិច​តួច​ដែល​ថា ក្រុម​យុវជន​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។

លោក​បាន​និយាយ​ថា “ចលនា​យុវជន​កម្ពុជា​១៥៧​ស្ថិត​នៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មន្ត្រី​របស់​ពួកគេ​មាន​អំណាច​ពីព្រោះ​…​អាជ្ញាធរ​[និង]​ប៉ូលិស​បាន​អម​ដំណើរ​ពួកគេ​ជាមួយ​នឹង​រថយន្ត​ប្រណីតៗ”។

“ខ្ញុំ​គិត​ថា ពួកគេ​កំពុង​ព្យាយាម​ដើម្បី​ទទួល​បាន​មក​វិញ​នូវ​ប្រជាប្រិយ​ដែល​បាត់​បង់​ទៅ​ហើយ​នោះ”៕ និត

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.