បន្ទាប់​ពី​​បាក់​រោង​ចក្រ​​ មាន​​ការ​ចោទ​សួរ​ជា​ច្រើន​​អំពី​​កម្មវិធី​ឃ្លាំ​មើល​របស់​អង្គការ​ពល​កម្ម​​អន្ដរជាតិ​

សកម្ម​ជន​ការ​ពារ​សិទ្ធិ​ពល​កម្ម​ និង​មន្ត្រី​រដ្ឋាភិបាល​​ បាន​ចោទ​ប្រកាន់​កម្មវិធី​រោង​ចក្រ​ល្អ​ប្រសើរ​ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​អង្គការ​ពលកម្ម​អន្ដរជាតិ​ថា គ្មាន​ប្រសិទ្ធ​ភាព នៅ​ក្នុង​ការ​ឃ្លាំ​មើល​ពី​ស្ថាន​ភាព​រោង​ចក្រ​ បន្ទាប់​ពី​មាន​ការ​បាក់​ប្លង់សេ​រោង​ចក្រ​ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ឯ​រោង​ចក្រ​ស្បែក​ជើង​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។

លោក មឿន តុលា ប្រធាន​កម្មវិធី​ការ​ងារ​ នៅ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​​ដែល​ជា​អង្គការ​​ការ​ពារ​សិទ្ធិកម្មករ​ បាន​លើក​ឡើង​ថា កម្មវិធី​រោង​ចក្រ​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​កម្មករ​កម្មការិនី​ទេ ព្រោះ​​មិន​បាន​បង្ហាញ​ឈ្មោះ​រោង​ចក្រ​ ដែល​មិន​បាន​គោរព​ច្បាប់​ស្ដី​ពី​សុវត្ថិភាព​ និង​សុខភាព​ នៅ​ក្នុង​រោង​កច្រ​ក្នុ​ងប្រទេស​កម្ពុជា។

លោក មឿន តុលា បាន​មាន​ប្រសាសន៍​ថា “ កម្ម​វិធី​នេះ​ខ្ជះ​ខ្ជាយ​លុយ​អស់​រាប់​លាន​ដុល្លារ”។ លោក​បាន​បន្ថែម​ថា “ ប្រសិន​បើ​ក្រុមហ៊ុន​មិន​មាន​ឆន្ទៈ​ណាមួយ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ អ៊ីចឹង​កម្មវិធី​រោង​ចក្រ​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចាំ​បាច់​ត្រូវ​តែ​បង្ហាញ​ព័ត៌មាន​ឲ្យ​អតិថិជន​ដឹង​ឮ”។

លោក​បាន​លើក​ឡើង​ថា “ អតិថិជន​គួរតែ​​មាន​សិទ្ធិ​​​​ទទួល​បាន​ព័ត៌មាន​ពី​កន្លែងការ​ងារ​ ដែល​ពួក​គេ​ផលិត​ផលិត​ផល​ផ្សេងៗ​ ហើយ​​ក្រុម​ហ៊ុន​យីហោ​ទាំង​នោះ​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​​បញ្ហា​នេះ​ដែរ​”។

កម្មវិធី​រោង​ចក្រ​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា បង្កើត​ឡើង​នៅ​ឆ្នាំ២០០១ ដើម្បី​ឃ្លាំ​មើល​ស្ថាន​ភាព​រោង​ចក្រ​។ ដោយ​មាន​ថវិកា​ប្រចាំ​ឆ្នាំ​ប្រហែល​១,២​លាន​ដុល្លារ​ កម្មវិធី​នេះ​សព្វ​ថ្ងៃ​ឃ្លាំ​មើល​រោង​ចក្រ​កាត់​ដេរ​ ដែល​​នាំ​សម្លៀក​បំពាក់​ចេញ​ប្រហែល​ជាង​៣០០​រោង​ចក្រ​ ចំពោះ​បញ្ហា​ដែល​មិន​គោរព​ច្បាប់​នៅ​​ក្នុង​ប្រទេស​កម្ពុជា។ ទោះ​ជា​យ៉ាងណា​ កម្មវិធី​នេះ​មិន​បាន​បង្ហាញ​ឈ្មោះ​រោង​ចក្រ​ដែល​មិន​គោរព​ច្បាប់​ឡើយ ហើយ​ក៏​មិន​​បញ្ចេញ​លទ្ធ​ផល​រក​ឃើញ​របស់​ខ្លួន​បែប​នេះ​ឲ្យ​សាធារណ​ជន​ដឹង​ឮ​ដែរ។

កាល​ពី​ខែ​កុម្ភៈ​ ​អ្នកសិក្សា​​ស្រាវ​ជ្រាវ​​មួយ​ក្រុម​​មក​ពី​​សកល​វិទ្យាល័យ​ស្តេន​ហ្វត (Stanford) បាន​ចេញ​របាយការណ៍​មួយ​ដែល​មាន​ចំណង​ជើង​ថា “ ការ​ឃ្លាំ​មើល​នៅ​ក្នុង​ភាព​ងងឹត” ដោយ​បាន​ចោទ​ប្រកាន់​​ថា កង្វះ​តម្លា​ភាព​​របស់​កម្មវិធី​រោង​ចក្រ​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិត​ជា​បាន​កាត់​បន្ថយ​បទដ្ឋាន​ឧស្សាហកម្ម​កាត់​ដេរ​សម្រាប់​កម្មករ​កម្មការិនី​កម្ពុជា​ បើ​ប្រៀប​ធៀប​ទៅ​នឹង​សមភាគី​របស់​ខ្លួន ក្នុង​ប្រទេស​ចិន ឥណ្ឌូណេស៊ី។

អ្នក​ស្រាវ​ជ្រាវ​នៅ​សាលា​ច្បាប់​នេះ ក៏​បាន​លើក​ឡើង​ដែរ​ថា​ ការ​អនុវត្ត​​​ចេញ​របាយ​ការណ៍​​សម្ងាត់​​របស់​អង្គការ​ពលកម្ម​អន្ដរជាតិ​​​ បាន​កាត់​បន្ថយ​ការ​ជំរុញ​ឲ្យ​ម្ចាស់​រោង​ចក្រ​ និងក្រុម​ហ៊ុន​​យីយោ​អន្ដរជាតិ​ល្បី​ៗ​ មិន​ធ្វើ​ឲ្យ​ស្ថាន​​ភាព​ការ​ងារ​នៅ​ក្នុង​រោង​ចក្រ​ប្រសើរ​ឡើយ​។

មនុស្ស​ពីរនាក់​ស្លាប់​ និង​ជាច្រើន​នាក់​ផ្សេង​ទៀត​រង​របួស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ឯ​រោង​ចក្រ​កាត់​ដេរវីង​ស្ដាស៊ូ (Wing Star Shoes) ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​តៃវ៉ាន់ ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ដែល​មាន​កម្មករកម្មការិនី​៧.០០០​នាក់​ បាន​កើត​ឡើង​ត្រឹម​តែ​ជិត​បី​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​អគារ​រោង​ចក្រ​កាត់​ដេរ​មួយ​បាន​បាក់​ស្រុត​ នៅ​ក្នុង​ប្រទេស​បង់​ក្លាដែស ដោយ​សម្លាប់​កម្មករ​កម្មការិនី​ជាង​១.១០០​នាក់​ ដែល​នេះ​គឺ​ជា​គ្រោះ​មហន្ដរាយ​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​បំផុត​ នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ពិភព​លោក​។

អាជ្ញាធរ​លើក​ឡើង​កាល​ពី​​ថ្ងៃ​ព្រហ​ស្បតិ៍​​ថា ប្លង់សេដែល​បាន​បាក់​ស្រុត​នៅ​ក្នុង​រោង​ចក្រ​វីង​ស្ដាស៊ូ​ ដែល​ផលិត​ស្បែក​ជើង​កីឡា​ឲ្យ​ក្រុមហ៊ុន​លក់​សម្ភារ​​កីឡា​របស់​ជប៉ុន​មួយ​យីហោ​អាស៊ីក (Asics) គឺ​ដោយសារ​តែ​​​នៅ​តែ​ប្រើ​អគារ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​។ លោក​ស្រី ជីល ថាក់ឃើ (Jill Tucker) អ្នក​គ្រប់​គ្រងផ្នែក​បច្ចេក​ទេស​របស់​កម្មវិធី​រោង​ចក្រ​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​ថា កម្មវិធី​របស់​លោក​ស្រី​​មិន​បាន​ឃ្លាំ​មើល​រោង​ចក្រ​វីងស្ដាស៊ូ នៅ​ក្នុង​សមត្ថ​ភាព​
​ណាមួយ​ឡើយ​ ខណៈ​ការ​ឃ្លាំ​មើល​រោង​ចក្រ​ស្បែក​ជើង​នានា​របស់​កម្មវិធី​របស់​អង្គការ​ពលកម្ម​អន្ដរជាតិ​ ទើប​តែ​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​មុន​នោះ​។

លោក​ស្រី ថាក់ឃើ បាន​លើក​ឡើង​ថា នៅ​ក្នុង​ចំណោម​រោង​ចក្រ​ស្បែក​ជើង​ចំនួន​៤៥​រោង​ចក្រ​ ដែល​សព្វ​ថ្ងៃ​កំពុង​នាំ​ចេញ​ស្បែក​ជើង​ពី​ប្រទេស​កម្ពុជា​ គឺ​មាន​តែ​រោង​ចក្រ​ចំនួន​ប្រាំបួន​ប៉ុណ្ណោះ​ ដែល​កម្មវិធី​រោង​ចក្រ​ល្អ​ប្រសើ​រ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឃ្លាំ​មើល​។ លោក​ស្រី​បាន​ពន្យល់​ថា ការ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​នេះ គឺ​ជា​ការ​ស្ម័គ្រ​ចិត្ដ​។

ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​របស់​អង្គការ​ពលកម្ម​អន្ដរជាតិ ក្នុង​ការ​មិន​បង្ហាញ​ឈ្មោះ​រោង​ចក្រ​ ដែល​មិន​គោរព​បទ​ប្បញ្ញត្តិ​ស្ដី​ពី​សុវត្ថិភាព​ លោក​ស្រី​បាន​និយាយ​​ការ​ពារ​​វិធី​​ធ្វើ​ការ​របស់​​កម្ម​វិធី​លោក​ស្រី​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ កម្ម
វិធី​របស់​លោក​ស្រី​កំពុង​​ដំណើរ​ការ​ ដើម្បី​បង្ហាញ​ព័ត៌មាន​ និង​ឈ្មោះ​រោង​ចក្រ​ ដែល​មិន​គោរព​ច្បាប់​ឲ្យ​សាធារណជន​ដឹង​ឮ​”។ កម្មវិធី​រោង​ចក្រ​ល្អ​ប្រសើរ​​ក្នុង​ប្រទេស​
កម្ពុជា​ ក៏​មិន​បាន​ឃ្លាំ​មើល​ពី​បទដ្ឋាន​សំណង់​រោង​ចក្រ​ដែរ  តែ​ទោះ​ជាយ៉ាង​ណា​ លោក​ស្រី​ ​ថាក់ឃើ បា​ន​មា​ន​ប្រសាសន៍​ថា បញ្ហា​ដូច​ជា​បញ្ហា​ខ្សែកាប​អគ្គិសនី​ ការ​ផ្ទុក​លើស​ចំណុះ​នៅ​ក្នុង​រោង​ចក្រ​ និង​ឧបសគ្គ​​ច្រក​ចេញ​សុទ្ធ​តែ​ត្រូវ​បាន​កត់​ត្រា​ទុក​។

លោក​ស្រី​បាន​បន្ដ​ថា​ “ កម្មវិធី​រោង​ចក្រ​ល្អ​ប្រសើរ​ក្នុង​ប្រទេស​កម្ពុជា​ សព្វ​ថ្ងៃ​កំពុង​តែ​ពិភាក្សា​អំពី​តម្រូវ​ការ​ថ្មី​ៗ ពាក់​ព័ន្ធ​នឹង​ការ​អនុញ្ញាត​​សម្រាប់​ការ​សាង​សង់​​រួម​ទាំង​ការ​អនុញ្ញាត​ដែល​គ្រប​ដណ្ដប់​លើ​សំណង់​ទាំង​អស់​រួម​​ទាំង​​ការ​សាង​សង់​អគារ​​បន្ថែម​ផង​ដែរ​”។

លោក ឡេង តុង ប្រធាន​នាយក​ដ្ឋាន​សុខភាព​ និង​សុវត្ថិភាព​ការ​ងារ​​នៅ​ក្រសួង​​ការ​ងារ​ ក៏​បាន​រិះ​គន់​អង្គការ​ពលកម្ម​អន្ដរជាតិ ដែល​មាន​ចំណាស់​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​នេះ​ផង​ដែរ​  ដោយ​លើក​ឡើង​ថា “ ​ការ​ឃ្លាំ​មើល​ឲ្យ​មាន​តម្លា​ភាព​ជាង​នេះ​​របស់​កម្មវិធី​រោង​ចក្រ​ល្អ​ប្រសើរ​ក្នុង​ប្រទេស​កម្ពុជា​​អាច​ធ្វើ​ឲ្យ​រោង​ចក្រ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​មាន​សុវត្ថិភាព​”។

លោក​ ឡេង​ តុង បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា សាធារណជន​គួរ​តែ​​​ដឹង​អំពី​របៀប​ដែល​រោង​ចក្រ​នីមួយ​ៗ​ធ្វើ​តាម​​គោល​ការណ៍​ណែនាំ​ និង​វិធាន​ការ​សុវត្ថិភាព​ ធ្វើ​ដូច្នេះ​រោង​ចក្រ​ នឹង​​ទទួល​ភាព​អាម៉ាស់ ហើយ​ពួក​គេ​នឹង​ផ្លាស់​ប្ដូរ​ពី​អ្វី​ដែល​ខ្លួន​អនុវត្ត​នោះ​”។ លោក​បាន​បន្ថែម​ថា “ រោង​ចក្រ​កាត់​ដេរ​ភាគ
​ច្រើន​មិន​ខ្វាយ​ខ្វល់​អំពី​អ្នក​ត្រួត​ពិនិត្យ​តាម​រោង​ចក្រ​របស់​យើង​ឡើយ​ ប៉ុន្ដែ ពួក​គេ​ខ្វាយ​ខ្វល់​តែ​អំពី​អតិថិជន​របស់​ខ្លួន​ប៉ុណ្ណោះ​”។

របាយការណ៍​លម្អិត​ថ្មី​បំផុត​របស់​កម្មវិធី​រោង​​ចក្រ​ល្អ​ប្រសើរ​ ដែល​ចេញ​នៅ​ក្នុង​ខែ​នេះ បាន​លើក​ឡើង​ថា មាន​តែ​រោង​ចក្រ​៥៧​ភាគរយ​ប៉ុណ្ណោះ ​បាន​អនុវត្ត​តាម​ច្បាប់ ដែល​តម្រូវ​ឲ្យ​​មាន​ច្រក​ចេញ​ចូល​ល្អ​ប្រសើរ​នៅ​ក្នុង​រោង​ចក្រ​។ របាយការណ៍​នេះ មិន​បានបង្ហាញ​ឈ្មោះ​រោង​ចក្រ​ទាំង​នោះ​ឡើយ​។

លោក ដេវីដ វែល (David Welsh) នាយក​ប្រចាំ​ប្រទេស​​មជ្ឈមណ្ឌល​​សាមគ្គី​ភាព​ជា​អង្គការ​ការ​ពារ​សិទ្ធិ​កម្មករ​កម្មការិនី​ ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា ការដែល​អង្គការ​ពលកម្ម​អន្ដរជាតិ​​​មិន​បាន​បង្ហាញ​ពី​តម្លា​ភាព​ពេញ​លេញ​របស់​ខ្លួន​ នៅ​ក្នុង​ការ​ឃ្លាំ​មើ​ល​ពី​ស្ថាន​ភាព​ នៅ​ក្នុង​រោង​ចក្រ​កាត់​​ដេរ និង​រោង​ចក្រ​ស្បែក​ជើង​ធ្វើ​ឲ្យ​រោង​ចក្រ​ជាច្រើន​មិន​ចង់​ចូល​រួម​ជាមួយ​កម្មវិធី​នេះ​ឡើយ​។

លោក ស្ដេហ្វែន ស៊ុនណេនបឺក (Stephan Sonnenberg) មេ​ដឹក​នាំ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ នៅ​សាកល​វិទ្យាល័យ​ស្ដេនហ្វត​មិន​ឯកភាព​ចំពោះ​បញ្ហានេះ​ឡើយ​។
លោក​បាន​សួរ​ថា “ តើ​មាន​អ្វី​ដែល​កើត​ឡើង​ចំពោះ​រោង​ចក្រ​ ប្រសិន​បើ​ពួក​គេ​គ្រាន់​តែ​ផ្ដល់​របាយការណ៍​ទៅ​ឲ្យ​អ្នក​គ្រប់​គ្រង​របស់​ខ្លួន​នោះ​​?”។

លោក ស៊ុនណេនបឺក បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា “ ប្រសិន​បើ​​​​​​គេ​ [អង្គការ​ពលកម្មអន្ដរជាតិ​] គ្រាន់​តែ​​ធ្វើ​អ្វីៗ​ទៅ​លើ​រោង​ចក្រ​ស្បែក​ជើង​ដូច​ដែល​ខ្លួន​បាន​ធ្វើ​ដាក់​រោង​ចក្រ​កាត់​ដែរ​នោះ​ អ៊ីចឹង​វា​មាន​សង្ឃឹម​តិច​តួច​ណាស់​ដែល​ថា ខ្លួន​អាច​នឹង​ផ្លាស់​ប្ដូរ​អ្វី​ៗ​នោះ ពី​ព្រោះ​វា​មាន​តែ​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ និង​ក្រុមហ៊ុន​ដែល​មាន​យីហោ​ល្បី​​ប៉ុណ្ណោះ ដែល​បាន​ឃើញ​​របាយ​ការណ៍​ទាំង​នេះ”។

លោក​​មាន​ប្រសាសន៍​បន្ថែម​ថា“ ប្រហែល​ជា​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត ដូចជា​ អង្គការ​សង្គម​ស៊ីវិល​អាច​ទប់​ស្កាត់​គ្រោះ​ថ្នាក់​​ទាំង​អស់​នេះ​មិន​ឲ្យ​កើត​ឡើង​បាន​ ហើយ​វា​គឺ​ជា​គ្រោះ​ថ្នាក់​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​យីហោ​ល្បីៗ​គិត​គូរ​ពី​សុវត្ថិភាព​រោង​ចក្រ​ឲ្យ​បាន​ហ្មត់​ចត់​”៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.