បុរស​បី​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ក្លែង​ឯកសារ​​​ និង​ត្រា​របស់​រដ្ឋាភិបាល​

នគរ​បាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ចាប់​​ខ្លួន​បុរស​បី​នាក់​កាលពី​ម្សិលមិញ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ដកហូត​ត្រា​​ និង​ឯកសារ​ក្លែង​បន្លំ​របស់​រដ្ឋាភិបាល​ដាក់​ក្នុង​ប្រអប់ និង​​ថង់​ រួម​ទាំង​សញ្ញាបត្រ​បរិញ្ញា​ក្លែង​ក្លាយ​ផង​ដែរ​​។

លោក អ៊ាវ រិទ្ធ នាយការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា បុរស​បី​នាក់​​ដែល​មាន​អាយុ​ចាប់​ពី​២៤​ឆ្នាំ​ដល់​៥២​ឆ្នាំ ត្រូវ​បាន​សួរនាំ​នៅ​ក្រសួង​មហាផ្ទៃ​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ក្លែង​ក្បាលលិខិត​ និង​ត្រា​របស់​រដ្ឋាភិបាល​។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​កំពុង​រាប់​ឯកសារ​ និង​ត្រា​ទាំង​នោះ ហើយ​យើង​មិន​ទាន់​បែងចែក​​ដោយឡែកពីគ្នា​នៅ​ឡើយ​ទេ”។ លោក​បាន​គូស​បញ្ជាក់​ថា មួយ​ចំនួន​​ចេញ​ពី​ក្រសួង​អប់រំ រួម​ទាំង​សញ្ញាបត្រ​ក្លែង​ក្លាយ​ផង និង​មួយ​ចំនួន​ទៀត​ចេញ​ពី​ក្រសួង​ទេសចរណ៍។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ឯកសារ​ផ្សេងៗ​ទៀត​ដែល​ដក​ហូត​បាន​ពី​​ផ្ទះ​មួយ​ក្នុង​សង្កាត់​ផ្សារថ្មី៣​ ខណ្ឌដូនពេញ រួម​មាន​​ទាំង​ក្បាល​លិខិត​របស់​អាជ្ញាធរ​ថ្នាក់​ឃុំ​-សង្កាត់ និង​ខេត្ត​​ផង​ដែរ​ ហើយ​បាន​មាន​ប្រសាសន៍​ថា ព្រះរាជ​អាជ្ញា​បានចុះ​​​អម​​​នគរ​បាល​​​អំឡុង​ការ​ឆ្មក់​ចូល​​នេះ។​

លោកស្រី ប៊ុត ធីតា ចៅសង្កាត់​​ផ្សារថ្មី៣ ដែល​មាន​វត្តមាន​​នៅ​ក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​នេះ​ដែរ​ បាន​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​​ដកហូត​បាន​ឯកសារ​ ” ជាច្រើន​” ។ លោក​ស្រី​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មើល​ឃើញ​ឯកសារ​ជាច្រើន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អគារ​​នោះ ហើយ​នគរ​បាល​ក្រសួង​មហាផ្ទៃ​បាន​យក​វា​ទៅ​ទាំង​អស់​”។

លោកស្រី​បាន​បញ្ជាក់អត្តសញ្ញាណ​ជនសង្ស័យទាំង​បី ដែល​មាន​ឈ្មោះដូច​ជា នៅ សាខន ​អាយុ​៥២​ឆ្នាំ ដែល​ជួល​ផ្ទះ​នៅ​ក្នុង​សង្កាត់​របស់​លោកស្រី ឈ្មោះ ​សោម ឧត្តមរស្មី អាយុ​២៤​ឆ្នាំ និង​ឈ្មោះ ចាប វណ្ណា អាយុ​៥១​ឆ្នាំ​។

នៅ​ផ្ទះ​ជួល​ខាង​លើ​នេះ​កាលពី​រសៀល​ម្សិលមិញ ប្រពន្ធ​របស់​លោក នៅ សាខន ​បាន​និយាយ​ថា ប្ដី​របស់​គាត់​គ្មាន​កំហុស​ទេ ប៉ុន្តែ​កូន​ប្រុស​របស់​បុរស​រូប​នេះ​មិន​សូវ​​ប្រាកដ​ប្រជា​​ទេ​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​។ ​

យុវជន នៅ សំណាង អាយុ​២៤​ឆ្នាំ ដែល​ត្រូវ​ជាកូនប្រុស​របស់​លោក នៅ សាខន បាន​និយាយ​ថា លោក​ ចាប វណ្ណា ដែល​ត្រូវ​ជា​មិត្ត​ភក្ដិ​របស់​ឪពុក​ខ្លួន​ បាន​​ផ្ញើ​​ឯកសារ​ទាំង​នេះ​មក​ឲ្យ​គាត់​ជា​យូរ​មក​ហើយ​ទុក​ធ្វើ​ជា​ “គំរូ”។

នៅ​ សំណាង និយាយ​ទៀត​ថា ឪពុក​របស់​ខ្លួន​បាន​ប្រាប់​ខ្លួន​ថា គាត់​នឹង​ផលិត​ឯកសារ​​គំរូ​ទាំងនោះ​​ឡើង​វិញ​​ឲ្យ​លោក ចាប់ វណ្ណា តាម​ការ​ស្នើ​សុំ​របស់​គាត់​។ ” ខ្ញុំ​មិន​ដឹង​ច្បាស់​ថា តើ​ឪពុក​របស់​ខ្ញុំ​ធ្លាប់​ព្រីន​​ឯកសារ​ទាំង​នេះ​ចេញ​ឬក៏អត់​នោះ​ទេ”។ រូប​គេ​បាន​បន្ត​ថា នគរ​បាល​​ដក​ហូត​បាន​ត្រា​ផ្លូវ​ការ​ប្រហែល​៣០ទៅ៤០​។ រូប​គេ​និយាយ​ថា ” ប៉ុន្តែ​ ខ្ញុំ​គិត​ថា គាត់​ប្រហែល​ជាដឹង​ថា វា​ក្លែង​ក្លាយ​”។

​យុវជន​រូប​នេះ​បាន​និយាយ​ទៀត​ថា ឪពុក​របស់​ខ្លួន​មិន​ចង់​​បដិសេធ​មិន​ទទួល​យក​គំរូ​ទាំង​នោះ​ទុក​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ឡើយ ពី​ព្រោះ​លោក ចាប វណ្ណា កំពុង​តែ​ព្យាយាម​រក​ប្រាក់​ដើម្បី​បញ្ជូនកូន​របស់​គាត់​ទៅ​សាលា​រៀន​។

អ្នកស្រី សុខ ខឿន ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក នៅ សាខន បាន​និយាយ​ថា ប្ដី​របស់​អ្នកស្រី​មិន​បាន​ធ្វើ​ខុស​ដោយ​សារ​តែ​ការ​រក្សា​ទុក​ឯកសារ​ក្លែង​បន្លំ​ទាំង​នេះ​ទេ។ អ្្នកស្រី​និយាយ​ទៀត​ថា “​ខ្ញុំ​ដឹង​ថា មិត្ត​ភក្ដិ​របស់​គាត់​បាន​ផ្ញើ​ឯកសារ​មួយ​ចំនួន​មក​ឲ្យ​គាត់។ ប៉ុន្តែ​ប្ដី​របស់​ខ្ញុំ​មិន​ខុស​ ឬក៏មាន​ទោស​នោះ​ទេ ហើយ​ខ្ញុំ​មិន​ដឹង​ថា ហេតុអ្វី​បាន​ជា​ប៉ូលិស​​ចាប់​ខ្លួន​គាត់​ឡើយ”។

យោង​តាម​ក្រមព្រហ្មទណ្ឌ ការ​ផលិត និង​ការ​ប្រើ​ប្រាស់​​ត្រា​ក្លែង​បន្លំ​ត្រូវ​មានទោស​ជាប់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ ហើយ​ការ​ផលិត​ឬការ​ប្រើ​​ប្រាស់​ក្បាល​លិខិត​ក្លែង​ក្លាយ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី​១ខែ​ទៅ​១ឆ្នាំ​៕ សុខុម​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.