បុរស​ម្នាក់​ត្រូវ​នគរ​បាល​បាញ់​ស្លាប់​អំឡុង​ការ​ចុះ​បង្ក្រាប​កន្លែង​ជល់មាន់​

នគរ​បាល​បាន​បាញ់​ស្លាប់​​បុរស​អាយុ​២៥​ឆ្នាំ​ម្នាក់ នៅ​កន្លែង​ជល់​មាន់​មួយ​កន្លែង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ម្សិលមិញ ជា​អ្វី​ដែល​ពួកគេ​បាន​អះអាង​ថា​​ជា​ឧបទ្ទវហេតុ​មួយ​អំឡុង​ការ​ឆ្មក់​ចូល​​កន្លែង​ជល់មាន់​ខុស​ច្បាប់​។

លោក​ ម៉ៅ ពៅ ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា លោក ឆាយ អឿន គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​​ឈរ​មើល​ជាច្រើន​នាក់​នៅ​​ខាង​ក្រៅ​កន្លែង​ជល់​មាន់​ក្នុង​ឃុំ​ចាន់មូល ស្រុក​មេមត់ ​នៅ​ពេល​នគរ​បាល​ស្រុក​បានឆ្មក់​ចូល​​ទៅ​ក្នុង​​កន្លែង​នោះ ហើយ​បាន​ចាប់​ផ្ដើម​បាញ់​គំរាម​ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​នៅ​កន្លែង​ជល់​មាន់​នោះ​រត់​គេច​ខ្លួន។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​ [នគរ​បាល​] គ្មាន​​បំណង​បាញ់​សម្លាប់​មនុស្ស​នោះ​ទេ។ ពួកគេ​បាញ់​ដើម្បី​គំរាម​កុំ​ឲ្យ​​មនុស្ស​នៅ​កន្លែង​ជល់​មាន់​រត់គេច​គេច​ខ្លួន​​តែ​ប៉ុណ្ណោះ។ ពួកគេ​បាន​បាញ់​ឡើង​លើ​ ហើយ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ហោះ​ទៅ​ត្រូវ​ដើម​ឈើ​រួច​ប្លាត​មក​ចំ​បុរស​ម្នាក់​នេះ”។

លោក​ ឆ ដារិទ្ធ នាយប៉ុស្តិ៍ឃុំ​ចាន់​មូល ​បាន​ឲ្យ​ដឹង​ថា នគរ​បាល​​​បាន​ឆ្មក់​ចូល​កន្លែង​ជល់​មាន់​មួយ​កន្លែង​ក្នុង​ភូមិគ នៅ​ម៉ោង​ប្រហែល​១១និង​៣០​នាទី​ព្រឹក​ ហើយ​បាន​ចាប់​ខ្លួន​បុរស​ចំនួន​​ប្រាំនាក់​ ដែល​នៅ​តែ​​ត្រូវ​បាន​ឃុំខ្លួននៅ​​អធិការដ្ឋាន​​នគរ​បាល​ស្រុក​នៅ​ឡើយ​​​​កាលពី​រសៀល​​ម្សិលមិញ។ លោក​បាន​លើក​ឡើង​ទៀត​ថា នគរ​បាល​រឹប​អូស​បាន​ម៉ូតូ​ចំនួន​៤៥​គ្រឿង​ មាន់​ជល់​ចំនួន​ប្រាំក្បាល និង​មេអាប៉ោង​មួយ​អំឡុង​ការ​ឆ្មក់​ចូល​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា ” នគរ​បាល​បាន​បាញ់​ឡើង​លើ។ ឆាយ អឿន បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​គាត់​ត្រូវ​គ្រាប់​ក្បែរ​ដោះ​ខាង​ឆ្វេង”។

លោក ដារិទ្ធ បាន​​លើក​ឡើង​បន្ត​ថា ក្រុម​​លេងល្បែង​ស៊ីសង​ខុស​ច្បាប់​​បាន​​​មាន​សកម្មភាព​នៅ​ក្នុង​ឃុំ​នេះ​ប្រហែល​១ខែ​មក​ហើយ​ ដោយ​បាន​ប្ដូរ​កន្លែង​​ជល់​មាន់​ជាច្រើន​កន្លែង​ដើម្បី​គេច​ពី​នគរ​បាល​។

លោក មួង ឈាង មេភូមិ​គ​បាន​លើក​ឡើង​ថា បុរស​ដែល​នៅ​កន្លែង​ជល់​មាន់​អំឡុង​ការ​ការ​ចុះ​បង្ក្រាប​​របស់​នគរ​បាល​បាន​ប្រាប់​គាត់​ថា នគរ​បាល​បាន​បាញ់​ភ្ជុច​ដី​មិន​មែន​បាញ់​ឡើង​លើ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “អ្នកភូមិ​ដែល​ឃើញ​ការ​ចុះ​បង្ក្រាប​នេះ​បាន​និយាយ​ថា នគរ​បាល​បាន​បាញ់​ចំនួន​ប្រាំពីរ​គ្រាប់​ភ្ជុច​ដី​។ គាត់ [ឆាយ អឿន] បាន​ត្រូវ​គ្រាប់​ត្រង់​ទ្រូង​​ខណៈ​កំពុង​អង្គុយ​លើ​ម៉ូតូ​របស់​ខ្លួន​”។

លោក សេង គុណ អាយុ​៤២​ឆ្នាំ ជា​ឪពុក​​ក្មេក​របស់​ ឆាយ អឿន បាន​​ឲ្យ​ដឹង​ថា គាត់​ជឿ​ជាក់​ថា នគរ​បាល​មាន​បំណង​សម្លាប់​កូន​ប្រសា​របស់​ខ្ញុំ។ លោក​បាន​និយាយ​ថា “អាជ្ញាធរ​មាន​បំណង​សម្លាប់​​កូនប្រសា​របស់​ខ្ញុំ។ ប្រសិន​បើ​នគរ​បាល​​បាញ់​គ្រាន់​តែ​គំរាម​នោះ ម្លេ៉ះ​គ្រាប់​កាំភ្លើង​មិន​ហោះ​ទៅ​ត្រូវ​ទ្រូង​របស់​គាត់​ឡើយ​ វា​​អាច​នឹង​ហោះ​ទៅ​កន្លែង​ផ្សេង​ ហើយ​គាត់​ប្រហែល​ជា​មិន​ស្លាប់​នោះ​ទេ”៕ ស៊ុយឈាង​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.