បុរស​​​តៃវ៉ាន់ម្នាក់ត្រូវចាប់ខ្លួន​​​ពីបទ​បង្ហោះយន្តហោះ​ដ្រូន​​​ចូលក្នុង​​​បរិវេណ​​​ព្រះបរម​​​រាជវាំង

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា បុរសតៃវ៉ាន់ម្នាក់បានជាប់ឃុំនៅកន្លែងនគរបាលយ៉ាងតិចមួយយប់ ដោយសារការបង្ហោះយន្តហោះដ្រូនពីលើព្រះបរមរាជវាំងស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ។ 

លោក ឆាន់ កៅនី នាយប៉ុស្តិ៍សង្កាត់ជ័យជម្នះបានមានប្រសាសន៍ថា ”បុរសរូបនេះបានបង្ហោះដ្រូននៅមុខព្រះបរមរាជវាំងហើយដ្រូននោះបានហោះចូលក្នុងបរិវេណប្រះបរមរាជវាំង”។

លោកបានបន្ថែមថា បុរសរូបនេះត្រូវបានចាប់ខ្លួន ហើយយកទៅឃុំមួយយប់នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ។ លោក សូ ប៊ុនស៊ូ អនុប្រធាននាយកដ្ឋាននេះ  មិនបានផ្តល់អត្តសញ្ញាណបុរសតៃវ៉ាន់នេះ ឬនិយាយថាតើជននេះត្រូវបានដោះលែងឬយ៉ាណានោះឡើយ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេ។ សាលារាជធានីបានប្រកាសអំពីបម្រាមហាមមិនឱ្យបង្ហោះដ្រូនកណ្តាលរាជធានីដោយគ្មានការ អនុញ្ញាតឡើយក្នុងឆ្នាំ២០១៥ បន្ទាប់ពីបុរសជនជាតិអាល្លឺម៉ង់ម្នាក់បានបង្ហោះដ្រូនចូលក្នុងបរិវេណព្រះបរមរាជវាំង ហើយបង្កការភ័យខ្លាចដល់សម្តេចម៉ែ នរោត្តម មុនីនាថ។

ទោះយ៉ាងណា ភ្ញៀវទេសចរ និងផលិតករភាពយន្តជាច្រើនទំនងជាមិនដឹងពីបម្រាមនេះទេទើបបានជាប្រព្រឹត្តល្មើស ប៉ុន្តែជាទូទៅត្រូវបានដោះលែងវិញរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីត្រូវបានចាប់ខ្លួន ហើយបានធ្វើការអប់រំអំពីបទបញ្ជាទាក់ទិនការបង្ហោះដ្រូនក្នុងរាជធានី៕សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.