ប្រទេស​កម្ពុជា​មាន​សកម្មភាព​ដាំស្រូវ​សរីរាង្គ​កាន់​តែ​ច្រើន​ស្រប​ពេល​ដែល​តម្រូវការ​កើន​ឡើង​

​ក្រុម​ជំនាញ​ការ​បាន​លើក​ឡើង​​នៅ​ក្នុង​វេទិកា​មួយ​​កាល​ពី​ម្សិលមិញ​ថា សកម្មភាព​ដាំ​ស្រូវ​សរី​រាង្គ​នៅ​ប្រទេស​កម្ពុជា​កំពុង​កើន​ឡើង​យ៉ាង​លឿន​ ស្រប​ពេល​ដែល​​​​បរិមាណ​តម្រូវការ​អង្ករ​គ្មាន​ជាតិ​គីមី​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​កើន​ឡើង​ផង​ដែរ​​​​។ វេទិកា​​​នេះ​​​​​​ត្រូវ​​​បាន​​​​​​រៀប​​​ចំ​​​នៅ​ទី​ស្នាក់​ការ​​កណ្ដាល​​របស់​មឈ្ឈមណ្ឌល​​​សិក្សា​​​ និង​​​អភិវឌ្ឍន៍​​​កសិកម្មកម្ពុជា​​​​​​ (​​អង្គការ​​​សេដាក) ​​ដែល​មាន​ជំនាញ​ផ្នែក​កសិ​កម្ម​។

​សម្រាប់​ប្រជា​កសិករ​ និង​ភាគី​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​​ លោក​ យ៉ង សាំងកុមារ ប្រធាន​​​​អង្គការ​សេដាក បាន​មាន​ប្រសាសន៍​ថា “ ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​នេះ យើង​បាន​នាំ​ចេញ​អង្គរ​សរីរាង្គ​ប្រហែល​២០០​តោន​ ពោល​​​​គឺ​បរិមាណ​នាំ​ចេញ​នេះ​បាន​កើន​ឡើង​ប្រហែល​ពីរ​ដង​បើ​ធៀប​នឹង​ឆ្នាំ​មុន​”។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ប្រជា​កសិករ​ “ កំពុង​បង្កើន​សកម្មភាព​ផលិត​កម្ម​ឲ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បរិមាណ​​តម្រូវការ​នេះ​។ យើង​សង្ឃឹម​ថា នៅ​ឆ្នាំ​ក្រោយ​ យើង​នឹង​នាំ​ចេញ​១.៥០០​តោន​ក្នុង​មួយ​ឆ្នាំ​”។

លោក យ៉ង សាំងកុមារ បាន​ឲ្យ​ដឹង​ទៀត​ថា ទោះ​បី​ជា​មាន​កសិករ​ប្រហែល​១០០.០០០​​នាក់​ដែល​ដាំ​ស្រូវ​សរីរាង្គ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​មាន​តែ​ប្រហែល​២០០​នាក់​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​ឆ្លើយ​តប​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ​បាន​។ លោក​បាន​បញ្ជាក់​​ថា អង្គការ​សេដាក​ សង្ឃឹម​ថា ចំនួន​កសិករ​ដាំ​ស្រូវ​សរីរាង្គ​ដែល​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ នឹង​កើន​ឡើង​ដល់​៧០០​នាក់​នៅ​ឆ្នាំ​ក្រោយ​ ក៏​ប៉ុន្តែ​ការ​ចេញ​វិញ្ញាបនបត្រ​នេះ​មាន​សភាព​​​​តឹង​តែង​ ហើយ​ប្រើ​ពេល​​បី​ឆ្នាំ​ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​វិញ្ញាបនបត្រ​នេះ​ហើយ​ កសិករ​នឹង​ទទួល​បាន​នូវ​ការ​ត្រួត​ពិនិត្យ​រៀង​រាល់​ឆ្នាំ​។

លោក​ ក្ល​ដៀស​ ប្រេដេ​ហហ្វ (Claudius Bredehoeft) អ្នក​សម្រប​សម្រួល​គម្រោង​ថ្នាក់​ជាតិ​នៃ​អង្គការ​ GIZ ​ជា​ទីភ្នាក់ងារ​អភិ​វឌ្ឍន៍​អន្តរជាតិ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​លើក​​ឡើង​​​ថា ប្រជាកសិករ​ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​ប្រសើរ​ក្នុង​ការ​ប្រកួត​ប្រជែង​​លើ​ទី​ផ្សារ​អង្ករ​។
លោក​មាន​​ប្រសាសន៍​ថា “ តាំង​ពី​ប្រទេស​​ថៃ​បាន​ដាក់​ចេញ​នូវ​តម្លៃ​អប្បបរមា​នៃ​ផលិត​ផល​អង្ករ​ ហើយ​ប្រទេស​កម្ពុជា​អាច​នាំ​ចេញ​ដោយ​មិន​ចាំ​បាច់​បង់​ពន្ធ​ទៅ​ទី​ផ្សារ​សហភាព​អឺរ៉ុប​ ប្រទេស​នេះ​មាន​ប្រៀប​ជាង​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​។ ដោយសារ​មាន​​គោលការណ៍​​ពាណិជ្ជកម្ម​​ប្រកប​ដោយ​យុត្តិ​ធម៌​ និង​គោលការណ៍​តម្លៃ​សម​រម្យ​សម្រាប់​អង្ករ​សរីរាង្គ​ នៅ​លើ​ទីផ្សារ​មាន​ឱកាស​អំណោយ​ផល​ជា​ច្រើន​ ដែល​ជំរុញ​ឲ្យ​សកម្មភាព​ដាំ​ស្រូវ​​​ប្រភេទ​នេះ​បន្ត​កើន​ឡើង​”។

អ្នក​ស្រី​ ហឿម សុធា កសិករ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ និង​ជា​អ្នក​ចូល​រួម​ក្នុង​អង្គ​វេទិកា​នេះ​ បាន​លើក​ឡើង​ថា ការ​ដាំ​ស្រូវ​សរីរាង្គ​ បាន​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​គ្រួសារ​អ្នក​ស្រី​។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា“ នៅ​ពេល​ខ្ញុំ​ដាំ​ស្រូវ​ធម្មតា​​ ខ្ញុំ​បាន​​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ ដើម្បី​ទិញ​ជី​ និង​សារធាតុ​គីមី​ផ្សេងៗ ហើយ​​ប្រមូល​ផល​បាន​តែ​មួយ​ទៅ​ពីរ​តោន​ក្នុង​មួយ​ហិកតា​ប៉ុណ្ណោះ​។ ជួន​កាល​ ខ្ញុំ​ត្រូវ​លក់​ជ្រូក​ដើម្បី​សង​បំណុល​គេ​”។ អ្នកស្រី​​និយាយ​បន្ត​ទៀត​ថា“ ក៏​ប៉ុន្តែ​ ឥឡូវ​ ពេល​ខ្ញុំ​ដាំ​ស្រូវ​សរីរាង្គ​ ខ្ញុំ​ប្រមូល​ផល​បាន​ប្រហែល​​បី​តោន​ក្នុង​មួយ​ហិកតា​ ហើយ​លក់​បាន​ថ្លៃ​ជាង​មុន​។ ខ្ញុំ​អាច​យក​​ប្រាក់​ចំណេញ​ទៅ​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​កូន​ខ្ញុំ​ ហើយ​ទិញ​ដី​ឲ្យ​ពួក​គេ​ដាំ​ផងដែរ​”៕

ប្រែ​សម្រួល​ដោយ កង សុធា

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.