ពលរដ្ឋខ្មែរជិត១០០នាក់ ត្រូវបានអាជ្ញាធរថៃដោះលែង ក្រោយមានកិច្ចអន្តរាគមន៍ពីកម្ពុជា

អាជ្ញាធរប្រទេសថៃ បានសម្រេចដោះលែងពលរដ្ឋខ្មែរចំនួន៨៥នាក់ ដែលត្រូវបានសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួន នៅជាយទីក្រុងបាងកក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ពីបទឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ អះអាងថា ការដោះលែងនេះ ធ្វើឡើងក្រោយពីមានកិច្ចអន្តរាគមន៍ស្នើសុំជាបន្តបន្ទាប់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ។

ប្រភពដដែលបន្តថាថ្មីៗនេះ ប្រទេសថៃបានចេញច្បាប់ថ្មី ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ដែលត្រូវឱ្យមានការស៊ើបអង្កេតយ៉ាងតឹងរឹងដើម្បីតាមចាប់មេខ្យល់ ទើបបណ្តាលឱ្យមានការឃាត់ខ្លួនពលរដ្ឋខ្មែរទាំង៨៥នាក់ ក្នុងរយៈពេលយូរបែបនេះ។

ក្រសួងការបរទេសបន្ថែមថា អំឡុងពេលពលរដ្ឋខ្មែរទាំងនោះជាប់ឃុំខ្លួននៅពន្ធនាគារក្នុងប្រទេសថៃ មន្រ្តីស្ថានទូត តែងតែជួបសួរសុខទុក្ខជាប្រចាំជាមួយពួកគាត់ផងដែរ។

ក្រសួងការបរទេសអះអាងថា ពលរដ្ឋខ្មែរទាំងជិត១រយនាក់នោះ បានត្រលប់មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃម្សិលមិញ ក្រោមការសម្របសម្រួលរបស់ស្ថានទូតកម្ពុជានៅទីក្រុងបាងកក ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ជាមួយនឹងអាជ្ញាធរថៃ។

កាលពីថ្ងៃទី ២៦ ខែមេសា ពលករខ្មែរចំនួន ៩០នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន អំឡុងពេលពួកគេឆ្លងដែនទៅស្វែងរកការងារធ្វើនៅប្រទេសថៃ ប៉ុន្តែក្រោយមកអាជ្ញាធរថៃបានសម្រេចដោះលែងពលរដ្ឋខ្មែរចំនួន ៥នាក់មកវិញ បន្ទាប់ពីអាជ្ញាធរថៃ រកឃើញថាពួកគេទាំង៥នាក់នោះមានឯកសារឆ្លងដែនត្រឹមត្រូវ។

កន្លងមកករណីអាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរនេះ តែងកើតមានឡើងដោយករណីខ្លះពាក់ព័ន្ធការឆ្លងដែនខុសច្បាប់ ហើយករណីខ្លះទៀតពាក់ព័ន្ធការចូលដីថៃដើម្បីលួចកាប់ឈើប្រណិតនៅទីនោះ រហូតមកទល់ពេលខ្លះត្រូវបានតម្រួតថៃបាញ់បណ្តាលឱ្យរបួសនិងស្លាប់ផង             ដែរ។

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានបញ្ជាឱ្យសមត្ថកិច្ចខ្មែរតាមព្រំដែនកម្ពុជា-ថៃ  ត្រូវទប់ស្កាត់ឱ្យខាងតែបាននូវរាល់សកម្មភាពជួញដូរមនុស្ស ដោយប្រើទឹកដីខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិនជាដើម ដើម្បីឆ្លងដែនទៅកាន់ប្រទេសថៃ ដោយខុសច្បាប់ហើយពួកគេមានភ្នាក់ងាររង់ចាំនាំយកបន្តទៅធ្វើការ ឬយកបន្តទៅធ្វើការងារនៅប្រទេសផ្សេងទៀត។

ពលករខ្មែរខ្លះត្រូវបានយកលក់ដូចសត្វធាតុ ទៅធ្វើការងារដោយប្រើកម្លាំងធ្ងន់ធ្ងរ ឬ ត្រូវលក់ឱ្យថៅកែទូកនេសាទថៃ ដោយពួកគេដែលត្រូវបានជួយសង្គ្រោះពីទូកនេសាទថៃទាំងនោះធ្លាប់លើកឡើងថា ពួកគាត់ត្រូវបានគេបង្ខំឱ្យធ្វើការងារហួសកម្លាំង។

ការដកហូតដកឯកសារផ្ទាល់ខ្លួន ការបរិភោគមិនគ្រប់គ្រាន់ ហើយត្រូវគេបង្ខំឱ្យប្រើប្រាស់គ្រឿងញៀន ការធ្វើទារុណកម្ម និងស្ទើរគ្មានឱកាសបានចូលដីគោក និងកេងប្រវ័ញ្ចយកប្រាក់ខែពួកគេជាដើម៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.