Opinion

ពីរឆ្នាំក្រោយមក ការព្រមានអំពីកិច្ចព្រមព្រៀងបង្ហាញថាពិត

រយៈពេលពីរទសវត្សរ៍មើលឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រត់លឿនជាងគូបដិបក្ខអន់របស់លោកបានធ្វើឲ្យអ្នកសង្កេតការណ៍ជាច្រើនទស្សន៍ទាយថា នឹងមានហេតុការណ៍អាក្រក់បំផុតកើតឡើង នៅពេលដែលមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ចុងក្រោយបានទទួលយកការបរាជ័យក្នុងការបោះឆ្នោត ដើម្បីជាថ្នូរនឹងការសន្យាកំណែទម្រង់រយៈពេលពីរឆ្នាំមុននៅថ្ងៃនេះ។

cam-photo-truce-channa-WEB-ONLYបញ្ចប់ការតវ៉ារយៈពេលមួយឆ្នាំប្រឆាំងនឹងការចោទថា មានការលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៣ លោក រង្ស៊ី បានទទួលយកកៅអីសភាចំនួន៥៥របស់គណបក្សលោកជាថ្នូរនឹងការសន្យាឲ្យមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទ្វេបក្សថ្មី (គ.ជ.ប.) និងច្បាប់ដែលមានអំណាចទូលំទូលាយក្នុងការត្រួតពិនិត្យមើល។

កិច្ចព្រមព្រៀងនោះបាននាំមកនូវភាពស្ងប់ស្ងាត់ក្រោយពីមានការតវ៉ារយៈពេលមួយឆ្នាំដ៏មមាញឹក កូដកម្ម និងការបាញ់សម្លាប់ដោយកងរាជអាវុធហត្ថ ប៉ុន្តែ ចំពោះមនុស្សជាច្រើនវាជាកិច្ចព្រមព្រៀងមួយដែលតែងតែស្រេចតែលើការសុខចិត្តរបស់លោក ហ៊ុន សែន ក្នុងការមិនគោរពតាមកិច្ចសន្យារបស់លោក ហើយដាក់សម្ពាធលើគូប្រឆាំងរបស់លោកឲ្យយល់ព្រមនឹងការផ្លាស់ប្តូរ។

លោក ដេវិដ ឆាណល័រ ប្រវត្តិវិទូប្រវត្តិសាស្ត្រខ្មែរដ៏ល្បីល្បាញដែលបានទស្សន៍ទាយថា ការឈប់ឈ្លោះគ្នានឹងមិននៅបានយូរទេ បានមានប្រសាសន៍ថា “ហ៊ុន សែន ជាអ្នកលេងអុកមិនធ្វើអ្វីមួយដែលអាចធ្វើឲ្យថយចុះដល់ ឬគំរាមកំហែងដល់ការគ្រប់គ្រងរបស់លោកទៅលើល្បែងនេះពីចម្ងាយទេ”។

លោក សុផល អ៊ា សាស្ត្រាចារ្យរងនៅមហាវិទ្យា អូស៊ីឌិនថល ក្នុងក្រុងឡូសអេនជឺឡេស បានមានប្រសាសន៍ពេលនោះថា “វាគ្រាន់តែជានយោបាយប៉ុណ្ណោះ។ ថ្ងៃស្អែកអ្វីៗនឹងខុសគ្នា”។

លោកបាននិយាយថា “មនុស្សនឹងត្រូវចាប់ខ្លួន មិនយូរមិនឆាប់។ មនុស្សខ្លះនឹងត្រូវដោះលែងវិញ។ វាជាល្បែងឆ្មានិងកណ្តុរ។ ប៉ុន្តែ មានតែកណ្តុរប៉ុណ្ណោះដែលផ្លាស់ប្តូរ”។

សូម្បីតែលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានទទួលស្គាល់ថា លោកត្រូវស៊ូទ្រាំលេបក្រួសលេបថ្ម ដើម្បីទទួលយកកិច្ចព្រមព្រៀងនោះ។ មានតែលោក រង្ស៊ី និងគណបក្សប្រជាជនកម្ពុជាទំនងជាសុខចិត្តផ្លាស់ប្តូរភាពអាចសម្រេចបានរយៈពេលយូររបស់ខ្លួន ដោយអ្នកនាំពាក្យគណបក្សកាន់អំណាចបានចាត់ទុកលោក ហ៊ុន សែន ជាបុរសម្នាក់ដែលមិនក្បត់ពាក្យសន្យារបស់លោក ហើយលោក សម រង្ស៊ី ទំនងជាជឿថា លោកខ្លួនឯងអាចផ្លាស់ប្តូរលោក ហ៊ុន សែន បាន។

លោក រង្ស៊ី បានមានប្រសាសន៍ក្នុងខែមេសា ឆ្នាំ២០១៥ថា “ជូនកាលប្រវត្តិសាស្ត្រអាចផ្លាស់ប្តូរតាមរយៈការប៉ះពាល់ផ្ទាល់ខ្លួន។ នៅពេលដែលអ្នកចាប់ផ្តើមកសាងទំនុកចិត្តនោះគឺជាការប៉ះពាល់ដល់មនុស្ស។ ការវិភាគនយោបាយស៊ីជម្រៅធ្វើឲ្យយល់អំពីរឿងនេះ វាជារឿងផ្ទាល់ខ្លួន ឬខ្ញុំអាចនិយាយថា ជាការផ្សះផ្សាផ្លូវចិត្ត”។

ពីរឆ្នាំក្រោយមក លោក រង្ស៊ី ពេលនេះកំពុងតែរស់នៅជាថ្មីម្តងទៀតក្នុងការនិរទេសខ្លួនឯងនៅក្នុងក្រុងប៉ារីសប្រាំបួនខែមកហើយ ដើម្បីគេចវេះពីការកាត់ឲ្យជាប់ទោសដែលរដ្ឋាភិបាលបានលាតត្រដាងភ្លាមៗកាលពីចុងឆ្នាំមុន ដោយសារតែបរិហារកេរ្តិ៍អតីតរដ្ឋមន្ត្រីក្រសួងការបរទេស។

លោក អ៊ា បាននិយាយក្នុងសារអុីម៉ែលកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនពេញចិត្តនិយាយចំៗអំពីការរលំដួលនៃទំនាក់ទំនងល្អូកល្អិននេះទេ។

លោកបាននិយាយថា “ខ្ញុំមើលឃើញការព្យាករបែបហ្នឹង មិនដូចខ្ញុំបានប្រាប់លោកអ៊ីចឹងទេ ប៉ុន្តែ ជាភាពពិតនិយមអកុសលរបស់កម្ពុជា។ លោក អេនស្តេន បាននិយាយថា ប្រសិនបើអ្នកនៅតែធ្វើដដែលៗ ហើយរំពឹងចង់បានលទ្ធផលខុសគ្នា នោះគឺជាអត្ថន័យនៃភាពឆ្កួតវង្វេង។ [លោក រង្ស៊ី] ទទួលយកកិច្ចព្រមព្រៀងនេះ ពីព្រោះលោកលោភលន់ លោកគិតថា ពេលនេះនឹងខុសគ្នា។ លោកខុសហើយ។ នៅពេលលោកខុស លោកចាកចេញពីប្រទេសដោយនិរទេសខ្លួនឯង គឺមានគ្រោះថ្នាក់ផ្នែកសីលធម៌ចំពោះសកម្មភាពរបស់លោក”។

តាមពិត គឺជាអ្នកផ្សេងទៀតដែលទទួលរងធ្ងន់ធ្ងរជាងគេពីការការបែរខ្នងដាក់មួយរំពេចរបស់លោក ហ៊ុន សែន ទៅលើវប្បធម៌សន្ទនាដែលលោក រង្ស៊ី និងលោកនាយករដ្ឋមន្ត្រីបានប្រកូកប្រកាសឲ្យសាធារណជនជឿថាជារឿងធម្មតាថ្មីរបស់ឆាកនយោបាយកម្ពុជា។

លោក សុខា ជាអនុប្រធានបក្សកំពុងតែសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញជិតពីរខែមកហើយ ពោលគឺចាប់តាំងពីនគរបាលប្រដាប់អាវុធបានប៉ុនប៉ងចាប់ខ្លួនលោកកាលពីថ្ងៃទី២៦ ខែឧសភា ដោយសារខកខានមិនបានចូលបំភ្លឺទាក់ទងនឹងស្រីកំណាន់ដែលរដ្ឋាភិបាលនិយាយថា លោកមានស្នេហាលួចលាក់។

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាបក្សប្រឆាំងកំពុងជាប់ពន្ធនាគារ ដោយសារតែបង្ហោះតាមហ្វេសប៊ុកទាក់ទងនឹងការបោះបង្គោលព្រំដែនជាមួយវៀតណាម ដែលលោក ហ៊ុន សែន ចាត់ទុកថាជាការអុជអាល។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយដែលគ្រប់គ្រងវេទិកាអនាគត កំពុងត្រូវគណបក្សប្រជាជនកម្ពុជាប្តឹងដោយសារតែអត្ថាធិប្បាយតាមវិទ្យុ ចំណែកឯ កែម ឡី ជាអ្នកអត្ថាធិប្បាយមានប្រជាប្រិយភាពនិងរិះគន់ឥតសំចៃត្រូវឃាតករបាញ់ស្លាប់នៅដើមខែនេះ។

មន្ត្រីគណបក្សប្រឆាំងនិងអ្នករិះគន់រដ្ឋាភិបាល២០នាក់ផ្សេងទៀតគ៏ត្រូវបានចាប់ដាក់ពន្ធនាគារកាលពីឆ្នាំកន្លងមក រួមទាំងមន្ត្រីជ្រើសតាំងរបស់គណបក្សសង្គ្រោះជាតិមួយរូបសម្រាប់តួនាទីរដ្ឋបាលជាន់ខ្ពស់នៅក្នុង គ.ជ.ប. ថ្មី។ មន្ត្រីសម្ពន្ធមិត្តគណបក្សសង្គ្រោះជាតិមួយរូបទៀតគឺលោក រ៉ុង ឈុន ដែលគណបក្សនេះបានតែងតាំងទៅក្នុងសមាជិក៩រូបរបស់ គ.ជ.ប. ឥឡូវនេះកំពុងប្រឈមមុខនឹងសវនាការបទព្រហ្មទណ្ឌ។

ប្រសិនបើលោកត្រូវកាត់ទោសឲ្យជាប់ពិរុទ្ធ គណបក្សសង្គ្រោះជាតិនឹងត្រូវផ្លាស់ប្តូរលោក ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាអាចទាត់ចោលជម្រើសដែលខ្លួនធ្វើ ហើយធ្វើឲ្យអស់លំនឹងដល់តុល្យភាពនៃគ.ជ.បដែលមានសមាជិក៩រូប ដែលមានមន្ត្រីជ្រើសតាំងបួនរូបមកពីគណបក្សនីមួយៗ និងមួយរូបជាសមាជិកមតិរួម។

គណបក្សប្រជាជនកម្ពុជាក៏ជំរុញឲ្យគណបក្សសង្គ្រោះជាតិទទួលយកអតីតតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាធ្វើជាប្រធាន គ.ជ.ប.ថ្មី ក៏ដូចជារក្សាទុកអគ្គលេខាធិការចាស់គឺលោក ទេព នីថា ដែលគណបក្សសង្គ្រោះជាតិបានចោទថា មើលការខុសត្រូវលើការបន្លំការបោះឆ្នោតនាឆ្នាំ២០១៣ ហើយចង់ឲ្យគេផ្លាស់ប្តូរ។

ការចុះបញ្ជីពេញលេញនៃបញ្ជីបោះឆ្នោតជាតិ ដែលមានគម្រោងនឹងចាប់ផ្តើមនៅខែកញ្ញា ក៏ត្រូវបានពន្យារពេលបួនលើកមកហើយនៅឆ្នាំនេះ ដោយមានការត្អូញត្អែរអាក់អន់ចិត្តពីសំណាក់គណបក្សសង្គ្រោះជាតិនិងអ្នកសង្កេតការណ៍បោះឆ្នោត ចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់មានគម្រោងនឹងធ្វើឡើងនៅខែមិថុនា។

អាជ្ញាបណ្ណទូរទស្សន៍ដែលសន្យាឲ្យគណបក្សសង្គ្រោះជាតិ ដែលនឹងធ្វើឲ្យគណបក្សនេះគ្រប់គ្រងស្ថានីយដែលមិនលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជាជាលើកដំបូងនៅក្នុងប្រទេស ក៏មានន័យតិចតួចដែរ ដោយអាជ្ញាធរហាមឃាត់ការដំឡើងអង់តែនផ្សាយនៅលើដីមួយឡូត៍ដែលខ្លួនបានទិញសម្រាប់ធ្វើស្ទូឌីយូ។

តាមទូរស័ព្ទពីប្រទេសបារាំង លោក រង្ស៊ី បានមានប្រសាសន៍ថា លោកមិនមួហ្មងចំពោះការមិនអើពើនឹងការព្រមានទាក់ទងនឹងកិច្ចព្រមព្រៀងនយោបាយទេ។

លោក រង្ស៊ី បានមានប្រសាសន៍ថា “ខ្ញុំមិនសោកស្តាយចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទេ ព្រោះខ្ញុំចង់ឲ្យសន្តិភាពមានឱកាស។ ទោះបីជាមិនទំនងយ៉ាងណាក៏ដោយ ក៏យើងត្រូវឲ្យសន្តិភាពមានឱកាស ហើយខ្ញុំបន្តជឿជាក់ក្នុងវប្បធម៌សន្ទនា ពីព្រោះវាអាចនាំមកនូវការបញ្ចប់វប្បធម៌ហិង្សាដ៏រាលដាល”។

មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា “យ៉ាងហោចណាស់ ហ៊ុន សែន និងខ្ញុំបានចាប់ផ្តើមធ្វើអ្វីមួយ។ យ៉ាងហោចណាស់ យើងក៏បានសាបព្រោះគ្រាប់ពូជ ដើម្បីឲ្យវាដុះលូតលាស់នៅថ្ងៃណាមួយដែរ”។

មេដឹកនាំគណបក្សប្រឆាំងរូបនេះបានទាត់ចោលការរិះគន់ថា លោកបានភៀសខ្លួនដើម្បីសុវត្ថិភាពទៅក្រុងប៉ារីស ដោយទុកឲ្យអ្នកផ្សេងដោះស្រាយផលវិបាកនានាទាក់ទងនឹងការបង្ក្រាបរបស់រដ្ឋាភិបាល។

មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា “អ្នកមិនចាំបាច់ប្រយុទ្ធនៅក្នុងសមរភូមិដែលសត្រូវរបស់អ្នកចង់អូសទាញអ្នកឲ្យទៅក្នុងទេ។ សមរភូមិដែល ហ៊ុន សែន ចង់ទាញគូប្រឆាំងរបស់លោកឲ្យធ្លាក់ចូលទៅ គឺជាសមរភូមិហិង្សានៃការសម្លាប់មនុស្ស ហើយចាប់គេដាក់គុក”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមិនបានដើរតួនាទីណាមួយនៅក្នុងបញ្ហាផ្លូវច្បាប់ជាច្រើនដែលឥឡូវនេះកំពុងប្រឈមមុខនឹងគណបក្សសង្គ្រោះជាតិទេ ហើយថា រដ្ឋាភិបាលចង់ជួបជាថ្មីជាមួយគណបក្សប្រឆាំង នៅពេលដែលតុលាការបានដំណើរការរឿងក្តីរួចស្រេច ដើម្បីដោះស្រាយបញ្ហានយោបាយខ្លះៗ។

លោក ឥសាន បាននិយាយថា “យើងមិនបានបិទទ្វារទៅលើវប្បធម៌សន្ទនាទេ ប៉ុន្តែ យើងចង់ឲ្យតុលាការចាត់វិធានការលើមនុស្សបីបួននាក់ដែលបំពានច្បាប់សិន ហើយអ៊ីចឹងយើងអាចចាប់យកវប្បធម៌សន្ទនាបាន”។

អ្នកនាំពាក្យរូបនេះបាននិយាយថា ដោយចរចាជាមួយគណបក្សសង្គ្រោះជាតិ នៅពេលដែលខ្លួនចង់ឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ និងដោះលែងមនុស្សដោយខុសច្បាប់ពីពន្ធនាគារ គឺជាមុខមាត់មួយអាក្រក់  “ព្រោះប្រសិនបើនិយាយរកគេនៅពេលនេះ សាធារណជននឹងរិះគន់យើង ហើយមិនមានទំនុកចិត្តចំពោះឯករាជ្យភាពរបស់តុលាការយើងទេ”។

លោក ឥសាន បានបដិសេធថា កិច្ចព្រមព្រៀងនាខែកក្កដា ឆ្នាំ២០១៤ ដែលបញ្ចុះបញ្ចូលគណបក្សសង្គ្រោះជាតិឲ្យបញ្ចប់ការតវ៉ារបស់ខ្លួនមិនត្រូវបានបំផ្លាញចោលទេ។ ប៉ុន្តែ សម្រាប់អ្នកផ្សេង កិច្ចព្រមព្រៀងដែលអនុវត្តភ្លាមៗ និងជ្រងោៗ មួយសប្តាហ៍បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំពីរនាក់ត្រូវចាប់ដាក់ពន្ធនាការ ដោយសារតែតវ៉ានៅទីលានប្រជាធិបតេយ្យនៅខែនោះ ក៏ឆ្ពោះទៅរកទិសដៅតែមួយដែរ។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បាននិយាយថា “វាបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់ដោយមិនបានគិតអំពីលទ្ធផលនៅខាងក្រោយទេ។ គេមានពេលដើម្បីព្រាងកិច្ចព្រមព្រៀងដោយពិស្តារជាលាយលក្ខណ៍អក្សរ ហើយនោះគឺជាឱកាសខកខានធំបំផុត”។

ប្រធានវេទិកាអនាគតរូបនេះបាននិយាយថា “ទំនងជាមានភាពបន្ទាន់ដើម្បីដោះលែងអ្នកតំណាងរាស្ត្រ។ មេរៀនគឺថា ចុះកិច្ចព្រមព្រៀងដោយមិនចាំបាច់មានសេចក្តីពិស្តារមាំទាំ គឺធ្វើឲ្យវាខូច។ ប្រសិនបើមានកិច្ចព្រមព្រៀង គេត្រូវជាក់លាក់ ហើយពិស្តារដោយមានអត្ថន័យទាំងស្រុង”៕(រាយការណ៍បន្ថែមដោយ សេក ឧត្តម)

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.