ពេល​កំណត់​ជិត​មក​ដល់ សហគមន៍​ត្រៀម​ទប់ទល់​នឹង​ការ​បណ្តេញ​ចេញ

ខណៈ​ដែល​ពេល​កំណត់​ដាក់​ដោយ​សាលា​ក្រុង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​មួយ​ក្នុង​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ ចេញពី​តំបន់​នោះជិត​មក​ដល់ ពលរដ្ឋ​ប្រហែល​១០០​នាក់​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភា​កាលពី​ថ្ងៃ​ពុធ ជា​កិច្ច​ប្រឹងប្រែង​ចុងក្រោយ ដើម្បី​បញ្ចុះ​បញ្ចូល​សមាជិក​សភា​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​តាង​នាម​ពួក​ខ្លួន។eviction

ញត្តិ​នោះ​បានប្រគល់​ទៅ​លោក ជា ប៉ូច និង​លោក ចាន់ ចេង សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​រដ្ឋសភា និង​ក៏​បាន​ប្រគល់​ទៅ​លោក គង់ ចំរើន អគ្គលេខាធិការ​នៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​ដែល​អ្នក​ភូមិ​ដើរ​ហែ​កាត់​សួន​វត្ត​បទុម​ផង​ដែរ។

ប្រជាពលរដ្ឋ​ជាង៦០០​នាក់​ដែល​រស់​នៅ​ក្នុង​ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​ប្រាំមួយ បាន​ទទួល​ការ​ជូន​ដំណឹង​មួយ​ពី​សាលាក្រុង​កាលពី​សប្តាហ៍​មុន ដែល​ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខណ្ឌ​ ធុយ សុខន ដោយ​ជូន​ដំណឹង​ពួកគាត់​ថា ពួកគាត់​មាន​ពេល​១៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ចុះ​ហត្ថ​លេខា​ គឺ​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា ត្រូវ​រើ​ផ្ទះ​សំបែង​និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន បើ​ពុំ​នោះ​ទេ ត្រូវ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ។

សេចក្តី​ជូន​ដំណឹង​មាន​ខ្លឹមសារ​ថា អាជ្ញាធរ​ខណ្ឌ​មាន​ផែនការ​ពង្រីក​ផ្លូវ​លេខ​១៨០០​ ដែល​ឆ្លងកាត់​ភូមិ​នេះ ហើយ​ថា​ផ្ទះ​សំបែង​របស់​ពួកគាត់​ស្ថិតនៅ​ចំ​ផ្លូវ​ត្រូវ​ពង្រីក។ ប៉ុន្តែ​បើ​ទោះជា​សេចក្តី​ជូនដំណឹង​ចុះ​ហត្ថលេខា​ជិត​ពីរ​សប្តាហ៍​ហើយ​ក៏ដោយ ក៏​អ្នក​ភូមិ​និយាយ​ថា ពួកគាត់​មិន​បាន​ទទួល​សេចក្តី​ជូនដំណឹង​នោះ​ទេ ទើបតែ​ដឹង​កាលពី​ថ្ងៃ​សុក្រ។ ដូច្នេះ​ពួកគាត់​សល់​ពេល​តែ​ជាង​មួយ​សប្តាហ៍​ដើម្បី​រុះរើ​ផ្ទះ ដែល​ពួកគាត់​ខ្លះ​និយាយ​ថា ពួកគាត់​បាន​មក​រស់​នៅ​តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក​ម៉្លេះ។

លោក សេង ស្នា អាយុ​៥០​ឆ្នាំ តំណាង​សហគមន៍ បាន​និយាយ​ថា “យើង​បាន​រស់នៅ​ក្នុង​តំបន់​នេះ​តាំងពី​ទីនេះ​គ្មាន​អ្វី​សោះ មានតែ​ព្រៃ​និង​លិច​ទឹក​ប៉ុណ្ណោះ”។ លោក ស្នា បាន​និយាយ​ថា គ្មាន​ផ្លូវ​កាត់​តំបន់​នេះ​ទេ ពេល​ដែល​សង់​ផ្ទះ ហើយ​ថា អាជ្ញាធរ​គ្រាន់តែ​ធ្វើ​ផ្លូវ​លំ​ឆ្លងកាត់​​កាលពី​ឆ្នាំ​២០០០​ប៉ុណ្ណោះ។

សាឯម សាវិន អាយុ​៨៨​ឆ្នាំ បាន​និយាយ​ថា អ្នកស្រី​បាន​មក​នៅ​ភូមិ​នេះ​ជាមួយ​ប្តី​របស់​អ្នកស្រី​កាលពី​ឆ្នាំ​១៩៨២។

អង្គុយ​ក្នុង​ផ្ទះ​ខ្ទម​ធ្វើពី​ឫស្សី​ជាមួយ​ប្តី​ងងឹត​ភ្នែក​អាយុ​៨៤​ឆ្នាំ​របស់​អ្នកស្រី សាវិន បាន​និយាយ​ថា “ពេល​ខ្ញុំ​មក​នៅ​ទី​នេះ វា​សុទ្ធតែ​ព្រៃ ហើយ​អាជ្ញាធរ​មិន​ដែល​មក​ធ្វើ​ការ​អភិវឌ្ឍ​ទេ។ ប៉ុន្តែ ឥឡូវ​តំបន់​នេះ​ចាប់​ផ្តើម​អភិវឌ្ឍ ពួកគេ​ក៏​ចង់​បាន​ដី​របស់​យើង”។

អ្នកស្រី​បាន​និយាយ​ថា “យើង​សុទ្ធតែ​អ្នក​ក្រីក្រ ​យើង​មិន​អាច​ធ្វើ​អ្វី​ដើម្បី​ឃាត់​អាជ្ញាធរ​បាន​ទេ។ បើ​យើង​បាត់បង់​ផ្ទះ​នេះ យើង​មុខជាស្លាប់​”។

លោក ឃួង ស្រេង អភិបាល​រង​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា សាលា​ក្រុង​មិន​មាន​ផែនការ​ទូទាត់​សង​អ្នក​ភូមិ​ទេ លុះត្រាតែ​ពួកគាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី តែ​គ្មាន​អ្នក​ភូមិ​ណា​ម្នាក់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ឡើយ។ លោក ឃួង ស្រេង មាន​ប្រសាសន៍​ទៀត​ថា “បើ​ពេល​កំណត់​កន្លង​ផុត ហើយ​អ្នកភូមិ​មិន​រើ​ចេញ​ទេ នោះ​យើង​នឹង​ចាត់​វិធានការ”។ ពេល​គេ​សួរ​ ថាតើ​នឹង​ចាត់​វិធានការ​ជាក់លាក់​អ្វី​នោះ លោក​បាន​និយាយ​ថា “សូម​ទុក​វា​ឲ្យ​ខ្ញុំ ខ្ញុំ​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​ហើយ”៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.