ព្រះ​​​មហាក្សត្រ​​​ និង​​​សម្តេច​​​ម៉ែ ព្រះរាជ​​​ទាន​​​អំណោយ​​​ដល់​​​គ្រួសារ​​​សព

រយៈពេល​ពី​រ​ថ្ងៃ​ក្រោយ​​​ការ​បាញ់​ស្លាប់​​បុរស​​គ្មាន​​​អាវុធ​ក្នុង​ដៃ​ម្នាក់​នៅ​ជិត​ស្ពាន​ព្រះ​មុនីវង្ស​ក្នុង​រាជធានី​ភ្នំ​ពេញ​​ ​ ​មន្ត្រី​​​​ពាក់ព័ន្ធ​​​បាន​ផ្ដល់​ព័ត៌មាន​តិច​តួច​ណាស់​​​កាលពី​ម្សិល​មិញ​​​អំពី​ភាព​​​រីក​​​ចម្រើន​​​ក្នុង​​​​ការ​ស៊ើប​​អង្កេត​ពី​​​​ការ​បាញ់​សម្លាប់​​នេះ ហើយ​សកម្មជន​សិទ្ធិ​មនុស្ស​​​នានា​​​បាន​សម្តែង​​​​ក្ដី​​​កង្វល់​ថា​ ការ​ស៊ើប​អង្កេត​នេះ​​នឹង​ខ្វះ​​​​ភាព​​​​ដែល​​​អាច​​​ជឿ​ទុក​ចិត្ត​បាន​។

ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី និង សម្ដេច​ម៉ែ  នរោត្ដម មុនីនាថ បាន​​​ប្រទាន​​​ព្រះ​​​រាជ​​​​​​អំណោយ​​​ជា​​​ព្រះរាជទ្រព្យ​​​​ចំនួន​២.០០០​ដុល្លារ​ជូន​ដល់​​​គ្រួសារ​​សព​​​​លោក ម៉ៅ សុខ​ចាន់​ អាយុ​២៩ឆ្នាំ ដែល​ត្រូវ​បាន​​​បាញ់​​​​ចំ​ក្បាល​ អំឡុង​ពេល​កកស្ទះ​ចរាចរណ៍​មួយ​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ ខណៈ​​ប្រជា​​​ពលរដ្ឋ​រាប់​ពាន់​នាក់​​វិល​​ត្រឡប់​​ពី​ការ​ធ្វើបាតុ​​​កម្ម​ជាមួយ​​​​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​រាជ​​​ធានី​​​​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។

សាច់​ញាតិ​របស់​លោក សុខចាន់ បាន​អះ​​​អាង​​​​ថា គាត់​​​គឺ​ជា​ជន​រង​គ្រោះ​ស្លូតត្រង់​​​​ ហើយ​​​​គ្មាន​​​​អ្វី​ជាប់​ពាក់​ព័ន្ធជាមួយ​​​​​នឹង​​​យុវជន​មួយ​ក្រុម​ដែល​​​មាន​កំហឹង​ចំពោះ​​​ការ​​​​កក​​​ស្ទះ​​​​ចរា​​​ចរណ៍​រាប់​​​​​ម៉ោង​ដោយ​សារ​នគរបាល​​បាន​​​ដាក់​​​​របាំង​បន្លា​លួស​បិទ​ផ្លូវ​នៅ​ទូទាំង​រាជធានី​កាល​​​ពី​ថ្ងៃអាទិត្យ​ និង​​​ដែល​​​​​​​បាន​បញ្ចេញ​កំហឹង​​​​តាម​​​រយៈ​​​ការ​​​​ចោល​ដុំ​ថ្ម​ដាក់​នគរបាល​​​ឡើយ​​​​។

យោង​តាម​ព្រះ​រាជសារ​លើ​គេហទំព័រ​​​​​ផ្លូវការ​​​​របស់​​​​ព្រះ​មហាក្សត្រ​​​​បាន​​​​​​ឲ្យ​ដឹង​ថា ព្រះ​មហាក្សត្រ​ នរោត្តម​ សីហ​មុនី និង​សម្តេច​​​​ម៉ែ ​ មុនី​នាថ ក៏​បាន​ផ្តល់​​​ព្រះរាជ​​​អំណោយ​​​​​​​ជា​​​ព្រះរាជទ្រព្យ​ និង​សម្ភារ​មួយ​​​ចំនួន​​​​ទៀត​ដល់​ជន​រង​គ្រោះ​​​​ម្នាក់ៗ​​​​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ចំនួន​១០នាក់​​​ផ្សេងទៀត​​​​​​​​ដែល​​​បាន​​​រង​បួស​​​ក្នុង​អំពើ​ហិង្សា​ជុំ​វិញ​ស្ពាន​ព្រះ​មុនី​វង្ស​​ ​​​ក្នុង​​​ម្នាក់​​​​​​ៗ​​​ចំនួន​៥០០ដុល្លារ​ផងដែរ​​​។

ព្រះ​រាជសារ​នេះមាន​​​ខ្លឹម​​​សារ​​​​ថា “​​​បន្ទាប់​​​​ពី​បាន​ទទួល​ដំណឹង​ថា​​មាន​​បង​ប្អូន​ជន​រួម​ជាតិ​ម្នាក់​​បាន​​បាត់​បង់​ជីវិត​​ និង​១០​នាក់​​​ទៀត​រង​របួស​អំឡុង​ការ​​ប៉ះ​ទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៣ ព្រះ​ករុណា​ព្រះ​មហា​​​ក្សត្រ​ និង​សម្ដេច​ ព្រះ​មហា​ក្សត្រី​ ព្រះ​វររាជ​​​មាតា​ជាតិ​ខ្មែរ​​បាន​ចាត់​​​មន្ត្រី​នៃ​ព្រះ​រាជ​ខុទ្ទ​​​កាល័យ​​ជា​បន្ទាន់​ដើម្បី​យក​ព្រះរាជ​អំណោយ​​​​របស់​​ព្រះ​ករុណា​ព្រះ​មហា​ក្សត្រ និង​​សម្ដេច​ព្រះ​មហា​ក្សត្រី​ ព្រះ​វររាជមាតា​ជាតិ​ខ្មែរ​ ទៅ​ជូន​ក្រុម​​គ្រួសារ​នៃ​សពរបស់​​​​​លោក ម៉ៅ សុខ​​​ចាន់ នៅ​វត្ត​ចាក់​អង្រែ​ក្រោម​ដោយ​ផ្ទាល់​ដៃ​ និង​អ្នក​រង​របួស​ដែល​កំពុង​សំរាក​ព្យាបាល​​នៅ​​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត និង​​​មន្ទីរ​​​ពេទ្យ​កាល់​ម៉ែត”។

ព្រះ​រាជសារ​នេះ​​​មាន​ខ្លឹម​​​សារ​​​បន្ត​ថា “[ព្រះ​​​​រាជ​ខុទ្ទ​​​កាល័យ]​​ ក៏​បានពាំ​​​នាំព្រះ​​​រាជ​​​បណ្តាំ​​​រំលែក​​​ទុក្ខ​​​របស់​​​ព្រះករុណា​​​​ព្រះ​មហា​​​ក្សត្រ​ និង​​​សម្ដេច​ព្រះ​មហា​ក្សត្រី​ ព្រះ​វររាជ​​​មាតា​ជាតិ​ខ្មែរ​ ទៅ​​​ជូន​​​ក្រុម​​​​គ្រួសារ​នៃ​​​សព”​។​​​ ក្នុង​​​ព្រះ​​​រាជ​​​សារ​​​នេះ​​​ក៏​​​មានការ​​​ជូន​ពរ​ឲ្យ​អ្នក​រង​របួស​១០នាក់​ដែល​កំពុង​ទទួល​ការ​ព្យាបាល​​​​នៅ​ក្នុង​មន្ទីរពេទ្យ​ឲ្យ​​បាន​ឆាប់​ជា​សះ​ស្បើយ​ឡើង​​​​វិញផង​​​ដែរ​​​។​​

ឧត្តម​សេនីយ៍​ទោ ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​​ បាន​អះ​​​អាង​​​​​​​កាល​​​ពី​ម្សិល​​​មិញ​ថា ការ​ស៊ើប​អង្កេត​ពី​​​​ការ​បាញ់​ប្រហារ​ដែល​​​បាន​​​បណ្តាលឲ្យ​​​​មាន​​​មនុស្ស​​​ស្លាប់​និង​​របួស​នេះ​កំពុង​ដំណើរការ​​​​ ប៉ុន្តែ លោក​​​​បាន​ច្រានចោល​​​​ការ​ចោទ​ប្រកាន់ដែល​ថា អាជ្ញាធរ​​​​រួម​មាន​​​កង​រាជ​អាវុធ​ហត្ថ និង​នគរបាល​បង្ក្រាប​​​​កុបកម្ម​ ដែល​សាក្សី​​​​ឃើញ​​​ផ្ទាល់ភ្នែក​​​នានា​​​​និយាយ​ថា បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​ប្រើ​​​គ្រាប់​កាំភ្លើង​ពិត​នោះ​ ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​​​​ការ​ស្លាប់​របស់​លោក សុខចាន់។

លោក​បាន​​​មាន​ប្រសាសន៍​ថា “ [គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​] បាន​ព្រម​ព្រៀ​គ្នា​​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​អង្កេត​ពី​​​​ហេតុការណ៍​​​​នេះ​។​ យើង​មិន​បាន​ប្រើប្រាស់​អាវុធ​ដើម្បី​បង្ក្រាប​ក្រុម​បាតុករ​ទេ​។ ករណី​​ស្លាប់​បុរស​ម្នាក់​នេះ​ត្រូវ​តែ​ធ្វើការ​ស៊ើប​អង្កេត​ ដើម្បី​​​ឲ្យ​​​បាន​​​ដឹង​​​​​​ថា​​​ តើ​​​គាត់​ត្រូវ​បាន​បាញ់​ស្លាប់​​​​ដោយ​អាវុធ​​​មែន​​​ឬ​​​យ៉ាងណា​​​​ និង​​​ថា​​​ ​តើ​អាវុធ​​​​​ប្រភេទអ្វី​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នោះ”។ ឧត្តម​សេនីយ៍​ទោ ខេង ទីតូ បាន​​​ឲ្យ​​​ដឹង​​​​ថា ការ​ស៊ើប​អង្កេត​នេះ​​គឺ​ស្ថិត​​​​នៅ​​​ក្រោម​ដែន​សមត្ថកិច្ច​របស់​នគរបាល​ជាតិ​។

​ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និង​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ បាន​បង្វែរ​សំណួរ​ទាំង​អស់​ទៅ​​​នគរបាល​ជាតិ​វិញ។​ ឧត្តម​សេនីយ៍​ឯក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​មិន​អាច​ទាក់​ទង​សុំ​ការ​​​​បំភ្លឺ​បាន​ទេ​ ទោះ​បី​ជា​​​មាន​​​​ការ​ព្យាយាម​ជា​ច្រើន​​​​ដង​យ៉ាងណា​​​ក៏​ដោយ​។

លោក រូភើត អាប់បត (Rupert Abbott) អ្នក​ស្រាវ​ជ្រាវ​​​​​នៅ​​​អង្គការ​លើក​លែង​ទោស​អន្តរ​​​ជាតិ​ប្រចាំ​​ប្រទេស​កម្ពុជា​បាន​​​លើក​​​ឡើង​​​​ថា ខណៈ​​អង្គការ​របស់​លោក​​​ “ ស្វាគមន៍​ព័ត៌មាន​ដែល​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ធ្វើ​​​តាម​ការ​អំពាវ​នាវ​ឲ្យ​មាន​​​ការ​ស៊ើប​អង្កេត​ពី​​​ហេតុ​​​ការណ៍​ដ៏​អណោច​​​អធម​​​​កាលពី​ថ្ងៃអាទិត្យ”​​​ នោះ​មាន​ក្ដី​កង្វល់​​ថា ការ​ស៊ើប​អង្កេត​នេះ​នឹង​​​ខ្វះ​​​ភាព​​​​ដែល​​​អាច​​​ជឿ​ទុក​ចិត្ត​បាន​​។ លោក​បាន​​​​​​មាន​​​ប្រសាសន៍​​​​ថា “ការ​ស៊ើប​អង្កេត​​កន្លង​មក​​ពាក់​ព័ន្ធ​នឹង​​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​មនុស្ស​ រួម​ទាំង​ការ​បាញ់​​​សម្លាប់​ពី​​​សំណាក់កង​កម្លាំង​សន្តិសុខ​​​ផង​​​នោះ​​​ គឺ​​​​​​​មាន​​​ភាព​​​ខ្វះ​​​ចន្លោះ​​​​ច្រើន​​​ណាស់​​​​”។

ការ​ស៊ើប​អង្កេត​ពី​​​​ការ​បាញ់​សម្លាប់​​​​លោក ម៉ៅ សុខចាន់ នេះ “គួរ​​ធ្វើ​ឡើង​​​ដោយ​មិន​​លម្អៀង​ មាន​​​តម្លាភាព និង​មាន​​​ភាព​​​ហ្មត់​ចត់”​​​ហើយ​​​ត្រូវ​​​តែ​​​អាច​​​មាន​​​ការ​​​ផ្តន្ទា​ទោស​​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​​​អនុញ្ញាត​ឲ្យ​មាន​​​ការ​​​ប្រើ​​គ្រាប់​កាំភ្លើង​ពិត​​​​នេះ​​​។​​​នេះ​​​ជាអ្វី​​​ដែល​​​​​​ឧត្តម​សេនីយ៍​ទោ​ ខេង​ ទីតូ បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ ដោយ​បញ្ជាក់​ថា ការ​បាញ់​ប្រហារ​នោះ​គឺ​ធ្វើ​ឡើង​ដោយ​ជន​ស៊ីវិល​មិន​ស្គាល់​អត្ត​សញ្ញាណ​។

សេចក្ដី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ដែល​​​បាន​​​ចេញ​ដោយ​អង្គការ​លើក​លេង​ទោស​អន្តរជាតិ​​​​ មាន​​​ខ្លឹមសារ​​​​ថា “មន្ត្រី​ថ្នាក់​លើ​ដែល​បាន​ដឹង​ ឬ​គួរ​តែបាន​​​​ដឹង​ថា មន្ត្រី​​​​​ក្រោម​បញ្ជា​របស់​ខ្លួន​បាន​​​​ប្រើប្រាស់​មធ្យោ​​​បាយ​​​មិន​​​ស្រប​​​​ច្បាប់​ និង​ដែល​​​មិន​បាន​ចាត់​វិធាន​ការ​គ្រប់​​​បែបយ៉ាង​​​តាម​​​លទ្ធភាព​​​​​​​របស់​​​ខ្លួន​​​ដើម្បី​​​​ការពារ​ ឬ​បញ្ចៀស​​​​​​​​​ការ​​​ប្រើមធ្យោ​​​បាយ​​​បែប​នេះ” ក៏​​​​​​គួរ​តែ​​​​​ទទួល​ខុស​ត្រូវ​​​ដែរ​​​​។

លោក ប៊្រែត​​​ ​អាដាម (Brad Adams) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​លើកឡើង​​​​ថា មាន​តែ​​អាជ្ញាធរ​​​​​​​ដែល​​​​ត្រូវបាន​​​ដាក់​ពង្រាយ​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​​ប៉ុណ្ណោះ​​​ដែល​​​​ត្រូវ​​​គេ​​ឃើញ​​​​​​​​ប្រដាប់​​​ដោយ​​​អាវុធ​។​​​ ចំណុច​​​នេះ​​​នាំ​ឲ្យ​មាន​ក្ដី​កង្វល់​ថា  ការ​ស៊ើប​អង្កេត​នេះ​អាច​ជា​ករណី​​​​ថ្មី​​​​បំផុត​​​នៅ​​​ក្នុង​​​ចំណោម​​​ករណី​​​និទណ្ឌភាព​​​រាប់​​​មិន​​​អស់​​​​។ លោក​បាន​​​ថ្លែង​​​​ថា “ការ​ស៊ើប​អង្កេត​ដោយ​​​​ឯករាជ្យ​មួយ​គឺ​ជា​រឿង​​​ចាំ​បាច់​​​​និង​​​​បន្ទាន់​​​​បំផុត​​​​​​ដើម្បី​វែក​មុខ​ និង​ផ្តន្ទា​ទោស​ដោយ​យុត្តិធម៌​លើ​​​​អ្នក​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​​​ការ​​​រំលោភ​​​បំពាន​​​​ពី​​​សំណាក់​​​​កម្លាំង​សន្តិសុខ​នេះ​”។

លោក​ សូរិយ៉ា ស៊ូបេឌី (Surya Subedi) ប្រេសិត​​​​អង្គការ​សហ​ប្រជាជាតិ​ទទួល​​​បន្ទុក​​​សិទ្ធិមនុស្ស​​​​ដែល​​នឹង​​​​ឡើង​​​ថ្លែង​នៅ​ចំពោះ​មុខ​​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សនៅ​​​​ក្នុង​​​​ទីក្រុង​ហ្សឺណែវ​​នៅ​​សប្តាហ៍​ក្រោយ​​​​ពាក់ព័ន្ធ​​​នឹង​​​បញ្ហា​​​​សិទ្ធិមនុស្ស​​ក្នុង​​ប្រទេស​កម្ពុជា​នោះ បាន​លើកឡើង​​​តាម​រយៈ​អ៊ីម៉េល​ថា  លោក​មាន​ “ក្ដី​បារម្ភ​​​ចំពោះ​​​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​​ និង​ការ​ប្រើ​គ្រាប់​កាំភ្លើង​ពិត​នេះ​​”។ លោក​ សូរិយ៉ា ស៊ូបេឌី បាន​​​មាន​​​ប្រសាសន៍​​​​​​បន្ថែម​​​​​​​ថា “ខ្ញុំ​សូម​​​ជំរុញ​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​រក្សា​​​ភាព​​​អត់​ធ្មត់​ឲ្យ​ដល់​កម្រិត​អតិបរមា ឲ្យ​​​​ដោះ​ស្រាយ​បញ្ហា​​​​​ដោយ​​​សន្តិវិធី​ និង​​​​ឲ្យ​​​គោរព​​​​សិទ្ធិ​​​​របស់​​​ប្រជាពលរដ្ឋនៅ​​​​ក្នុង​ការ​ជួប​ជុំ​គ្នា​ដោយ​​​​សន្តិវិធី​”៕

ប្រែសម្រួល​ដោយ ឃិន ណៃ​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.