ភាគីពាក់ព័ន្ធសម្រេចយល់ព្រមតម្លើងប្រាក់ខែគោលឆ្នាំ២០២០ដល់កម្មករ១៩០ដុល្លារ

ភាគីជជែកប្រាក់ឈ្នួលជូនកម្មករ ព្រមទាំងរដ្ឋាភិបាលបានសម្រេចបង្កើនប្រាក់ឈ្នួលជូនកម្មករវិស័យវាយណភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន១៩០ដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំក្រោយនេះ។ ប្រាក់ខែចំនួន១៩០ដុល្លារនេះ សម្រាប់នយោជិតពេញសិទ្ធិ ប៉ុន្តែសម្រាប់និយោជិតសាកល្បងគឺ ទទួលបាន១៨៥ ដុល្លារប៉ុណ្ណោះ។

សេចក្តីប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃនេះ បានបញ្ជាក់ថាគណៈកម្មការប្រឹក្សាប្រាក់ឈ្នួលកម្មករ រួមមានរាជរដ្ឋាភិបាល សហជីព និងនិយោជក បើកកិច្ចប្រជុំចុងក្រោយ នាព្រឹកនេះ សម្រេចបោះឆ្នោត ដោយសំឡេងភាគច្រើនបានជ្រើសរើសយក  តួលេខ ១៨៧ដុល្លារសម្រាប់កម្មករនៅឆ្នាំ២០២០។

តួលេខនេះ រដ្ឋាភិបាល បានផ្តល់បន្ថែម ៣ដុល្លារទៀត ជូនកម្មករនិយោជិត ដែលធ្វើឱ្យប្រាក់ឈ្នួលកម្មករនៅឆ្នាំក្រោយកើនឡើងដល់ ១៩០ដុល្លារ។

ប្រភពដដែលបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករពេញសិទ្ធិលើវិស័យវាយណភណ្ឌកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង ១៩០ដុល្លារនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ។

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០នេះ បានកើនឡើង ៨ ដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ដែលប្រាក់ឈ្នួលរបស់កម្មករមានចំនួន ១៨២ដុល្លារ។

រដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ តម្លើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មក។ ការសម្រេចនេះ ក្រោយមានហេតុការណ៍បង្ក្រាបលើកម្មករដែលទាមទារតម្លើងប្រាក់ឈ្នួល១៦៦ដុល្លារ ដោយហិង្សានៅផ្លូវវេងស្រេងបណ្តាលឱ្យកម្មករជាច្រើននាក់ស្លាប់ របួស និងត្រូវបានចាប់ខ្លួន។

ការតវ៉ារបស់កម្មករ ពេលនោះ មិនត្រឹមតែធ្វើឱ្យកម្មករអាចទទួលបានប្រាក់ឈ្នួលគោលកើនឡើងនៅឆ្នាំក្រោយៗនោះទេ ប៉ុន្តែបុគ្គលិកនយោជិត វិស័យឯកជន និងរដ្ឋផ្សេងទៀត ក៏ត្រូវបានតម្លើងប្រាក់ឈ្នួលជាបន្តបន្ទាប់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ យុត្តិធម៌សំរាប់ជនរងគ្រោះដែលបាត់បង់ជីវិត និងត្រូវបានជាប់ឃុំនៅពេលតវ៉ាកាលពីដើមឆ្នាំ២០១៤នោះ នៅតែគ្មានពន្លឺដដែល៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.