ភូមិ​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ញាំញី​ដោយ​សកម្មភាព​ថ្នាំ​ញៀន

ក្នុង​ទី​ប្រជុំជន​ស្កេះស្កះ​ដោយខ្ទម​មួយ​កន្លែង ដែល​មាន​ផ្លូវ​ខ្វាត់ខ្វែង​នៅ​ខណ្ឌ សែន សុខ រាជធានី​ភ្នំពេញ មាន​សហគមន៍​ក្រីក្រ​មួយ​ពោរពេញ​ដោយ​ថ្នាំ​មេតំ​ហ្វេ​តា​មីន ឬ ហៅ​ថា “ទឹកកក” ជា​ប្រភេទ​ថ្នាំ​ញៀន​ខ្លាំង តែ​មាន​តម្លៃ​ថោក ត្រូវ​បាន​គេ​លក់​ចេញពី​ខ្ទម​ជាច្រើន និង​ប្រើប្រាស់​ដោយ​ប្រជាជន​ក្នុង​សហគមន៍ មាន​តាំង​ពី​ក្មេង​អាយុ​១២​ឆ្នាំ​ឡើងទៅ។drug-city

នគរបាល​បាន​ធ្វើការ​ឆ្មក់​ចាប់​ជាង​៥០​លើក​ក្នុង​តំបន់​នោះ​កាលពី​ខែ​មុន ប៉ុន្តែ​សមាជិក​សហគមន៍​និយាយ​ថា មេខ្លោង​គឺ​ជា​មន្ត្រី​ថ្នាក់​ខ្ពស់​ម្នាក់ ហើយ​ថា​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​ក្នុង​ការ​ជួញដូរ​គ្រឿងញៀន​នេះ។

នៅ​ម្ខាង​ផ្លូវ​ទល់​មុខ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ គឺ​ភូមិ​ត្រពាំង​ឈូក​ក្នុង​សង្កាត់​ទឹក​ថ្លា មិន​សូវ​គេ​ស្គាល់​ទេ ប៉ុន្តែច្រក​ផ្លូវ​ដ៏​ចង្អៀត​នីមួយៗ​បែក​ចេញ​ពី​ផ្លូវ​ធំ គឺជា​ផ្លូវ​ចូល​ទៅ​កាន់​ផ្លូវដើរ​ធ្វើ​ពី​ឈើ​រយីករយាក ហើយ​ជា​ផ្លូវ​ទាល់ ដែល​តភ្ជាប់​ទៅ​នឹងផ្ទះ​ខ្ទម​ប្រក់​ស័ង្កសី​ប្រហែល​២០០​ខ្នង​ស្អេកស្កះ ដែល​អណ្តែត​ឃ្លីងឃ្លោង​លើ​បឹង​កក​ស្ទះ​ដោយ​សំរាម។

គេ​ដឹង​ឮ​គ្រប់គ្នា​ថា ភូមិ​អណ្តែត​ទឹកនេះ​គឺជា​សំបុក​មេតំហ្វេតាមីន​ប្រភេទ​គ្រីស្តាល់។ ផ្ទះ​ឈើ​ទាំង​នោះ ដែល​មាន​សំរាម​រាយប៉ាយ និង​ភ័ស្តុតាង​ផ្សេងទៀត​នៃ​ការ​ប្រើ​គ្រឿងញៀន មាន​ការ​ការពារ​ពីក្រុម​ក្មេង​ជំទង់​អ្នកលេង​ស្គមៗ ដែល​តែងតែ​សួរ​នាំ​អ្នក​យក​ព័ត៌មាន​ថា “តើ​អ្នក​ឯង​ចង់​បាន​អី”។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ដែល​ចត​ក្បែរ​ម្តុំ​ខ្ទម ដែល​ដូច​អ្នក​ផ្សេងទៀត​ដែរ​ដែល​សំុ​មិន​ប្រាប់​ឈ្មោះ​ព្រោះ​ខ្លាច​មាន​ការ​សង​សឹក បាន​និយាយ​ថា “ប្រយ័ត្ន។ អ្នក​នៅ​ទី​នោះ ពួកគេ​លក់​ថ្នាំ​ញៀន​ដូច​លក់​ត្រី​អ៊ីចឹង”។

ក្នុង​តំបន់​ហ្នឹង សមាជិក​ពីរ​គ្រួសារ ដែល​ផ្ទះ​ខ្ទម​របស់​ពួកគេ​នៅ​ឃ្លាត​ប្រហែល​មួយ​ម៉ែត្រ​ពី​ច្រក​ចូល​ដ៏​ចង្អៀត បាន​រៀបរាប់​អំពី​ទីផ្សារ​ចំហ​ដែល​គេ​លក់​ថ្នាំ​ញៀន​ទឹកកក​នេះ​ចេញ​សឹងតែ​ពី​គ្រប់​ច្រក​ទាំងអស់។ ពួកគេ​បាន​និយាយ​ថា ការ​ប្រើ​គ្រឿងញៀន​នៅ​គ្រប់​ទីកន្លែង​នេះ ជា​ប្រផ្នូល​ឲ្យ​យើង​ដឹង​អំពី​អនាគត​អាប់អួ​សម្រាប់​កូនៗ​របស់​ពួកគេ។ ពួកគេ​ក៏​ទទួល​ស្គាល់​ការ​លក់​ថ្នាំញៀន​នេះ​ដែរ។

បុរស​ម្នាក់​អាយុ​៤៥​ឆ្នាំ​ក្នុង​គ្រួសារ​មួយ​បាន​និយាយ​ថា “គេ​ចែកចាយ​ថ្នាំញៀន​នៅ​ទីនេះ​គ្រប់តែ​ពេល ទាំង​ថ្ងៃ​ទាំង​យប់”។ អ្នក​ជិតខាង​របស់​លោក ជា​ស្ត្រី​ម្នាក់​ក្នុង​វ័យ​ខ្ទង់​៤០​ឆ្នាំ បាន​ប្រមាណ​ថា យ៉ាងហោចណាស់​៨០​ភាគរយ​នៃ​គ្រួសារ​ទាំងអស់​ក្នុង​សហគមន៍​នេះ លក់​ម៉ាទឹកកក​ដើម្បី​បង្គ្រប់​ប្រាក់​ចំណូល​របស់គេ។

កូនស្រី​អាយុ១២​ឆ្នាំ​របស់​ស្ត្រី​រូប​នេះ​បាន​និយាយ​ថា ក្មេងៗ​អាយុ​ស្របាលៗ​នឹង​នាង ជា​អ្នក​ប្រើ​ជា​ទម្លាប់ ហើយថា ក្មេង​ជំទង់ៗ​នៅ​ម្តុំ​ជិតខាង​នាំគ្នា​មក​​កន្លែង​នេះ។

ក្មេង​ស្រី​រូប​នេះ​បាន​និយាយ​ថា “បើ​អ្នក​ចង់ទិញ​ថ្នាំញៀន មាន​តែ​៥​ដុល្លារ​ទិញ​បាន​ហើយ។ ខ្ញុំ​អាច​យក​ថ្នាំ​ឲ្យ​ឥឡូវ​ហ្នឹង”។

នគរបាល​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា ពួកគេ​កំពុង​ខិតខំ​អស់ពី​សមត្ថភាព​ដើម្បី​បោស​សម្អាត​ភូមិ​នេះ។ ពួកគេ​បាន​ពន្យល់​ថា ប៉ុន្តែ​ការ​ឆ្នក់​ចាប់​ជាច្រើន​លើក​ច្រើនសា​ក្នុង​តំបន់​នេះ គឺពិបាក​ណាស់ ពីព្រោះ​ពួកអ្នក​ចែកចាយ​ប្រើ​អ្នក​ឃ្លាំ​មើល​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន ដោយ​បន្សល់​ទុក​តែ​អ្នក​ប្រើ​និង​អ្នក​ចែកចាយ​តូចតាច​ឲ្យ​នគរបាល​ចាប់​ខ្លួន​ប៉ុណ្ណោះ។

អ្នក​ភូមិ​ម្នាក់​ទៀត​បាន​និយាយ​ថា “នគរបាល​និង​អាជ្ញាធរ​មូលដ្ឋាន​ដឹង​អំពី​ការ​ចែកចាយ​ថ្នាំញៀន​នេះ”។ ហើយ​អ្នក​ចែកចាយ​កំប៉ិកកំប៉ុក​ម្នាក់ អាយុ​៤៦​ឆ្នាំ បាន​បន្ថែម​ថា សឹងតែ​គ្រប់គ្នា​សូកប៉ាន់​ពួក​មន្ត្រី​ដើម្បី​កំុ​ឲ្យ​គេ​ចាប់​ខ្លួន។

គាត់​បាន​និយាយ​ថា “ត្រី​ធំ គឺ​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​ម្នាក់ ហើយ​ពេល​ដែល​នគរបាល​មក ពួកគេ​មិន​ចាប់​ខ្លួន​អ្នក​ចែកចាយ​នៅទីនោះ​ទេ គឺ​ចាប់​តែ​អ្នក​ប្រើប្រាស់​និង​អ្នក​មកពី​ខាង​ក្រៅ​ប៉ុណ្ណោះ”។

លោក តាន់ ណាវិន ជា​ចៅ​សង្កាត់​តាំងពី​ឆ្នាំ២០០៩មក បាន​បដិសេធ​ថា អាជ្ញាធរ​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សកម្ម​ភាព​ខុស​ច្បាប់​នេះ​ទេ។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា គេ​សង្ស័យ​មន្ត្រី​រាជអាវុធ​ហត្ថ​សក្តិ​ធំ​ម្នាក់​នៅ​ពីក្រោយ​ការ​ផ្គត់ផ្គង់​និងចែកចាយ​ម៉ា​ទឹកកក​នៅ​ភូមិ​ត្រពាំង​ឈូក​នេះ។

លោក​បាន​និយាយ​ថា “ខ្ញុំ​គិត​ថា ប្រាកដ​ជា​មាន​មន្ត្រី​ថ្នាក់​ធំ​ណា​ម្នាក់​នៅ​ពីក្រោយ​រឿង​នេះ ដែល​ធ្វើ​ឲ្យ​ពិបាក​បង្ក្រាប ពីព្រោះ​ពួក​អ្នក​ចែកចាយ​បាន​ដឹង​ជាមុន ហើយ​យើង​ចាប់​បាន​តែ​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ប៉ុណ្ណោះ។ ហើយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​មាន​ការ​ចាប់ ស្រាប់តែ​អ្នក​ប្រើ​ថ្នាំ​ញៀន​ត្រឡប់​មក​វិញ ពីព្រោះ​មាន​ការ​ដាក់​ទោសទណ្ឌ​ស្រាល​ពេក”។

ប្រជាជន​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​តោកយាក​នេះ​បាន​បាត់​បង់​ផ្ទះ​សំបែង​ដើម​របស់​ខ្លួន​ក្នុង​គ្រោះ​អគ្គិភ័យ​ឆ្នាំ​នា​២០០៨។

ពេលនោះ​អាជ្ញាធរ​មិន​បាន​បញ្ជូន​ពួកគេ​ទៅ​កាន់​ទីតាំង​ថ្មី​ទេ ទើប​ពួកគេ​បាន​សាងសង់​ទី​ជម្រក​បណ្តោះ​អាសន្ន​នៅ​កន្លែង​ភ្លើង​ឆេះ​នោះ។ យោង​តាម​លោក ណាវិន បាន​ឲ្យ​ដឹង​ថា តំបន់​នោះ​ក៏​ជា​កន្លែង​មាន​មនុស្ស​ច្រើន​ជួល​ផ្ទះ​ស្នាក់នៅ​បណ្តោះ​អាសន្ន​ដែរ ដែល​ធ្វើ​ឲ្យ​លំបាក​ក្នុង​ការ​កំណត់​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​រស់​នៅ​ក្នុង​តំបន់​នោះ​ពិតប្រាកដ។

ចៅសង្កាត់​រូបនេះ​បាន​មាន​ប្រសាសន៍​ថា “យើងដឹង​ថា​មាន​ប្រហែល​២០០​ផ្ទះ ប៉ុន្តែ​យើង​មិន​អាច​គ្រប់គ្រង​ចំនួន​ប្រជាជន​ដែល​ចេញ​ចូល​បាន​ទេ។ លោក​បាន​បន្ថែម​ថា ការ​សង់​សំណង់​លើ​ដីភក់​ល្បាប់​នោះ​គឺ​ខុស​ច្បាប់ ព្រោះ​វា​ជា​កម្មសិទ្ធិ​ឯកជន។ លោក​បាន​និយាយ​ថា លោក​មិន​បាន​ដឹងថា​នរណា​ជា​ម្ចាស់​ទេ។

លោក ម៉ក់ ហុង អធិការ​​​នគរ​​​បាល​​​​​​ខណ្ឌ សែន សុខ បាន​ច្រាន​ចោល​ការ​ចោទ​ដែល​ថា មន្ត្រី​បាន​ឃុបឃិត​ជាមួយ​ពួក​លក់​ថ្នាំ​ញៀន គឺ​ជា​ពាក្យ​ចចាមអារ៉ាម​សុទ្ធ​សាធ ហើយ​បាន​បន្ទោស​អាជ្ញាធរ​សង្កាត់​ថា​បាន​បណ្តែត​បណ្តោយ​ឲ្យ​មាន​សំណង់​ខុសច្បាប់ ដែល​បង្កើត​ឲ្យ​មាន​កន្លែង​ស្មុគស្មាញ​គ្រោះថ្នាក់ និង​ពិបាក​ចេញ​ចូល។

លោក​អធិការ​បាន​មាន​ប្រសាសន៍​ថា “ទាំង​នគរបាល​ទាំង​អាជ្ញាធរ​មិន​បាន​ពាក់ព័ន្ធ​ជាមួយ​ថ្នាំ​ញៀន​នៅ​ទីនោះ​ទេ ដូច្នេះ​យើង​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​ពី​អ្នកភូមិ​ដែល​បន្ទោស​យើង​ចំពោះ​បញ្ហា​នេះ​បាន​ឡើយ”។ លោក​បាន​បន្ថែម​ថា នគរបាល​នៅតែ​ធ្វើការ​ឆ្នក់​ចាប់​ជា​បន្ត ដើម្បី​កម្ចាត់​ពួក​លក់​ថ្នាំ​ញៀន។ “ទីតាំង​តំបន់​នោះ​គឺ​ស្មុគស្មាញណាស់ ហើយ​ផ្ទះ​មួយ​ចំនួន​សង់​លើ​ទឹក​តែ​ម្តង ដូច្នេះ​ហើយ​ពេល​ដែល​អាជ្ញាធរ​ចុះ​បង្ក្រាប ពួក​អ្នក​លក់​ថ្នាំ​អាច​លោត​ចូល​ទឹក ហើយ​ខ្លះ​លាក់​ខ្លួន​ក្នុង​ទឹក​ក្រោម​ផ្ទះ”។

លោក ម៉ក់ ហុង បាន​ស្នើ​ឲ្យ​មាន​កិច្ច​សហការ​ល្អ​ប្រសើរ​ឡើង​រវាង​មន្ត្រី​សង្កាត់​និង​មន្ត្រី​ខណ្ឌ ដើម្បី​កត់​សម្គាល់​និង​តាម​ដាន​មនុស្ស​ក្នុង​សង្កាត់​របស់​ខ្លួន។

លោក​បាន​មាន​ប្រសាសន៍​ថា “ផ្ទះ​ទាំង​នោះ​ត្រូវ​តែ​បិទ​ចោល ហើយ​ប្រជាជន​ត្រូវ​បង្ខំ​ឲ្យ​ចុះ​ឈ្មោះ…ពីព្រោះ​ថ្នាំញៀន​ត្រូវ​គេ​នាំ​ចូល​ក្នុង​តំបន់​នោះ​ពី​ទី​ផ្សេង ហើយ​គេ​មិន​ស្គាល់​ពួក​អ្នក​លក់​ថ្នាំញៀន។ បើ​មិន​មាន​ផ្ទះ​នៅ​ទី​នោះ​ទេ វា​នឹង​មិន​មាន​ថ្នាំ​ញៀន​ដែរ។ ប៉ុន្តែ​មិន​មែន​ជា​ការ​ទទួល​ខុសត្រូវ​របស់​នគរបាល​ទេ​ក្នុង​ការ​បិទ​កន្លែង​នេះ”។

លោក បាន់ សុភាព ប្រធាន​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន​នៃកង​កម្លាំង​រាជអាវុធហត្ថ​ក្រុង ដែល​អង្គភាព​របស់​លោក​បាន​ដឹកនាំ​ការ​ឆ្នក់​ចាប់​ភាគច្រើន​បំផុត​នៅ​ពេល​ថ្មីៗនេះ​នៅ​ត្រពាំងឈូក​នោះ បាន​មាន​ប្រសាសន៍​ថា ពាក្យ​ចចាម​អារ៉ាម​ដែល​ថា សហគមន៍​នេះ​ទទួល​រង​ការ​សង្កត់​សង្កិន​ពី​មន្ត្រី​យោធា​ជាន់​ខ្ពស់​ម្នាក់​នោះ​គឺ​មិន​ពិត​ទេ ហើយ​ថា កំពុង​មាន​ចំណាត់​ការ​កម្ចាត់​ពួកលក់​ថ្នាំ​ញៀន​ក្នុង​តំបន់​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​បញ្ឈប់​ការ​បង្ក្រាប​ទាំង​អ្នក​ប្រើ​គ្រឿងញៀន​ឬ​អ្នក​លក់​គ្រឿង​ញៀន​នៅ​ទីនោះ​ឡើយ ហើយ​កម្លាំង​របស់​យើង​នៅ​ទីនោះ​រាល់​ថ្ងៃ​ស៊ើប​អង្កេត​រក​ពួក​មេ​ខ្លោង”។ លោក​បាន​បន្ថែម​ថា បុរស​៣​នាក់​ដែល​ត្រូវ​​ចាប់​ខ្លួន​បាន​ក្នុង​តំបន់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ ហើយ​ត្រូវ​បាន​ចោទ​ពីបទ​ប្រើ​ប្រាស់​និង​ចែកចាយ​ម៉ា​ទឹកកក រីឯ​មនុស្ស​១១​នាក់​ផ្សេងទៀត​កំពុង​ជាប់​ឃុំ​រង់ចាំ​ការ​កាត់​ក្តី។

បញ្ហា​មួយ​ជ្រុង

លោក ដេវ ហាឌីង ទី​ប្រឹក្សា​បច្ចេក​ទេស​កម្មវិធី​បន្សាប​គ្រឿង​ញៀន​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល មិត្ត​សំឡាញ់​អន្តរជាតិ បាន​មាន​ប្រសាសន៍​ថា ស្ថានការណ៍​នៅ​ត្រពាំង​ឈូក គឺ​គ្រាន់តែ​ជា​បញ្ហា​ម៉ា​ទឹកកក​មួយ​ជ្រុង​តូច​ក្នុង​ប្រទេស​នេះ​ប៉ុណ្ណោះ។

លោក​បាន​មាន​ប្រសាសន៍​ថា ការពិត​ដែល​ថា​ការ​ប្រើប្រាស់​គ្រឿង​ញៀន និង​សកម្មភាព​ឧក្រិដ្ឋកម្ម​ដែល​ទាក់ទង​គ្នា កំពុង​កើត​មាន​ច្រើន​នៅ​តាម​សហគមន៍​ទីក្រុង​ក្រីក្រ​មួយ​ចំនួន ដែល​មិន​មែន​ជា​ទី​ផ្សារ​ចំណេញ​ច្រើន​ក្នុង​ពាណិជ្ជកម្ម​គ្រឿងញៀន​សាកល​​នោះ អាច​សន្និដ្ឋាន​បាន​ថា ចំនួន​គ្រឿងញៀន​ណាកូទិក​ដែល​មាន​ក្នុង​ប្រទេស​នេះ គឺ​ច្រើន​ជាង​ដែល​អាជ្ញាធរ​​ទទួល​ស្គាល់​ទៅទៀត។

លោក​បាន​បន្ថែម​ថា “ពេល​ដែល​សហគមន៍​មួយ​នៅ​ដាច់​ពីគេ វា​អាច​ក្លាយ​ជា​តំបន់​គ្រោះ​ថ្នាក់ ហើយ​ជាញឹកញាប់​ឧក្រិដ្ឋកម្ម​កើត​ឡើង​ប្រទាក់​ក្រឡា​គ្នា​ដូច​សំណាញ់​ពីងពាង ឬ​បណ្តាញ​បង​ធំ ដោយ​មាន​មនុស្ស​ខ្នងក្រាស់​នៅ​ចំណុច​កណ្តាល និង​ប្រជាជន​នៅ​ខាង​ក្រៅ។ មនុស្ស​ខ្នង​ក្រាស់​នោះ​ប៉ះពាល់​មិន​បាន​ទេ”។

ទាំងលោក គៀត ច័ន្ទ​ថា​រិទ្ធ អ្នក​នាំពាក្យ​នគរបាល​ជាតិ ទាំង​លោក ឡុង ឌី​ម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី បាន​បដិសេធ​មិន​អធិប្បាយ​អំពី​ស្ថានការណ៍​នៅ​ភូមិ​ត្រពាំងឈូក​ទេ។

របាយការណ៍​ស្តីពី​សន្តិសុខ​សហភាព​អឺរ៉ុប​អំពីអាស៊ីអាគ្នេយ៍​និង​ប្រទេស​ចិន​ដែល​ចេញ​កាលពី​ខែ​មេសា បាន​រក​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា អំពើ​ពុក​រលួយ​ក្នុង​ជួរ​នគរបាល​កំពុង​បន្ទុច​បង្អាក់​​ការ​អនុវត្ត​ច្បាប់​គ្រឿងញៀន។

របាយការណ៍​ឲ្យ​ដឹងថា “សមត្ថភាព​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​នៅ​ឡើយ​ក្នុង​ប្រទេស​កម្ពុជា។ អំពើ​ពុក​រលួយ​របស់​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​តូច​គួរ​ត្រូវ​ដោះស្រាយ​ដោយ​បង្កើន​ការ​ខិតខំ​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ការ​ជួញ​ដូរនិង​ការប្រើ​ប្រាស់​គ្រឿងញៀន”។

ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មីនា ក្រុមប្រឹក្សា​គ្រប់គ្រង​ណាកូទិក​អន្តរជាតិ បាន​រកឃើញ​ថា នៅ​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​ក្នុង​តំបន់​សម្រាប់​ការ​ជួញដូរ​ហេរ៉ូអីុន កូកាអីុន និង​ម៉ាទឹកកក និង​បាន​សំដែង​កង្វល់​ថា ម៉ាទឹកកក​ក៏​កំពុង​ត្រូវ​គេ​ផលិត​ក្នុង​ប្រទេស​នេះ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ផង​ដែរ។

របាយការណ៍​ដដែល​ក៏​បាន​រិះគន់​រដ្ឋាភិបាល​នេះ ព្រោះ​មិន​បាន​តាម​រក​ចាប់​ឈ្មួញ​គ្រឿង​ញៀន​ធំៗ។ “ឈ្មួញ​គ្រឿងញៀន​តូចតាច និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ក្លាយ​ជាគោលដៅ​សំខាន់​នៃ​ការ​ខិតខំ​គ្រប់គ្រង​គ្រឿងញៀន​​នៅ​កម្ពុជា”។

អ្នក​ភូមិ​ត្រពាំង​ឈូក​ម្នាក់​អាយុ​៥៤​ឆ្នាំ ដែល​កូន​ប្រុស​របស់​គាត់​សព្វថ្ងៃ​ជាប់​ពន្ធនាគារ ពី​បទ​ប្រើ​ប្រាស់​និង​ចែកចាយ​ម៉ាទឹកកក​បន្តិច​បន្តួច​នោះ បាន​ខកចិត្ត​នឹង​ភាព​អយុត្តិធម៌​នេះ។ លោក​បាន​និយាយ​ថា “គេ​មិន​ដែល​ផ្តោត​លើ​មេ​ឈ្មួញ​ធំៗ ឬ ឧត្តម​សេនីយ៍​ផ្កាយ​៣​ទេ។ គេ​ចាប់​តែ​មនុស្ស​ដូចជា​កូន​ប្រុស​របស់​ខ្ញុំ​អ៊ីចឹង វា​ស្រួល​ជាង”៕ មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.