មនុស្ស​​​ប្រាំនាក់​​​ស្លាប់​​​ បន្ទាប់​​​ពី​​​អគ្គិភ័យ​​​នៅក្លឹបកម្សាន្ត​​​​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​

យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា អគ្គិ​​​ភ័យ​​​មួយ​​​ដែល​​​បង្ក​​​ឡើង​​​ដោយ​​​​​​ខ្សែ​​​ភ្លើង​​​ម៉ាស៊ីន​​​បាញ់​​​ផ្សែង​​​បាន​​​បំផ្លាញ​​​ក្លឹប​​​រាត្រី​​​មួយ​​​កន្លែង​​​នៅ​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ក្នុង​​​ក្រុង​​ភ្នំពេញ​​​កាល​​​​​​ពីយប់​​​ថ្ងៃ​​​ច័ន្ទ​​​ និង​​​បាន​​​បណ្តាល​​​ឲ្យ​​​ស្លាប់​​​ស្ត្រី​​​ប្រាំ​​​នាក់​​​ ដែល​​​ជា​​​ការ​​​ឆេះ​​​មាន​​​មនុស្ស​​​ស្លាប់​​​ជា​​​លើក​​​ទី​​​២​​​នៅ​​​កន្លែង​​​កម្សាន្ត​​​នេះ​​​ក្នុង​​​រយៈ​​​ពេល​​​​មិន​​​ដល់​​​ពីរ​​​ឆ្នាំ​​​​​​ផង​​​។

បុរស​​​ម្នាក់​​​ថត​​​រូប​​​នៅ​​​ខាង​​​ក្នុងក្លឹបកម្សាន្ត​​​​​​ឃីក្លឹប​​​ ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពីម្សិលមិញ បន្ទាប់​​​ពីអគ្គិភ័យ​​​បាន​​​ឆាប​​​ឆេះ​​​បំផ្លាញ​​​អគារ​​​នេះ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

យោង​​​តាម​​ លោក ម៉ៅ ស៊ីវ៉ន ​មេ​​​ប៉ុស្តិ៍​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុគ្គលិក​​​ធ្វើ​​​ការ​​​ពីរ​​​នាក់​​​ និង​​​អ្នក​​​មក​​​លេង​​​កម្សាន្ត​​​ក្លឹប​​​បី​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​ពេល​​​ដែល​​​អណ្តាត​​​ភ្លើង​​​បាន​​ឆាប​ឆេះ​​ឃីក្លឹប នៅ​​​សង្កាត់​​​ចាក់អង្រែក្រោម​​​ក្រោយ​​​ម៉ោង​​​៨​​​យប់​​​​​​ ថ្ងៃ​​​ច័ន្ទ​​​បន្តិច។

លោក​​​បានលើក​​​ឡើង​​​​​​ថា “អគ្គិភ័យ​​​នេះ​​​បាន​​​កើតឡើង​​​ដោយ​​​សារ​​​ការ​​​ឆ្លងចរន្ត​​​អគ្គិសនី​​​ ក្នុង​​​ម៉ាស៊ីន​​​មួយ​​​ដែល​​​បាញ់​​​ផ្សែង​​​ចេញ​​​ពី​​​ជញ្ជាំង​​​ចូល​​​កណ្តាល​​​ក្លឹប​​​។ អគ្គិភ័យ​​​បាន​​​ រាល​​​ដាល​​​យ៉ាង​​​លឿន​​​ដោយ​​​សារ​​​ក្លឹប​​​នេះ​​​ពេញ​​​ទៅ​​​ដោយ​​​​​​សម្ភារ​​​ដែល​​​ងាយ​​​ឆេះ​​​”។

លោក​​​ ស៊ីវ៉ន បាន​​​និយាយ​​​ថា អគ្គិភ័យ​​​បាន​​​ចាប់​​​ផ្តើម​​​នៅ​​​ខាង​​​ចុង​​​ផ្លូវ​​​ដើរ​​​ក្នុង​​​ក្លឹប​​​ ​​​​​​ ហើយផ្សែង​​​​​​បាន​​​រាល​​​ដាល​​​ពេញ​​​អគារ​​​ភ្លាម​​​​​​​​​ ពិបាក​​​នឹង​​​រក​​ច្រក​​​ចេញ​​​ព្រោះ​​​មានច្រក​​​​​​តែ​​​មួយ​​​។

លោ​​​ក​​​បាន​​​និយាយ​​​ថា “ជន​​​រងគ្រោះ​​​បាន​​​ស្លាប់​​​ដោយសារ​​​មិន​​​មាន​​​អុកសីុហ្សែន​​​​​​ដក​​​ដង្ហើម​​​នៅ​​​ក្នុង​​​ក្លឹប​​​នេះ​​​។ ពួក​​​គេ​​​ភិត​​​ភ័យ​​​ខ្លាំង​​​ ហើយ​​​​​​រក​​​ច្រក​​​ចេញ​​​មិន​​​ឃើញ​​​”។

មេប៉ុស្តិ៍​​​រូបនេះ​​​បាន​​​ប្រាប់​​​ថា អ្នក​​​ស្លាប់​​​មាន​​​ ឈ្មោះ​​​ រស់ ថាវរី   អាយុ​​​២៨​​​ឆ្នាំ និង ​​​ហុក ​​​សុខ​​​លាង​​​ អាយុ​​​​​៤៤​​​ឆ្នាំ​​​ ដែល​​​ធ្វើ​​​ការ​​​ជា​​​បុគ្គលិក​​​ក្នុង​​​ក្លឹប​​​នោះ និង​​​ សៅ មេសា អាយុ​​​១៨​​​ឆ្នាំ​​​ សំ  ​​​ស្រី​​​ស្រស់  ​​​អាយុ​​​១៧​​​ឆ្នាំ​​​ និង​​​ កែ លីយ៉ា អាយុ​​​១៦​​​ឆ្នាំ​​​ទាំង​​​​​​បី​​​​​​នាក់​​​ជា​​​មិត្ត​​​ភក្តិ ដែល​​​បាន​​​ទៅ​​​ទី​​​នោះ​​​ជា​​​មួយ​​​គ្នា។

លោក ស៊ីវ៉ន បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា សន្តិសុខ​​​ពីរ​​​នាក់​​​ឈ្មោះ ឌី លីដា អាយុ​​​៣២​​​ឆ្នាំ​​​ និង​​​ ខុម​​​ចាន់​​​នុត អាយុ​​​២៥​​​​​​ឆ្នាំ​​​ បាន​​​រង​​​របួស​​​រលាក​​​ខ្លាំង​​​លើដង​​​ខ្លួន​​​ ហើយ​​​កំពុង​​​ទទួល​​​ការ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​។ លោក​​​បាន​​​បន្ថែម​​​ថា ចំនួន​​​មនុស្ស​​​រង​​​គ្រោះ​​​អាច​​​មាន​​​ច្រើន​​​ជាង​​​នេះ​​​ ប្រសិន​​​បើ​​​អគ្គិភ័យ​​​នេះ​​​កើត​​​ឡើង​​​នៅ​​​ពេល​​​យប់​​​ជ្រៅ​​​បន្តិច​​​​​​​​​​​​ ​​​ជា​​​ពេល​​​ដែល​​​ក្លឹប​​​មាន​​​មនុស្ស​​ទៅ​​​កម្សាន្ត​​​ច្រើន​​​។

ឈរ​​​នៅ​​​ខាង​​​ក្រោយ​​​​​​ក្លឹប​​​ដែល​​​ឆេះ​​​ខ្លោច​​​កាល​​​ពី​​​ម្សិលមិញ​​​ ជា សុភា ជា​​​សន្តិសុខ​​​ម្នាក់​​​ទៀត​​​​​​​​​បាន​​​រៀប​​​រាប់​​​អំពី​​​​​​របៀបដែល​​​គាត់​​​បាន​​​ព្យាយាម​​​ជួយ​​​មនុស្ស​​​បី​​​នាក់​​​មុន​​​ពេល​​​​​​​​​គាត់​​​រត់​​​គេច​​​ចេញ​​​ពី​​​អគ្គិភ័យ​​​។ គាត់​​​បាន​​​និយាយ​​​ថា ​​​”ពួក​​​គេ​​​ខ្លាច​​​ ហើយ​​​ពួក​​​គេ​​​មិន​​​ស្តាប់​​​ខ្ញុំ​​​ទេ​​​ ពួក​​​គេ​​​ចេះ​​​តែ​​​រត់​​​រក​​​ច្រក​​​ចេញ​​​។ ខ្ញុំ​​​ប្រឹង​​​ដក​​​ដង្ហើម​​​​​​ ហើយ​​​ខ្ញុំ​​​វារ​​​លើ​​​ដី​​​ ហើយ​​​បាន​​​រត់​​​ចេញ​​​ផុត​​​តាម​​​ច្រក​​​មុខ​​​”។

រូបថតៈ Jens Welding Ollgaard/The Cambodia Daily

លោក ព្រំ យ៉ន ប្រធាន​​​ផ្នែក​​​ពន្លត់​​​អគ្គិភ័យ​​​ក្រុង​​​បាន​​​និយាយ​​​ថា ឡាន​​​ទឹក​​​២២​​​គ្រឿង​​​បាន​​​ប្រឹង​​​ប្រែង​​​ពន្លត​​​់​​​ភ្លើង​​​នោះ​​​។

លោក​​​បាន​​​និយាយ​​​ថា “ក្លឹប​​​កម្សាន្ត​​​នេះ​​​គួរ​​​តែ​​​មាន​​​ច្រក​​​ចេញ​​​ច្រើន​​​ និង​​​គួរ​​​មាន​​​ផ្លូវ​​​សម្រាប់​​​ ឲ្យ​​​ផ្សែង​​​ចេញ​​​”។

កាល​​​ពី​​​ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១៣ អគ្គិភ័យ​​​មួយ​​​បាន​​​បណ្តាល​​​ឲ្យ​​​ស្លាប់​​​មនុស្ស​​​បី​​​នាក់​​​នៅ​​​ឃី​​​ក្លឹប​​​នេះ​​​ដែល​​​នៅ​​​ក្នុង​​​នោះ​​​មាន​​​ម្នាក់​​​​​​ជា​​​ម្ចាស់​​​ក្លឹប​​​ដោយ​​​សារ​​​​​​ផ្កា​​​ភ្លើង​​​នៅ​​​ពេល​​​កម្មករ​​​​​​ផ្សា​​​​​​រ​​​ដែក។​​​ នៅពេល​​​នោះ​​​អាជ្ញាធរ​​​បាន​​​និយាយ​​​ថា ការ​​​ខ្វះ​​​ច្រក​​​ចេញ​​​ជា​​​ហេតុ​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​

ស្លាប់​​​។ លោក​​​ ឌី រ័ត្នខេមរុណ អភិបាល​​​ខណ្ឌ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្លឹប​​​ដែល​​​​​​ខូច​​​ខាត​​​ដោយ​​​សារ​​​អគ្គិភ័យ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​បើក​​​ជា​​ថ្មី​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា “ក្លឹប​​​នេះ​​​នឹង​​​ត្រូវ​​​បិទ​​​ទាំង​​​ស្រុង​​​”។

លោក រ័ត្នខេមរុណ បាន​​​មាន​​​ប្រសាសន៍​​​លើក​​​ឡើង​​​ថា បេឡា​​​ជាតិ​​​របបសន្តិសុខ​​​សង្គម​​​នឹង​​​ចំណាយ ​​​លើ​​​ការ​​​ធ្វើ​​​បុណ្យ​​​សព​​​ ឲ្យ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​ប្រាំ​​​នាក់ ​​​ហើយ​​​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​គ្រួសារ​​​សព​​​​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ ជា​​​ផ្លូវ​​​ការ​​​ចំពោះ​​​ម្ចាស់​​​ក្លឹប​​​។

លោក​​​បាន​​​​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា “យើង​​​នឹង​​​ដំណើរ​​​ ការ​​​ពាក្យ​​​បណ្តឹង​​​ឲ្យ​​​បាន​​​ឆាប់​​​ ហើយ​​​បញ្ជូន​​​ពាក្យ​​​ បណ្តឹង​​​ទៅ​​​ព្រះរាជអាជ្ញា​​​រង​​​[នៅ​​​តុលាការ​​​ក្រុង​​​]” ដើម្បី​​​ទទួល​​​បាន​​​សំណង​​​សម្រាប់​​​គ្រួសារ ​​​របស់​​​ជន​​​រង​​​គ្រោះ​​​”។

ទាំង​​​លោក​​​ រ័ត្ន​​​ខេមរុណ ទាំង​​​លោក ​​​ស៊ីវ៉ន ​​​មេប៉ុស្តិ៍​​​ បាន​​​និយាយ​​​ថា ពួក​​​គាត់​​​មិន​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​ម្ចាស់​​​ក្លឹប​​​ទេ​​​ ប៉ុន្តែ អាជ្ញាធរ​​​កំពុង​​​ស្វះ​​​ស្វែង​​​ដើម្បីកំណត់​​​អត្ត​​​សញ្ញាណ​​​ និង​​​ចាប់​​​ពួក​​​គេ​​​មក​​​កាត់​​​ទោស​​​៕និត​​​  

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.