មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​លើក​​​ឡើង​​​ថា មន្ត្រី​​​នគរ​​​បាល​​​ដែល​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​តំណែង​​​

ទោះ​​​បី​​​ជា​​​មានការ​​​សន្យា​​​ពី​​​ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ចាម​​​ថា នឹង​​​ផ្តល់​​​ការ​​​លើក​​​លែង​​​​​​ទោស​​​ដល់​​​មន្ត្រី​​​នគរ​​​បាល​​​ដែល​​​សារភាព​​​ថា​​​ ខ្លួន​​​បាន​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ដោ​​​យ​​​ខុស​​​ច្បាប់​​​ក៏​​​ដោយ​​​ ក៏​​​មន្ត្រី​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​នគរ​​​បាល​​​ចំនួន​​​ពីរ​​​នាក់​​​ ដែល​​​បាន​​​​​​សារភាព​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​តំណែង​​​ដែរ​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​ធ្នូ​​​ លោក​​​ បែន​​​ រ័ត្ន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​ប្រកាស​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា មន្ត្រី​​​​​​នគរ​​​បាល​​​នៅ​​​ក្នុង​​​​​​​​​​​​​​​ខេត្ត​​​របស់​​​លោក​​​ ដែល​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន ត្រូវ​​​តែ​​​ជូន​​​ដំណឹង​​​ដល់​​​ថ្នាក់​​​លើ​​​របស់​​​ខ្លួន​​​ ហើយ​​​ទទួល​​​យក​​​ការ​​​ព្យាបាល​​​ បើ​​​ពុំ​​​ដូច្នោះ​​​ទេ នឹង​​​ប្រឈម​​​ការ​​​ផ្តន្ទាទោស​​​។ សេចក្តីថ្លែង​​​ការណ៍​​​េនះ​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា ​​​មន្ត្រី​​​នគរ​​​​​​បាល​​​ណា​​​ដែល​​​មក​​​សារភាព​​​មុន​​​ថ្ងៃ​​​ទី​​​១ ខែ​​​មករា​​​ នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​បន្ត​​​ការ​​​ងារ​​​ជា​​​កង​​​កម្លាំង​​​នគរ​​​បាល​​​របស់​​​ខ្លួន​​​បន្ត​​​ទៀត​​​​​​​​​។

ឧត្តម​​​សេនីយ៍​​​ត្រី បែន រ័ត្ន​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​មេតាំហ្វេតាមីន គឺ​​​មិន​​​មែន​​​ជា​​​រឿង​​​ចម្លែក​​​ទេ​​​នៅ​​​ក្នុង​​​ជួរ​​​នគរ​​​បាល​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម ហើយ​​​ថា ចាប់​​​តាំង​​​ពី​​​លោក​​​​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មក​​​មន្ត្រី​​​នគរ​​​បាល​​​ពីរ​​​នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​បាន​​​មក​​​សារភាព​​​ថា ខ្លួន​​​ពិត​​​ជា​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀ​​​ន​​​មែន។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ ដែល​​​ពីមុន​​​​​​លើក​​​ឡើង​​​ថា ឧត្តម​​​សេនីយ៍​​​ត្រី បែន រ័ត្ន គួរ​​​តែ​​​បាន​​​ស្នើ​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​ក្រសួង​​​មុន​​​ពេល​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​នគរ​​​បាល​​​ចំនួន​​​ពីរ​​​នេះ​​​រូប​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​តំណែង​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​លោក​​​ដឹង​​​ថា មន្ត្រី​​​នគរ​​​បាល​​​របស់​​​លោក​​​កំពុង​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ ហេតុ​​​អ្វី​​​បាន​​​ជា​​​លោក​​​មិន​​​ចាត់​​​វិធានការ​​​ដាក់​​​ពិន័យ​​​[ពួកគេ​​​]?។ ខ្ញុំ​​​គិត​​​ថា យក​​​ល្អ​​​គួរ​​​តែ​​​បណ្តេញ​​​ពួក​​​គេ​​​ចេញ​​​ពី​​​តំណែង​​​នគរបាល​​​​​​”។

ប៉ុន្តែ ដោយសារ​​​ឧត្តម​​​សេនីយ៍​​ត្រី បែន រ័ត្ន បាន​​​ផ្តល់​​​ការ​​​លើក​​​លែង​​​ទោស​​​ជា​​​ផ្លូវ​​​ការ​​​ដល់​​​មន្ត្រី​​​នគរ​​​បាល​​​របស់​​​លោក​​​នោះ​​​ ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​ទទួល​​​ស្គាល់​​​ថា ពួក​​​គេ​​​ទំនង​​​ជា​​​នឹង​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​កាន់​​​តំណែង​​​របស់​​​ខ្លួន​​​ដដែល​​​។

លោក ខៀវ សាម៉ុន ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​​​​​​​​​​ប្រឆាំង​​​​​​គ្រឿង​​​ញៀន​​​នៃ​​​​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា យោង​​​តាម​​​កាលទេសៈ​​​ធម្មតា មន្ត្រី​​​នគរ​​​បាល​​​ណា​​​ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា​​​បាន​​​ប្រើ​​​ប្រាស់​​​សារធាតុ​​​ញៀន​​​​​​ដោយ​​​​​​ខុស​​​ច្បាប់​​​ គឺ​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​​​​ហៅ​​​ឲ្យ​​​ទៅ​​​ធ្វើ​​​តេស្ត​​​​​​​​​រក​​​សារធាតុ​​​ញៀន ដោយ​​​ថ្នាក់​​​លើ​​​របស់​​​ខ្លួន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិនបើ​​​គេ​​​រក​​​ឃើញ​​​ថា ពួក​​​គេ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប្រើប្រាស់​​​គ្រឿង​​​ញៀន ពួក​​​គេ​​​គួរ​​​តែត្រូវ​​​បាន​​​បណ្តេញ​​​ចោល​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ទង្វើ​​​របស់​​​លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី​​​ បែន រ័ត្ន “អាច​​​នឹង​​​ធ្វើ​​​ឲ្យ​​​​​​ប៉ះ​​​ពាល់​​​ដល់​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​នគរ​​​បាល​​​ជាតិ​​​”។

ឧត្តម​​​សេនីយ៍​​​ត្រី អ៊ាវ ចំរើន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កណ្តាល​​​បាន​​​លើក​​​ឡើង​​​ថា ទោះ​​​បី​​​ជា​​​លោក​​​ស្វាគមន៍​​​ចំពោះ​​​ការ​​​ខំប្រឹង​​​ប្រែង​​​ដោះស្រាយ​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ក្នុង​​​ចំណោម​​​នគ​​​របាល​​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ ដែល​​​ជា​​​ខេត្ត​​​ជាប់​​​ខេត្ត​​​កណ្តាល​​​ក៏​​​ដោយ​​​ ក៏​​​លោក​​​​​​គ្មាន​​​បំណង​​​ធ្វើ​​​តាម​​​ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ចាម​​​ទេ បើ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​នោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​មន្ត្រី​​​​​​នគរ​​​បាល​​​ណា​​​ម្នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​របស់​​​ខ្ញុំ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ញៀន​​​ យើង​​​នឹង​​​​​​ដាក់​​​ទោស​​​ទណ្ឌ​​​​​​ពួក​​​គេ​​​តាម​​​ច្បាប់​​​”៕ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​​​​

​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.