មន្ត្រី​​​​​​ថា ផែន​ការ​​​​​​​​​​​​​​​​​​​គណៈរដ្ឋមន្ត្រី​ស្រមោល​របស់​សង្គ្រោះ​​​ជាតិ​​​​ ខុស​ច្បាប់​

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍កាលពីម្សិលមិញថា ផែនការរបស់គណបក្សសង្គ្រោះជាតិ បង្កើតគណៈរដ្ឋមន្ត្រីស្រមោលគឺខុសច្បាប់ ហើយសមត្ថកិច្ចនឹងមិនអនុញ្ញាតឡើយ នាំឱ្យតំណាងរាស្ត្រគណបក្សប្រឆាំងដែលទទួលបន្ទុកគំនិតនេះនិយាយថា គណបក្សនឹងមិនហៅវាថាគណៈរដ្ឋមន្ត្រីស្រមោលនោះទេ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រកាសផែនការតែងតាំងរដ្ឋមន្ត្រីស្រមោលមួយក្រុមនៅទីស្នាក់ការកណ្ដាលរបស់គណបក្សកាលពីថ្ងៃអង្គារ ដោយលើកឡើងថា វាជាការចាំបាច់សម្រាប់ក្រុមតំណាងរាស្ត្រអភិវឌ្ឍជំនាញគ្រប់គ្រងរដ្ឋាភិបាល។ ទោះជាយ៉ាងណា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា គ្មានមូលដ្ឋានច្បាប់សម្រាប់សកម្មភាពបែបនេះឡើយ ហើយមានតែរដ្ឋាភិបាលប៉ុណ្ណោះដែលអាចតែងតាំងគណៈរដ្ឋមន្ត្រីបាន។

cam-photo-sokha-jump-channaលោកគូសបញ្ជាក់ថា “វាខុសច្បាប់ ហើយនៅកម្ពុជា គ្មានច្បាប់ណាអនុញ្ញាតឱ្យគណបក្សបង្កើតគណៈរដ្ឋមន្ត្រីស្រមោលទេ។ រដ្ឋសភានឹងមិនទទួលស្គាល់អ្វីដែលពួកគេកំពុងធ្វើឡើយ ហើយនឹងមានចំណាក់ការពីរដ្ឋាភិបាល”។

ទោះបីជាគណៈរដ្ឋមន្ត្រីបក្សប្រឆាំងបែបនេះមាននៅក្នុងប្រព័ន្ធសភាផ្សេងទៀតក្ដី ក៏លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា “សូមកុំប្រៀបធៀបច្បាប់ប្រទេសផ្សេងជាមួយកម្ពុជា យើងមានច្បាប់របស់យើង។ ខ្ញុំជឿថា រដ្ឋាភិបាល ឬក៏ក្រសួងមហាផ្ទៃនឹងចាត់វិធានការ”។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការបំភ្លឺបានទេ ចំណែកឯលោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា លោកមិនទាន់មានយោបល់អ្វីទេទាក់ទិញបញ្ហានេះ។

លោកមានប្រសាសន៍ថា ”ខ្ញុំមិនយល់ថាពួកគេកំពុងធ្វើអីទេ។ រឿងសំខាន់គឺថា ពួកគេត្រូវតែគោរពច្បាប់”។

លោក សុន ឆ័យ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នឹងមិនហៅអ្វីដែលខ្លួនកំពុងបង្កើតថាជា “គណៈរដ្ឋមន្ត្រីស្រមោល” ឡើយ ហើយផ្ទុយមកវិញនឹងតែងតាំងតំណាងរាស្ត្រឱ្យទទួលបន្ទុកវិស័យគោលនយោបាយក្នុងឋានៈជាអ្នកនាំពាក្យរបស់គណបក្សសម្រាប់កិច្ចការទាំងនោះ។

លោកបានចោទសួរថា “សំណួរដែលត្រូវសួរនៅប្រទេសនេះគឺថា តើរដ្ឋាភិបាលយល់ពីសិទ្ធិរបស់គណបក្សក្នុងការត្រៀមខ្លួនសម្រាប់ពេលពួកគេឈ្នះឆ្នោត ដើម្បីឱ្យពួកគេអាចគ្រប់គ្រងប្រទេសប្រកបដោយប្រសិទ្ធភាពដែរទេ?។ ជំនួសឱ្យការអង្គុយជជែកគ្នាអំពីសិទ្ធិធ្វើដូច្នេះ យើងនឹងបង្កើតអ្នកនាំពាក្យបន្ថែមទៀត”។

សូមរំឭកថា លើកចុងក្រោយដែលគណបក្សប្រឆាំងបានព្យាយាមបង្កើតគណៈរដ្ឋមន្ត្រីស្រមោលកាលពីឆ្នាំ២០០៥ តំណាងរាស្ត្រ ជាម ចន្នី ដែលគណបក្សដាក់ឱ្យទទួលបន្ទុកកិច្ចការពារជាតិ បានជាប់ពន្ធនាគារពីបទបះបោរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់លោកថាកេណ្ឌ “កងទ័ពស្រមោល” ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។

លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) មានប្រសាសន៍ថា ការលើកឡើងរបស់លោក ឡេង ប៉េងឡុង ថាគ្មានច្បាប់ណាចែងអំពីគណបក្សបង្កើតគណៈរដ្ឋមន្ត្រីពេលនៅប្រឆាំង គឺត្រឹមត្រូវហើយ ប៉ុន្តែនោះក៏មិនមានន័យថា ការអនុវត្តបែបនេះជារឿងខុសច្បាប់ដែរ។

លោកគូសបញ្ជាក់ថា ”យើងមិនគួរបកស្រាយរឿងនោះថា គណបក្សមិនអាចបង្កើតក្រុមការងារ ឬគណៈកម្មការផ្ទាល់ខ្លួនដើម្បីបំពេញការងារមួយចំនួនជាមួយគណៈកម្មការនានានៃរដ្ឋសភា ឬដើម្បីព្យាយាមសិក្សាពីវិធីក្លាយខ្លួនជារដ្ឋាភិបាលនោះទេ”។

លោកបានបន្តថា ការភ័យខ្លាចដែលស្ដែងចេញមករបស់រដ្ឋាភិបាលចំពោះបញ្ហានេះ គឺកើតចេញពីសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលនៅពេលនោះព្រះអង្គម្ចាស់ នរោត្តម សីហនុ បានដឹកនាំ “រដ្ឋាភិបាលចម្រុះ” នៃកងកម្លាំងនៅតាមបណ្ដោយព្រំដែនថៃ ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងចិន ដើម្បីប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញ។

លោកមានប្រសាសន៍ទៀតថា “ការលើកឡើងអំពី ‘រដ្ឋាភិបាលស្រមោល’ គឺជាបញ្ហារសើប ពីព្រោះអំឡុងសង្គ្រាមស៊ីវិលមានរដ្ឋាភិបាលស្រមោល មានរដ្ឋាភិបាលពីរ ហើយពួកគេបានអះអាងថា បើបង្កើតរដ្ឋាភិបាលស្រមោល ប្រជាជនមិនយល់ទេ។ ប៉ុន្តែវាមិនមែនជាសង្គ្រាមស៊ីវិលទៀតទេ។ គណបក្សប្រឆាំងមានសិទ្ធិរៀនសូត្រដើម្បីក្លាយជារដ្ឋាភិបាលពិតប្រាកដ។ ពួកគេអាចធ្វើជាអ្នកនាំពាក្យបាន ដូច្នេះនៅពេលពួកគេក្លាយជារដ្ឋាភិបាល ពួកគេនឹងមានសមត្ថភាពធ្វើការងារលើគោលនយោបាយ។ វាគួរតែទទួលបានការលើកទឹកចិត្ត”។

លោក សុន ឆ័យ មានប្រសាសន៍កាលពីថ្ងៃអង្គារថា គណៈកម្មការទាំង១០របស់គណបក្សដែលទទួលបន្ទុកដោះស្រាយវិស័យគោលនយោបាយខុសៗគ្នា នឹងតែងតាំងរដ្ឋមន្ត្រីស្រមោល ឬអ្នកនាំពាក្យផ្លូវការសម្រាប់កិច្ចការនីមួយៗនៅដំណាច់ឆ្នាំនេះ៕ សុខុម

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.