មន្រ្តី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​អះអាង​ថា​ មន្រ្តី​កំពូល​មួយ​ចំនួន​របស់​បក្ស​សង្គ្រោះ​ជាតិ​អាច​មិន​ត្រូវ​លើក​លែង​ការ​ហាម​សិទ្ធិ​នយោបាយ​

មន្រ្តី​ជាន់ខ្ពស់​របស់​ក្រសួង​មហា​ផ្ទៃ​ព្រមាន​ថា​ អនុប្រធាន​ពីរ​រូប​របស់​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​មាន​វត្តមាន​នៅ​បរទេស​អាច​មិន​ទទួល​បាន​ការ​លើក​បម្រាម​នយោបាយ​នយោបាយ​នោះ​ឡើយ។​

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ដក​ស្រង់​សម្តី​អ្ន​កនាំពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក​ឧត្តមសេនីយ៍​ខៀវ សុភ័គ​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ថា​  អនុ​ប្រធាន​ពីរ​រូប​របស់​បក្ស​សង្គ្រោះ​ជាតិ​គឺ​អ្នកស្រី​មូរ សុខហួរ​ និង​លោក​អេង ឆៃអ៊ាង​ ទំនង​ជា​មិន​អាច​ទទួល​បាន​ការ​លើកលែង​បម្រាម​​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​នោះ​ទេ​ ដោយ​សារ​អ្នក​ទាំងពីរ​បាន​ធ្វើ​សកម្ម​ភាព​នយោបាយ​​រំលោភ​លើ​សាលក្រម​របស់​ តុលាការ​កំពូល។​ លោក​បន្ត​ថា ​លោក​ប៉ុល ហំម​ ដែល​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មន្រ្តី​របស់​បក្ស​នេះ​មួយ​ចំនួន​ទៀត​នឹង​ត្រូវ​បាន​ការ​លើក​លែង​បម្រាម​សិទ្ធិ​ធ្វើ​នយោបាយ។​

ប៉ុន្តែ​លោក​អេង ឆៃអ៊ាង​ បាន​សរសេរ​នៅ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ថា ​លោក​មិន​ត្រូវ​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ជន​ផ្តាច់​ការ​នោះ​ឡើយ។​

លោក​បន្ត​ថា​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​មាន​តាំងពី​កំណើត​មក​ម្ល៉េះ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​ជាច្បាប់​កំពូល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​ លោក​អេង ឆៃអ៊ាង​អះអាង​ថា​ ការ​អនុម័ត​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​របស់​លោក​ហ៊ុន សែន​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​ដែល​មិន​ទទួល​ យក​បាន​នោះ​ឡើយ៕​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.