មាន​ការ​ព្រួយ​បារម្ភអំពីកុមារ​ ពេល​ជន​ចំណាក​ស្រុក​ត្រឡប់​ទៅ​ប្រទេស​ថៃវិញ​

បន្ទាប់ពី​ការ​ចាក​ចេញ​ដ៏​គំហុក​​នៃ​ពលករ​ចំណាក​ស្រុក​ខ្មែរ​ពី​ប្រទេស​ថៃ​កាលពីខែមុន អង្គការ​ទស្សនៈ​ពិភព​លោក​ (World Vision) បាន​ឲ្យ​ដឹង​ថា ចំនួន​កុមារ​ដ៏ច្រើន​បាន​វង្វេង​ និង​បាន​បែក​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​នៅ​ព្រំដែន​។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​កាលពី​ម្សិលមិញ អង្គការ​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជា​ថ្មី​ម្ដង​ទៀត កុមារ​ជាច្រើន​បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ជាមួយ​គ្រួសារ​របស់​ខ្លួន​ ដោយ​ធ្វើ​ឲ្យ​ពួកគេងាយ​រង​គ្រោះ​ និងគ្មាន​ឯកសារ​។

លោក ចាសុន អុីវ៉ាន នាយក​អង្គការ​ទស្សនៈ​ពិភព​លោក​ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា “បុគ្គលិក​របស់​យើង​ដែល​ធ្វើ​ការ​នៅ​បណ្ដោយ​ព្រំដែន​ បាន​រាយការណ៍​អំពី​ជន​ចំណាក​ស្រុក​ជា​ច្រើន​ក្រុម​ដែល​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ ដោយ​មិន​រង់​ចាំ​ការ​ធ្វើ​ឯកសារ​ស្រប​ច្បាប់​ ព្រោះ​​គិត​ថា ដំណើរ​ការ​ធ្វើ​ឯកសារ​នឹង​ប្រើ​ពេល​យូរ​”។

លោក អុីវ៉ាន បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា “ក៏ប៉ុន្តែ​​កង្វល់​ជា​ចម្បង​របស់​យើង​ គឺ​ចំពោះ​កុមារ​ដែល​ទៅ​ជាមួយ​ ពួកគេ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​កាន់​តែ​ខ្លាំង​ ព្រោះ​​ត្រូវ​នាំ​ចូល​ប្រទេស​មួយ​ផ្សេង​ដោយ​គ្មាន​ឯកសារ​ និង​គ្មាន​ការ​ការ​ពារ​”។ លោក​បាន​មាន​ប្រសាសន៍​ថា ជាធម្មតា​ក្មេង​ទទួល​បាន​ផល​ប្រយោជន៍​ជាច្រើន​ពីការ​ស្នាក់​នៅ​ជាមួយ​ក្រុម​គ្រួសារ​​សាច់​ញាតិ​ក្នុង​ប្រទេស​កម្ពុជា ជា​ទីដែល​ពួកគេ​មាន​សុវត្ថិភាព​ជាង​ និង​បាន​ទៅ​រៀន​សូត្រ​។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ” ចេញ​​ពីបទ​ពិសោធន៍​របស់​យើង​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចាក​ចេញ​ពល​ករ​ដ៏​គំហុក​នៅ​ច្រក​ព្រំដែន​ប៉ោយ​បែ៉ត​កាលពី​ខែមុន យើង​បាន​ជួប​ប្រទះ​ករណី​ជា​ច្រើន​នៃ​ក្មេង​វង្វេង​ឪពុក​ម្ដាយ​ គឺ​ក្មេង​ដែល​រក​ឪពុក​ម្ដាយ​របស់វា​មិន​ឃើញ​ ខណៈ​ដែល​ពួកគេ​ចេញ​ពី​ប្រទេស​ថៃ​។ ប្រសិន​បើ​ឪពុក​ម្ដាយ​បន្ត​ធ្វើ​ចំណាក​ស្រុក​ជា​ធម្មតា​នោះ ក្មេង​ៗ​នឹង​បន្ត​បែក​ចេញ​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​”។

លោក ស៊ុន សំអាត នាយ​នគរ​បាល​អន្តោប្រវេសន៍​ក្រុង​បោ៉យ​ប៉ែត បាន​មាន​ប្រសាសន៍​ថា ក្មេង​២៤​នាក់​ស្ថិត​ក្នុងចំណោម​ក្មេង​ខ្មែរ​៤២០​នាក់​ត្រូវ​បាន​ប្រមូល​នៅ​ប្រទេស​ថៃ​ ហើយ​​ត្រូវ​បាន​បញ្ជូន​មក​ព្រំដែន​កាលពី​ម្សិលមិញ។ លោក​បាន​ឲ្យ​ដឹងទៀតថា “ខ្ញុំ​មិន​ដឹង​ថា ច្រកព្រំ​ដែនណា​ដែ​លពួកគេ​បាន​ប្រើ​ដើម្បីចូល​ទៅ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​បញ្ជូន​មក​វិញ​តាម​ច្រក​របស់​ខ្ញុំ​។ ពួកគេ​បាន​ចាញ់​បោក​មេខ្យល់​”។

ខណៈ​ដែល​លោក​​ សំអាត បាន​ឲ្យ​ដឹង​ថា ពលរដ្ឋខ្មែរ​រាប់​ពាន​់នាក់​កំពុង​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​វិញ​រាល់​ថ្ងៃ​នោះ មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ​ជាកុមារ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ក្មេង​ពីរ​ទៅ​បី​នាក់​មាន​លិខិត​ឆ្លង​ដែន​ ក៏ឆ្លង​ព្រំដែន​រាល់​ថ្ងៃ​ដែរ​”៕ មានិត​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.