មេដឹកនាំរបបក្រុងភ្នំពេញជំរុញឲ្យពលរដ្ឋបន្តរក្សាសន្តិភាព

ក្នុង​ឱកាស​ទិវា​ប្រារព្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​ លើក​ទី​៧០​ លោក​ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ត្រូវ​រក្សា​សន្តិភាព​ឲ្យ​បាន​ត​រៀង​ទៅ​ ដើម្បី​កុំឪ្យ​បាត់​បង់​ទាំង​ស្រុង​ដូច​កាល​ពី​របប​ខ្មែរ​ក្រហម។​

ការ​អំពាវ​នាវ​របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ​ធ្វើ​ឡើង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១០​ខែធ្នូ។​

មេដឹកនាំ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ ​យូរ​ជាង​គេ​ក្នុង​តំបន់​ អាស៊ី​រូប​នេះ ​អះអាង​ថា​ ពលរដ្ឋ​ខ្មែរ​បាន​បាត់​បង់​សិទ្ធិ​សេរីភាព​ទាំង​ស្រុង​នៅ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ដឹកនាំ​ដោយ​ក្រុម​ខ្មែរ​ក្រហម​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ​១៩៧៩​ ហើយ​ពេល​នោះ​ប្រជាជន​កម្ពុជា​មិន​មាន​សិទ្ធិ​សេរីភាព​អ្វី​ទាំង​អស់​ សូម្បី​សិទ្ធិ​រស់រាន​មាន​ជីវិត​ សិទ្ធិ​ទទួល​ទាន​អាហារ ​សិទ្ធិ​ពិនិត្យ​ព្យាបាល​ជំងឺ​ សិទ្ធិ​ក្នុង​ជំនឿ​សាសនា​ សិទ្ធិ​ទទួល​បាន​ការ​សិក្សា​អប់រំ ​សិទ្ធិ​ជ្រើស​រើស​តំណាង​រាស្រ្ត​ និង​សិទ្ធិ​បញ្ចេញ​មតិ​ សិទ្ធិ​រៀប​អាពាហ៍​ពិពាហ៍​ និង​សិទ្ធិ​ប្រកប​ការងារ​នោះ​ឡើយ។​

ទោះ​ជាយ៉ាងណា​ក៏​ដោយ​ ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អះអាង​ថា​ សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​នៅតែ​រង​ការ​រឹតត្បិត​នៅឡើយ​ ជាពិសេស​ដូចជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ សិទ្ធិ​ក្នុង​ការ​ចូល​រួម​វិស័យ​នយោបាយ​ និង​សិទ្ធិ​ជា​ច្រើន​ទៀត។​

ពួក​គេ​និយាយ​ថា​ ជាក់​ស្តែង​ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ឆ្នូ​លើក​ទី​៧០​ឆ្នាំ​នេះ ​នៅ​តែ​ស្ថិត​ក្រោម​ការ​រឹត​ត្បិត​ដដែល ​ដោយ​សារ​រដ្ឋាភិបាល​បាន​បញ្ជូន​ និង​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នៅ​តាម​ទីតាំង​នៃ​ទីលាន​ប្រជា​ធិបតេយ្យ​ដែល​នាំ​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពួក​គេ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.