មេ​ដឹកនាំ​សហជីព​មួយ​រូប​ព្រមាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​របស់​ តុលាការ​ក្រុង​ភ្នំពេញ​ដែល​សម្រេច​ព្យួរទោស​ចំនួន​ពីរ​ឆ្នាំ​៦​ខែ​

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក​រ៉ុង ឈុន ​កាលពី​ថ្ងៃ​ទី​១២​ ​ខែ​ធ្នូ ​អះអាង​ថា ​លោក​នឹង​ស្នើឲ្យ​មេធាវី​របស់​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​ របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​កាត់​សេចក្តី​ឲ្យ​មេ​ដឹកនាំ​សហជីព​ចំនួន​៦​នាក់​រួមទាំង​រូប​លោក​ផង​នោះ​ ជាប់​ពន្ធនាគារ​២​ឆ្នាំ​៦​ខែ​ ប៉ុន្តែ​ជា​ទោស​ព្យួរ​ហើយ​ត្រូវ​សង​ប្រាក់​ជាង​៣០​លាន​រៀល​ទៅ​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​ និង​មន្រ្តី​នគរបាល​ពីរ​រូប​ទៀត។​

លោក​រ៉ុង ឈុន​ អះអាង​ថា​ សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ជា​សាលក្រម​អយុត្តិធម៌។​

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​​ឲ្យ​មេ​ដឹកនាំ​សហជីព​៦​ រូប​

រួម​មាន លោក​ជា មុនី ​លោក​អាត់ ធន់ ​លោក​ប៉ាវ ស៊ីណា ​លោក​រ៉ុ ន ឈុន ​ អ្នកស្រី​យ៉ាង សោភ័ណ្ឌ ​និង​អ្នកស្រី​ម៉ម ញឹម​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ជាង​ពីរ​ឆ្នាំ ​ប៉ុន្តែ​ទោស​ទាំង​នោះ​ត្រូវ​ព្យួរ​ពាក់ព័ន្ធ​នឹង​ ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​កាល​ពី​អំឡុង​ឆ្នាំ​២០១៤​ នៅមុខ​សួន​កាណាឌីយ៉ា ​ស្ថិត​លើ​ផ្លូវ​វេងស្រេង។​

ប៉ុន្តែ​លោក​ហ៊ុន សែន​បាន​អះអាង​នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ នៅ​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ទី​១២​​ខែ​ធ្នូ​ ថា​ មេ​ដឹកនាំ​សហជីព​ចំនួន​៣​រូប​ មាន​លោក​អាត់ ធន់ ​លោក​ជា មុន្នី ​និង​លោក​ប៉ាវ ស៊ីណា​មិន​បានដឹក​នាំ​តវ៉ា​នៅ​ផ្លូវ​វេងស្រេង ​ដូច​ការ​ចោទ​ប្រកាន់​ របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ឡើយ។​

ទោះជាយ៉ាង​ណា​ក៏ដោយ​ លោក​រ៉ុង ឈុន​អះអាង​ថា ​ តុលាការ​គួរ​នាំខ្លួន​អ្នក​បាញ់​សម្លាប់​កម្មករ​ និង​អ្នក​បញ្ជា​ឲ្យ​មាន​ព្រឹត្តិ​ការណ៍​បង្ហូរ​ឈាម​លើ​ផ្លូវ​វ៉េងស្រេង​កាលពី​ឆ្នាំ​២០១៤​នោះ​​ មក​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់​នូវ​អំពើ​មនុស្ស​ឃាត​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ជាជាង​​ផ្តន្ទាទោស​មេ​ដឹកនាំ​សហ​ជីព​ដែល​ការពារ​សិទ្ធិ​កម្មករ​នោះ។​​

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​របស់​កម្មករ​លើ​ផ្លូវ​វេងស្រេង​ជាយ​ក្រុង​ភ្នំពេញ ​កាលពី​ដើម​ខែ​មករា​ឆ្នាំ​២០១៤​ ក្រុម​សមត្ថ​កិច្ច​ចម្រុះ​ដែល​បំពាក់​អាវុធ​ទំនើបៗ​គ្រប់ដៃ​បាន​បើក​ការ​បាញ់​រះទៅ​លើ​ក្រុម​បាតុករ​ បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់​នៅនឹង​កន្លែង​ មនុស្ស​ជាច្រើន​បាត់​ខ្លួន ​ហើយ​ជាច្រើន​នាក់​ទៀត​រង​របួស ​ជា​ទម្ងន់៕​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.