ម៉ាឌូរ៉ូ ណែនាំឱ្យអនុប្រធានាធិបតីរបស់លោកវាយប្រហារលោកត្រាំនៅ ឯមហាសន្និបាតUN ខណៈលោកមិនហ៊ានទៅចូលរួមប្រជុំ

ប្រធានាធិបតី ប្រទេសវេណេហ្សូអេឡា លោក Nicolas Maduro បាន ណែនាំអោយ អនុប្រធានាធិបតីរបស់លោក វាយប្រហារប្រធានាធិបតី អាមេរិកលោកដូណាល់ត្រាំ អំពីការដាក់ទណ្ឌកម្មលើ ប្រទេសរបស់លោក នៅឯមហាសន្និបាត អង្គការសហប្រជាជាតិ នៅក្រុងញូយ៉ក ដែល ប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយនេះ ។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញានេះថា លោក Maduro បានចាត់តាំង អនុប្រធានាធិបតីនិងរដ្ឋមន្ត្រីការបរទេសរបស់លោកអោយទៅថ្លែងសុន្ទរកថាជំនួសលោកនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៤ ដែលគណៈប្រតិភូរបស់ប្រទេសវេណេហ្សូអេឡា នឹងធ្វើឡើងនៅ ចុងខែកញ្ញានេះ។

លោកម៉ាឌូរ៉ួនិយាយថា លោក Delcy Rodriguez និង Jorge Arreaza  នឹងចូលរួមវេទិកានេះ ដែលពួកគេ តំណាងអោយរូបលោក ហើយត្រូវលាតត្រដាង អំពើអាក្រក់របស់លោកត្រាំ នៅឯកិច្ចប្រជុំពិភពលោកនេះ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក ដែលបញ្ជាអោយក្រុមហ៊ុន និងប្រទេសផ្សេងៗទៀត មិនអោយទិញប្រេងរបស់ប្រទេស                   វេណេហ្សូអេឡា។

លោកម៉ាឌូរ៉ូបញ្ជាក់ថា ស្នាមមេដៃពលរដ្ឋវេណេហ្សូអេឡា យ៉ាងតិច ១២លាននាក់ នឹងដាក់ជូនមហាសន្និបាតនេះ ដើម្បីបង្ហាញពីការប្រឆាំងការដាក់ទណ្ឌកម្មនេះ ហើយ បង្ខំអោយខ្លួនលោកចាកចេញពីតំណែង។

លោកម៉ាឌូរ៉ូបាននិយាយទៅកាន់យុវជនគណបក្សសង្គមនិយមរបស់លោកថា មិនត្រឹមតែការដាក់ទណ្ឌកម្ម ប៉ុណ្ណោះទេ គឺរដ្ឋការរបស់លោកត្រាំ បានធ្វើវិច្ឆេទកម្ម ផ្ដាច់ចរន្តអគ្គីសនី លើប្រទេស  វេណេហ្សូអេឡាទៀតផងដែលលោកថាបានប៉ះពាល់ខ្លាំងណាស់លើប្រជាជនរបស់លោក។

លោកម៉ាឌូរ៉ូ ដែលក្រុងវ៉ាស៊ីនតុន ចោទថាជាមេដឹកនាំផ្ដាច់ការពុករលួយ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ កាលពីឆ្នាំមុន ស្រាប់តែមានវត្តមាន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដែលគេមិននឹកស្មានថា បុរសរូបនេះ ហ៊ានទៅក្រុងញូវយ៉កនោះទេ ដោយសារលោកប្រឈមនឹងការធ្វើរដ្ឋប្រហារទំលាក់ពីអំណាចដោយ ក្រុមប្រឆាំង ដឹកនាំដោយ លោកវ័ន្តកៃដូ ដែលសហរដ្ឋអាមេរិក និងប្រទេសជាង៥០ គាំទ្រ ដោយចាត់ទុកថាជាប្រមុខរដ្ឋស្ដីទីនៃប្រទេសវេណេហ្សូអេឡា។

នៅពេលថ្លែងសុន្ទរកថា លោកប្រធានាធិបតីត្រាំ បានវាយប្រហារលោកម៉ាឌូរ៉ូថា កំពុងដឹកនាំប្រទេស និងប្រជាជនវេណេហ្សូអេឡា ទៅរកសេចក្ដីគ្រោះថ្នាក់ ដោយលោកម៉ាឌូរ៉ូ ដឹកនាំដោយផ្ដាច់ការ ព្រោះ ជាមេដឹកនាំមានទោសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលលោកត្រាំប្រាប់វេទិកាពិភពលោកនេះថា មិនគួរទុកអោយរបបនេះបន្តរស់នៅទៀតនោះទេ។

ភ្លាមៗបន្ទាប់ពីលោកត្រាំថ្លែងចប់ស្រាប់តែឃើញលោកម៉ាឌូចូលមកដល់ ហើយក៏ថ្លែងវាយបកលោកត្រាំវិញភ្លាម។លោកម៉ាឌូរ៉ូចាត់ទុកសហរដ្ឋអាមេរិកជារដ្ឋចក្រព័ត្របែបទំនើប ដែលមិនទុកអោយប្រទេសដទៃរស់បានស្រួលឡើយ។

ព្រឹត្តិការណ៍នេះ បង្កអោយ បរិយាកាសនៃវេទិកានេះ រំជើបរំជួល និងភ្ញាក់ផ្អើលជាខ្លាំង។ ប៉ុន្តែមិនបានប៉ុន្មានផងមេដឹកនាំប្រទេសកាណាដា បារាំង កូឡំប៊ី អាហ្សង់ទីន ប្រេស៊ីល និងប៉េរ៉ូបាន សម្រេច ប្ដឹងលោកម៉ាឌូរ៉ូទៅកាន់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។

យ៉ាងណា បើតាមប្រភពព័ត៌មាន មួយទៀត គឺ Mail Daily លោក ម៉ាឌូរ៉ូ ដែលអាចមិនហ៊ាន ទៅកាន់ក្រុងញ៉ុយក នៅឆ្នាំនេះ ទំនងមកពីលោក បាត់បង់ការគាំទ្រ ពីមេដឹកនាំជាច្រើន ហើយមិនចង់ខ្មាស់អៀន ជាថ្មីទៀតព្រោះតែ សេដ្ឋកិច្ចនៃរបបរបស់លោកកំពុងដួលរលំទៅហើយ ដោយសារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម។

វិធានការនេះបណ្ដាលអោយពលរដ្ឋវេណេហ្សូអេឡា ជិត៤លាននាក់រត់ទៅរកងារធ្វើនៅប្រទេសជិតខាង។ ប៉ុន្តែអ្នកសង្កេតការណ៍យល់ថា លោកម៉ាឌូរ៉ូទំនងមិនទៅកាន់មហាសន្និបាត អង្គការសហប្រជាជាជាតិពេលនេះ  គឺមេដឹកនាំផ្ដាច់ការរូបនេះ ខ្លាចមានរដ្ឋប្រហារជាថ្មីទៀតទំលាក់ លោក ព្រោះតែ កងទ័ពរបស់លោក កំពុង ប្រឈមមុខដាក់គ្នា នៅតាមព្រំដែនជាមួយប្រទេសកូឡំប៊ីដែលគេថា ជាចលនាទៅរកសង្រ្គាម ហើយងាយធ្វើអោយលោកម៉ាឌូរ៉ូធ្លាក់ពីអំណាច៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.