រដ្ឋបាល​ជលផល​​ស្នើ​សុំ​បង្កើត​​​ការិយាល័យ​មួយ​នៅក្នុង​​​​ខេត្ត​កែប

រដ្ឋបាល​ជលផល (FiA) នៃ​ក្រសួង​​កសិ​​​កម្ម​​រំពឹង​ថា នឹង​បង្កើន​វត្តមាន​របស់ខ្លួន​​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ ដោយ​ការ​បើក​ការិយា​​​ល័យ​ថ្មី​មួយ​​នៅ​ខេត្ត​កែប ជា​ទីដែល​ការ​នេសាទ​​​​ខុស​ច្បាប់​​ដោយ​នាវា​​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​​​បាន​ធ្វើ​ឲ្យ​ហិនហោច​​ពូជ​ត្រី​​យ៉ាង​ច្រើន​ និង​បាន​បំផ្លាញ​​តំបន់​ដ៏​ធំ​នៃ​​ប្រព័ន្ធ​អេកូឡូ​ស៊ី​ក្រោម​ទឹក។

យោង​តាម​​លោក អេង ជាសាន អគ្គនាយក​​​​​ រដ្ឋបាល​ជលផល​​​បាន​ឲ្យ​ដឹង​ថា ឈូង​សមុទ្រ​កែប​​​​​ ដែល​ជា​ធម្មតា​​មាន​នាវា​អូស​ចៃរ៉ា​​ខ្មែរ​ខុស​ច្បាប់ និង​ជួន​កាល​មាន​នាវា​​អូស​គូ​ធំៗ​មកពី​​ប្រទេស​វៀតណាម​ផង​នោះ សព្វ​ថ្ងៃ​នេះ​​ស្ថិត​នៅ​​ក្រោម​យុត្តាធិការ​​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពត ប៉ុន្តែ​គួរ​តែ​មាន​​កម្លាំង​ផ្ទាល់​ខ្លួន។

លោក ជាសាន​ បាន​មាន​ប្រសាសន៍​​កាល​​​ពី​ម្សិលមិញ​ថា ” FiA ​បាន​​ធ្វើ​សំណើ​ ​ហើយ​វា​ស្ថិត​​​​នៅ​ក្រសួង​​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ។ យើង​សង្ឃឹម​ថា នឹង​ទទួល​បាន​​ការ​សម្រេច​យល់ព្រម​​ក្នុង​ពេល​ឆាប់ៗ​”។ ក៏​ប៉ុន្តែ​លោក​មិន​បាន​និយាយ​ថា បាន​ធ្វើ​សំណើ​នោះ​​​​នៅ​ពេល​ណា​ទេ។

លោក​បាន​បន្ថែម​ថា “កែប​​ជា​ខេត្ត​របស់​ខ្លួន​​​ផ្ទាល់​​​ ហើយ​គ្រប់​ខេត្ត​​គួរ​មាន​​ខណ្ឌ​រដ្ឋបាល​​​​ របស់​ខ្លួន​ផ្ទាល់”។ លោក​​បាន​បដិសេធ​​មិន​ពន្យល់​​ថា សាខា​ថ្មី​នេះ​​នឹង​​ដំណើរ​ការ​​របៀប​ណា​​​​ទេក្រៅតែ​ពី​និយាយ​ថា “ពិត​មែន​ហើយ នឹង​មាន​​ការ​ល្បាត​ថែមទៀត”។

បំពាក់​ដោយ​ទូក​ល្បាត​​តែ​មួយ​គ្រឿង មន្ត្រី​ជលផល​​ដែល​​​មាន​ទីតាំងនៅ​​​​ក្នុង​ខេត្ត​កំពត​​បាន​ត្អូញត្អែរ​អំពី​ការ​លំបាក​​ក្នុង​ការ​​ល្បាត​ការ​ពារ​​ខេត្ត​ទាំង​ពីរ​​​​​​ដោយ​​​បាន​អះអាង​ថា ​ពួក​ជន​ល្មើស​មាន​អ្នក​ឲ្យ​ការណ៍​​ដែល​ឲ្យ​ពួកគេ​ដឹង​​ជាមុន​​ប្រសិន​បើ​ក្រុម​ល្បាត​​ចេញ​ដំណើរ​ទៅ​ទិស​អាគ្នេយ៍​​ខេត្ត​កែប ជាកន្លែង​ដែល​ការ​នេសាទ​​ដោយ​អូស​ចៃរ៉ា​គឺ​ជា​ការ​ខុស​ច្បាប់។

ដូច​មន្ត្រី​មូលដ្ឋាន​​ជា​ច្រើន​នាក់​នៅ​តាម​​​បណ្ដោយ​ឆ្នេរ​សមុទ្រ​នោះ​ដែរ លោក ជា​​​សាន ​ បាន​ទទួល​ស្គាល់ថា ទូក​វៀតណាម​​បើក​ ឆ្លង​​ព្រំដែន​សមុទ្រ​ចូល​ដែន​ទឹក​កម្ពុជា​​ដើម្បី​នេសាទ​ ប៉ុន្តែ​លោក​បាន​មាន​​ប្រសាសន៍​ថា អ្នក​នេសាទ​ខ្មែរ​ក៏​បើក​ចូល​​ដែន​ទឹកប្រទេស​​​​វៀត​​​ណាម​ដែរ។

នៅពេល​សួរ​ថា​តើ​នគរបាល​សមុទ្រ ដែលទាំង​​អ្នក​នេសាទ​ខ្មែរ​និង​វៀតណាម​ចោទ​ថា ទទួល​សំណូក​​ដើម្បី​​ធ្វើ​​មិន​ដឹង​មិន​ឮ​ចំពោះ​ការ​នេសាទ​ខុស​ច្បាប់ ល្បាត​ព្រំដែន​មាន​ប្រសិទ្ធ​ភាព​​ឬ​យ៉ាង​ណា លោក​បាន​បដិ​​​សេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “សុំ​អភ័យ​ទោស ខ្ញុំ​​មិន​អាច​ឆ្លើយ​​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ”។

ក្រុម​​អភិរក្ស​​ដែល​ធ្វើ​ការ​នៅ​​​ឈូង​សមុទ្រ​​​​ កែប​​​​និយាយ​ថា ពូជ​ត្រី​​នៅ​សល់​ត្រឹម​​២៥​ភាគ​​​រយ​នៃ​អ្វី​​ដែល​មាន​​នៅ​ឆ្នាំ​២០០០ ដែល​នៅ​ពេល​នោះ​ការ​​នេសាទ​​​​ដោយ​អូស​​ចៃរ៉ា​​​​បាន​ចាប់​ផ្ដើម​​ក្នុង​តំបន់​នោះ​​ ហើយ​ថា ការ​​ចុះ​ ថយ​បរិមាណ​ត្រី​នេះ​​​បាន​គំរាម​​ដល់​​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​​របស់​​​ប្រជាពលរដ្ឋ​​ប្រហែល​​​១.៥០០​គ្រួសារ។

នាវា​អូស​ចៃរ៉ា​​ក្នុង​​ស្រុក​ប្រហែល​៥០​គ្រឿង​​ ដែល​​បំផ្លាញ​កន្លែង​​បង្ក​កំណើត​ក្នុង​សមុទ្រ​ ដោយ​អួន​ឆក់​​សណ្ដូន ហើយ​ជួន​កាល​​​​ នាវា​អូស​គូ​វៀតណាម​​ផង​នោះ​ដែល​​​អូស​អួន​មាន​ប្រវែង​​រាប់​រយ​ម៉ែត្រ បើក​នៅ​ឯ​​​នាយ​ឆ្នេរ​សមុទ្រ​ខេត្ត​កែប ភាគ​ច្រើន​គ្មាន​ការ​ទប់​ស្កាត់​ទេ។

ទាក់ទង​​នៅ​ថ្ងៃ​ម្សិលមិញ លោក ទេព យុទ្ធី ​អភិបាល​រង​ខេត្ត​​កែប​​ដែល​មាន​តួនាទី​សកម្ម​ក្នុង​ការ​ទប់​ស្កាត់​វិធី​នេសាទ​​ខុស​ច្បាប់​និង​​ដ៏​បំផ្លិច​បំផ្លាញ​​ បាន​មាន​​ប្រសាសន៍​ថា ការ​បង្កើត​​ ខណ្ឌ​រដ្ឋបាល​ជលផល​មួយ​​​នៅ​ខេត្ត​កែប​គឺ​យឺត​ពេល។

លោក យុទ្ធី ​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ជលផល​បួន​នាក់​ស្ថិត​នៅ​ក្នុង​ខេត្ត​កែប​ស្រាប់ ប៉ុន្តែ​ពួកគេ​​ជា​ញឹក​ញាប់​ពឹង​ផ្អែក​លើ​នគរ​​​បាល​សមុទ្រ​ដែល​ឈរ​ជើង​លើ​កោះ​បី​កន្លែង​​​​នៅ​​ឯ​នាយ​ឆ្នេរ​សមុទ្រ ពីព្រោះ​​ពួកគេ​​មិន​មាន​​ទូក​ល្បាត​របស់​ខ្លួន​ផ្ទាល់​ទេ។

លោក​បាន​​ឲ្យ​ដឹង​ទៀត​ថា “មូល​ហេតុ​ដែល​ជលផល​​ខ្សោយ​ក្នុង​ខេត្ត​កំពត គឺ​ពី​​​ព្រោះ​​មាន​មន្ត្រី​តិច​តួច​​ និង​​គ្មាន​​មធ្យោបាយ​​​​ធ្វើ​ដំណើរ ដូច្នេះ​ហើយ​ពួកគេ​​ត្រូវ​ល្បាត​ការពារ​​ដោយ​សហការ​ជាមួយ​​នគរ​បាល​ដែន​សមុទ្រ”។

“ទូក​ខុស​ច្បាប់​នៅ​តែ​មាន ហើយ​ពិបាក​​រក​ឲ្យ​ឃើញ​ទូក​ទាំង​នោះ​ណាស់ ពីព្រោះ​នៅ​ពេល​យើង​​ចេញ​ល្បាត ទូក​ទាំង​នោះ​​​បាត់​អស់”៕ និត

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.