រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​អះអាង​ថា​ ដីដែលមាន​វិវាទ​ជាដី​របស់វៀត​ណាម

លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំងពី​សមាជិក​សភា​គណបក្ស​ប្រឆាំង​ និង​ក្រុម​អ្នកភូមិ​​ក្នុង​ខេត្តត្បូង​ឃ្មុំ បន្ទាប់ពី​លោកបានផ្ញើ​លិខិត​​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភានៅ​សប្តាហ៍នេះ​​ដោយ​អះ​អាង​ថា ដីមួយ​ផ្នែក​ដែល​​ប្រជា​ជន​ខ្មែរ​កំពុង​ធ្វើស្រែចម្ការ​នោះ​ តាមពិត​​ជា​របស់​វៀត​ណាម។
លោក ហោ ណាំហុង បាន​សរសេរ​លិខិត​មួយ​ច្បាប់​ឆ្លើយ​តប​ទៅ​នឹង​សំណើរបស់​សមា​ជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​​សុំជំនួយ​ពី​​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​រូបនេះ​បន្ទាប់ពី​មានសេចក្តីរាយការណ៍ពី​​កសិករ​​ក្នុង​ឃុំជាំ ស្រុក​មេមត់​ថា ទាហាន​វៀត​ណាមបីនាក់​​ក្នុង​ចំណោម​​ទាហាន​​វៀត​ណាម​៦នាក់​ដែលបាន​យក​ថ្នាំ​សម្លាប់សត្វល្អិតបាញ់​លើ​ដំណាំ​របស់​ពួកគាត់​កាលពី​ថ្ងៃទី​១៩ ខែមេសា។

បើទោះ​ជា​កសិករ​​ទាំងនេះ​អះ​អាង​ថា ពួកគាត់​បាន​ធ្វើស្រែចម្ការ​លើ​ដីនេះ​ច្រើន​ទស​វត្សរ៍​មកហើយ​ក៏ដោយ ក៏​លោក ហោ ណាំហុង​ បាន​មាន​ប្រសាសន៍ថា ដំណាំទាំងនេះ​​បាន​ដាំ​ឆ្លង​បង្គោល​ព្រំដែន​ដែលត្រូវ​បានកែប្រែ​ជាផ្នែកមួយ​​នៃអនុស្សរណៈ​នៃការ​យោគយល់​រវាង​ប្រទេសពីរ​។

លោក ហោ ណាំហុង​ បាន​សរសេរ​នៅក្នុង​លិខិត​ចុះ​កាលបរិច្ឆេទ​ថ្ងៃច័ន្ទថា “​ថ្មី​ៗនេះ ក្នុង​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​របស់យើង​បាន​ដាំ​ដំណាំ​លើ​ផ្ទៃដី​ទំហំ​១៦,៦ ហិកតា​​លើ​ដី​វៀត​ណាមដែល​បាន​បណ្តាល​ឲ្យ​វៀត​ណាម​ប្រតិកម្មដោយ​ការ​បាញ់​សម្លាប់សត្វល្អិត​លើ​ដំណាំ​របស់កសិករ​យើង​”។

ការ​វាយ​តម្លៃ​របស់លោក ហោ ណាំហុង កាលពី​ម្សិលមិញ​ត្រូវ​បាន​ច្រាន​ចោលដោយ​លោក ម៉ៅ មុន្នីវណ្ណ សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​ ដែលកាលពី​ពេល​ថ្មី​ៗនេះ​បានទៅ​កាន់​តំបន់នោះ​នៅក្នុង​ឃុំជាំ ហើយ​បានមាន​ប្រសាសន៍ថា លោក​ប្រហែល​កោះហៅ​​​រូបគាត់​ឲ្យ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះមុ​ខគណៈកម្មការ​​រដ្ឋ​សភា។

លោក មុន្នីវណ្ណ បានមាន​ប្រសាសន៍ថា “ខ្ញុំ​គិត​ថា ​ការ​បកស្រាយ​របស់លោក ហោ ណាំហុង​គឺផ្អែក​លើ​ផែនទី​ឆ្នាំ​១៩៨២ ឬ​១៩៨៣ប៉ុណ្ណោះ​ដែលត្រូវ​បានច្រានចោលដោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​បា៉ារីស​ ពីព្រោះ​ផែនទី​នេះត្រូវ​បាន​គូរ​ខណៈដែល​វៀត​ណាម​ បាន​គ្រប់គ្រងប្រទេស​របស់យើង”។

លោក គី ទេត អាយុ​៤៧ឆ្នាំ ជាកសិករ​ដែលអះអាង​ថា លោក​បាន​ធ្វើស្រែចម្ការ​លើដី​នេះ​ចាប់តាំង​ពី​ឆ្នាំ​១៩៨២​មក​បានមាន​និយាយថា លោក​និង​អ្នកភូមិ​ប្រហែល​១០០​នាក់ទៀត​​បាន​ឃើញ​ក្រុមនេះ​​​បំផ្លាញ​ដំណាំ ហើយ​​ឃាត់​ខ្លួន​បានទាហាន​បីនាក់​។

លោក ទេត បាននិយាយ​ថា “​ទាហាន​វៀត​ណាមបីនាក់​​ស្ពាយ​ធុង​ថ្នាំគីមី​បី​ធុង​រត់​គេចខ្លួន ប៉ុន្តែ​​យើង​​ឃាត់ខ្លួន​ពួកគេ​បានបីនាក់​​រយៈពេល​ជាង​មួយ​ម៉ោង​”។ លោក​បាន​បន្ថែម​ថា នគរបាល​មូលដ្ឋាន​បាន​បញ្ចុះ​បញ្ចូល​​ក្រុម​អ្នកភូមិ​​អនុញ្ញាត​ឲ្យ​ទាហាន​ប្រដាប់អាវុធ​ទាំងនេះ​រួច​ខ្លួន ​ដោយ​សន្យា​ជួយ​ដោះ​ស្រាយ​បញ្ហានេះ។

លោក ទេត​ បាន​សម្តែង​ការ​រិះគន់​ជុំវិញ​លិខិត​របស់លោក​ ហោ ណាំហុង ដោយ​និយាយ​ថា “លោក​សន្និដ្ឋាន​ទាំង​ងងឹត​ងងល់” ថា ដីនេះ​ជារបស់​វៀត​ណាម។

អ្នកភូមិ​ម្នាក់ទៀត​ឈ្មោះ អឹុម ឃ្លោក ដែលមាន​ដីទំហំ​២ហិកតា​ដាំពោត សណ្តែក និង​ស្រូវ​​ត្រូវ​បានបំផ្លាញនោះ ក៏បាន​រិះគន់​លិខិត​នេះ​ដែរ។

លោក​បានមាន​ប្រសាសន៍ថា “ការ​បកស្រាយ​របស់​លោក ហោ ណាំហុង ថា ដីរបស់យើង​ស្ថិត​នៅ​លើដី​របស់​វៀត​ណាមនោះ ដូច​ជាគាត់​​ចាក់​សម្លាប់ខ្ញុំ​អ៊ីចឹង…​។ យើង​បានធ្វើស្រែចម្ការ​លើ​ដីនេះ​មុននិង​ក្រោយ​ការ​ដួលរលំ​នៃរបប​ខ្មែរ​ក្រហម​ម៉្លេះ វា​ជាដីរបស់ខ្ញុំ មិន​មែន​ជាដីរបស់​វៀត​ណាមទេ”។

លោក​បានបន្ថែម​ថា “ប្រហែលជា​ដោយសារ​ដំណាំដែលត្រូវ​បាន​បំផ្លាញនេះ​ មិនមែន​ជា​របស់គាត់ បាន​ជាគាត់​និយាយ​បែបនេះ”។

លោក​ ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​​ត្បូង​ឃ្មុំ បាន​មាន​ប្រសាសន៍ថា វា​មិន​ច្បាស់ថា
តើ​​​ដីដែលមាន​វិវាទនេះ​ជារបស់ប្រទេស​ណានោះ ដោយសារ​មិន​ទាន់មានការ​បោះ​បង្គោល​ព្រំដែន​។

លោក​បានមាន​ប្រសាសន៍ថា “ចន្លោះ​បង្គោល​ព្រំដែន​​លេខ​៩៤ និង​៩៥ មិន​មាន​ការ​បោះ​បង្គោល​ព្រំដែន​បណ្តោះ​អាសន្នទេ។ ជួនកាល​នេះ​ក៏ជា​មូលហេតុ​ដែលតាម​ចោទថា ​កសិករ​វៀតណាម​ដាំដំណាំ​នៅ​លើ​ដី​របស់យើងផងដែរ​”។

គេ​មិនអាច​ទាក់ទង​លោក ហោ ណាំហុង​ ដើម្បីសុំអត្ថាធិប្បាយ​បានទេ៕សារុន​​​​​​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.