រដ្ឋាភិបាលសម្រេចបណ្តេញជនជាតិចិន ១៥០នាក់ ចេញពីកម្ពុជា ក្រោយរកឃើញអំពើល្មើសច្បាប់

រដ្ឋាភិបាលតាមរយៈមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញជនជាតិចិនចំនួន១៥០នាក់ ចេញពីកម្ពុជានៅថ្ងៃនេះ ក្រោយពេលពួកគេទាំងនោះត្រូវបានរកឃើញ និងចាប់ខ្លួនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអ៊ិនធឺណិត។

គេហទំព័រអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញចេញជនជាតិចិន១៥០នាក់ ទៅប្រទេសដើមរបស់គេវិញ តាមយន្តហោះពិសេសមួយរបស់ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃនេះ។

ប្រភពដដែលថា ជនជាតិចិនចំនួន១៥០នាក់គឺមាន ស្រីចំនួន ១២នាក់ ដោយពួកគេជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ ប៉ុន្តែមន្ត្រីជំនាញមិនបានបញ្ជាក់ថាសមត្ថកិច្ចនឹងត្រូវចាត់វិធានការបែបណាចំពោះពួកគេទាំងនោះ ហើយពួកគេនឹងត្រូវធ្វើអ្វីបន្តទៀតនៅលើទឹកដីកំណើតរបស់ពួកគេនោះទេ ។

ជនជាតិចិនទាំង ១៥០នាក់នោះ ត្រូវបាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិចាប់ខ្លួន នៅទីតាំងពីរផ្សេងគ្នាដោយមួយទីតាំងធ្វើឡើង កាលពីថ្ងៃទី២០ ខែកក្កដា ជនជាតិចិនចំនួន១៨នាក់ ត្រូវបានចាប់ខ្លួននៅខេត្តកំពង់ស្ពឺ ជុំវិញបទល្មើសឆបោកតាមប្រពន្ធ័ទូរគមនាគមន៍ (VOIP ) និងទីតាំងមួយទៀតគឺនៅថ្ងៃទី១៥  ខែសីហា ហើយសមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិនចំនួន១៣២នាក់ទៀតនៅខេត្តព្រះសីហនុ ពាក់ព័ន្ធបទល្មើសដដែលនេះ។

របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញា ឆ្នាំមុនបង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់ ក្នុងនោះជនជាតិចិនកំពុងរស់នៅខេត្តព្រះសីហនុមានច្រើនជាងគេរហូតដល់ទៅជិត ៨ម៉ឺននាក់ (៧៨ ០០០នាក់)។

ចំណែករបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បង្ហាញថា  គិតត្រឹមបំណាច់ឆ្នាំ២០១៨កម្ពុជាបានបញ្ជូនជនជាតិចិនដែលប្រព្រឹត្តខុសច្បាប់នៅកម្ពុជាមានជាង៧០០នាក់ ចេញពីកម្ពុជាហើយបទល្មើសដែលសមត្ថកិច្ចអះអាងថាមានច្រើនជាងគេនោះ គឺបទល្មើសគំរាមជំរិត និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.