រដ្ឋាភិបាលសម្រេចហាមបរទេសមិនឱ្យប្រកបមុខរបរ និងការងារ ១០ប្រភេទ

រដ្ឋាភិបាលលោកហ៊ុន សែន តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសមួយនៅថ្ងៃនេះ ដោយហាមជនបរទេស មិនឱ្យប្រកបការងារ និងមុខរបរចំនួន១០ប្រភេទ ដែលជាមុខរបររកចំណូលដោយខ្លួនឯង។

ក្រសួងការងារឱ្យដឹងថាមុខរបរ និងការងារទាំង១០ប្រភេទនោះរួមមាន ការបើកយាន្តជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្ម លក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសាធារណៈ ម៉ាស្សានិងចាប់សសៃរតាមសាធារណៈ កាត់សក់ អ៊ុតសក់ ថែរក្សាសម្ផស្ស ប៉ះកង់ និងជួសជុលយាន្តយន្ត។

ក្រៅពីនេះ ក៏មានមួយមុខរបរមួយចំនួនទៀតដូចជាកាត់ដេរ សេវាកម្មដេរ និងសំអាតស្បែកជើង ផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប និងជាងទង ជាងច្នៃត្បូងពេជ្រ។

ក្រសួងក៏បានព្រមានដែរថា នឹងមិនផ្តល់ ឬមិនបន្តសុពលភាពបណ្ណឬសៀវភៅការងារដល់ជនបរទេសដែលកំពុងប្រកបមុខរបរ និងការងារដូចខាងលើនេះឡើយ។

ក្រសួងអះអាងថា ប្រសិនបើពួកគេល្មើសឬ បំពានបម្រាមនេះ នឹងចាត់វិធានការច្បាប់ តាមរយៈការផាកពិន័យជាប្រាក់ និងផ្តន្ទាទោសតាមច្បាប់ការងារ ទៅលើជនបរទេសទាំងឡាយនោះតែម្តង។

សង្គមស៊ីវិលដែលធ្វើការងារលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក  វន់ ពៅ បានប្រាប់វីអូឌីថា ចំណាត់ការរបស់រដ្ឋាភិបាលនៅពេលនេះហាក់យឺតពេលបន្តិចក្នុងការហាមឃាត់ជនបរទេសមិនឲ្យធ្វើការងារឬ ប្រកបមុខរបររកចំណូលដោយខ្លួនឯងនៅកម្ពុជា ខណៈបច្ចុប្បន្ននេះលោកថា ជនបរទេសមួយចំនួន ពិសេសជនជាតិវៀតណាម និងចិន  កំពុងដណ្តើមមុខរបរពីប្រជាពលរដ្ឋខ្មែរ។

យ៉ាងនេះក្តីលោកក៏ ជំរុញទៅរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរឹង ទើបទទួលបានផលវិជ្ជមាន៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.