រដ្ឋាភិបាល​ថា សេចក្ដីព្រាង​ច្បាប់​ស្ដីពី​បទ​ល្មើស​​តាម​អុីនធើណិត​ត្រូវ​បាន​ “លុប​ចោល”

ចំពេល​រដ្ឋាភិបាល​​កំពុង​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​​ពិនិត្យ​តាម​ដាន​ និង​គ្រប់​គ្រង​អុីនធើណិត​ និង​មាន​​​​គម្រោង​ដំឡើង​​ឧបករណ៍​លួច​ចាប់​ព័ត៌មាន​​លើ​បណ្ដាញ​របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត និង​អុីនធើណិត​នានានោះ​​ ស្រាប់​តែ​ពេល​នេះ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​បាន “​លុប​ចោល​” សេចក្ដីព្រាង​ច្បាប់​​ដ៏ចម្រូង​ចម្រាស​មួយ​ស្ដីពី​បទ​ល្មើស​តាម​បណ្ដាញ​អុីនធើណិត​។

លោក​ ផៃ​ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ” សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​លុប​ចោល​ហើយ​។ ធ្លាប់​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ទូរគមនាគមន៍​ ប៉ុន្តែ​ [ពេល​នេះ​] វា​មិន​មែន​ជា​អាទិភាព​ទេ ហើយ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្ងាត់​ស្ងៀម​”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​មិន​ដឹង​ពី​​គម្រោង​បន្ត​ដំណើរ​ការ​ធ្វើ​សេចក្ដី​​ព្រាង​ច្បាប់​នេះ​ឡើង​វិញ​ទេ។ មុន​ពេល​បដិសេធ​មិន​បញ្ជាក់​លម្អិត ​លោក​បាន​លើក​ឡើង​ថា ច្បាប់​ដែល​បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា ជា​មធ្យោបាយ​មួយ​ដើម្បី​បំបិទ​មាត់​អ្នក​ប្រឆាំង​នោះ ត្រូវ​បាន​លុប​ចោល​​ហើយ​ ពីព្រោះ​ “វា​មិន​មែន​ជា​អាទិភាព”។

លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍ ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ការ​ងារ​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​បញ្ឈប់​កាលពី​ឆ្នាំ​មុន។ លោក​បាន​មាន​ប្រសាសន៍​​ទៀត​ថា ” ខ្ញុំ​ទើប​តែ​សួរ​សហសេវិក​របស់​ខ្ញុំ​ថា តើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ឯណា​ ពីព្រោះ​គ្មាន​អ្នក​ណា​​ដឹង​ថា នរណា​ជា​អ្នក​ទទួល​សុខ​ត្រូវ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ទេ​។ ពេល​នេះ​វា​ហាក់​ដូច​ជា ​ស្ថិត​នៅ​ក្នុង​ដៃ​ក្រសួង​មហាផ្ទៃ។ ពេល​នេះ​យើង​មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ យើង​គ្មាន​​ការ​ណែនាំ​ទេ”។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​​បញ្ជាក់​​ថា ​ក្រសួង​របស់​លោក​​ក៏​លែង​ធ្វើការ​លើ​ច្បាប់​​ស្ដីពី​បទ​ល្មើស​តាម​​អុីនធើណិត​​នេះ​ដែរ។ លោក​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​អ្វី​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​វា”។

សេចក្ដី​សម្រេច​​បោះ​បង់​ចោល​ច្បាប់​នេះ​​ធ្វើ​ឡើង​​ក្រោយពី​​​​មាន​សារាចរ​ណែនាំមួយ ដែល​​​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​អង្គារ ដោយ​ក្នុង​នោះ​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​​ក្រុម​ហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​​ និង​អុីនធើណិត​ចំនួន​១២​​អនុញ្ញាត​ឲ្យ​ក្រសួង​មហាផ្ទៃ​​ចូល​ពិនិត្យ​មើល​បណ្ដាញ ឯកសារ​ទូទាត់​វិក្កយបត្រ និង​ Data Log របស់​ខ្លួន​។ កាលពី​ថ្ងៃ​ពុធ មន្ត្រី​បាន​និយាយ​ថា ក្រសួង​មាន​ផែន​ការ​ដំឡើង​ឧបករណ៍​ “លួចស្ដាប់​” លើ​បណ្ដាញ​ទាំង​នោះ។

កាលពី​ខែ​តុលា សេចក្ដី​ប្រកាស​​មួយ​បាន​​ប្រកាស​ពី​ការ​បង្កើត​ “ក្រុម​ការងារប្រព័ន្ធ​ផ្សព្វផ្សាយសង្គម” (Cyber War Team) ដែល​មាន​បេសកកម្ម​ពិនិត្យ​តាម​ដាន​គេហទំព័រ​នានា​​ដើម្បី​ “ការ​ពារ​ជំហរ​ និង​កិត្យានុភាព​​​របស់​រដ្ឋាភិបាល​”។

ប៉ុន្តែ​ទោះបី​ជា​រដ្ឋាភិបាល​សម្រេច​​​​ផ្អាក​ច្បាប់​​ស្ដីពី​បទ​ល្មើស​តាម​អុីនធើណិត​នេះ​ក្ដី ក៏​កាល​ពី​​​ម្សិលមិញ លោក ឈាង វុន តំណាង​រាស្ត្រ​ជាន់​ខ្ពស់​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​អ្នក​នាំាពាក្យ​រដ្ឋសភា​ បាន​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​​ទូរគមនាគមន៍​បន្ត​ធ្វើ​សេចក្ដី​​ព្រាង​ច្បាប់​នេះ​។ លោក​​បាន​មាន​ប្រសាសន៍​​អំឡុង​សន្និសីទ​កាសែត​នៅ​រដ្ឋសភា​ថា “ខ្ញុំ​កំពុង​ជំរុញ​ឲ្យ​​តាក់​តែង​​ច្បាប់​​ស្ដីពី​បទ​ល្មើស​តាម​អុីនធើណិត។ ច្បាប់​ស្ដីពី​បទ​ល្មើស​​តាម​អុីនធើណិត​​នេះ​មាន​សារៈសំខាន់​ណាស់​”។

លោក ឈាង វុន បាន​គូស​បញ្ជាក់​ថា ប្រទេស​ភាគច្រើន​នៅ​ក្នុង​តំបន់​បាន​អនុម័ត​​ច្បាប់​ស្ដីពី​បទ​ល្មើស​តាម​អុីនធើណិត​រួច​ហើយ ហើយ​ថា កម្ពុជា​​ក៏គួរ​តែ​អនុម័ត​ច្បាប់​នេះ​ដែរ​។ លោក​​បាន​បន្ត​ថា “ក្រសួង​មហាផ្ទៃ​បាន​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​របស់​ខ្លួនហើយ​ ហើយ​ពួកគេ​ទុក​ច្បាប់​ស្ដីពី​បទ​ល្មើស​តាម​អុីនធើណិត​​ឲ្យ​នៅ​មួយ​ឡែក​សិន។ ពេល​នេះ ខ្ញុំ​កំពុង​ជំរុញ​​​ឲ្យ​​ពិនិត្យ​ផ្ទៀង​ផ្ទាត់​វា​ឡើង​វិញ​ម្ដង​ទៀត ពីព្រោះ​នៅ​ខាង​ក្រៅ​ [ប្រទេស​កម្ពុជា​] គេ​កំពុង​តែ​ទាម​ទារ​វា។ មាន​បទ​ល្មើស​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​អុីនធើណិត​។ បើ​យើង​គ្មាន​ច្បាប់​​ដើម្បី​គ្រប់​គ្រង​វា​ទេ យើង​នឹង​ស្លាប់​នៅ​ពេល​អនាគត​”។

លោក​ ឈាង វុន ​បាន​​រៀបរាប់​ថា ការ​គំរាម​កំហែង​ដែល​កំពុង​កើត​មាន​នា​​ពេល​បច្ចុប្បន្ន​មាន​ដូច​ជា ការ​បរិហារកេរ្តិ៍​​ រូបភាព​អាសអាភាស​ ល្បែង​ស៊ីសង​តាម​អុីនធើណិត​ និង​ “​ការ​គំរាម​ទារ​ប្រាក់​តាម​ហ្វេសបុ៊ក ធ្វីតទ័រ និង​​ យូធូប”។

នៅ​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​បែក​ធ្លាយ​តាម​បណ្ដាញ​អុីនធើណិត​កាលពី​ខែ​មេសា បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​បាន​​សម្ដែង​មន្ទិល​ ដោយ​ចាត់​ទុក​ថា វា​ជា​ការ​​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ច្បាស់​ក្រឡែត​ដែល​ត្រូវ​បង្កើត​ឡើង​ដើម្បី​ទប់​ស្កាត់​​​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ការ​រិះគន់​រដ្ឋាភិបាល​​។

លោកស្រី​ សន រ៉ាម៉ាណា ​អ្នក​សម្រប​សម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​នៅ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​លើក​ឡើង​តាម​អុីម៉េល​កាលពី​ម្សិលមិញថា “ប្រសិន​បើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​តាម​សំណៅ​​បច្ចុប្បន្ន​ ពោល​គឺ​សំណៅ​ដែល​បាន​បែក​ធ្លាយ​កាលពី​ខែ​មេសា ឆ្នាំ​២០១៤ វា​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ហេតុផល​ស្រប​ច្បាប់​ក្នុង​ការ​រឹត​បន្តឹង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ហើ​យ​វា​នឹង​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​តាម​អុីនធើណិត”។

លោក​ ភូ លីវូដ (Phu Leewood) ទីប្រឹក្សា​រដ្ឋាភិបាល​ទទួល​បន្ទុក​បញ្ហា​បច្ចេកវិទ្យា​ព័ត៌មាន​ បាន​មាន​ប្រសាសន៍​ថា លោក​អាច​ត្រឹម​តែ​ស្មាន​ប៉ុណ្ណោះ​​ថា អ្វី​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​​សម្រេច​បោះបង់​ច្បាប់​ស្ដីពី​បទ​ល្មើស​តាម​អុីនធើណិត​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ខ្ញុំ​គិត​ថា ​រដ្ឋាភិបាល​បាន​ផ្លាស់​ប្ដូរ​ហើយ”៕ សុខុម​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.