រដ្ឋាភិបាល​នឹង​ជួប​ក្រុម​ហ៊ុន​ជ្រើសរើស​ពលករ​ដើម្បី​​​ពិភាក្សា​​​អំពី​ជន​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​

នាយក​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ​មួយ​បាន​និយាយ​ថា ក្រុម​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​គ្រោង​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​នេះ​ជាមួយ​ក្រុម​ហ៊ុន​ជ្រើសរើស​ពល​ករ​ក្នុង​ស្រុក​ប្រហែល​៤០​ក្រុម​ហ៊ុន ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើត​នីតិវិធី​សម្រាប់​ការ​បញ្ជូន​ពល​ករ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​។

យោងតាម​លោក អាន ប៊ុនហាក់ នាយក​ក្រុម​ហ៊ុន​ Top Manpower បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​នឹង​ផ្ដោត​លើ​វិធី​ដែល​ក្រុម​ហ៊ុននានា​អាច​ជួយ​កម្មករ​ចំណាក​ស្រុក​ឲ្យ​​​ទទួល​បាន​លិខិតអនុញ្ញាតឲ្យ​​​ធ្វើ​ការ​ងារ និង​ឯកសារ​ចាំបាច់​ផ្សេង​ទៀត​ដើម្បី​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់។ លោក ប៊ុនហាក់ បាន​មាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា ” យើង​នឹង​ពិភាក្សា​អំពី​នីតិវិធី​ [នៃការ​បញ្ជូន​កម្មករ​ទៅ​ប្រទេស​ថៃ​] និង​អំពី​តម្លៃ​ផង​ដែរ”។

លោក ពេជ្រ សុភ័ណ រដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា កិច្ច​ប្រជុំជាមួយ​ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​ នឹង​ធ្វើ​ឡើង​ ប៉ុន្តែ​បាន​បដិសេធ​មិន​អធិប្បាយ​ច្រើនទេ​។

ពលករ​ចំណាក​ស្រុក​ខ្មែរ​នៅ​ប្រទេស​ថៃ​បាន​ត្រឡប់​មក​ស្រុក​វិញ​យ៉ាង​គំហុក​ចាប់​តាំង​ពី​ដើម​ខែ​មិថុនាមក ដោយ​គេច​ចេញ​ពីការ​បង្ក្រាប​ដ៏គួរ​ឲ្យ​ខ្លាច​លើ​កម្មករ​ខុស​ច្បាប់​ពីសំណាក់​កង​ទ័ព​ថៃ​ ដែល​បាន​ដណ្ដើម​អំណាច​ក្នុង​រដ្ឋប្រហារ​មួយ​កាលពី​ចុង​ខែមុន​។

យោងតាម​លោក ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ​ បាន​ឲ្យ​ដឹង​ថា កម្មករ​ច្រើន​ជាង​២៣០.០០០​នាក់​បាន​ត្រឡប់​មកពី​ប្រទេស​ថៃវិញ​គិត​ត្រឹម​ពេល​ម្សិល​មិញ។

​​​​​​​ កាលពីសប្ដាហ៍​មុន រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​​មាន​ប្រតិបត្តិការ​ផ្ដល់​ជំនួយ​នៅ​តាម​ព្រំដែន​ដើម្បី​ផ្ដល់​អាហារ​ ការ​ព្យាបាលជំងឺ និង​ការ​ដឹក​ជញ្ជូន​ដល់​កម្មករ​ដែល​ត្រឡប់​មក​វិញ​ទាំង​នោះ​។ ដោយ​ពួកគេ​ភាគ​ច្រើន​បំផុត​ត្រូវ​បាន​បញ្ជូន​ទៅ​ខេត្ត​ដែល​​​ជា​​​ស្រុកកំណើត​របស់​ពួកគេ​វិញ​ហើយ​នោះ ការ​ផ្ដោត​ជាសំខាន់​បាន​ប្ដូរ​ទៅជួយ​ឲ្យ​មាន​ការ​វិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​​ប្រទេស​ថៃវិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។

ភាគច្រើន​នៃ​ពល​ករ​ចំណាក​ស្រុក​ខ្មែរ​ក្នុង​ប្រទេស​ថៃ​ធ្វើការ​នៅទីនោះ​ដោយ​ខុស​ច្បាប់​ ដើម្បី​​​គេ​ចពីការ​បង់​តម្លៃ​ខ្ពស់​សម្រាប់​ការ​ងារ​ និង​ឯកសារ​សម្គាល់​ខ្លួន។

កាលពី​សប្ដាហ៍មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចុះ​តម្លៃ​សម្រាប់​កម្មករ​ចំណាក​ស្រុក​ដើម្បីទទួល​បាន​លិខិ​ត​ឆ្លង​ដែន ​ពី​តម្លៃ​១២៤​ដុល្លារ មក​ត្រឹម​៤ដុល្លារ​ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ធ្វើការ​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​ពន្លឿន​​​ការ​ចេញ​លិខិត​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ការ​ងារនិង​វិញ្ញាបនបត្រ​​ដែល​ចាំបាច់​ ។

ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​កម្ពុជា​ ដែល​ភាគ​​​ច្រើន​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​​នគរ​បាល និង​មន្ត្រី​​ក្រសួង​ការ​ងារ​​ជាន់​ខ្ពស់​ ត្រូវ​បាន​អង្គការ​​​​សិទ្ធិមនុស្ស​រិះគន់​ចំពោះ​​​​​​ការ​រំលោភ​បំពាន​ជា​​​ច្រើន​​​​​​​លើ​កម្មករ​ដែល​​​ពួកគេ​ជ្រើស​រើស​ ដោយ​មាន​​​ទាំង​ការ​បង្ខាំង​កម្មករ​ដោយ​​​​ខុស​ច្បាប់​ និង​ការ​បញ្ជូន​ពួកគេ​ឲ្យ​​​ទៅ​រង​​​ទុក្ខ​​​​នៅ​បរទេស​ផង​៕ មានិត​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.