រដ្ឋាភិបាល​បន្ត​យុទ្ធនាការ​ចុះ​បង្ក្រាប​ការ​ជក់​ស៊ីសា​ដែល​អាច​នៅ​សេស​សល់ទូទាំង​ប្រទេស

មួយ​ថ្ងៃ​បន្ទាប់​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​​​គ្រឿង​ញៀន​​បាន​ប្រកាស​ថា ការ​រឹប​អូស​​​គ្រឿង​ញៀន​​ដែល​មាន​សារ​ធាតុ​ញៀន​ខ្លាំង​  មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​នោះ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​​​​នេះ​បាន​ ផ្តោត​ទៅ​លើ​បញ្ហា​ដែល​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សង្គម​មួយ​ផ្សេង​ទៀត​ កាល​ពី​ម្សិល​មិញ​ គឺ​បញ្ហា​ជក់​ស៊ីសា​។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ឯ​ក្រសួង​​​​មហា​ផ្ទៃ​ កាល​ពី​ម្សិល​មិញ​ លោក​ មាស​​​វីរិទ្ធ​ អគ្គ លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​កោត​សរសើរ​​ចំពោះ​ការ​ចេញ​បម្រាម​​របស់​រដ្ឋាភិបាល​​ហាម​មិន​ឲ្យ​មាន​ការ​ជក់​ស៊ីសា​​ ដែល​មាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ឆាប់​រហ័ស​បំផុត​នៅ​ក្នុង​ចំណោម​យុវជន​។ ជា​ធម្មតា​ ស៊ី​សា​គឺ​​មាន​រស​ជាតិ​ដូច​បារី​ ហើយ​​​ជក់​ដោយ​បំពង់​បឺត​មាន​ចំហាយ​ទឹក​។ ពេល​ខ្លះ​​កញ្ឆា ថ្នាំ​ស្រវឹង​ម្យ៉ាង​ ឬ​ក៏​អាភៀន​​ត្រូវ​បាន​គេ​បន្ថែម​ទៅ​ក្នុង​បារី​។

ឧត្តម​សេនីយ៍​ឯក​ មាស​ វីរិទ្ធ​ បាន​មាន​ប្រសា​សន៍​ថា “យើង​​បាន​ចុះ​បង្ក្រាប​ [ក្លឹប​ជក​់​​​ស៊ី​សា​] ​ជាង​៩០​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​។ ៧៥​កន្លែង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ បួន​កន្លែង​នៅ​ក្នុង​ខេត្ត​សៀម​រាប ប្រាំពីរ​កន្លែង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ និង​ប្រាំ​មួយ​កន្លែង​ទៀត​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “បន្ទាប់ពី​យើង​រក​ឃើញ​ថា ការ​ជក់​ស៊ី​សា​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ នៅ​ពេល​នោះ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​បាន​ចាត់​វិធាន​ការ​ភ្លាមៗ​​​ដើម្បី​ទប់​ស្កាត់​ការនាំ​ចូល​ស៊ី​សា​ និង​ការ​ប្រើ​ប្រាស់​ស៊ីសា​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង”។

កាល​ពី​ខែ​មុន លោក​ ប៉ា សុជាតិវង្ស​ អភិ​បាល​​រាជ​ធានី​ភ្នំពេញ​ដែល​ចេញ​បទ​បញ្ជាឲ្យ​បិទ​ក្លឹប​ជក់​ស៊ី​​សា​ទាំង​អស់​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ចំណែក​ឯ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ វិញ​បាន​អនុម័ត​​យុទ្ធនាការ​មួយ​ភ្លាមៗ​ ដោយ​​​លោក​បាន​ថ្លែង​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​មីនា​​ថា បារី​ដែល​ប្រើ​នៅ​ក្នុង​បំពង់​ជក់​ស៊ីសា​ត្រូវ​បាន​​គេ​​ធ្វើ​តេស្ត​ ហើយ​រក​ឃើញថា​មាន​សារ​ធាតុ​​គ្រឿង​ញៀន​ខ្ពស់​។ បន្ទាប់​ម​ក​លោក​បាន​ប្រៀប​ធៀប​​ការ​ជក់​ស៊ី​សា​នេះ​ទៅ​នឹង​ការ​ជក់​អាភៀន​។

កាល​ពី​ម្សិល​មិញ​ លោក​ មាស​ វីរិទ្ធ​ បាន​​ច្រាន​ចោល​កា​រ​ប្រៀប​ធៀប​នេះ​ ប៉ុន្តែ​លោក​​​នៅ​តែ​រក្សា​ជំហរ​ដ៏​រឹង​មាំរបស់​លោក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជក់​ស៊ីសា​  ហើយ​បាន​ពង្រីក​យុទ្ធនាការ​បង្ក្រាប​ការ​ជក់​បារី​អេឡិច​​ត្រូនិច​ ដែលគេ​ជឿ​ជាក់​ថា​ វា​មាន​ផល​ប៉ះ​ពាល់​តិច​ជាង​បារី​ធម្មតា​។

ឧត្តម​សេនីយ៍​ឯក​ មាស​ វី​រិទ្ធ​ បាន​មាន​ប្រសា​​សន៍​ កាល​ពី​ម្សិល​មិញ​ថា “យើង​ចាំ​បាច់​ត្រូវ​តែ​ប្រមូល​រូប​ភាព​ ហើយ​រៀប​ចំ​ឯកសារ​​ទាក់​ទិន​ការ​ជក់​ស៊ីសា​និង​បារី​អេឡិច​ត្រូនិច​ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ ជា​ពិសេស​ដល់​យុវជន​និង​ដើម្បី​បញ្ជាក់ឲ្យ​បាន​​ច្បាស់​ថា មន្ត្រីអនុវត្ត​ច្បាប់។ ការ​ប្រើ​ប្រាស់​ស៊ី​សា​អាច​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​។វា​អាច​បង្ក​ឲ្យ​កើត​មហា​រី​ក​ ជំងឺ​របេង​ ធ្វើ​ឲ្យ​ពុក​ធ្មេញ​ ធ្វើ​ឲ្យ​មាន​ជំងឺ​បេះ​ដូង​ ដំបៅ​ក្រពះ និង​ជំងឺ​ឆ្លង​ផ្សេងៗ​”។

ម្ចាស់​ក្លឹប​មួយ​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​ដែល​ធ្លាប់​លក់​ស៊ីសា​នេះ​ ហើយ​ដែល​ប្រាប់​ឈ្មោះ​​​ត្រឹម​តែ​ថា លោក​ បៀ នោះ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្លឹប​របស់​លោកបាន​អនុវត្ត​តាម​បម្រាម​ ប៉ុន្តែ​លោក​ បាន​លើក​ឡើងថា ក្លឹប​ផ្សេងៗទៀត​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​។ លោក​ បៀ​ បាន​និយាយ​ថា “ខ្ញុំ​គិត​ថា កន្លែង​ផ្សេង​ៗ​ទៀត​នៅ​តែ​​លក់​ស៊ី​សា​ដោយ​សម្ងាត់​ ប៉ុន្តែ​ពួក​គេ​មិន​លក់​ទៅ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ដែល​ចូល​ក្លឹប​របស់​ខ្លួន​នោះ​ទេ ពោល​គឺ​លក់​ឲ្យ​តែ​អ្នក​ស្គាល់​ប៉ុណ្ណោះ”៕ ស៊ុយឈាង

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.