រដ្ឋាភិបាល​វៀតណាម​ស្នើ​ឲ្យ​កម្ពុជា​បញ្ជូន​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​ត្រឡប់​ទៅវិញ​

យោង​តាម​​ស្នង​ការ​នគរ​បាលខេត្ត​ដែល​លើក​ឡើង​ថា មន្ត្រី​របស់​ខ្លួន​មាន​បំណង​ធ្វើ​តាម​សំណើ​របស់​អាជ្ញាធរ​វៀតណាម​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​​បាន​ស្នើ​ឲ្យ​នគរ​បាល​កម្ពុជា​​ចាប់​ខ្លួន​ និង​និរទេស​​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ចំនួន​១៦នាក់​​ ដែល​​បាន​ចូល​មក​ក្នុង​ខេត្ត​រតនគិរី​ក្នុង​ពេល​ថ្មីនេះ​​ទៅ​ប្រទេស​វៀតណាម​វិញ​។

សមាជិក​​ចំនួន​១៣​នាក់​នៃ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ដែល​​​ប្រមូលផ្ដុំគ្នា​នៅ​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម​ កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ស្រុក​លំផាត់ ភាគ​ខាង​ជើង​នៃ​ខេត្តរតនគិរី​ក្នុង​ពេល​សព្វ​ថ្ងៃ​ ក្រោយ​ពេល​ភៀស​ខ្លួន​ឆ្លង​ព្រំដែន​ចូល​មក​ខេត្ត​នេះ​កាលពី​ខែ​មុន។

លោក ងួន គឿន ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ថ្មីៗ​នេះ​លោក​ទទួល​​​បាន​របាយការណ៍​មួយ​​ដែល​មាន​បញ្ជី​ឈ្មោះ​មនុស្ស​ចំនួន​១៦​នាក់​តាម​រយៈ​ក្រសួង​មហាផ្ទៃ។

ឧត្តមសេនីយ៍ត្រី ងួន គឿន បាន​មាន​ប្រសាសន៍​ថា ” អាជ្ញាធរ​វៀតណាម​បាន​ផ្ដល់​​មក​ឲ្យ​យើង​នូវ​បញ្ជី​ឈ្មោះ​​មនុស្ស​១៦​នាក់ ដែលរត់​គេច​ពី​ប្រទេស​កំណើត​របស់​ខ្លួន។ ពួកគេ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​របស់​យើង​​តាម​រក​អ្នក​ទាំង​នេះ ហើយ​​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ព្រោះ​ពួកគេ​គឺ​ជា​ជនជាតិ​ភាគតិច​ម៉ុងតាញ៉​”។ លោក​បាន​បន្ថែម​ថា ” យើង​នឹង​ចាប់​ខ្លួន​អ្នក​ទាំង​នោះ​ ហើយ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​វិញ”។

ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ដែល​ក៏​មាន​ឈ្មោះ​ថា Degar ត្រូវ​បាន​ផ្ដន្ទាទោស​ជាយូរ​មក​ហើយ​ពីបទ​ជួយគាំទ្រ​កង​ទ័ព​អាមេរិក និង​បារាំង​អំឡុង​សង្គ្រាម​នៅ​ឥណ្ឌូចិន​ទាំង​លើក​ទី១ និង​លើក​ទី២​។

ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​ភាគច្រើន​​​​ដើរ​តាម​សាសនា​គ្រិស្ត​និកាយ​ប្រូតេស្តង់​ ដែល​​អាជ្ញាធរ​វៀតណាម​មិន​ទទួល​ស្គាល់​តាម​ផ្លូវ​​ច្បាប់​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​បង្ក្រាប​ដ៏ហិង្សា​លើ​​ព្រះវិហារ​របស់​​​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ចន្លោះ​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១១​។

ជនជាតិ​ភាគតិច​នេះ​រាប់​ពាន់​នាក់​​បាន​មក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អំឡុង​ពេល​នោះ និង​ជាច្រើន​នាក់​​​ទៀត​បាន​គេច​ខ្លួន​ទៅ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​​ពួកគេ​ភាគច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍​មក​វិញ​។ ​ពួកគេ​ភាគ​ច្រើន​​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ប្រទេស​វៀតណាម​វិញ ត្រូវ​បាន​គេ​​បញ្ជូន​ទៅ​ពន្ធនាគារ​ និង​ធ្វើទារុណកម្ម​។

​គេ​មិន​អាច​ទាក់​​ទង​ក្រសួង​ការ​បរទេស​វៀតណាម​​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ។

អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ចារា៉យ ដែល​រស់​នៅ​ក្នុង​ឃុំយ៉ាទុង ស្រុក​អូរយ៉ាដាវ បាន​និយាយ​ថា អាជ្ញាធរ​មូលដ្ឋាន​​បាន​ចាប់​ខ្លួន​បុរស​​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​វ័យ​កណ្ដាល​ចំនួន​ពីរ​នាក់​នៅ​ក្នុង​ឃុំ​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លោក ប៉យ យ៉ាង​ អាយុ​៥១​ឆ្នាំ ដែល​កុលសម្ព័ន្ធ​របស់​ខ្លួន​គឺ​ជា​កុលសម្ព័ន្ធ​មួយ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​ជាង​៣០​ ដែល​បង្កើត​បាន​ជា​​ជនជាតិ​ភាគតិច​ម៉ុង​តាញ៉ា​បាន​និយាយ​ថា ” ខ្ញុំ​បាន​ឃើញ​ប្រជាការ​ពារ​ភូមិ​យ៉ាង​តិច​១០​មកពី​ភូមិ​ទៀន បាន​ចាប់​ខ្លួន​ម​នុស្ស​ពីរ​នាក់​”។

លោក ឆាយ ធី អ្នក​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​រតនគិរី​ ដែល​លើក​ឡើង​ថា អ្នក​ភូមិ​មួយ​ចំនួន​នៅ​តំបន់​នោះ​បាន​ប្រាប់​​លោក​​អំពី​ការ​ចាប់​ខ្លួន​នេះ ​បាន​មាន​ប្រសាសន៍​ថា ” ឥឡូវ​នេះ​យើង​កំពុង​តែ​ព្យាយាម​​ស្វែង​រក​កន្លែង​ដែល​ [អាជ្ញាធរ​] កំពុង​ឃុំខ្លួន​ពួកគេ​”។

ឧត្ដមសេនីយ៍ត្រី ងួន គឿន បាន​បដិសេធ​ថា ប្រជា​ការ​ពារ​ភូមិ​មិន​បាន​ចាប់​ខ្លួន​​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​ម្នាក់​ណា​ឡើយ​។

លោកស្រី​ វីវៀន តាន មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​ប្រចាំ​តំបន់​របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ទីភ្នាក់​ងារ​ជនភៀស​ខ្លួន​​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​​​ ដើម្បី​កំណត់​ថាតើ​​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​ដែល​កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ខេត្ត​រតនគិរី​អាច​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​​​ជាជន​ភៀស​ខ្លួន​ឬក៏អត់​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​មិន​ដឹង​អ្វី​ច្បាស់​ឡើយ លុះ​​ត្រាតែ​រដ្ឋាភិបាល​មាន​ឱកាស​ស្ដាប់​ការ​អះអាង​របស់​ពួកគេ​។ ប៉ុន្តែ​យើង​​បាន​​តស៊ូមតិ​ជា​យូរ​មក​ហើយ​ថា អ្នក​ណា​ដែល​ស្ថិត​នៅ​ក្នុង​ភាព​គ្រោះ​ថ្នាក់​មិន​គួរ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​វិញ​ឡើយ​។

លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ក្រសួង​មហាផ្ទៃ​​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នឹង​កំណត់​តែ​ម្នាក់​ឯង​ថា​តើ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​ជា​ជនភៀស​ខ្លួន​ស្រប​ច្បាប់​ឬក៏អត់​ ហើយ​ប្រសិន​បើ​មិន​ស្រប​ច្បាប់​ទេ​ពួកគេ​គួរ​តែ​ត្រូវ​បាន​បញ្ជូន​​ទៅ​​ប្រទេស​វៀតណាម​វិញ។

ឧត្ដមសេនីយ៍ សុខ ផល បាន​មាន​ប្រសាសន៍​ថា ” បញ្ហា​​ថា​តើ​ពួកគេ​ជាជន​ភៀស​ខ្លួន​មែន​ឬមិន​មែន​ គឺ​អាស្រ័យ​លើ​អាជ្ញាធរ​កម្ពុជា​។ វា​មិន​មែន​អាស្រ័យ​លើ​​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ឡើយ​ ព្រោះ​គេ​បាន​​ផ្ទេរ​តួនាទី​នេះ​មក​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​យើង​។ ប៉ុន្តែ​ប្រសិន​បើ​យើង​រក​ឃើញ​ថា ពួកគេ​មិន​មែន​ជា​ជន​ភៀស​ខ្លួន​ទេ​នោះ យើង​នឹង​បញ្ជូន​ពួកគេ​​ត្រឡប់​ទៅ​​ប្រទេស​វៀតណាម​វិញ​”។

នៅ​ក្នុង​​កិច្ច​សម្ភាស​មួយ​ក្នុង​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​ពុធ ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​ម្នាក់​​បាន​​លើក​​ឡើង​ថា ខ្លួន​គេច​ខ្លួន​មក​ប្រទេស​កម្ពុជា​ព្រោះ​នគរ​បាល​​បាន​គំរាម​ចាប់​ខ្លួន​គាត់​ពី​បទ​ជួយ​គាំទ្រ​មូលនិធិ​ Degar ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​តស៊ូមតិ​សម្រាប់​សិទ្ធិ​ជនជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា។ ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ម្នាក់​ទៀត​បាន​និយាយ​ថា ខ្លួន​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​វៀតណាម​ ព្រោះ​​ខ្លួន​បាន​បង្ហាញ​​និមិត្ត​សញ្ញា​​របស់​មូលនិធិ​ Degar នៅ​លើ​​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​។

លោក កុក ក្ស អាយុ​៧០​ឆ្នាំ ប្រធាន​មូលនិធិ​ Degar ​បាន​​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ខ្លួន​បាន​ប្រាប់​​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​​នៅ​ក្នុង​ប្រទេស​វៀតណាម​​ម្ដង​ហើយ​ម្ដង​ទៀត​ថា កុំ​ឲ្យ​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​។

លោក​​បាន​​មាន​ប្រសាសន៍​តាម​រយៈ​ទូរស័ព្ទ​ពី​រដ្ឋ​ North Carolina ជាទី​ដែល​​លោក​បាន​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៤៧​​មក​ថា ” ខ្ញុំ​បាន​ប្រាប់​ពួកគេ​កុំ​ឲ្យ​ទៅ ព្រោះ​រដ្ឋាភិបាល​​​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​។ ប៉ុន្តែ​​ពួកគេ​ជឿជាក់​ថា អង្គការ​សហប្រជាជាតិ​ឬ​នរណា​ម្នាក់​ផ្សេង​ទៀត​នឹងជួយ​ពួកគេ​៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.