រដ្ឋាភិបាល​ស៊ើប​អង្កេត​​លើ​ NGO ​ដែល​នៅ​ពីក្រោយ​របាយការណ៍​រិះគន់​

ជាង១ខែបន្ទាប់ពីអះអាងថាខ្លួនបានបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ថ្មីៗអំពីការជួញដូរឈើយ៉ាងគគ្រឹកគគ្រេងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រសួងបរិស្ថានមិនទាន់និយាយនៅឡើយទេថា តើមានវិធានការបែបណាប្រសិនបើករណីនេះកំពុងតែបន្តកើតឡើងដូចការចោទប្រកាន់មែន ប៉ុន្តែបែរជាបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលបានលាតត្រដាងពីវិសាលភាពនៃបញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតទៅវិញ។

ទន្ទឹមនេះ តួលេខនាំចូលឈើចុងក្រោយបានពីប្រទេសវៀតណាមបង្ហាញថា ការរត់ពន្ធឈើបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែវានៅតែមានទំហំទឹកប្រាក់ជាច្រើនលានដុល្លារ។

ប្រតិកម្មតបទៅនឹងសេចក្ដីរាយការណ៍កាលពីពេលថ្មីៗនេះដោយអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (Environment Investigation Agency) ហៅកាត់ EIA ដែលលាតត្រដាងពីការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយឧស្សាហកម្មនៅក្នុងខេត្តរតនគិរី ដោយក្រុមហ៊ុនវៀតណាម ដែលមានការសម្របសម្រួលតាមរយៈអំពើពុករលួយនៅមូលដ្ឋាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងកាលពីថ្ងៃទី១៤ ខែឧសភាថា លោកកំពុងស៊ើបអង្កេតលើការអះអាងទាំងនេះ។

នៅសប្ដាហ៍នេះ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងតែបន្ត ប៉ុន្តែបានបដិសេធមិនឆ្លើយសំណួរផ្សេងទៀតទេ។

cam-photo-timberទោះជាយ៉ាងណា លោកបានលើកឡើងបន្ថែមថា ការស៊ើបអង្កេតនេះរួមមានការពិនិត្យមើលដោយយកចិត្តទុកដាក់ទៅលើលក្ខណសម្បត្តិរបស់អង្គការ EIA និងអ្នកគាំទ្ររបស់ខ្លួន ហើយបានចោទសួរពីសុច្ចរិតភាពរបស់អង្គការនេះ។ លោកថ្លែងថា “យើងមិនដឹងទេពីភាពគួរឱ្យជឿទុកចិត្តបានរបស់អង្គការ EIA ។ យើងមិនដឹងថាអ្នកណានៅពីក្រោយពួកគេទេ”។

លោក សាយ សំអាល់ បានបដិសេធមិនប្រាប់ថាតើលោកមានហេតុផលអ្វីដែលត្រូវសង្ស័យលើមូលហេតុរបស់អង្គការ EIA ឡើយ។ លោកមានប្រសាសន៍ថា “យើងមិនដែលឮពីអង្គការ EIA ទេពីមុនមក។ ដូច្នេះពេលទំនាក់ទំនងជាមួយអង្គការថ្មី យើងត្រូវពិនិត្យមើលផង”។

នៅលើគេហទំព័ររបស់ខ្លួន អង្គការ EIA និយាយថា ២០ភាគរយនៃថវិការបស់ខ្លួនទទួលបានពីការបរិច្ចាគរបស់សាធារណជន ហើយសល់ប៉ុន្មានទទួលបានពីមូលនិធិ និងស្ថាប័ននានារបស់រដ្ឋាភិបាល។ អង្គការនេះចាត់ទុកបេសកកម្មរបស់ខ្លួនថាជាបេសកកម្មស៊ើបអង្កេតបទល្មើសព្រៃឈើនៅជុំវិញពិភពលោក ហើយតស៊ូមតិដើម្បីការផ្លាស់ប្ដូរដ៏មានន័យ និងការធ្វើកំណែទម្រង់គោលនយោបាយ។

រដ្ឋាភិបាលមានទម្លាប់ចោទប្រកាន់អង្គការមិនមែនរដ្ឋាភិបាលនានាដែលរិះគន់សកម្មភាព និងគោលនយោបាយរបស់ខ្លួនថាទទួលបញ្ជាពី “ជនបរទេស” មិនបញ្ជាក់ច្បាស់លាស់ដែលមានបំណងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដល់នូវក្ដីអន្តរាយ។ប៉ុន្មានថ្ងៃមុនការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួនជាមួយនឹងម្ចាស់ជំនួយបរទេសបានស្ថិតក្រោមការអង្កេតតាមទាន់ទាក់ទិនការជួយគណបក្សប្រឆាំង ប៉ុន្តែក្រោយមកបានទទួលស្គាល់ថា លោកលើកឡើងបែបនេះគ្រាន់តែដើម្បីបំភ័យពួកគេប៉ុណ្ណោះ។

នៅពេលអង្គការក្លូបល វីតណេស (Global Witness) ជាអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានចេញរបាយការណ៍ផ្ទាល់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកស្ដីពីការកាប់ឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលរាលដាលកាន់តែខ្លាំងដោយសារមានអំពើពុករលួយក្នុងមូលដ្ឋាននោះ រដ្ឋាភិបាលបានប្រតិកម្មតបវិញតាមរយៈការដកហូតច្បាប់ចម្លងនៃរបាយការណ៍នោះ ហើយបានថ្កោលទោសអង្គការនេះ ព្រមទាំងបណ្ដេញបុគ្គលិករបស់អង្គការនេះចេញពីប្រទេសកម្ពុជាទៀតផង។ ក្នុងចំណោមមន្ត្រី និងពាណិជ្ជករស្ដុកស្ដម្ភដែលត្រូវបានលាតត្រដាងក្នុងរបាយការណ៍ទាំងនោះ មិនទាន់មានអ្នកណាម្នាក់ទទួលការកាត់ទោសនៅឡើយទេ។

លោក ចាហ្គោ វ៉ាដលី (Jago Wadley) អ្នកធ្វើយុទ្ធនាការព្រៃឈើជាន់ខ្ពស់នៃអង្គការ EIA បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញការលើកឡើងចុងក្រោយនេះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប៉ុន្តែមានប្រសាសន៍ថា លោកមិនដឹងទេថា តើរដ្ឋាភិបាលកម្ពុជាបានព្យាយាមទាក់ទងមកអង្គការនេះសួរនាំទាក់ទិនសេចក្តីរាយការណ៍របស់ខ្លួនឬក៏អត់។

ទោះជាយ៉ាងណា លោកថ្លែងថា នៅសប្តាហ៍នេះអង្គការ EIA ពិតជាបានជួបជាមួយមន្ត្រីវៀតណាម ដែលកំពុងចរចាចុះកិច្ចព្រមព្រៀងជួញដូរឈើហ៊ុបជាមួយសហភាពអឺរ៉ុប។ មន្ត្រីទាំងនោះបានប្រាប់អង្គការមិនមែនរដ្ឋាភិបាលមួយនេះថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាលខ្លួនលើការរត់ពន្ធឈើឆ្លងដែនកំពុងតែបន្ត។

លោក ចាហ្កោ វ៉ាដលី បានថ្លែងថា “ទោះជាយ៉ាងណា លក្ខណៈ វិសាលភាព និងការពិតនៃការស៊ើបអង្កេតនេះមិនទាន់មានការបញ្ជាក់នៅឡើយទេ ហើយក៏មិនទាន់មានការទំនាក់ទំនងជាសាធារណៈដែររហូតមកទល់ពេលនេះ”។

កាលពីខែមុន សហភាពអឺរ៉ុបបាននិយាយថា មន្ត្រីវៀតណាមក៏បានប្រាប់ខ្លួនដែរថា ពួកគេកំពុងតែបន្តស៊ើបអង្កេត។

អង្គការ EIA ដែលបានបញ្ជូនក្រុមស៊ើបការណ៍សម្ងាត់មកកាន់កម្ពុជា និងទៅកាន់វៀតណាម អំឡុងរដូវប្រាំងកន្លងទៅនិយាយថា ខ្លួនបានរកឃើញភ័ស្តុតាងបញ្ជាក់ថាក្រុមហ៊ុនវៀតណាមដែលសូកប៉ាន់មន្ត្រីមូលដ្ឋានរាប់លានដុល្លារដើម្បីកាប់ឈើនៅក្នុងតំបន់ព្រៃការពារ ហើយបានរត់ពន្ធឈើប្រមាណ៣០០.០០០ម៉ែត្រគូបឆ្លងដែនក្នុងរយៈពេលប៉ុន្មានខែ។ ដោយមិនអើពើនឹងបម្រាមដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកាលពីខែមករា ឆ្នាំ២០១៦ លើការនាំចេញឈើទៅកាន់ប្រទេសវៀតណាម។ ប្រទេសវៀតណាមបានកត់ត្រាឈើខុសច្បាប់ទាំងនេះយ៉ាងយត្រឹមត្រូវ ហើយបានលាងវាចូលទៅក្នុងទីផ្សារឈើ៕ សុខុម

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.