រដ្ឋាភិបាល​​ស្នើសុំ​ត្រួត​ពិនិត្យ​វត្ថុ​បុរាណ​ដែល​រឹបអូស​បាន​ពី​ប៉ូលិស​ថៃ

ប្រទេស​កម្ពុជា​កំពុង​រង់ចាំ​ភ្លើង​ខៀវ​ពី​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​វត្ថុ​ជាច្រើន​ដែល​រឹបអូស​បាន​កាលពី​ខែ​មុន ពី​មន្ត្រី​ប៉ូលិស​ថៃ​ជាន់​ខ្ពស់​អបយស​ម្នាក់ ​ជា​រតន​សម្បត្តិ​ដែល​រួម​មាន​វត្ថុ​បុរាណ​ខ្មែរ​មួយ​ចំនួន ដែល​អាជ្ញាធរ​ថៃ​និយាយ​ថា ប្រហែល​ត្រូវ​បាន​រត់ពន្ធ​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។

Reuters
Reuters

ប៉ូលិស​ថៃ​បាន​រឹបអូស​វត្ថុ​បុរាណ​ទាំង​នោះ​កាលពី​ខែ​មុន ក្នុង​ការ​ឆ្នក់​ចូល​ឆែកឆេរ​ផ្ទះ​របស់​ឧត្តមសេនីយ៍​ឯក ផុងផាត ឆាយាផាន អតីត​ស្នងការ​នៃ​ការិយាល័យ​ស៊ើប​អង្កេត​កណ្តាល​របស់​ប៉ូលិស​ថៃ។

យោងតាម​បណ្តាញ​ព័ត៌មាន​ថៃ​ឲ្យ​ដឹង​ថា ប៉ូលិស​បាន​រក​ឃើញ​បន្ទប់​ក្រោម​ដី​ដែល​ស្តុក​ទុក​ទ្រព្យ​ដែល​មាន​តម្លៃ​ជាង៦០​លាន​ដុល្លារ ក្នុង​នោះ​មាន​ទាំង​វត្ថុ​បុរាណ​ជា​ប្រវត្តិសាស្ត្រ​៥០​ដុំ ដែល​មាន​តម្លៃ​ប្រមាណ​១,៥​លាន​ដុល្លារ​ផង។ យោងតាម​សេចក្តី​រាយការណ៍​មួយ​ក្នុង​កាសែត​ ឌឹ ណេហ្សិន បាន​ឲ្យ​ដឹង​ថា វត្ថុ​បុរាណ​១០.០០០​ដុំ​ទៀត​ដែល​រក​ឃើញ​នៅ​ទី​នោះ​ដែរ នៅ​មិន​ទាន់​កំណត់​ភិនភាគ ឬ​ភាព​ពិត​ប្រាកដ​របស់វា​ទេ។

ឧត្តមសេនីយ៍​ឯក ផុងផាត ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​វិច្ឆិកា​ជាមួយ​នឹង​មន្ត្រី​ប៉ូលិស​៧​នាក់​ផ្សេង​ទៀត​ទាក់ទិន​នឹង​បទចោទ​ផ្សេងៗ​ រួម​មាន​ការ​ប្រមាថ​ព្រះ​មហាក្សត្រ ការ​លាង​លុយ​កខ្វក់ ការ​ស៊ី​សំណូក ការ​រត់ពន្ធ និង​ការ​គំរាម​យក​ប្រាក់។

យោងតាម​ ឌឹ ណេហ្សិន ឲ្យ​ដឹង​ថា ក្នុង​ចំណោម​វត្ថុ​បុរាណ​ដែល​រឹប​អូស​បាន​ពី​ផ្ទះ​របស់​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​រូប​នេះ មាន​ “រូប​ទេពតា​និង​ពុទ្ធបដិមា​រចនា​បទ​ខ្មែរ”​ ១៣​ដុំ។

កាសែត​នេះ​បាន​រាយការណ៍​ថា អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​វិចិត្រ​សិល្បៈ​ថៃ បាន​និយាយ​ថា វត្ថុ​បុរាណ​មួយ​ចំនួន​ដែល​រក​ឃើញ ត្រូវ​បាន​រឹបអូស​មក​ដោយ​ខុស​ច្បាប់​ពី​ម្ចាស់​ដើម។

លោក ប្រាក់ ស៊ុនណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ពី​ប្រទេស​ថៃ ដើម្បី​ពិនិត្យ​វត្ថុ​បុរាណ និង​ផ្ទៀងផ្ទាត់​ប្រភព​ដើម​របស់​វា។ លោក​បាន​និយាយ​ថា “យើង​មិន​ទាន់​ច្បាស់​អំពី​[វត្ថុ​បុរាណ​ទាំង​នោះ​ទេ] ប៉ុន្តែ​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​ហើយ។ មិន​មែន​តែ​យើង​ទេ​ដែល​ចង់​បញ្ជូន​អ្នក​ជំនាញ​ទៅ​ពិនិត្យ​[វត្ថុ​បុរាណ​ទាំង​នោះ]​ ប្រទេស​ភូមា និង​ប្រទេស​ឡាវ​ក៏​ចង់​ដូច្នោះ​ដែរ”។

លោក ស៊ុនណារ៉ា បាន​និយាយ​ថា នាយកដ្ឋាន​របស់​លោក​កំពុង​រៀបចំ​ឯកសារ ដែល​ជា​ដំណើរការ​លំបាក​មួយ​ដើម្បី​បញ្ជាក់​ថា វត្ថុ​បុរាណ​ទាំង​នោះ​ត្រូវ​បាន​យក​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​និយាយ​ថា ប្រទេស​កម្ពុជា​បាន​បញ្ជូន​សំណើ​មួយ​ទៅ​ប្រទេស​ថៃ​ជិត​ពីរ​សប្តាហ៍​មកហើយ ដើម្បី​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ទៅ​ពិនិត្យ​វត្ថុ​បុរាណ​ដែល​រឹបអូស​បាន​ទាំង​នោះ។ លោក​បាន​និយាយ​ថា “យើង​ត្រូវ​រង់ចាំ​រហូតដល់​ពួកគេ​ឆ្លើយតប​សិន ទើប​យើង​អាច​ពិនិត្យ​និង​ថតរូប​វត្ថុ​បុរាណ​ទាំង​នោះ​បាន”។

យោងតាម​សេចក្តី​រាយការណ៍​កាសែត​ដដែល​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក តាណាសាក់ ផាទីម៉ាផាគន បាន​ឲ្យ​ដឹង​ថា បាន​ទទួល​សំណើ​របស់​ប្រទេស​កម្ពុជា​ហើយ និង​បាន​និយាយ​ថា ប្រទេស​ថៃ​នឹង​រក​វិធី​ឲ្យ​មន្ត្រី​កម្ពុជា​វិភាគ​វត្ថុ​បុរាណ​ទាំងនោះ។

អ្នក​នាំពាក្យ​ប៉ូលិស​ថៃ លោក ប្រាវ៉ុត ថាវ៉នសិរី បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា អង្គភាព​ពិសេស​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពិនិត្យ​មើល​វត្ថុ​ទាំងនោះ ដែល​រឹបអូស​បាន​ពី​ឧត្តមសេនីយ៍​ឯក ផុងផាត។ លោក ប្រាវ៉ុត​ បាន​និយាយ​ថា “ក្រុម​ពិសេស​មួយ​មាន​មន្ត្រី​៣០០​នាក់​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម និង​វិភាគ​ព័ត៌មាន​លម្អិត​នៃ​វត្ថុ​​ដែល​បាន​រក​ឃើញ​ទាំង​នោះ​ ហើយ​នឹង​បញ្ចេញ​ឲ្យដឹង​ព័ត៌មាន​លម្អិត​នោះ​ក្នុង​ពេល​ឆាប់ៗ​នេះ”។ អ្នក​នាំពាក្យ​ប៉ូលិស​ថៃ​រូបនេះ​និយាយ​ថា “គណៈ​កម្មការ​នេះ​កំពុង​ស៊ើប​អង្កេត​នៅ​ឡើយ។ ក្នុង​ពេល​ប្រហែល​ពីរ ឬ បី​សប្តាហ៍​ទៀត គេ​នឹង​ដឹង​អំពី​តម្លៃ​វត្ថុ​នោះ”។

ការ​ចាប់​ខ្លួន​ឧត្តម​សេនីយ៍​ឯក ផុងផាត ធ្វើ​ឡើង​បន្ទាប់ពី​យោធា​ថៃ​បាន​ធ្វើ​រដ្ឋ​ប្រហារ​កាលពី​ខែ​ឧសភា​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា។

លោក ប្រាយុទ្ធ ចាន់អូចា ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ និង​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ​កាលពី​ខែ​សីហា បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​មួយ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ជួរ​កង​កម្លាំង​ប៉ូលិស ដែល​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ពុក​រលួយ​បំផុត​របស់​ប្រទេស​នេះ។

ទោះជា​យ៉ាង​នេះក្តី មាន​ការ​ប៉ាន់​ស្មាន​ជាទូទៅ​ក្នុង​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ថា ការ​ចាប់​ខ្លួន​ឧត្តមសេនីយ៍​ឯក ផុងផាត និង​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​មួយ​ចំនួន​ផ្សេងទៀត គឺ​ជា​ការ​ប៉ុនប៉ង​មួយរបស់​រដ្ឋាភិបាល​យោធា​ថៃ ដើម្បី​កម្ចាត់​ចោល​កម្លាំង​មន្ត្រី​ប៉ូលិស​របស់​ប្រទេស​នេះ ដែល​ស្មោះ​ត្រង់​នឹង​លោក​ស្រី យ៉ីងឡាក់ និង​ចលនា​នយោបាយ​ប្រជានិយម​ ដែល​បង្កើត​ឡើង​ដោយ​បង​ប្រុស​របស់​លោក​ស្រី គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.