រដ្ឋាភិបាល​​​កម្ពុជា​អះអាង​​​ថា ​ក្រុង​​​​​​​​ម៉ានីល ជា​​​​​​​​​អ្នក​​​​​​​​​​សម្រេច​​​​មិន​​​​​​​​​ដាក់​​​​​​បញ្ចូល​​​​សាលដីកា​​​សមុទ្រ​ចិន​

កាលពីម្សិលមិញ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបដិសេធថា កម្ពុជា មិនបានរារាំងការដាក់បញ្ចូលសាលដីការបស់តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិ ប្រឆាំងការអះអាងសិទ្ធិកាន់កាប់របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូងទៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានកាលពីថ្ងៃច័ន្ទនោះទេ ហើយថា តាមពិតគឺភាគីហ្វីលីពីន ទេដែលជាអ្នកសម្រេចមិនដាក់បញ្ចូលវា។

ការលើកឡើងរបស់លោក ជុំ សុន្ទរី ផ្ទុយគ្នាស្រឡះនឹងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញរបស់លោក ពើហ្វេកតូ យ៉ាសាយ (Perfecto Yasay) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ដែលបានបញ្ជាក់ថា ប្រទេសរបស់លោកបាន “ជំរុញយ៉ាងខ្លាំងក្លា” ឱ្យដាក់បញ្ចូលសាលដីកាតុលាការដែលខ្លួនឈ្នះក្ដីលើរដ្ឋាភិបាលក្រុងប៉េកាំង ប៉ុន្តែបានដកការទាមទារនេះវិញដើម្បីបុព្វហេតុសាមគ្គីភាពរបស់តំបន់។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសស្វាគមន៍មន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីម្សិលមិញ បន្ទាប់ពីវិលត្រឡប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសស្វាគមន៍មន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីម្សិលមិញ បន្ទាប់ពីវិលត្រឡប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បន្ទាប់ពីវិលត្រឡប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុងវៀងចន្ទន៍ វិញ លោក ជុំ សុន្ទរី បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ការចោទប្រកាន់ថា កម្ពុជា បាន “វេតូ” (ជំទាស់) ការដាក់បញ្ចូលសាលដីកានេះតាមសំណើរបស់ចិន ដែលបានសន្យាផ្ដល់ជំនួយជាងកន្លះពាន់លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា នៅខែនេះនោះ មិនមែនជាការពិតឡើយ។

អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា “រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ខ្លួនឯងបានទទួលស្គាល់ថា នេះជាបញ្ហារវាងហ្វីលីពីន និងចិន គឺមិនមែនជាបញ្ហារវាងអាសា៊ន និងចិនទេ។ ហើយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ខ្លួនឯងជាអ្នកសម្រេចមិនដាក់បញ្ចូលបញ្ហាសាលដីការបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ក្នុងសេចក្ដីថ្លែងការណ៍រួម។ ដូច្នេះ ខ្ញុំចង់បញ្ជាក់ថា មិនមែនកម្ពុជា ជាអ្នកវេតូទេ។ អ្នកដែលសម្រេចមិនដាក់បញ្ចូលគឺរដ្ឋមន្ត្រីការបរទេសហ្វីលីពីន”។

ទោះជាយ៉ាងណា អំឡុងសន្និសីទកាសែតក្នុងរដ្ឋធានីម៉ានីល កាលពីម្សិលមិញ នៅមុនជំនួបជាមួយលោក ចន ឃើរី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ពើហ្វេកតូ យ៉ាសាយ បានមានប្រសាសន៍ថា លោកចង់ឱ្យដាក់បញ្ចូលសាលដីកានេះ ប៉ុន្តែបានដកការទាមទារនេះវិញដើម្បីបុព្វហេតុសាមគ្គីភាព នេះបើយោងតាមការចុះផ្សាយរបស់កាសែត Philippine Daily Inquirer។

លោក ពើហ្វេកតូ យ៉ាសាយ បានគូសបញ្ជាក់ថា ”យើងបានជំរុញយ៉ាងខ្លាំងក្លាឱ្យដាក់បញ្ចូលសាលដីការបស់តុលាការមជ្ឈត្តកម្ម។ នេះជាវិធីសាស្ត្រការទូតដែលត្រូវធ្វើ។ យើងដឹងថានេះគឺជាជំហរកណ្ដាល”។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ក្នុងសន្និសីទកាសែតដោយឡែកមួយបន្ទាប់ពីជំនួបជាមួយលោក ពើហ្វេកតូ យ៉ាសាយ លោក ចន ឃើរី ក៏បានលើកឡើងដែរថា លោកមានក្ដីសោមនស្សរីករាយដែលទីបំផុតអាសា៊នបានចេញសេចក្ដីថ្លែងការណ៍រួម។

លោកថ្លែងថា ”វាធ្វើឱ្យអាស៊ានកាន់តែគួរឱ្យជឿទុកចិត្តសម្រាប់សហគមន៍អន្តរជាតិ ហើយធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាព និងពាក់ព័ន្ធក្នុងឋានៈជាក្រុមតំបន់”។ លោកបន្តថា ការមិនដាក់បញ្ចូលសាលដីកាក្នុងសេចក្ដីថ្លែងការណ៍េនះមិនបានបន្ថយឥទ្ធិពលសាលដីកានេះឡើយ។ ”វាមិនអាចទៅរួចឡើយដែលថាវាមិនពាក់ព័ន្ធគ្នា វាជាការចងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់”។

យោងតាមសេចក្ដីរាយការណ៍នានាឱ្យដឹងថា សាលដីកាចុះថ្ងៃទី១២ ខែកក្កដា ដែលចេញដោយតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (Permanent Court of Arbitration) មានមូលដ្ឋាននៅទីក្រុងឡាអេ បានច្រានចោលការអះអាងសិទ្ធិកាន់កាប់ដ៏ធំធេងរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ដែលក្នុងមួយឆ្នាំៗពាណិជ្ជកម្មពិភពលោកត្រូវឆ្លងកាត់សមុទ្រនេះមានទំហំទឹកប្រាក់រហូតដល់ទៅជាង៥លានលានដុល្លារ ហើយប្រទេសជាសមាជិកភាគច្រើនរបស់អាស៊ានបានជំរុញឱ្យដាក់បញ្ចូលសាលដីកាតុលាការក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទខាងលើនេះ។

cam-photo-china-sea-channaប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ សុទ្ធតែអះអាងសិទ្ធិកាន់កាប់ត្រួតគ្នាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ចំណែកឯឥណ្ឌូណេស៊ីអះអាងសិទ្ធិនេសាទ។ កិច្ចប្រជុំកាលពីថ្ងៃច័ន្ទ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបជាមួយលោក ចន ឃើរី និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។

សំណុំរឿងតុលាការអន្តរជាតិដើម្បីកំណត់សុពលភាពនៃការអះអាងសិទ្ធិកាន់កាប់របស់ចិន លើសមុទ្រចិនខាងត្បូងភាគច្រើននេះ ត្រូវបានដាក់ប្តឹងដោយរដ្ឋាភិបាលក្រុងម៉ានីល ប៉ុន្តែបានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ខឹងយ៉ាងខ្លាំង ដោយទីភ្នាក់ងារព័ត៌មានរបស់ខ្លួនបានចាត់ទុកថា សំណុំរឿងនេះ “ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់”។

កាលពីថ្ងៃអង្គារ បន្ទាប់ពីចេញសេចក្ដីថ្លែងការណ៍របស់អាស៊ានទាំងមិនបានដាក់បញ្ចូលសាលដីកាតុលាការ លោក វ៉ាង យី បានជ្រើសរើសកម្ពុជាឱ្យ ”ទទួលបន្ទុកផ្នែកភាពមិនលម្អៀង និងការពារភាពយុត្តិធម៌”។ មន្ត្រីការទូតមួយរូបដែលមិនបញ្ចេញអត្តសញ្ញាណ បានលើកឡើងថា វា “ស្ទើរមិនគួរឱ្យជឿ” ដែលកម្ពុជា ជំទាស់នឹងការដាក់បញ្ចូលសាលដីកាតុលាការអំឡុងពេលព្រាងសេចក្ដីថ្លែងការណ៍នេះមួយសប្តាហ៍ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក ធីទីណាន ពុងសុទ្ធិរក្ស (Thitinan Pongsudhirak) ប្រធានវិទ្យាស្ថានសិក្សាអំពីសន្តិសុខ និងអន្តរជាតិ (Institute of Security and International Studies) នៅសាកលវិទ្យាល័យជូឡាឡុងកន ក្រុងបាងកក បានមានប្រសាសន៍ថា វាជារឿងចម្លែកដែលពេលនេះកម្ពុជាព្យាយាមរួមចំណែកដល់ការមិនដាក់បញ្ចូលសាលដីកាតុលាការ។

លោកបានគូសបញ្ជាក់ថា “កម្ពុជា ប្រកាន់ជំហរថា នេះជារឿងរបស់បណ្ដាប្រទេសដែលអះអាងសិទ្ធិកាន់កាប់។ ដូច្នេះការដកខ្លួនចេញពីភាពចម្រូងចម្រាសក្រោយការចេញសាលដីការបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ។ ប៉ុន្តែការអះអាងថា ហ្វីលីពីន ជាអ្នកសម្រេចមិនដាក់បញ្ចូលសាលដីការបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ គឺផ្ទុយគ្នានឹងជំហររបស់ហ្វីលីពីន និងសេចក្ដីថ្លែងការណ៍ផ្សេងៗទៀត។ ការអះអាងបែបនេះគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង”។

អ្នកតាមដានព្រឹត្តិការណ៍មួយរូបទៀតបានលើកឡើងកាលពីថ្ងៃអាទិត្យថា កម្ពុជា កំពុង “ឆាឆៅ” បណ្ដាប្រទេសជិតខាងរបស់ខ្លួននៅក្នុងអាស៊ាន តាមរយៈការធ្វើជាភ្នាក់ងាររបស់ចិន នៅក្នុងអាស៊ានជាថ្នូរនឹងប្រាក់ ហើយស្ថានភាពនេះប្រហែលជាពិបាកនឹងធូរស្រាលណាស់។

ទោះជាយ៉ាងណា កាលពីម្សិលមិញលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសក៏បានបដិសេធដែរថា ជំនួយកន្លះពាន់លានដុល្លារដែលចិន បានសន្យាផ្ដល់ដល់កម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ពោលគឺបីថ្ងៃបន្ទាប់ពីតុលាការចេញសាលដីកាមិនបានជះឥទ្ធិពលលើជម្រើសរបស់កម្ពុជាឡើយ។ លោកគូសបញ្ជាក់ថា “វាជាបញ្ហាពីរផ្សេងគ្នា”៕ សុខុម

 

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.