រថយន្ត​ពាក់ស្លាក​លេខ​ខេមរភូមិន្ទ​​ស្ថិតក្នុង​ចំណោម​រថយន្ត​​ដឹក​ឈើ​ទៅ​វៀត​ណាម

មន្ត្រី​កង​រាជអាវុធ​ហត្ថម្នាក់​បាន​និយាយថា​ រថយន្ត​បីគ្រឿង​ រួមមាន​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឃាត់​ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ព្រឹក​ម្សិល​មិញ ខណៈដែលរថយន្ត​ទាំង​នេះ​​ដឹក​ឈើ​ប្រណីត​ឆ្ពោះទៅ​ព្រំដែន​វៀត​ណាម។

លោក ព្រំ សារ៉េន មេបញ្ជាការ​កង​រាជ​អាវុធហត្ថស្រុក ពេជ្រាដា បានមាន​ប្រសាសន៍ថា មន្ត្រី​មក​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​ខេត្ត​មណ្ឌលគិរី​បាន​ឃាត​់រថយន្ត​ទាំង​នោះ ដែលដឹក​ឈើ​ធ្នង់ និង​នាង​នួន​ ជាប្រភេទ​ឈើ​លេខ​១ ខណៈដែល​បើក​បរ​តាម​ផ្លូវ​ជាតិលេខ​៧៦ ក្នុង​ស្រុក​ពេជ្រាដា​ឆ្ពោះទៅ​​ច្រកព្រំដែន​​ណាំលៀ ប៉ុន្តែ​ថា មិន​មាន​ការ​ចាប់ខ្លួន​ឡើយ។

លោក សារ៉េន បាន​មាន​ប្រសាសន៍ថា “​ខ្ញុំ​ឮ​ថា ពួកគេ​បានយក​ឈើនិង​រថយន្ត​ទៅ​ទីស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ។ ខ្ញុំមិន​ដឹង​អ្វី​ផ្សេង​ទៀត​​ទេ ពីព្រោះ​ពួកគេ​មិន​បានស្នើសុំជំនួយរបស់​យើង​​​​ឡើយ”។

លោក កែប កុត នាយខណ្ឌ​​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​បាន​បញ្ជាក់ពី​សេចក្តី​រាយ​ការណ៍របស់លោក សារ៉េន ប៉ុន្តែ​បាន​បដិសេធ​មិន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែមឡើយ។

ដោយ​បង្វែរសំណួរបន្ថែមទៅ​លោក សារូ រតនា ជា​នាយ​រង​ខណ្ឌ​ដែលមិន​អាច​ទាក់ទង​បាន​ លោក​បានមាន​ប្រសាសន៍ថា “ខ្ញុំ​បាន​ឆ្លង​ព្រំដែន​ទៅ​ប្រជុំ​នៅ​ប្រទេស​វៀត​ណាម ដូច្នេះ​ខ្ញុំ​មិន​ដឹង​ព័ត៌មាន​លម្អិត​ទេ”។

គេហទំព័រព័ត៌មាន​ក្នុង​ស្រុក​​បាន​ចុះផ្សាយ​រូបថត​ រថយន្ត​ទាហាន​មានទ្រុង​​ដឹក​បន្ទះ​ឈើ​ធំៗជាច្រើន​ប​ន្ទះ និង​ រថយន្ត​ឡង់គ្រីស័រដឹក​ឈើ​នៅខាងក្នុង​​​ពេញ​។

កាលពី​ខែឧសភា​ឆ្នាំមុន បន្ទាប់ពី​​កម្លាំងចម្រុះ​មួយ​ក្រុម​​​ឃាត់​រថយន្ត​​ដឹក​ឈើ​​ប្រណីត​តាម​ផ្លូវជាតិ​លេខ​៧៦ លោក ស៊ូ មារិទ្ធ មន្ត្រី​កង​រាជអាវុធ​ហត្ថ​បាន​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​បាន​យក​កាំភ្លើងខ្លី​​ភ្ជង់​ក្បាល​លោក ស៊ិន វណ្ណវុធ អភិបាល​ស្រុក​កែវ​សីមា ​ទារ​យក​សោ​រថយន្ត​​ដែល​ចាប់ទុក​​នោះ​ មុន​ពេល​បើក​​ចេញ​យ៉ាង​លឿន។

កាលពី​ខែ​តុលា កង​រាជអាវុុធ​ហត្ថ​បាន​ដេញ​តាម​រថយន្ត​ពីគ្រឿង​នៅ​ផ្លូវ​ជាតិ​លេខ​៧៦​ ហើយ​​រឹបអូស​បាន​ឈើ​៨៦​ដុំ ប៉ុន្តែ​​ជន​ល្មើស​បាន​រត់​គេច​ខ្លួន​។

លោក ឯម សុភ័ក្ត្រ អ្នក​សម្រប​សម្រួល​​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​​ប្រចាំ​ខេត្ត​នេះ​បាន​លើក​ឡើង​ថា ការ​ចាប់​ខ្លួន​​កម្រ​​​​កើត​មាន​ក្នុង​តំបន់​នេះ​ណាស់​ ពីព្រោះ​អាជ្ញាធរ​ជាផ្នែក​មួយ​នៃ​របរ​ទុច្ចរិត​​​លួច​ឈើក្នុង​ប្រទេស​កម្ពុជា​​​ ហើយ​ដឹក​ឈើភាគ​ច្រើន​​ឆ្លង​កាត់​ព្រំដែន​។

លោក​បាន​មាន​ប្រសាសន៍​ថា នរគបាល​សេដ្ឋកិច្ច មន្ត្រី​គយ​​ មន្ត្រី​ខេត្ត​ ពួកគេ​សុទ្ធ​តែល្បាត​នៅ​ច្រក​ព្រំដែនទាំង​អស់​។ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​កាប់​ឈើ​ខុស​ច្បាប់​​ឆ្លង​ព្រំដែន​រាល់​ថ្ងៃ?។ ប្រសិន​បើ​មិន​មាន​ការ​ឃុប​ឃិត​ ឬ​អំពើ​ពុករលួយ​ទេ​នោះ គ្មាន​ករណី​បែប​នេះ​កើត​ឡើង​ឡើយ​”៕ សារុន​​​​

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.