លោកម៉ាឌូរ៉ូត្រូវតែចុះចេញពីអំណាចបើពុំនោះអាចមានវាសនាដូចជនផ្ដាច់ការប៉ាណាម៉ា Manuel Noriega

ប្រេសិតពិសេស របស់អាមេរិក ទទួលបន្ទុកវិបត្តិនៅប្រទេសវេណេហ្សូអេឡា លោក Elliott Abrams អះអាងថា សហរដ្ឋអាមេរិកនឹងមិនធ្វើទុក្ខបុកម្នេញ លោក Nicolás Maduro ជនផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡានោះទេ គឺអោយតែបុរសនេះ ចុះចេញពីតំណែងទាន់ពេលវេលា បើពុំនោះទេ ក្រុងវ៉ាស៊ីនតោន នឹងមិនលើកលែងទោស អោយឡើយ។

កាសែត The New York times បានដកស្រង់សម្តីលោក Elliott Abrams ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហានេះថា មកដល់ពេលនេះ លោកម៉ាឌូរ៉ូ មិនបានផ្ដល់សញ្ញា ណាមួយថាលោកនឹងយល់ព្រមចុះចេញពីតំណែងនោះទេ ទោះជាសេដ្ឋកិច្ចទ្រទ្រង់របបរបស់លោក បានដួលក្រឡាប់យ៉ាងណាក៏ដោយ។ ប្រេសិតពិសេស របស់អាមេរិករូបនេះអះអាងថាអាមេរិកមិនចង់កាត់ទោស លោកម៉ាឌ៉ូនោះទេ ប៉ុន្តែលោកម៉ាឌូរ៉ូត្រូវរកពេលចុះចេញពីតំណែងអោយបានឆាប់បំផុត។ លោក Elliott Abrams ព្រមានថា អាមេរិកនឹងមិនទុកអោយរបបលោកម៉ាឌូរ៉ូ  ដើរដល់ឆ្នាំ២០២០នោះទេ។

មានការចោទសួរថា តើលោកម៉ាឌូរ៉ូ មានវាសនាដូចអតីតមេដឹកនាំផ្ដាច់ការ ប៉ាណាម៉ា Manuel Noriega  ដែលបានស្លាប់ក្នុងគុកអាមេរិកឬយ៉ាងណា។

រលកនៃការតាមផ្ដួលរំលំលោកនីកូឡាស់ម៉ាឌូរ៉ូ កាន់តែខ្លាំងក្លាហើយចាប់តាំងពី មេបក្សប្រឆាំងវ័យក្មេង ហ៊ាន់កៃដូ ប្រកាសខ្លួនឯងជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាប្រធានរដ្ឋសភា មកពីក្រុមប្រឆាំង។

ឥឡូវនេះ លោកជួនកៃដូ ត្រូវបានប្រជាជន វេណេហ្សូអេឡា គាំទ្រលោកលើសលុប បើធៀបនឹងលោកម៉ាឌូរ៉ូ ។

បន្ថែមលើនេះទៀត លោកបានដណ្ដើមកាន់កាប់តម្លៃការទូតលើឆាកអន្តរជាតិក៏ច្រើនជាងលោកម៉ាឌូរ៉ូដែរ គឺជាង៥០ប្រទេសបានគាំទ្រលោក ។ សហរដ្ឋអាមេរិកសហភាពអឺរ៉ុប ប្រទេសជប៉ុន និងប្រទេសជិតខាងវេណេហ្សូអេឡា សឹងទាំងអស់បានប្រឆាំងនឹងការកាន់អំណាចរបស់លោកម៉ាឌូរ៉ូ។

នៅពេលនេះ សូម្បីប្រទេសធំៗដូចជាចិន និងរុស្ស៊ី ដែលជាខ្នងបង្អែករបស់លោកម៉ាឌូរ៉ូ ក៏កំពុងរកវិធីដោះដៃផងដែរ គឺគ្រាន់តែយូរ ឬឆាប់តែប៉ុណ្ណោះ។ គិតមកដល់ពេលនេះ ស្ថានភាពទៅរកការផ្ដួលរំលំលោកម៉ាឌូរ៉ូពីអំណាចដោយការហុំព័ន្ធសេដ្ឋកិច្ច និងចលនា ទាញទំម្លាក់ដោយក្រុមប្រឆាំង  មានរូបភាពកាន់តែច្បាស់ឡើងៗ។

ដែលធ្វើអោយសេដ្ឋកិច្ចរបបលោកម៉ាឌូរ៉ូដួលរលំទៅហើយ ដោយសារបរិមាណផលិតប្រេងឆៅ សម្រាប់នាំចេញទៅ បានធ្លាក់ចុះ ជាខ្លាំង បណ្ដាលអោយពលរដ្ឋប្រទេសនេះ រស់យ៉ាងវេទនាបំផុតសឹងតែរកពងទាមួយមកទទួលទានមិនបានសម្រាប់គ្រួសារក្រីក្រ។

ដោយសារករណីនេះ ពលរដ្ឋកាន់តែច្រើនឡើងៗបានចាកចេញពីប្រទេស ដែលតាមរបាយការណ៍របស់ អង្កការសហប្រជាតិគឺពលរដ្ឋបានចាកចេញពីប្រទេសទៅរកការងារធ្វើនៅប្រទេសជិតខាងមានជាង៣លាននាក់។ អង្គការស្បៀងអាហារ ពិភពលោក បានព្រមានថា ប្រទេសនេះនឹងធ្លាក់ក្នុងភាពអត់ឃ្លានអាក្រក់បំផុតនៅ ចុងឆ្នាំ២០១៩នេះ បើអាមេរិកនៅបន្តដាក់ទណ្ឌកម្មទៀតនោះ។

ដោយឡែកលោកជួនកៃដូ មេដឹកនាំបក្សប្រឆាំង នៅថ្ងៃនេះក៏បាន ប្រកាស បង្កើតរដ្ឋាភិបាលស្រមោល ដើម្បី ចូលដឹកនាំប្រទេស នៅពេល លោកម៉ាឌូរ៉ូត្រូវបានទាញទម្លាក់ពីអំណាចដែលលោកជួនកៃដូព្រមានថា នៅប៉ុន្មានខែទៀតនេះ។

លោកកៃដូអះអាងថា រដ្ឋាភិបាលស្រមោលរបស់លោកនឹងទទួលបានការគាំទ្រ ពីសហគមន៍អន្តរជាតិ ហើយ ធ្វើអោយរបបលោកម៉ាឌូរ៉ូកាន់តែឯកោ។

តើលោកម៉ាឌូរ៉ូអាចជួបជីវិតចុងក្រោយដូចអតីតប្រធានាធីបតី ប៉ាណាម៉ា លោក Manuel Noriega  ដែរឬទេ?

មានមេដឹកនាំផ្ដាច់ការជាច្រើនហើយដែលជួបវាសនាអាក្រកបំផុតបន្ទាប់ពីធ្លាក់ពីអំណាច។ អតីតប្រធានាធិបតីអ៊ីរ៉ាក់លោក Saddam Hussen ត្រូវបានបញ្ចប់ជីវិតដោយការកាត់ទោស ព្យួរករ នៅឆ្នាំ២០០៣ បន្ទាប់ពីកងទ័ពអាមេរិកចាប់ខ្លួនបានខណៈលាក់ខ្លួនក្នុង រូងដី។

លោក Muammar Gaddafi, អតីតមេដឹកនាំប្រទេសលីប៊ី ត្រូវបានកងទ័ពបារាំង គាំទ្រដោយកងទ័ពណាតូ និងពួកបះបោរ បាញ់សម្លាប់                 ខណៈលោកចេញពីរូងដី នៅឆ្នាំ២០១១។

តែយ៉ាងណាក៏ដោយ ក៏មានមេដឹកនាំខ្លះ មិនបានជួបវាសនាអាក្រក់ ដូច បុរសខ្លាំងពីររូបនេះទេ ប៉ុន្តែត្រូវបានពលរដ្ឋរបស់ខ្លួនឯងទាញទំលាក់ពីអំណាច ហើយនាំខ្លួនឡើងតុលាការដើម្បីកាត់ទោស ក្នុងនោះមានដូចជា ប្រធានាធិបតីសូដង់ អូម៉ា អាល់បាសៀ។ អតីតប្រធានាធិបតីប្រទេសអេហ្សិប លោក Hosni Mubarak នៅឆ្នាំ២០១១និង ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Suharto នៅឆ្នាំ១៩៩៨។

ដោយឡែកលោក Manuel Noriega អតីតមេដឹកនាំប្រទេសប៉ាណាម៉ា ត្រូវបានអាមេរិកនាំទ័ពចូលលុកលុយ ដើម្បីចាប់ខ្លួននៅឆ្នាំ១៩៨៩ ហើយនាំខ្លួនមកកាត់ទោសនៅសហរដ្ឋអាមេរិក ពីបទលាងលុយកង្វក់ រត់ពន្ធគ្រឿងញៀន រត់ពន្ធអាវុធ ដែលបង្កអសន្តិសុខមកលើទឹកដីអាមេរិក។

ដូចគ្នានេះ លោកម៉ាឌូរ៉ូក៏ធ្លាប់បាន ក្រសួងរតនាគារអាមេរិក ចោទ លោកថាជាមេដឹកនាំ ពាក់ព័ន្ធនឹងពួកឈ្មួញគ្រឿងញៀន ព្រោះលោកតែងតែជួយមេឈ្មួញរត់ពន្ធគ្រឿងញៀនអោយមានសេរីភាព គេចពីការតាមចាប់ខ្លួនរបស់ភ្នាក់ងារ FBI អាមេរិក។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ព្រមានថា លោកម៉ាឌូរ៉ូ កុំប្រាថ្នា ដូចអតីតប្រធានាធិបតីរបស់ប្រទេសប៉ាណាម៉ា  លោកManuel Noriega នោះអោយសោះ៕Attachments area

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.