លោកស្រី Carrie Lam កម្មាភិបាលចិនព្រមានថាកងទ័ពមកពីក្រុងប៉េកាំងដើម្បីចូលអន្តរាគមន៍ក្រុងហុងកុងជិតមកដល់ហើយ

អភិបាលក្រុងហុងកុងលោកស្រី Carrie Lam ដែលជាកម្មាភិបាល នៃបក្សកុម្មយនិស្តចិន នៅថ្ងៃអង្គារទី៨តុលានេះបានព្រមានថា កងទ័ពមកពីទីក្រុងប៉េកាំង គឺកងទ័ពចិននឹងចូលធ្វើអន្តរាគមន៍ ប្រសិនបើស្ថានភាពនៃចលនាបាតុកម្ម នៅក្នុងទីក្រុងហុងកុង នៅតែបន្តអាក្រក់ឡើងៗ ទៀតនោះ។

សារព័ត៌មាននៃគេហទំព័រ Mail Online.com បានចុះផ្សាយនៅថ្ងៃនេះថា ការព្រមានរបស់លោកCarrie Lam  គឺបន្ទាប់ពីបាតុករប្រកបដោយហិង្សា បានដុតបំផ្លាញហាងទំនិញ ជាង២០០កន្លែង កាលពីបាតុកម្មចុងសប្ដាហ៍មកនេះ ។

យ៉ាងណា លោកស្រីនៅតែជឿជាក់ថាករណីនេះ គួរស្វែងរកដំណោះស្រាយដោយខ្លួនឯង ប៉ុន្តែប្រសិនបើស្ថានការណ៍ នៅតែបន្តអាក្រក់ឡើងៗថែមទៀតនោះ ជម្រើសអ្វីក៏ដោយគឺមិនអាចមើលរំលងបាននោះទេ គឺរាប់ទាំងអន្តរាគមន៍ដោយកងទ័ពផងដែរ។

បាតុកម្មនៅហុងកុងបានចាប់ផ្តើមផ្ទុះឡើងតាំងពីខែមិថុនាមកម្លេះ ដែលពីដំបូងឡើយគឺមានគោលដៅប្រឆាំងច្បាប់ធ្វើបត្យាប័ន តែត្រូវបានលុបចោលវិញ ប៉ុន្តែមកទល់ពេលនេះ ចលនាបាតុកម្មបាន ក្លាយទៅជាការតវ៉ាប្រឆាំងរដ្ឋបាលក្រុងហុងកុង  និងតតាំងជាមួយប៉ូលិស ហើយជាពិសេសនោះ គឺប្រឆាំងរដ្ឋាភិបាលចិនតែម្តង។

ជាការកត់សម្គាល់ទៀតនោះ គឺចលនាបាតុកម្មកាន់តែមានភាពតានតឹងខ្លាំងឡើងមួយកម្រិតទៀត ដោយសារតែលោកស្រី Lam បានចាត់វិធានការ ហាមឃាត់ការពាក់ម៉ាស់ ឬរបាំងមុខនៅអំឡុងពេលធ្វើការតវ៉ា។

កាលពីខែសីហា  រូបភាពផ្កាយរណបមួយរបស់ពួកយោធាចិនបានបង្ហោះឃើញ អំពីការចល័តទ័ពពីទីក្រុងប៉េកាំង គឺមានទ័ពមួយម៉ឺននាក់ អមដោយរថពាសដែករាប់សិបគ្រឿងបានដាក់ពង្រាយនៅតាមព្រំដែន ខេត្ត Shenzhen ជាប់នឹងដែនដីហុងកុង។

កាលពីសប្ដាហ៍មុន ប្រធានាធិបតីស៊ីជីនភីង បង្ហាញជំហរ ចង់មានដំណោះស្រាយដោយសន្តិវិធីជាមួយបាតុករ ប៉ុន្តែលោកព្រមានថា ដំណោះស្រាយមិនអាចមានទេ បើស្ថានការណ៍នៅតែអាក្រក់ឡើងៗ។

ស្របពេលនេះ បណ្ដាញផ្សាយព័ត៌មាន សិង្ហបុរី Channel News Asia បានចុះផ្សាយថា ប៉ូលិសហុងកុង បានថ្កោលទោសក្រុមបាតុករ ដែលបានប្រព្រឹត្តអំពើហិង្សាកាន់តែអាក្រក់ឡើងៗ អំឡុងពេលធ្វើបាតុកម្មកាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយវាយទៅលើប៉ូលីសបណ្ដាលអោយរងរបួសប៉ូលិសជាច្រើននាក់ ដែលខណៈនោះ បាតុករ ៧៧នាក់ត្រូវចាប់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ប៉ូលិស ដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter របស់ខ្លួន ដោយបានចោទក្រុមបាតុករថាបានប្រើហិង្សាទៅលើពលរដ្ឋធម្មតាមួយចំនួន  ។

ប៉ូលិសហុងកុងបានរិះគន់ធ្ងន់ៗថា ទង្វើបែបនេះ ពិតជាហួសហេតុ គឺជាការប្រព្រឹត្តអំពើហិង្សាគ្រប់ទម្រង់ ដែលមិនអាចអត់ឱនឲ្យបានឡើយ។ សមត្ថកិច្ចប៉ូលិសហុងកុងបានប្តេជ្ញាថា នឹងបន្តរឹតបន្តឹងច្បាប់ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ។

កាលពីរំលឹកខួប៧០ឆ្នាំនៃការដឹកនាំចិនដោយបក្សកុម្មុយនីស្ដ បាតុករយ៉ាងតិចម្នាក់ត្រូវបានប៉ូលីសបាញ់ចំដើមទ្រូងរបួសធ្ងន់ធ្ងន់និងជាច្រើននាក់ទៀតរងរបួស ប៉ុន្ដែតុល្យការនៃការចាប់ខ្លួនបាតុករកើនឡើងជាង១៣០០នាក់។អ្នកសង្កេតការណ៍បានហៅចលនារបស់ប្រជាជនហុងកុងគឺជាបដិវត្តន៍ឆ័ត្រប្រឆាំងគោលនយោបាយប្រទេសមួយប្រព័ន្ធពីររបស់ចិនដែលបានដាក់ចុះដោយប្រធានាធិបតីតេងស៊ាវភីង កាលពីឆ្នាំ១៩៨៩ ។

ខណៈស្ថានការណ៍កាន់តែអាក្រក់និងធ្ងន់ធ្ងរ ជាងបួនខែមកនេះ  បណ្ដាញផ្សាយព័ត៌មាន របស់អាមេរិក Bloomberg  បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៦ ខែតុលានេះថា យ៉ាងហោចណាស់មាន មហាសេដ្ឋីប្រាក់រាប់លានដុល្លារ ជិត១០០នាក់ កំពុងតែស្វះស្វែងរកសញ្ជាតិនៅក្នុងប្រទេសអៀឡង់ ក្នុងទ្វីបអឺរ៉ុប។

ប្រភពដដែលបញ្ជាក់ទៀតថា អ្នកមានប្រាក់ស្ដុកស្ដម្ភទាំងនោះ ចាប់ផ្ដើមស្វះស្វែងរកសញ្ជាតិរស់នៅឯក្រៅប្រទេស នោះគឺរយៈពេល៨សប្ដាហ៍មកនេះបន្ទាប់ពីសំពាធ របស់បាតុករនៅទីក្រុងហុងកុងដែលបណ្ដេញលោកស្រីអភិបាលក្រុង Carrie Lam មិនមានដំណោះស្រាយ។

អង្គការទីប្រឹក្សានៃកម្មវិធីរបស់ក្រុមអ្នកមានស្ដុកស្ដម្ភបាននិយាយថាពលរដ្ឋហុងកុងដែលមានប្រាក់ស្ដុកស្ដម្ភទាំងនោះត្រូវដាក់ពាក្យសុំដោយមានប្រាក់ជាង១លានដុល្លារឡើងទៅ។

នេះជាលើកដំបូងហើយដែលពួកមហាសេដ្ឋីក្រុងហុងកុងស្វះស្វែងរកការសុំសញ្ជាតិនៅឯបរទេស ចាប់តាំងពីទីក្រុងហុងកុងដែលធ្លាប់នៅក្រោមអាណានិគមអង់គ្លេសជាងមួយរយឆ្នាំបានប្រគល់ទៅឱ្យចិនប៉េកាំងគ្រប់គ្រងវិញកាលពីឆ្នាំកាលពីឆ្នាំ១៩៩៧៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.