លោក ហោ ណាំហុង​ នឹងធ្វើ​ជាប្រធាន​​គណៈកម្មាធិការអន្តរ​រដ្ឋាភិបាល​​ថ្មី​ជាមួយ​រដ្ឋាភិបាល​ចិន​

លោក ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​លោក យ៉ាង ជេឈី (Yang Jiechi)​
អតីតរដ្ឋមន្ត្រី​ការ​បរទេស​ចិន​ ត្រូវបាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សហ​ប្រធាន​​​គណៈកម្មាធិការ​​អន្តររដ្ឋា​ភិបាល​​​ដែល​ទើប​បង្កើតថ្មី​​​រវាង​ប្រទេស​ចិន​និង​កម្ពុជា​ ក្នុង​សប្តាហ៍នេះ​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​​ការ​នៅក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា​កា​អនុវត្តច្បាប់​ និង​វិ​ស័យ
​ការ​ពារ​ជាតិ​ជាដើម។​

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​រួម​មួយ​ ដែល​ចេញ​កាលពីថ្ងៃអង្គារ​ នៅពេល​លោក​ហ៊ុន សែន​ បានអញ្ជើញទៅទីក្រុង​ប៉េកាំង​ ដើម្បីចូលរួមកិច្ច​ប្រជុំ​មួយ​ចំនួន​ ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​​កុម្មុយនីស្ត​ចិន​នោះ​​ ប្រទេស​ចិន​ និងប្រទេស​កម្ពុជា​​ក៏បាន​លើកឡើង​ដែរថា​ ប្រទេសទាំងពីរ​នឹង​ជួយគ្នាទៅវិញទៅមក​ដើម្បី​លើកកម្ពស់​សន្តិសុខ​ជាតិ​របស់ខ្លួន​ ​ព្រម​ទាំង​ការ​​សហការ​នៅក្នុង​ការ​​លើក​កម្ពស់​​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ផងដែរ។​

ថ្លែងទៅកាន់​អ្នកកាសែត​ បន្ទាប់ពី​គណៈ​ប្រតិភូ​កម្ពុជា​ ត្រឡប់មក​ដល់​រាជធានី​ភ្នំពេញ​វិញ​កាលពីម្សិលមិញ​ លោក ចម ប្រសិទ្ធ​ រដ្ឋ​មន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បាន​ផ្តល់​ព័ត៌មាន​លម្អិត​មួយ​ចំនួន​​ស្តីពី​គណៈកម្មាធិការ​ថ្មីនេះ​ ដែល​ជាការ​ពង្រឹង​ទំនាក់ទំនង​ថ្មីបំផុត​រវាង​ប្រទេស​ទាំងពីរ។​

លោកបានថ្លែង​នៅក្នុង​សន្និសីទ​មួយ​នៅ​ឯអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា​ “ គណៈ​
កម្មាធិការ​អន្តររដ្ឋាភិបាល​នេះ​​ នឹង​​ដឹកនាំ​ដោយ​លោក ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ រីឯភាគីចិន​ គឺដឹកនាំ​ដោយ​ ​លោកយ៉ាង ជេឈី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ចិន”។​
លោកបាន​បន្តថា “ យើងក៏នឹង​មាន​ការ​ចូល​រួម​ពី​​ក្រសួង​​​ផ្សេងៗទៀត​ផងដែរ ​ដើម្បី​ អនុវត្ត​ផែនការ​សកម្មភាព​​ដែល​ទើបតែ​អនុម័ត​ថ្មី​េនះ​”។

លោក ចម ប្រសិទ្ធ​ ​បន្តថា “ ទំនាក់​ទំនង​​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​​ចិន​​បាន​​ឈានដល់​កម្រិត​ខ្ពស់បំផុត​។​ គ្មានទំនាក់​ទំនង​ណា​លើពិភពលោក​ ល្អជាង​ទំនាក់ទំនង​នេះ​ទេ​។យើងបាន​ឈាន​ដល់​កម្រិត​កំពូល​គឺ​ គណបក្ស​នយោបាយ​និង​គណបក្ស​នយោ​បាយ​ រដ្ឋាភិបាល​និង​រដ្ឋា​ភិបាល​ អង្គការ​សង្គម​ស៊ីវិល​ និង​អង្គការ​សង្គម​ស៊ីវិល​ ប្រជាពល​រដ្ឋ​និងប្រជា​ពលរដ្ឋ​ និង​លើគ្រប់ផ្នែក​ទាំង​អស់​”។

យោងតាម​លោក​ ចម ប្រសិទ្ធ​​ បានឲ្យដឹង​ថា រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​
​ចំនួន​៤៧លាន​ដុល្លារ​ ដល់​រដ្ឋាភិបាល​កម្ពុជា​ ផ្តល់​​កម្ចីសម្បទាន​ការ​ប្រាក់ទាបចំនួន​៥០០​លានដុល្លារ​​​ និង​កម្ចី​​៤៧លាន​ដុល្លារ​ទៀត​ ដើម្បី​បំពេញ​ការខ្វះខាត​នៅ​ក្នុង​​ថវិកា​ជាតិ។​

លោកលើកឡើងថា​“ នេះ​ជា​លទ្ធផល​ជា​ផ្លែផ្កា​របស់​សម្តេច​ តេជោ​ [ហ៊ុន​ សែន​]​ ដែលកម្ពុជា​
ទទួលបាន​ [កម្ចីនិងជំនួយទាំងនេះ​​]។ នេះជា​ចំនួន​ទឹកប្រាក់​​យ៉ាងច្រើន​​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ចរបស់យើង​ឲ្យរីក​ចម្រើន​កាន់​តែ​លឿន​”។

ចំនួនវិនិយោគ​ទុន​របស់ចិន​ក្នុង​ប្រទេស​កម្ពុជា​ បាន​ធ្វើ​​ឲ្យ​ចិន​ក្លាយ​ជា​វិយោគិន​បរទេស​
​ធំ​ជា​ងគេ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ លោក ចម​ ប្រសិទ្ធ​ បានមាន​ប្រសាសន៍ថា​ “នៅក្នុងរយៈពេល​១០ឆ្នាំ​មក​នេះ​ ប្រទេស​ចិន​​គឺជា​​ម្ចាស់​ជំនួយ​ធំបំផុត​របស់ប្រទេស​កម្ពុជា​ ដោយបាន​ជួយ​ស្ថាបនា​ផ្លូវ​ ប្រវែង​២.០០០គីឡូម៉ែត្រ​ និងបាន​សាងសង់ស្ពាន​​​វែង​ៗចំនួន​ប្រាំពីរ​ខ្សែ​នៅទូទាំង​ប្រទេស”៕ស៊ុយឈាង​

© 2013, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.