លោក ហ៊ុន សែន កំណត់​​​កាល​​​បរិច្ឆេទ​​​សម្រាប់​​​កា​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅថ្ងៃទី​​​២៩ ខែ​​​កក្កដាឆ្នាំ​​​២០១៨

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយហើយគឺនៅថ្ងៃទី២៩ខែកក្កដា ដោយប្រែក្រឡាស់ជាផ្លូវការនូវកិច្ចព្រមព្រៀងដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចរបស់លោកបានធ្វើជាមួយគណបក្សប្រឆាំងក្នុងឆ្នាំ២០១៤ថា នឹងរៀបចំការបោះឆ្នោតអំឡុងរដូវប្រាំងនោះ។

ដូចដែលតម្រូវដោយច្បាប់ស្ដីពីការបោះឆ្នោតជាតិ លោកនាយករដ្ឋមន្ត្រីបានកំណត់កាលបរិច្ឆេទនេះនៅក្នុងសេចក្ដីសម្រេចមួយដែលបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ។ក្នុងសេចក្ដីសម្រេចដាច់ដោយឡែកមួយទៀតដែលបានចុះហត្ថលេខានៅថ្ងៃដដែល លោកក៏បានកំណត់ការបោះឆ្នោតលើកក្រោយសម្រាប់ព្រឹទ្ធសភាផងដែរគឺនៅថ្ងៃទី១៤ ខែមករា ដែលភាគច្រើននៃអ្នកមានសិទ្ធិបោះឆ្នោតមកពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

ច្បាប់នេះលើកឡើងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនឹងត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្ដង ប៉ុន្តែមិនបានផ្តល់គោលការណ៍ផ្សេងសម្រាប់កំណត់កាលបរិច្ឆេទឡើយ។

cam-photo-front7ក្នុងឆ្នាំ២០១៤ ក្នុងផ្នែកនៃសម្បទានដើម្បីបញ្ចុះបញ្ចូលគណបក្សសង្គ្រោះជាតិឱ្យមកកាន់រដ្ឋសភាវិញ បន្ទាប់ពីការធ្វើពហិការរយៈពេលជាច្រើនខែនោះ គណបក្សប្រជាជនកម្ពុជាបានយល់ព្រមរៀបចំការបោះឆ្នោតជាតិលើកក្រោយនៅក្នុងខែកុម្ភៈដើម្បីចៀសវាងការរំខានដែលអាចកើតមានពីទឹកជំនន់ក្នុងរដូវវស្សា។ ប៉ុន្តែនៅឆ្នាំបន្ទាប់ លោក ហ៊ុន សែន បានប្រែក្រឡាស់ ហើយបានហៅគណបក្សប្រឆាំងថា “ល្ងីល្ងើ” ចំពោះការជឿលើការផ្តល់ដែលមិនដែលមានជាលាយលក្ខណ៍អក្សរ។លោកក៏បានលើកឡើងផងដែរថា ការផ្លាស់ប្ដូរនឹងតម្រូវឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលគណបក្សប្រជាជនកម្ពុជាប្រាកដជានឹងរារាំង។

ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានមានប្រសាសន៍ថា លោក ហ៊ុន សែន មានសិទ្ធិកំណត់កាលបរិច្ឆេទតាមលោកចង់បាន។ ប៉ុន្តែ ដូចគណបក្សប្រឆាំងបានស្នើឡើង លោកនៅតែជឿជាក់ថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅរលូនជាងនៅរដូវប្រាំង ដែលនៅពេលនោះមានឱកាសតិចតួចថាមានទឹកជំនន់ដែលអាចឱ្យមានការបិទការិយាល័យបោះឆ្នោតមួយចំនួន និងបង្កការលំបាកសម្រាប់អ្នកបោះឆ្នោតក្នុងការទៅបោះឆ្នោតនោះ។

លោកបានថ្លែងថា “យើងស្នើថា កាលបរិច្ឆេទបោះឆ្នោតគួរតែឆាប់ជាងនេះ។ មិនសូវមានហានិភ័យខ្លាំងដោយការជន់លិច និងភ្លៀងធ្លាក់ខ្លាំងជាដើម”។

លោក គល់ បញ្ញា បានថ្លែងថា ការបោះឆ្នោតជាតិតែងតែធ្វើឡើងនៅខែកក្កដាចាប់តាំងពីការត្រឡប់មកវិញនូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យក្នុងទសវត្សរ៍ឆ្នាំ១៩៩០ លើកលែងតែការបោះឆ្នោតលើកដំបូងដែលរៀបចំដោយអង្គការសហប្រជាជាតិដែលធ្វើឡើងក្នុងខែឧសភាដែលរដូវវស្សាទើបតែចាប់ផ្តើម។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលគ្រប់គ្រងការបោះឆ្នោតបានមានប្រសាសន៍ថា ស្ថាប័ននេះធ្លាប់ដោះស្រាយការជន់លិច ហើយបាននិយាយសម្រាលកង្វល់មួយចំនួន។ លោកបានថ្លែងថា “គ.ជ.ប ហាក់ដូចជាមានទម្លាប់ក្នុងការរៀបចំហ្នឹង”។ លោកបានបន្ថែមថា “ពីមុន ការបោះឆ្នោតច្រើនតែប៉ះអ៊ីចឹង ដូចជាទឹកជំនន់ជាដើម…”៕ សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.