លោក ហ៊ុន សែន បញ្ជាឱ្យស៊ើបអង្កេតបញ្ហាពុករលួយក្នុងប្រព័ន្ធតុលាការកម្ពុជា

លោក ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ស៊ើបអង្កេតភាពមិនប្រក្រតីពាក់ព័ន្ធនឹងអំពើពុករលួយ ដែលកើតឡើងនៅក្នុងប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ន។

អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និង ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាផង  លោក ឈឹម ផលវរុណ បានអះអាងថាលោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិនិត្យមើលបញ្ហាពុករលួយក្នុងវិស័យតុលាការកម្ពុជា ដោយសារមានការលើកឡើងអំពីភាពមិនប្រក្រតីក្នុងវិស័យនេះ ពីសំណាក់សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

លោកថា អំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌ គឺធ្វើឡើងតាមរយៈដៃមេធាវីជាអ្នកប្រព្រឹត្តអំពើទាំងនោះ ហើយយកប្រាក់ពុករលួយទាំងនោះទៅចែករំលែកបន្តដល់ចៅក្រម និងព្រះរាជអាជ្ញាធរជាដើម។

ការអះអាងរបស់លោក ឈឹម ផលវរុណនេះ ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំរវាងលោកនាយករដ្ឋមន្ត្រី ជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់   នាព្រឹកនេះ។ 

អ្នកនាំពាក្យដដែលបានលើកឡើងថា អំពើពុករលួយបែបនេះវាមាន អាថ៍កំបាំងណាស់ ហើយលោកហ៊ុន សែន ក៏បានបញ្ជាឱ្យលោក អង្គ វង្សវឌ្ឍនា ត្រូវមានវិធានការទប់ស្កាត់ភាពមិនប្រក្រតី នៅក្នុងប្រព័ន្ធយុត្តិធម៌ មិនឱ្យកើតមានបន្តទៀត

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថាវិធានការនេះ ហាក់យឺតពេលបន្តិច។ ប៉ុន្តែលោកថា រដ្ឋាភិបាលមិនត្រឹមតែត្រូវស៊ើបអង្កេតមើលទៅលើបុគ្គលពុករលួយប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលត្រូវពិនិត្យមើលទៅលើផលប៉ះពាល់នៃអំពើពុករលួយ ដែលបណ្តាលឱ្យមានអ្នករងគ្រោះជាពលរដ្ឋក្រីក្រ ឬ ពលរដ្ឋទូទៅក្នុងការសម្រេចចិត្តរបស់ចៅក្រម ឬ ព្រះរាជអាជ្ញា ពិសេសក្នុងវិវាទដីធ្លីកន្លងមក។

លោកបានដាក់ជាសំណួរថាតើពលរដ្ឋរងគ្រោះនឹងទទួលបានយុត្តិធម៌ដែរឬទេ នៅពេលរដ្ឋាភិបាលរកឃើញថាពួកគាត់ទាំងអស់នោះ ត្រូវបានរងគ្រោះដោយអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌នោះ?

កាលពីខែកុម្ភៈ អង្គការគម្រោងយុត្តិធម៌ពិភពលោក(World Justice Project)បានចេញផ្សាយរបាយការណ៍ស្ដីពី «សន្ទស្សន៍និតីរដ្ឋសម្រាប់ឆ្នាំ២០១៩» ដោយបន្តឲ្យចំណាត់ថ្នាក់កម្ពុជា ជាប្រទេសមានប្រព័ន្ធយុត្តិធម៌ទន់ខ្សោយបំផុត ក្នុងចំណោមប្រទេសចំនួន១២៦ ហើយ       កម្ពុជាជាប់លេខរៀងទី១២៥ លើប្រទេសវេណេស៊ុយអេឡាតែមួយប៉ុណ្ណោះ។

ការផ្ដល់ពិន្ទុរបស់អង្គការនេះ ដោយគេបានកំណត់លើសូចនាករ ឬកត្តាវាស់វែង មួយចំនួន ដូចជា ការទប់អំណាចរបស់រដ្ឋាភិបាល អំពើពុករលួយ តម្លាភាពរបស់រដ្ឋាភិបាល សិទ្ធិសេរីភាពមូលដ្ឋាន ការអនុវត្តច្បាប់ យុត្តិធម៌សង្គម និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌជាដើម៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.