លោក ហ៊ុន សែន ផ្តល់ដី​​​ប​​​ន្ថែម​​​ដល់​​​ប្រជាពលរដ្ឋ​​​ដែលមិនទាន់​​​ទទួលយក​​​សំណង​​​នៅ​​​តំបន់​​​បឹកកក់​​​

នៅក្នុងការព្យាយាមដើម្បីដោះស្រាយវិវាទដីធ្លីដែលកើតឡើង៨ឆ្នាំមកហើយនោះ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ដីបន្ថែមនៅក្នុងការអភិវឌ្ឍតំបន់បឹងកក់នេះដល់ប្រជាពលរដ្ឋប្រាំពីរគ្រួសារដែលមិនទាន់បានទទួលយកសំណងនៅឡើយ។

នៅក្នុងសុន្ទរកថានៅវិមានសន្តិភាព លោក ហ៊ុន សែន បានប្រាប់ឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោះស្រាយបញ្ហានេះ ដោយការផ្ដល់ដីបន្ថែមដល់ប្រជាពលរដ្ឋដែលធ្វើការតវ៉ាពីលើអ្វីដែលសាលារាជធានីបានផ្ដល់ឱ្យកាលពីដើមឆ្នាំនេះ។

លោកបានមានប្រសាសន៍ថា “អនុក្រឹត្យបានវាស់វែងដីនេះរួចហើយ ហើយដីមួយចំនួននៅមិនទាន់មានការប្រើប្រាស់នៅឡើយ ូច្នេះហើយសូមដោះស្រាយបញ្ហានេះជូនបងប្អូនទៅ”។

អ្នកស្រី ហុង សុខហេង តំណាងប្រជាពលរដ្ឋ៧គ្រួសារនៅតំបន់បឹងកក់ដែលមិនទាន់ទទួលយកសំណងពីមន្ត្រីសាលារាជធានីភ្នំពេញ សុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអំឡុងកិច្ចប្រជុំនៅវិមានសន្តិភាព កាលពីម្សិលមិញ។ ហ្វេសប៊ុក
អ្នកស្រី ហុង សុខហេង តំណាងប្រជាពលរដ្ឋ៧គ្រួសារនៅតំបន់បឹងកក់ដែលមិនទាន់ទទួលយកសំណងពីមន្ត្រីសាលារាជធានីភ្នំពេញ សុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអំឡុងកិច្ចប្រជុំនៅវិមានសន្តិភាព កាលពីម្សិលមិញ។ ហ្វេសប៊ុក

កាលនៅជាអភិបាលរង លោក ឃួង ស្រេង បានប្រកាសកាលពីខែមេសាថា សាលារាជធានីនឹងឈប់ព្យាយាមចរចាអំពីសំណងជាមួយប្រជាពលរដ្ឋទាំងប្រាំពីរគ្រួសារនេះទៀតហើយ បន្ទាប់ពីសាលារាជធានីបានផ្ដល់ដីពីរឡូត៍ដល់គ្រួសារនីមួយៗក្នុងចំណោមប្រាំមួយគ្រួសារ និងដីបួនឡូតិ៍ដល់គ្រួសារទី៧។

ដីនៅតំបន់បឹងកក់នេះបានចាប់ផ្ដើមចាក់ខ្សាច់បំពេញកាលពីឆ្នាំ២០០៨។ ប្រជាពលរដ្ឋប្រហែល៣.០០០គ្រួសារប្រឈមនឹងការបណ្ដេញចេញ ដោយក្លាយជាវិវាទដីធ្លីមួយក្នុងចំណោមវិវាទដីធ្លីដ៏ធំបំផុត និងយូរបំផុតក្នុងរាជធានី។

នៅក្នុងការតវ៉ាអស់រយៈពេល៧ឆ្នាំមក អ្នកស្រី លី ចាន់ណារី សមាជិកម្នាក់នៃគ្រួសារមួយក្នុងចំណោមគ្រួសារប្រជាពលរដ្ឋនៃតំបន់បឹងកក់បាននិយាយថា អ្នកស្រីមិនដែលបានឮលោកនាយករដ្ឋមន្ត្រីបញ្ជាផ្ទាល់ឱ្យមន្ត្រីសាលារាជធានីភ្នំពេញចាត់វិធានការឡើយ។

អ្នកស្រីបន្តថា “វាដល់ពេលដែលពួកយើងទទួលបានយុត្តិធម៌។ប្រសិនបើសម្ដេច [ហ៊ុន សែន] មិនបញ្ជាទេ យើងនឹងបន្តរង់ចាំដោយគ្មានដំណោះស្រាយសមរម្យឡើយ”។

លោក ហ៊ុន សែន បានធ្វើការផ្ដល់ជូននេះ បន្ទាប់ពីអ្នកស្រី ហុង សុខហេង តំណាងគ្រួសារដែលនៅសេសសល់នៅតំបន់បឹងកក់បានមកសុំឱ្យលោកនាយករដ្ឋមន្ត្រីជួយដើម្បីឱ្យកូនៗរបស់អ្នកស្រី និងអ្នកជំនាន់ក្រោយមានអនាគតភ្លឺស្វាងផង។

អ្នកស្រីនិយាយថា “ចាប់តាំងពីឆ្នាំ១៩៧៩មក ខ្ញុំសង្ឃឹមថា មានតែសម្ដេច ហ៊ុន សែន ប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហាបាន ដើម្បីឱ្យកូនៗរបស់យើងបានរស់នៅក្នុងសុខសន្ដិភាព”។

ឆ្លើយតបទៅនឹងការសន្យារបស់លោក ហ៊ុន សែន លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ក្រុមការងារមួយនឹងត្រូវបានបង្កើតឡើងដើម្បីវាស់វែងដីដែលមិនទាន់មានការកាន់កាប់មុនពេលជួបប្រជុំជាមួយប្រជាពលរដ្ឋទាំងប្រាំពីរគ្រួសារ។

អ្នកស្រី លី ចាន់ណារី ធ្លាប់កាន់កាប់ដីទំហំជាង៣.០០០ម៉ែត្រក្រឡា។សាលារាជធានីបានផ្ដល់ដីដល់អ្នកស្រីទំហំតែ២៨៨ម៉ែត្រក្រឡាប៉ុណ្ណោះ។

អ្នកស្រីបានសួរថា “ហេតុអ្វីបានជាពួកគេមិនផ្ដល់ឱ្យ៥០ភាគរយនៃដីរបស់ខ្ញុំដែលពួកគេចាក់ខ្សាច់បំពេញនោះ?”។

លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានដែលជាអង្គការមិនមែនរដ្ឋាភិបាលបានមានប្រសាសន៍ថា លោកបានឃើញដីមិនទាន់មានការកាន់កាប់ ដែលអាចអាចត្រូវបានផ្ដល់ឱ្យប្រជាពលរដ្ឋទាំងប្រាំពីរគ្រួសារ ប៉ុន្តែបើគ្មានការជួយពីមន្ត្រីសាលារាជធានី លោកមិនដឹងថានឹងត្រូវសួរនរណាពីរឿងនេះឡើយ។

លោកបានថ្លែងថា “ប្រសិនបើមានបទបញ្ជាពីមន្ត្រីទាំងនោះហើយ តែគ្មានដំណោះស្រាយ មានន័យថា ការគ្រប់គ្រងរបស់មន្ត្រីអាជ្ញាធរថ្នាក់ក្រោមគឺខ្សោយណាស់”៕ សារុន

© 2017, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.