សកម្មជនព្រៃឈើ និងយុវជនស្រលាញ់ធនធានធម្មជាតិ រិះគន់ថា រដ្ឋាភិបាលនៅស្ទាក់ស្ទើរក្នុងការបង្ក្រាប និងការពារធនធានធម្មជាតិ

ក្រុមសកម្មជនព្រៃឈើ និងក្រុមយុវជនស្រលាញ់ធនធានធម្មជាតិជាច្រើននៅថ្ងៃសុក្រ ទី៣០ ខែសីហា នេះ បាននាំគ្នាចេញលិខិតចំហមួយ ជំរុញបន្ថែមទៀត ឱ្យរដ្ឋាភិបាលចេញវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឱ្យបានហ្មត់ចត់ និងប្រកបដោយឆន្ទៈពិតប្រាកដ។

លិខិតចំហនោះ មានអមដោយឈ្មោះ និងហត្ថលេខាសកម្មជនព្រៃឈើ និងយុវជនស្រលាញ់ធនធានធម្មជាតិជាង៤០នាក់នៅថ្ងៃនេះ បានលើកឡើងពីការព្រួយបារម្ភចំពោះវិនាសកម្មព្រៃឈើនៅកម្ពុជា ដោយអះអាងថាទស្សនៈទាំងនេះមិនមែនជាការរិះគន់រដ្ឋាភិបាលទេ តែជាកង្វល់ចំពោះបញ្ហាធនធានព្រៃឈើនៅកម្ពុជាតែប៉ុណ្ណោះ។

ពួកគេលើកឡើងក្នុងលិខិតនោះថា រដ្ឋាភិបាលមានឆន្ទៈស្ទាក់ស្ទើរ ក្នុងការអភិរក្សព្រៃឈើ នៅឡើយ ដោយសាររដ្ឋាភិបាលមិនទាន់បានបិទរោងចក្រអារឈើ និងសិប្បកម្មកែច្នៃឈើ នៅទូទាំងប្រទេស។

លើសពីនេះកម្ពុជានៅមិនទាន់មានចំការឈើដាំណាមួយ អាចជួយផ្គត់ផ្គង់ឈើជាវត្ថុធាតុដើម ជូនរោងចក្រអារឈើ និងសិប្បកម្មកែច្នៃឈើ ទាំងនោះនៅឡើយទេ ក្រៅអំពីការប្រមូលទិញ និងពង្រាយកម្មករលួចចូលទៅកាប់ឈើពីក្នុងតំបន់ការពារនានា ដែលដុះដោយធម្មជាតិ               នោះ ។

បន្ថែមពីនេះ រោងចក្រអារឈើ នៅតាមតំបន់ដីសម្បទានសេដ្ឋកិច្ចជាច្រើន តែងដាក់ពង្រាយមេការ ប្រកាសដើរប្រមូលទិញឈើពីសហគមន៍ ហើយធានានូវផ្លូវច្បាប់ កុំឲ្យមានការចាប់ចង អ្នកកាប់ឈើដែលលក់ឲ្យក្រុមហ៊ុន និងមានក្រុមហ៊ុនខ្លះ លួចកាប់ និងប្រមូលឈើពីតំបន់ការពារជាមុន ហើយសន្សំព្រៃឈើនៅក្នុងដីសម្បទាននៃក្រុមហ៊ុនរបស់ខ្លួនទុកកាប់នៅពេលក្រោយជាដើម។

ប្រភពដដែលអះអាងទៀតថារោងចក្រអារឈើ តែងព័ទ្ធរបងជុំវិញ ដាក់ពង្រាយ កងកម្លាំងប្រដាប់អាវុធដើម្បីយាម យ៉ាងតឹងរ៉ឹង និងហាមឃាត់មិនឲ្យអ្នកសារពត៌មាន ក៏ដូចជាអង្គការសង្គមស៊ីវិល ពលរដ្ឋ និងសមត្ថកិច្ចមួយចំនួនបានចូល ដើម្បីស៊ើបអង្កេតនោះឡើយ ដោយថាទាល់តែមានបទបញ្ជាពីថ្នាក់ជាតិ។

ពួកគេថាអ្វីដែលសំខាន់នោះ រដ្ឋាភិបាលនៅមិនទាន់មានប្រព័ន្ធឬយន្តការតាមដាន ត្រួតពិនិត្យដោយឯករាជ្យណាមួយដែលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលស៊ើបអង្កេត ដំណើរការរបស់រោងចក្រអារឈើ និងសិប្បកម្មឈើទាំងនោះឡើយ។ បញ្ហានេះ ជាហេតុបង្កឲ្យព្រៃឈើដែលបន្សល់ពីដូនតារបស់ខ្មែរ រាប់ម៉ឺនហិកតា ត្រូវបានវិនាសបាត់បង់ មិនអាចត្រឡប់មកវិញបាន។ 
ក្រុមអ្នកស្រលាញ់ព្រៃឈើទាំងនេះ ក៏បានលើកឡើងពីមូលហេតុនៃឱ្យមានការបំផ្លាញព្រៃឈើនៅកម្ពុជាកាន់តែខ្លាំងនោះ គឺតាមរយៈលិខិតអនុញ្ញាត ឲ្យដឹកជញ្ជូនអនុផលព្រៃឈើ ឬហៅ PC ឬ LP និងអាជ្ញា បណ្ណនាំឈើចេញ ព្រមទាំងកន្លែងស្តុកទុកឈើ និងអាជីវកម្មកែច្នៃឈើរាប់ពាន់កន្លែងនៅកម្ពុជាតែម្តង។

ពួកគេថា ប្រសិនបើអាជ្ញាប័ណ្ណទាំងនេះ មិនត្រូវបានបិទទាំងស្រុងទេ នោះបទល្មើសកាប់និងរត់ពន្ធឈើនៅកម្ពុជាចេញទៅក្រៅប្រទេសនៅតែកើតមានឡើងដដែល។

យ៉ាងនេះក្តី អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សមត្ថកិច្ចមិនខ្វល់ចំពោះការរិះគន់ទាំងឡាយនោះឡើយ ហើយថា គណៈកម្មការនេះ នឹងនៅតែបន្តបង្ក្រាបបទល្មើសជាហូរហែរ និងមិនរើសអើង ទោះបីអ្នកនោះមានឋានៈអ្វីក៏ដោយ ឱ្យតែរកឃើញថាពួកគេប្រព្រឹត្តិអំពើល្មើសច្បាប់ គឺត្រូវតែចាត់វិធានការ។

កាលពីថ្ងៃទី ៥ កក្កដា សារព័ត៌មានវៀតណាមឈ្មោះ Cóng Thoúng បានចុះផ្សាយថា ប្រទេសកុម្មុយនីស្តមួយនេះបានរកចំណូលពីការនាំចេញឈើកែច្នៃ និងអនុផលព្រៃឈើទៅសហគមន៍អន្តរជាតិក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៩ ចំនួនជាង ៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ សារព័ត៌មានដដែលថា វៀតណាម សង្ឃឹមថា នឹងរកចំណូលបានលើសពី ១០ពាន់លានដុល្លារនៅឆ្នាំនេះ តាមរយៈការនាំឈើចេញទៅក្រៅប្រទេសរបស់ខ្លួន។

កាលពីថ្ងៃទី១៩កក្កដាតាមសារជាសំឡេងមួយ ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា បានទទួលស្គាល់ថា ព្រៃឈើនៅកម្ពុជាកាន់តែហិនហោច ប្រាកដមែន រីឯថវិកាចូលរដ្ឋវិញគឺ គ្មាន។

លោកថា បញ្ហានេះ ដែលធ្វើឱ្យលោកមានការអៀនខ្មាស់ចំពោះប្រទេសជិតខាង ដោយទំនងសំដៅទៅប្រទេសវៀតណាម ថាព្រៃឈើរបស់គេនៅរក្សាបានប្រមាណ៦០ភាគរយ ប៉ុន្តែពួកគេអាចរកចំណូលចូលជាតិពីវិស័យនាំឈើចេញទៅក្រៅប្រទេសបានចំណូលរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅវិញ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.