សកម្មជន​ទិវា​សិទ្ធិ​មនុស្ស​ប្រឈម​នឹង​ឧបសគ្គ​ចូល​ក្រុង

សកម្មជន​និង​ព្រះស​ង្ឃ​ដែល​កំពុង​ហែក្បួន​មកពី​ទូទាំង​ប្រទេស​ចូល​ក្រុង​ភ្នំពេញ ដើម្បី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ពុធ​នេះ បាន​ជួប​នឹង​ការ​បិទ​ផ្លូវ និង​ប៉ូលិស​ប្រដាប់​អាវុធ​នៅ​ជាយ​ក្រុង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ និង​បាន​ចរចា​បើក​ផ្លូវ​ទៅ​វត្ត ដែល​ពួកគេ​ចង់​ស្នាក់នៅ។

សកម្មជន​និង​ព្រះស​ង្ឃ​ដែល​កំពុង​ហែក្បួន​មកពី​ទូទាំង​ប្រទេស​ចូល​ក្រុង​ភ្នំពេញ ដើម្បី​អបអរ​ទិវា​សិទ្ធិ​មនុស្ស។ John Vink
សកម្មជន​និង​ព្រះស​ង្ឃ​កំពុង​ហែក្បួន​មកពី​ទូទាំង​ប្រទេស​ចូល​ក្រុង​ភ្នំពេញ ដើម្បី​អបអរ​ទិវា​សិទ្ធិ​មនុស្ស។ John Vink

អ្នក​ហែក្បួន​មួយ​ក្រុម​ប្រហែល​៧០​នាក់​ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​បាន​ជួប​នឹង​ការ​បិទផ្លូវ​ដោយ​ប៉ូលិស​ប្រហែល​៣០​នាក់​ក្នុង​ខណ្ឌ​មានជ័យ នៅ​ម៉ោង​ប្រហែល​១១​ព្រឹក​ថ្ងៃ​អង្គារ ដែល​នៅទី​នោះ​ពួកគាត់​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ឆ្លងកាត់​អស់​រយៈ​ពេល​ប្រហែល​មួយ​ម៉ោង។

ប៉ុន្តែ​ពេល​ទាក់ទង​បាន​កាលពី​ថ្ងៃ​អង្គារ អធិការ​ប៉ូលិស​ខណ្ឌ​ស្តីទីលោក ជឿម ស៊ីថា បាន​បដិសេធ​ថា មន្ត្រី​របស់​លោក​មិន​បាន​ដាក់​របាំង​ផ្លូវ​ទេ។ លោក​បាន​និយាយ​ថា “ទេ យើង​មិន​បាន​ដាក់​របាំង​ផ្លូវ​ទេ វាជា​ពេល​សម្រាប់​ព្រះសង្ឃ​ឆាន់”។ លោក ស៊ីថា បាន​និយាយ​ថា អាជ្ញាធរ​បាន​ទាមទារ​ឲ្យ​តំណាង​អ្នក​ដើរ​ក្បួន​ចុះ​ហត្ថលេខា​សន្យា​ថា ពួកគេ​នឹង​មិន​បិទ​ផ្លូវ ពេលណា​ចូល​ដល់​កណ្តាល​ក្រុង។ លោក​បាន​និយាយ​ថា “យើង​មិន​បាន​ឃាត់​ពួកគេ​ទេ យើង​គ្រាន់តែ​ឆែក​ពួកគេ​រក​អាវុធ ហើយ​និង​ការពារ​កុំ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ”។

ពេល​របាំង​ផ្លូវ​បើក ក្រុម​នេះ ដែល​ចាប់​ផ្តើម​ការ​ដើរ​ពី​ស្រុក​គិរីវង្ស​ខេត្ត​តាកែវ​មក បាន​ដើរ​តាម​ផ្លូវជាតិ​និង​កាត់​តាម​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ ហើយ​ពួកគេ​បាន​ជួប​លោក សម រង្ស៊ី ប្រធាន​គណបក្ស និង​លោក​ស្រី​​​ មួរ សុខហួរ សមាជិ​សភា ដែល​បាន​អម​ដំណើរ​ពួកគេ​ទៅ​វត្ត​ថាន់​ នៅ​មហាវិថី​នរោត្តម។

ព្រះតេជគុណ ប្រាក់ បូរា គ្រូសូត្រ​ឆ្វេង បាន​ស្វាគមន៍​អ្នក​ហែក្បួន​នៅ​ម៉ោង​ប្រហែល​២​រសៀល និង​បាន​រិះគន់​សេចក្តី​រាយការណ៍ ដែល​ថា​អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​វត្ត​ទាំង​អស់​នៅ​តាម​បណ្តោយ​ផ្លូវ​ត្រូវ​ចាក់សោ​ខ្លោងទ្វារ​មិន​ឲ្យ​អ្នកដើរ​ក្បួន​ចូល​នោះ។ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា “​អាត្មា​មិន​សប្បាយ​ចិត្ត​ទេ​ដែល​អាជ្ញាធរ​មូលដ្ឋាន​បង្ខំ​វត្ត​ឲ្យ​ហាមប្រាម​អ្នកហែក្បួន​មិន​ឲ្យ​ចូល​ស្នាក់នៅ​នោះ។ វត្ត​អារ៉ាម​ជា​កន្លែង​សម្រាប់​មនុស្ស​គ្រប់គ្នា”។

បើតាម​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ឲ្យ​ដឹង​ថា ប៉ុន្តែ​ក្រុម​ហែ​ទី២​ដែល​ធ្វើ​ដំណើរ​ពី​ខេត្ត​រតនគិរី ក៏​ត្រូវ​បាន​ឃាត់​ជា​បណ្តោះ​អាសន្ន​នៅ​ក្រៅ​ក្រុង​ដោយ​ប៉ូលិស​ដែរ ហើយ​ទទួល​បាន​ការ​ស្វាគមន៍​មិន​សូវ​កក់ក្តៅ​ទេ។

យោងតាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ឲ្យ​ដឹង​ថា ក្រុម​ដែល​មាន​សមាជិក​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ផ្សេងគ្នា​៧​នាក់​មកពី​ខេត្ត​ភាគ​ឦសាន​ប្រទេស ត្រូវ​គេ​ហាម​មិន​ឲ្យ​ចូល​វត្ត​គៀន​ឃ្លាំង​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា ដែល​ពួកគេ​ចង់​ស្នាក់នៅ​មួយ​យប់។

អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ថា សកម្មជន​បាន​បន្ត​ដំណើរ​ទៅ​វត្ត​ចាស់​ក្បែរ​នោះ ​ដែល​ពួកគេ​បាន​ទទួល​ការស្នាក់នៅ។ អ្នក​ដើរ​ក្បួន​ប្រហែល​១០០​នាក់​ផ្សេងទៀត ដែល​ដើរ​ចូល​ក្រុង​តាម​ផ្លូវ​ជាតិ​លេខ​៤ បាន​មក​ដល់​វត្ត​ស្ទឹង​មាន​ជ័យ ក្នុង​ខណ្ឌ​មាន​ជ័យ ក៏​ពើបប្រទះ​នឹង​ខ្លោងទ្វារ​ចាក់សោ​ដែរ។

ចៅអធិការ​ស្តីទី ព្រះនាម ថៃ ប៊ុនធឿន នៅ​វត្ត​នេះ បាន​មាន​សង្ឃដីកា​ថា សេចក្តី​សម្រេច​របស់​ព្រះ​អង្គ​ឃាត់​អ្នក​ហែក្បួន​មិន​ឲ្យ​ចូល​វត្ត​ស្របតាម​ការ​ប្រកាស​រួម​ដែល​ចេញ​ដោយ​គណៈ​សង្ឃ​គណៈ​មហានិកាយ និង​គណៈ​សង្ឃ​គណៈ​ធម្មយុត្តិក​និកាយ​កាលពី​ថ្ងៃ​សុក្រ ដែល​ហាម​សង្ឃ​មិន​ឲ្យ​ចូល​រួម​ក្នុង​ការ​ហែក្បួន។

បន្ទាប់ពី​ត្រូវ​បាន​បដិសេធ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ក្រុម​នេះ​ទទួល​បាន​ការ​ស្វាគមន៍​នៅ​វត្ត​សាមគ្គី​រង្សី ដែល​ចៅអធិការ​វត្ត ព្រះនាម សៀង សុវណ្ណារ៉ា បាន​មាន​សង្ឃដីកា​ថា ក្រុមនេះ “ស្នាក់នៅ​យ៉ាង​សប្បាយ”​កាលពី​យប់មិញ៕មានិត

 

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.