សន្តិសុខផ្ទះសំណាក់គេចខ្លួន ក្រោយសម្លាប់មនុស្ស

យោង​តាម​នគរ​បាល​ និង​គ្រួសារ​​ជា​ម្ចាស់​ផ្ទះ​សំណាក់​​​បាន​ឲ្យ​ដឹង​ថា ​សន្តិសុខ​ម្នាក់​​នៅ​​​​ផ្ទះ​​​សំណាក់​មួយ​នៅ​កណ្ដាល​​ក្រុង​ភ្នំពេញ​កំពុង​រត់​គេច​ខ្លួន​ក្រោយ​ពី​​វាយ​​អ្នក​ធ្វើ​ការ​​​ជាមួយ​​គ្នា​ស្លាប់​ ដោយ​ប្រើ​​​ជើង​កៅអី​ឈើ​​ក្នុង​​បន្ទប់​ដេក​រួម​គ្នា​​កាលពី​ព្រឹក​​​ថ្ងៃ​ច័ន្ទ​។

លោក សឿង សិរី អាយុ​៥២​ឆ្នាំ ដែល​គ្រួសារ​របស់​លោក​​​ជា​ម្ចាស់​ផ្ទះ​សំណាក់​​សុរិយា​ផ្កាយ៩ ​ក្នុង​ខណ្ឌ​ដូនពេញ​​ បាន​និយាយ​​​ថា ​បុគ្គលិក​​បាន​ប្រទះ​​ឃើញ​​​សព​​ ប៊ុត សៅ ​អាយុ​២០​ឆ្នាំដោយ​ចៃដន្យ​​នៅ​ម៉ោង​ប្រហែល​​១​និង​៣០​នាទី​​រសៀល​​ក្នុង​បន្ទប់​​​​​ដែល​គាត់​ស្នាក់​នៅ​ជាមួយ​ជន​សង្ស័យ​អាយុ​២៥​ឆ្នាំ ឈ្មោះ ពុំ រដ្ឋា ​​។

លោក សិរី បាន​និយាយ​​នៅ​​ច្រក​ផ្លូវ​ដើរ​​ផ្ទះ​សំណាក់​​​​ដែល​ស្ថិត​នៅ​​​មួយ​ប្លុក​ពី​​​​​ផ្សារ​​ធំ​ថ្មី​ ក្នុង​សង្កាត់​​ផ្សារ​ថ្មី២ថា “​​គាត់​​​រង​ការ​វាយ​​ចំ​ក្បាល​​​​​ដោយ​ជើង​កៅអី​ ខ្ញុំ​គិត​ថា ​​គាត់​បាន​វាយ​ជន​រងគ្រោះ​​ពេល​​​ជន​រងគ្រោះ​ដេក​លក់​​​”។

​គាត់​បាន​និយាយ​ថា អ្នក​ទាំង​ពីរ​​​ធ្វើ​ការ​វេន​​​យប់​​នៅ​ផ្ទះ​សំណាក់​នេះ​ ប៉ុន្តែ​លោក រដ្ឋា ទើប​​​តែ​បាន​ចាប់​​ផ្ដើម​ធ្វើ​ការ​នៅ​​ទីនោះ​កាល​ពី​ថ្ងៃ​សុក្រ​ប៉ុណ្ណោះ​។

យោង​តាម​លោក សិរី ​បាន​ឲ្យ​ដឹង​​ទៀត​ថា សន្តិសុខ​​ដែល​ធ្វើ​ការ​វេន​ថ្ងៃ​​បាន​ដាស់​​អ្នក​ធ្វើ​ការ​​វេន​យប់​​នៅ​ពេល​ថ្ងៃ​ត្រង់​។ ​លោក​បាន​​​បន្ត​ថា ប៉ុន្តែ​កាល​​​ពី​ថ្ងៃ​ច័ន្ទ​ លោក រដ្ឋា បាន​ចាក​ចេញ​​ពី​អគារ​នៅ​ពេល​ព្រឹក​ ដោយ​ប្រាប់​​​បុគ្គលិក​​​​របស់​គាត់​ថា ខ្លួន​ទៅ​ចូល​រួម​ពិធី​អាពាហ៍​​​ពិពាហ៍ ហើយ​​​​មិន​ឃើញ​ត្រឡប់​មក​វិញ​ទេ​។ នៅ​ពេល​ដែល​​​​​សន្តិសុខ​ដូច​គ្នា​​​ទៅ​បើក​ទ្វារ​​​បន្ទប់​របស់​គាត់​​ ទ្វារ​​​ជាប់​សោ​ពី​ខាង​ក្នុង​​។

លោក សិរី បាន​និយាយ​ថា “​យើង​​​គិត​ថា [ប៊ុត សៅ] ​​​ត្រូវ​បាន​​គេ​សម្លាប់​​នៅ​ម៉ោង​ប្រហែល​​​​៨​ព្រឹក​ ពីព្រោះ​ឃាតករ​​​បានចាក​ចេញ​នៅ​ម៉ោង​ប្រហែល​៩ព្រឹក​។ ​គាត់​​បាន​និយាយ​ថា គាត់​ទៅ​​​ពិធី​មង្គល​ការ​​ ដូច្នេះ​​​​​យើង​​​មិន​បាន​គិត​ដល់​រឿង​ហ្នឹង​ទេ​។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​​ពួកគេ​​បាន​ឡើង​​ទៅ​​ជាន់​ខាង​លើ ហើយ​បាន​​ប្រទះ​ឃើញ​គាត់​​ដេក​ស្លាប់​​​តែ​ម្ដង​”។

​នៅ​ពេល​​​​សួរ​អំពី​មូលហេតុ​​​ដែល​នា​ំ​ឲ្យ​​​​​​កើត​មាន​​អំពើ​ឃាត​កម្ម​​​នេះ​​ លោក ​សិរី បាន​និយាយ​ថា ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​​ ប៉ុន្តែ​បាន​លើក​ឡើង​​​ថា ​​បុគ្គលិក​ផ្សេង​ទៀត​នៅ​​​ផ្ទះ​សំណាក់​នេះ​​​បាន​ឮ​​លោក រដ្ឋា រអ៊ូរទាំ​ថា ​ដៃគូ​ថ្មី​របស់​គាត់​​​មិន​​ខំ​ធ្វើ​ការ​ងារ​ទេ​។

​​គាត់​បាននិយាយ​ថា “​ខ្ញុំ​មិន​ប្រាកដអំពី​មូល​​ហេតុ​ទេ។ ​ក៏​ប៉ុន្តែ​​កម្មករ​ពីរ​នាក់​ផ្សេង​ទៀត​បាន​និយាយ​ថា ពួកគេ​​បាន​ឮ​ឃាត​ករ​​រអ៊ូ​ថា ជន​​​រងគ្រោះ​​ខ្ជិល​ ដូច្នេះ​ប្រហែល​​គាត់​ខឹង​ដោយ​សារ​រឿង​នេះ​ហើយ​”។

នាយ​ប៉ុស្តិ៍​​​សង្កាត់​​លោក ម៉ី វឌ្ឍនា បាន​និយាយថា ​ក្រុម​អ្នក​ស៊ើបអង្កេត​កំពុង​​​ខិត​ខំ​តាម​រក​​ឈ្មោះ រដ្ឋា នេះ​ហើយ​។

​គាត់​បាន​និយាយ​​​ថា “​យើង​បាន​​សន្និដ្ឋាន​ថា ​ឃាតកម្ម​នេះ​​​​​ប្រហែល​ជា​​ដោយ​សារ​ជម្លោះ​ផ្ទាល់​ខ្លួន​រវាង​​ជន​សង្ស័យ និង​ជន​រងគ្រោះ​”។

លោក​ វឌ្ឍនា បាន​និយាយ​បន្ត​​ថា ដំបូង​ឡើយ​​គេ​គិត​ថា លោក​ រដ្ឋា ​​លាក់​ខ្លួន​ក្នុង​ផ្ទះ​របស់​គាត់​​នៅ​ស្រុក​ភ្នំស្រួច ក្នុង​ខេត្ត​កំពង់​ស្ពឺ។ ​​ប៉ុន្តែ​​លោក​​​ សាយ ​ប៊ុនថន ​​អធិការ​នគរ​បាល​ស្រុក​ភ្នំ​ស្រួច ​បាន​និយាយ​ថា ​​នៅ​យប់​ថ្ងៃ​ច័ន្ទ​ពេល​ដែល​នគរ​បាល​​បាន​ទៅ​ដល់​​ផ្ទះ​គ្រួសារ​របស់​គាត់​​ ​គេ​​រក​​គាត់​​​មិន​ឃើញ​ទេ​៕ និត

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.